![]() |
ក្រុមការងារអន្តរក្រសួងប្រជុំពិភាក្សាពីគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ជាបន្ទាន់ រូបតំណាងមេរោគ កូរ៉ូណាវីរុស (Coronavirus) ឬហៅម្យ៉ាងទៀតថា វីរុស សារស៊ីអូវី-២ (SARS-Cov-2) AFP |
ដោយ ខែ សុណង RFA 2021-01-09
ក្រុមការងារអន្តរក្រសួង បានជួបប្រជុំគ្នាជាលើកដំបូង ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រនិងផែនការពន្លឿនការទិញវ៉ាក់សាំងការពារជំងឺកូវិដ១៩ (Covid-19) សម្រាប់ពលរដ្ឋខ្មែរ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត ដែលជាប្រធានក្រុមការងារអន្តរក្រសួងដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី៨ ខែមករា ត្រូវទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដកស្រង់សំដីថា កម្ពុជានឹងទិញវ៉ាក់សាំងពីក្រុមហ៊ុន ដែលប្រើប្រាស់មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ និងត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក(WHO)។ លោកបន្តថា រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក ទទួលស្គាល់វ៉ាក់សាំងផលិតដោយ ក្រុមហ៊ុន ហ្វាយហ្សឺ និងបាយអូអេនថិក (Pfizer/BioNTech) នៃសហរដ្ឋអាមេរិក និងអាល្លឺម៉ង់។ ប៉ុន្តែលោកថា ការចែកចាយវ៉ាក់សាំងបច្ចុប្បន្ននេះ គឺនៅមានកម្រិត សម្រាប់ប្រើប្រាស់ជាបន្ទាន់តែប៉ុណ្ណោះ មិនមែនសម្រាប់ការចាក់វាក់ស៊ាំងជាទូទៅនោះទេ។ កិច្ចប្រជុំក៏បានពិភាក្សាពីគម្រោងចំណាយថវិកា ក្នុងនោះរួមមាន ថវិកាជាតិ ប្រាក់ជំនួយនិងកម្ចីសម្បទានពីដៃគូអភិវឌ្ឍន៍ទ្វេភាគីនិងពហុភាគី ព្រមទាំងប្រាក់ ឩបត្ថម្ភ ពីសាធារណជន។ កម្ពុជា បានទទួលថវិកាពីសប្បុរសជន សរុបជាង ៥៦លានដុល្លារ ដើម្បីត្រៀមទុកសម្រាប់ ទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស (Dose) ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ដោយឥតគិតថ្លៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា កម្ពុជាមានលទ្ធភាពមួយចំនួន ក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដោយទី១ គឺតាមរយៈកូវ៉ាក់ (COVAX), ទី២ តាមរយៈទំនាក់ទំនងរវាងប្រទេស និងប្រទេស និងទី៣ គឺតាមរយៈក្រុមហ៊ុនផ្ទាល់។
បច្ចុប្បន្នមានប្រទេសជាច្រើនកំពុងផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ក្នុងនោះរួមមាន ទាំងប្រទេសចិន ឥណ្ឌា រុស្ស៊ី និងប្រទេសនៅក្នុងតំបន់អឺរ៉ុបជាដើម។ ប៉ុន្តែក្នុងចំណោមវ៉ាក់សាំងទាំងអស់នោះ មានតែវ៉ាក់សាំងរបស់ ក្រុមហ៊ុន ហ្វាយហ្សឺ និងបាយអូអេនថិក (Pfizer/BioNTech) ប៉ុណ្ណោះដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក៕
No comments:
Post a Comment