January 13, 2021

ការ​និវត្ត​មក​កម្ពុជា​របស់​លោកស្រី មូរ សុខហួរ ​​មាន​សញ្ញា​មិន​ជាក់​លាក់

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ Photo: AP


គង់ សុឋានរិទ្ធិ | VOA Khmer, 12 មករា 2021


ភ្នំពេញ — ក្រោយ​ពី​ខកខាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​តាម​ការ​គ្រោង​ទុកនៅថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១នេះ លោក​ស្រី​ មូរ សុខ​ហួរ បាន​បង្ហាញ​ច្បាស់​ៗ​ជាង​មុន​ថា​លោក​ស្រី​នឹង​ដឹក​នាំ​ក្រុម​ប្រតិភូនៃ​គណបក្សសង្គ្រោះជាតិ​ចាកចេញ​ពីសហរដ្ឋ​អាមេរិក​ឆ្ពោះ​មក​កាន់​ប្រទេស​កម្ពុជា នៅថ្ងៃ​ទី​១៥ ខែ មករា សប្តាហ៍​នេះ។

ដោយ​បាន​បង្ហាញ​កាលបរិច្ឆេទ​នៃ​ការ​ចេញ​ដំណើរ​លើ​សំបុត្រ​យន្តហោះ អនុ​ប្រធាននៃ​អតីតគណបក្ស​ប្រឆាំង​ដែល​ត្រូវ​តុលាការរំលាយ​ចោល​រូប​នេះ អះអាង​ថា​ក្រុម​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាលអាច​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមករា តាម​ជើង​យន្តហោះ​ Singapore Airlines របស់​ប្រទេស​សិង្ហបុរី។

មូលហេតុ​ចម្បង​នៃ​មាតុភូមិ​និវត្តន៍​គឺ​ដើម្បី​តទល់នឹង​ការ​កាត់​ក្តីនៅ​តុលាការ​ក្រុង​ភ្នំពេញ។

សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះ​ហៅ​អតីត​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ជិត​១៤០​នាក់ ឲ្យ​ចូល​សវនាការ​លើក​ទី១ នៅ​ថ្ងៃទី​១៤ ខែ​មករា ​និង​លើក​ទី២ នៅ​ថ្ងៃទី ៤ ខែ​មីនា​ ឆ្នាំ​២០២១។​ ពួកគេរង​ការ​ចោទប្រកាន់​ពីបទ«ក្បត់​ជាតិ»​ និង«រួម​គំនិត​ក្បត់» ដើម្បីផ្ដួល​រំលំ​រដ្ឋាភិបាល។



ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ឡើង​សវនាការរួមមាន​លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃគណបក្ស​សង្គ្រោះ​ជាតិ និង​ភរិយា​របស់​លោក​គឺ​លោកស្រី ជូ​ឡុង សូ​មូរ៉ា ​និង​អនុ​ប្រធាន​គណបក្ស​នេះ​ពីរ​រូប​គឺ​លោកស្រី មូរ សុខ​ហួរ និងលោក អេង ឆៃអ៊ាង។
 

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​រដ្ឋសភា​ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។


សម្រាប់​លោក​អ៊ូ វីរៈ ស្ថាបនិក​វេទិកា​អនាគត យល់​ថា​លោកស្រី មូរ សុខហួរ និង​ប្រតិភូ​របស់​លោកស្រី ទំនង​ជា​មិន​អាច​វិល​ត្រឡប់​មក​កម្ពុជានោះ​ទេ។

​«រឿ​ង​ដែល​គាត់​ចង់​មក​តទល់ជាមួយ​តុលាការ​មិន​មែន​ជា​មូល​ហេតុ(នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា)​ទេ។ ការណ៍​ហ្នឹង ​យើង​ដឹង​ទាំង​ស្រុង។ ដោយសារ​ខ្លួន​គាត់ក៏​ទទួល​ស្គាល់ដែរ​ថា​គាត់​មិន​អាច​មក​តវ៉ា​តុលាការ​បាន​ទេ​ ដោយ​គាត់​ទទួល​ស្គាល់​ថា​តុលាការ​កម្ពុជា​មិន​ឯក​រាជ្យ។ ​ហើយ​ករណី​គាត់​គឺជា​ករណី​នយោបាយ​មិន​មែន​ជា​ករណី​តុលាការ​ទេ។ ​ដូច្នេះ​គាត់​ចង់​មក​តទល់​ជា​មួយ​តុលាការ​គឺ​មិន​មែន​ជា​មូល​ហេតុ​ទេ។»

​ចង់​ឬ​មិន​ចង់ ក្នុង​ខណៈ​នេះ រដ្ឋាភិបាល​ដែល​កាន់​កាប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់ដូច​ជាធ្វើ​របង​ដោយ​ប្រយោល​ដើម្បី​ព្យាយាម​បិទ​ផ្លូវការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​ក្រុម​មន្ត្រី​ទាំង​នេះ។ ក្នុង​នោះ​រួម​មាន​ការ​ធ្វើ​មោឃភាព​លិខិត​ឆ្លង​ដែន ​ដោយ​ចាត់​ទុក​ពួក​គេ​ជា«ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់» ព្រម​ទាំងការ​មិន​អើ​ពើ​ចំពោះ​ការ​ស្នើ​សុំ​នានា​ដើម្បី​ធានា​លទ្ធភាព​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញក្នុង​ចេតនា​ចូល​រួម​ដំណើរ​ការ​នីតិវិធី​តុលាការ។

ផ្អែក​តាម​លោក​ អ៊ូ វីរៈ បញ្ហា​នយោបាយ​ត្រូវ​តែ​ដោះ​ស្រាយ​តាមផ្លូវ​នយោបាយ។ ក៏ប៉ុន្តែ​ លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ ឆ្នាំ​២០២០ ថា​លោក​នឹង​មិន​ចរចា​ជា​មួយ​អ្នក​នយោ​បាយ​ណាមួយ​នោះទេ។ ដោយ​ទំនង​ជាចង់​សំដៅ​ទៅ​រក​ក្រុម​មន្ត្រី​អតីត​គណបក្សសង្គ្រោះ​ជាតិ លោក​ ហ៊ុន​ សែន បញ្ជាក់​ថា​អ្នក​នយោបាយ​ទាំង​នោះ«មាន​បញ្ហាជា​មួយ​តុលាការ»។

រហូត​មក​ទល់​ពេល​នេះ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់ វីអូអេ ដែល​បាន​ចោទសួរ​ចាប់តាំង​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០​មក​ម្ល៉េះ​ថា​តើ​រដ្ឋា​ភិបាល​មាន​ការ​កែសម្រួល​ឬ​ដំណោះ​ស្រាយ​បែប​ណាទាក់ទង​នឹង​ការ​ផ្តល់​សុពល​ភាពលិខិត​ឆ្លង​ដែន​ឡើង​វិញ ដល់​អ្នក​នយោបាយ​ជំទាស់ និង​ការ​រៀប​ចំនីតិវិធី​សម្រាប់​មាតុភូមិ​និវត្តន៍​របស់​ពួកគេ។

ដូច្នេះ​ឧបសគ្គ​សម្រាប់​គម្រោង​នៃ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​ស្រីមូរ សុខហួរ និង​ប្រតិភូ​បក្ស​ប្រឆាំង​ហាក់​ដូចជា​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ។

ចំពោះ​មុខ​បញ្ហា​នេះ លោក អ៊ូ វីរៈ យល់ថា​ ការប៉ុនប៉ង​វិលមក​ចូល​រួម​ដំណើរ​ការ​កាត់​ទោស​ក្នុង​ប្រទេស​កម្ពុជារបស់​ក្រុម​មន្ត្រី​នៃ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​នោះ អាច​ជា​ប្រយោជន៍​បំផុស​ចំណាប់​អារម្មណ៍ពី​មហាជន​ ដើម្បី​ទប់​ស្កាត់​ការ​បែក​បាក់​ផ្ទៃ​ក្នុង​និង​សំឡឹង​មើល​លទ្ធភាព​បើក​បក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ។
 

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​គណបក្សសង្រ្គោះជាតិ​នាំ​គ្នា​កាន់​ទង់​គណបក្ស​នេះ និង​ដើរ​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត កាលពីថ្ងៃទី០២ ខែមិថុនា ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/វីអូអេ)


«ទី១ បំផុស​ការ​ចាប់​អារម្មណ៍ ទី២ ស្វែង​រក​ការចារចា​ជា​មួយ​បក្ស​កាន់​អំណាច​ដើម្បី​ស្វែង​រក​ការ​បើក​បក្ស​ឡើង​វិញ ទី៣ បង្ហាញ​ថា​បក្ស​សង្គ្រោះជាតិ​នៅ​តែ​មាន​ព្រលឹង​នៅ​ឡើយ​ ​ដោយ​ខ្លាច​មាន​ការ​បែក​បាក់​គ្នា​រវាង​លោក​ កឹម សុខា និង​លោក​ សម រង្ស៊ី និង​ទី៤ រារាំង​ដើម្បី​កុំ​ឲ្យ​មាន​ការ​បង្កើត​បក្ស​ថ្មី»។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ដោយ​អំណាច​នៃ​សាលដីកា​តុលាការ​កំពូល​កាល​ពី​ខែ វិច្ឆិកា ឆ្នាំ​២០១៧។ ក្រោយ​ពី​ការ​រំលាយ​គណបក្ស​នេះ​ អ្នក​ដឹក​នាំ​គណបក្ស​និង​សកម្មជន​នយោបាយ​ជា​ច្រើន​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន។

លោក​ស្រី មូរ សុខហួរ ​ដែល​មាន​សញ្ញាតិ​ខ្មែរ​ផង និង​អាមេរិកាំង​ផង ធ្លាប់​បានប្រកាសតាម​បណ្តាញសង្គម​ថា​លោក​ស្រី ​និង​ក្រុម​មន្ត្រី​គណបក្សសង្គ្រោះ​ជាតិគ្រោង​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​អំឡុង​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ ២០១៩ ​ដើម្បី​តស៊ូ​មតិ​ក្នុង​វិស័យ​នយោបាយ និង​ដើម្បី​ព្យាយាម​ឲ្យ​មាន​ការដោះ​លែ​ង​លោក​ កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិ។ ​ស្រប​ពេល​នោះ​ លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​នៃ​គណបក្ស​នេះ ក៏​បាន​ប្រកាស​វិល​មក​កម្ពុ​ជា​វិញ​ដែរ​នៅ​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា ឆ្នាំ​ដដែល។

ប៉ុន្តែ​អ្នក​នយោបា​យ​ប្រឆាំងទាំង​ពីរ​រូប​ត្រូវ​ប្រឈម​នឹងការរារាំង​ដែល​ពួកគាត់​មិន​អាច​ត្រឡប់​មក​កម្ពុជា​បាន។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មួយ​រូប​ក្នុង​ទីក្រុង​ភ្នំពេញ​ មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​នឹង​បន្ត​រារាំងក្រុម​តំណាង​បក្ស​ប្រឆាំង​មិនឲ្យ​ចូល​មក​កម្ពុជាបាននៅ​ពេល​នេះ។

«គេ​មិន​ទាន់​ឲ្យ​មក​ពេល​នេះ​ដែរ។​ ជា​ហេតុ​ផលគឺ​ដើម្បី​ឲ្យបាត់​ជំនឿ​ទុក​ចិត្ត​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​ជា​កត្តា​សំខាន់។»​

អ្នក​វិភាគដដែល​ លើកឡើង​ថាការណ៍​ដែល​គណបក្ស​កាន់​អំណាច​ព្យាយាមទាញ​ពន្យារការ​វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ​របស់​មន្ត្រី​ទាំង​នោះ​គឺ​ដើម្បី​បន្សាប​ឥទ្ធិពលគូ​ប្រជែង​នយោបាយ​របស់​ខ្លួន​ផង និង​មួយ​វិញ​ទៀត​ដើម្បី​រៀប​ចំ​ផ្ទៃ​ក្នុង​បក្ស​ខ្លួ​ន​ផង។

«ទី១​អាច​បន្ថយ​កម្លាំង​គណបក្ស​ប្រឆាំង​ដែលនៅ​ផ្តុំ​គ្នា(​ឲ្យ)​បាត់បង់។​ ទី២​ស្ថាន​ភាព​មិន​ច្បាស់​លាស់​ដោយ​មិន​មាន​ការ​ដាក់​សម្ពាធ​ពី​សហគម​ន៍​អន្តរជាតិ​ជា​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​គណបក្ស​កាន់​អំណាចក្នុង​ការ​រៀប​ចំ​ចាត់​ចែង​ផ្ទេរ​ភារកិច្ច​ កិច្ចការ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​បាន​ដោយ​ពុំ​សូវ​មាន​ឧបសគ្គ​ឬ​ការ​បុក​រុក​ពី​ខាង​ក្រៅ​បក្ស»។​

​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើត​ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នារវាង​គណបក្ស​ សម រង្ស៊ី របស់​លោក​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក ​កឹម សុខា ​គឺ​ជា​គណបក្សប្រជែង​អំណាច​ដ៏​គ្រោះ​ថ្នាក់​និង​មាន​ឥទ្ធិពល​គួរឲ្យ​ខ្លាច​សម្រាប់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ បើ​ទោះជា​គណបក្ស​នេះបាន​បរិហា​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោតជ្រើស​តាំង​តំណាង​រាស្ត្រ គណបក្ស​នេះ​បាន​ទទួល​បាន​អាសនៈ​ចំនួន​៥៥ ក្នុង​រដ្ឋ​សភា​ដែល​មាន​១២៣​ អាសនៈ នៅ​ឆ្នាំ​២០១៣ មុន​នឹង​ត្រូវ​រំលាយ​ចោល​បួន​ឆ្នាំ​ក្រោយ​មក។ ការ​រំលាយ​បក្ស​ជំទាស់​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្ស​នេះ​បង្ហាញ​សន្ទុះ​កំណើន​ប្រជា​ប្រិយ៍​ភាព​បន្ថែម​ទៀត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ឃុំ​សង្កាត់​ឆ្នាំ​២០១៧។

បើទោះ​ជា​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​អវិជ្ជមាន​ចំពោះ​មាតុភូមិ​និវត្តន៍​របស់​លោកស្រី ពី​សំណាក់​ក្រុម​អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា លោកស្រី មូរ សុខហួរ នៅ​តែ​អះអាង​ថា​លោកស្រី ព្រម​ទាំង​ក្រុម​អ្នក​ដឹកនាំអតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ព្យាយាម​ស្វែង​រក​លទ្ធភាព​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា​នេះ។
 

រូប​ឯកសារ៖ ក្រុមមេដឹកនាំ​បក្ស​សង្គ្រោះជាតិ​ដែល​រួម​មាន​ទាំង​អ្នកស្រី មូរ សុខហួរ (ទីពីរ​រាប់​ពី​ឆ្វេង) ផង​នោះ ដើរ​នៅ​ខាងមុខ​ស្ថានទូតខ្មែរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន​។ (ម៉ែន គឹមសេង/វីអូអេ)


លោកស្រី មូរ សុខហួរ មិន​ឆ្លើយ​នឹងសំណួរ​ថា​តើ​លទ្ធភាព​បែប​ណា​អាច​អនុញ្ញាត​ឲ្យលោកស្រី​និង​ក្រុម​របស់​លោកស្រី​អាច​វិល​ត្រឡប់​ចូលប្រទេស​កម្ពុជាវិញ​នោះ​ទេ។ ប៉ុន្តែ​លោកស្រី លើក​ឡើង​ថា​លោកស្រី​នឹង​ប្រឹង​ប្រែង​អស់​លទ្ធភាព។

«ចន្លោះ​ណា​ទៀត​ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ខិត​ខំ​ដើម្បី​ឲ្យ​ទៅ​ដល់​ទី​នោះ។»

មន្ត្រី​បក្ស​ប្រឆាំងដដែល បាន​ហៅការ​លុប​សុពលភាព​លិខិត​ឆ្លងដែន​របស់​មន្ត្រី​គណបក្ស​ជំទាស់​ពី​សំណាក់​រដ្ឋាភិបាល​ថា ជា«ការ​រំលោភរដ្ឋ​ធម្មនុញ្ញ»។

លោក ​សុខ​ ឥសាន ​តំណាង​រាស្ត្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា លទ្ធភាព​ដែល​ក្រុម​មន្ត្រី​បក្សជំទាស់​វិល​មក​កម្ពុជា​បាន​ឬ​មិន​បាន​មិន​អាស្រ័យ​នឹង​បក្ស​កាន់​អំណាច​ឬ​រដ្ឋាភិបាល​នោះទេ។

«សូម​បញ្ជាក់​ថារឿង​នេះ​មិន​ពាក់​ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏មិន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បច្ចុប្បន្ន​នេះ​ដែរ ​ពី​ព្រោះ​រឿង​នេះ​ជា​រឿង​ពាក់​ព័ន្ធ​ទ្វេ​ភាគី​រវាង​តុលាការ​និងជន​ជាប់​ចោទ។»

ក្រុម​អ្នក​វិភាគ​កម្ពុជា​ជឿជាក់​ថា​ប្រសិន​បើ​លោកស្រី មូរ សុខហួរ​ ទម្លាក់​ជើង​ដល់​ប្រទេស​កម្ពុជា លោកស្រី​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ ដោយ​ហេតុ​ថា​បក្សកាន់​អំណាចនឹង​មិន​បណ្តោយ​ឲ្យ​លោក​ស្រី ស្ថិត​នៅ​ក្នុង​លំហ​មួយ​ដែល​អាច​បង្កឱ​កាស​ក្នុង​ការ​ប្រមូល​ផ្តុំ​បែប​នយោបាយ​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា ការ​ចាប់​ខ្លួន​នេះ​អាច​ក្លាយ​ជា​ជន្លួញទៅ​ចាក់​ឆ្កឹះសហគមន៍​អន្តរជាតិ​ឲ្យ​ក្រឡេក​មើល​កម្ពុជា​ឡើង​វិញ។ ​ការ​ដាក់​សម្ពាធ​បន្ថែម​នឹង​ចាប់​ផ្តើម បន្ទាប់​ពី​សម្ពាធ​ដក​ EBA របស់​សហភាព​អឺរ៉ុប។ ក្នុង​ពេល​នោះ គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​ផល​ចំណេញច្រើន។

ប៉ុន្តែរហូត​មក​ទល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​សញ្ញា​គួរ​ឲ្យ​ជឿជាក់​បាន​នៅ​ឡើយ​ស្តីពី​ការនិវត្ត​ន៍មក​កាន់​ប្រទេស​កម្ពុជា​ របស់លោកស្រី មូរ សុខហួរ និង​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ។ ​វត្តមាន​លោកស្រី មូរ សុខហួរ និង​ក្រុម​មន្ត្រីនៅ​កម្ពុជា ទំនង​ជា​ត្រូវ​រង់​ចាំ​រហូត​ដល់​មាន​ការ​ចរចា​នយោបាយ​ណាមួយ​កើត​ឡើង​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា៕

No comments: