January 11, 2021

កិច្ច​ព្រមព្រៀង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​កម្ពុជា និង​វៀតណាម​រង​ការ​រិះគន់

កិច្ច​ព្រមព្រៀង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​កម្ពុជា និង​វៀតណាម​រង​ការ​រិះគន់
នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo: RFA


ដោយ ​​​​​​​សេក បណ្ឌិត RFA 2021-01-10

មន្ត្រី​គណបក្សប្រឆាំង និង​អ្នកឃ្លាំមើល រិះគន់​កិច្ចព្រមព្រៀង​ស្តីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ថា មិន​ស្មើភាព​គ្នា ហើយ​វៀតណាម​មិន​ដែល​គោរព​តាម​កិច្ចព្រមព្រៀង​នោះ​ទេ​។ ការ​រិះគន់​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ទាំងពីរ យល់ព្រម​បង្កើត​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ពង្រឹង​កិច្ចការពារ​ជាតិ​រវាង​កម្ពុជា​និង​វៀតណាម នៅ​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ (Online) កាលពី​ថ្ងៃ​ទី​៨ ខែ​មករា។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកឃ្លាំមើល លើកឡើង​ថា កិច្ចព្រមព្រៀង​ស្តីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​កម្ពុជា និង​វៀតណាម​នេះ បង្ហាញ​ថា កម្ពុជា​ចាញ់​ប្រៀប​វៀតណាម​ច្រើន​ចំណុច។ ពួកគេ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​កម្ពុជា នៅតែ​មិន​អាច​ធានា​ការពារ​បូរណភាព​ទឹកដី​ពី​ការឈ្លានពាន​របស់​ភាគី​វៀតណាម​បាន​ឡើយ។

ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន ​និង​អន្តោប្រវេសន៍​នៃ​គណបក្ស​សង្រ្គោះជាតិ លោក អ៊ំ សំអាន មាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​ការពារ​ជាតិ​រវាង​កម្ពុជា​ និង​វៀតណាម​នេះ គ្រាន់តែ​ធ្វើ​ឱ្យ​ល្អមើល​ប៉ុណ្ណោះ ពីព្រោះ​កន្លង​មក វៀតណាម​មិន​​បាន​គោរព​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​នោះ​ទេ​។ លោក​លើក​ឧទាហរណ៍​ថា ករណី​វៀតណាម​បោះតង់ និង​សង់​សំណង់​រឹង​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​គ្មាន​ការ​ជូនដំណឹង​ជាមុន​នោះ គឺជា​ករណី​មួយ​ក្នុងចំណោម​ករណី​ជាច្រើន​ទៀត ដែល​វៀតណាម​បំពាន​កម្ពុជា ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនដែល​ហ៊ាន​តតាំង​ជាមួយ​វៀតណាម​ឡើយ​។ លោក​បន្ត​ថា ការ​បញ្ជូន​កងទ័ព​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម​នោះ ក៏​ធ្វើ​ឱ្យ​កងទ័ព​កម្ពុជា​បន្ត​ស្ថិត​ក្រោម​ឥទ្ធិពល ឬ​រណប​វៀតណាម​តទៅទៀត​ដែរ៖ «គេ​ (វៀតណាម) បោះតង់​ និង​ធ្វើ​សំណង់​រឹង​តាម​ព្រំដែន​ស្រេច​ចិត្ត គេ​យក​លេស​ថា ធ្វើ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​កូវីដ តែ​នេះ​គ្រាន់តែ​ជា​លេស​នៃ​ការឈ្លានពាន​របស់​វៀតណាម មក​លើ​បូរណភាព​ទឹកដី​កម្ពុជា ហើយ​យើង​ឃើញ​កន្លង​មក​នេះ ទាហាន​យើង​ទៅ​រៀន​នៅ​វៀតណាម ត្រូវ​បាន​វៀតណាម​ពង្វក់ គេ​ហៅថា លាង​ខួរ​ ដើម្បី​មកវិញ​បម្រើ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម។ ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក យើង​មិន​បញ្ជូន​ទាហាន​យើង​ទៅ​រៀន បែរ​ជា​បញ្ចូន​ទៅ​រៀន​នៅ​វៀតណាម​ច្រើន​ជាងគេ​វិញ ហើយ​វៀតណាម​ជា​ប្រទេស​​កុម្មុយនិស្ត​ទៀត។ យើង​ប្រទេស​សេរី ហេតុ​អី​ទៅ​រៀន​ពី​កុម្មុយនិស្ត»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម លោក ង៉ោ ស៊ុនលិច (Ngo Xuan Lich ) កាលពី​ថ្ងៃ​ទី​៨ ខែ​មករា បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ ក្នុង​ឆ្នាំ​២០២១ ដោយ​ផ្ដោត​លើ​ការ​រឹត​បន្តឹង​ការ​ចេញចូល​តាម​ច្រក​ព្រំដែន​ខុសច្បាប់​ដើម្បី​ទប់ស្កាត់​ជំងឺ​​កូវីដ​-១៩។ យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​វៀតណាម (VNA) ភាគី​ទាំងពីរ ក៏បាន​ឯកភាព​គ្នា​បន្ត​អនុវត្ត​តាម​ខ្លឹមសារ​នៃ​ពិធីសារ​ឆ្នាំ​២០២០​ ដល់​ឆ្នាំ​២០២៤ និង​ផែនការ​កិច្ច​សហ​ប្រតិការ​ឆ្នាំ​២០២១ រួមមាន​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ចំណងមិត្តភាព​ប្រពៃណី​ប្រទេស​ទាំងពីរ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ជាពិសេស ​ការ​ពិភាក្សា​គោលនយោបាយ​ការពារ​ជាតិ ។ លើស​ពី​នេះ ភាគី​ទាំងពីរ​ប្ដេជ្ញា​ពន្លឿន​ការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​គ្រប់​ជាន់ថ្នាក់ ការ​បណ្ដុះបណ្ដាល​មន្ត្រី រួម​ទាំង​ជួយ​គ្នា​ទប់ស្កាត់​ឧក្រិដ្ឋកម្ម និង​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជាដើម។

ចំណែក​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ លោក មួង សូនី វិញ លោក​យល់​ស្រដៀង​គ្នា​ដែរ​ថា កម្ពុជា និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ជាច្រើន ប៉ុន្តែ​មិនសូវ​បាន​អនុវត្ត​តាម កិច្ចព្រមព្រៀង​ទាំងនោះ​ឡើយ។ ជាពិសេស ​បញ្ហា​ព្រំដែន ដោយសារតែ​កម្ពុជា​នៅ​ទន់ខ្សោយ​ទាំង​សេដ្ឋកិច្ច និង​យោធា​។ យុវជន​ដែល​ធ្លាប់​ចុះ​សិក្សា​តាម​បណ្ដោយ​ព្រំដែន​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ លុបបំបាត់​អំពើពុករលួយ​របស់​មន្ត្រី​តាម​ព្រំដែន និង​ពន្លឿន​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ភូមិ​-​ឃុំ តាម​បណ្ដោយ​ព្រំដែន ឱ្យ​មាន​ប្រសិទ្ធភាព៖ «យើង​គួរតែ​ធ្វើ​ឱ្យ​មានការ​រីកចម្រើន កុំ​ឱ្យ​ពលរដ្ឋ​យើង​ទៅ​ទិញ​ទឹក​ទិញ​ភ្លើង​ពី​វៀតណាម ទិញ​ម្ហូប​ស្អីៗ​ ពី​វៀតណាម ទៅ​ពេទ្យ​វៀតណាម ស្អី​ក៏​វៀតណាម​ដែរ រហូត​សូម្បីតែ​លុយ​ហ្នឹង ក៏​យើង​ចាយ​លុយ​វៀតណាម​ដែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​។ បើ​យើង​នៅតែ​មិន​អាច​ធ្វើ​ឱ្យ​ខ្លាំង​ទេ យើង​នៅតែ​ចាញ់​ប្រៀប​វៀតណាម ទោះ​មាន​កិច្ចព្រមព្រៀង​ក៏ដោយ»។

ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​ នេះ កងទ័ព​វៀតណាម បាន​បោះតង់ និង​សាងសង់​សំណង់​រឹង​ជាច្រើន​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​មក​ទល់​ពេល​នេះ តង់​ និង​សំណង់​រឹង​ទាំងនោះ​ភាគច្រើន មិន​ទាន់​បាន​រុះរើ​ចេញ​វិញ​តាម​ការសន្យា​នៅ​ឡើយ​។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល ចាត់ទុក​ទង្វើ​របស់​វៀតណាម​នេះ​ថា ជា​ការប្រមាថ​ និង​ជា​ការ​បំពាន​កម្ពុជា​ម្ដង​ហើយ​ម្ដងទៀត៕

1 comment:

Kim Ea said...

This agreement between a foreign boss( Vietnam ) and their puppet is a fake more controversial than reality . This is seem of a more secret enforcement on their past agreement that they forced this lunatic puppet government to sign more than 42 years ego. It's so sad that Khmer of to day still believe this fake relationship between the occupation forces and their clown government .