គង់ សុឋានរិទ្ធិ | VOA Khmer, 12 មករា 2021
ភ្នំពេញ — ជំនួសឲ្យភាពស្ងប់ស្ងាត់នៅក្នុងប្រទេស អ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិ បានជ្រើសរើសយកផ្លូវមួយទៀត គឺការធ្វើនយោបាយការទូតជាមួយបណ្តាប្រទេសមួយចំនួននៃលោកខាងលិច។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងកាលពីសប្តាហ៍មុនថា នយោបាយការទូត គឺដើម្បីស្វែងរកសម្ពាធពីអន្តរជាតិក្នុងគោលដៅបង្កើតគណបក្សសង្គ្រោះជាតិឡើងវិញ។ គណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលរបស់ប្រទេសកម្ពុជារំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកស្រី មូរ សុខហួរ បានលើកឡើងក្រោយពីជំនួបជាមួយមន្ត្រីក្រសួងការបរទេសបារាំង ដែលលោកស្រីស្នើមិនបញ្ចេញឈ្មោះកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមមេដឹកនាំនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ បានជួបជាបន្តបន្ទាប់តាមទូរស័ព្ទនិងជួបផ្ទាល់ក្នុងពេលកន្លងមក ជាមួយអគ្គនាយកក្រសួងការបរទេសបារាំង កាណាដា ទទួលបានសារពីរដ្ឋមន្ត្រីការបរទេសកាណាដា ជួបជាមួយមន្ត្រីការបរទេសនៃប្រទេសហ្វាំងឡង់ ជួបជាមួយក្រុមមន្ត្រីតំណាងសហភាពអឺរ៉ុប រួមទាំងមន្ត្រីការបរទេស និងសមាជិកសភា និងព្រឹទ្ធសភាអាមេរិកជាដើម។
បើតាមអតីតតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា បានលើកពីកង្វល់នៃការនិវត្តនៃក្រុមតំណាងបក្សប្រឆាំង និងសម្ពាធលើសកម្មជនបក្សប្រឆាំងពីសំណាក់រដ្ឋាភិបាលកម្ពុជា រួមទាំងភាពជិតស្និទ្ធរបស់កម្ពុជាជាមួយប្រទេសចិន។
![]() |
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង មុនកិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ |
លោកស្រី មូរ សុខហួរ អះអាងថា ប្រទេសទាំងនោះ បានសន្យាបន្តតាមឃ្លាំមើលស្ថានការណ៍កម្ពុជាយ៉ាងដិតដល់។
«ក្នុងបីឆ្នាំនេះ យើងបានធ្វើកិច្ចការបរទេស និងការទូតដ៏សកម្មមែនទែន»។
នៅក្នុងខួបបីឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ បានហៅការរំលាយគណបក្សរបស់ខ្លួនថា ជាផែនការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ស្ថិតក្នុងការនិរទេសដោយស្ម័គ្រចិត្តអស់រយៈប្រាំឆ្នាំមកហើយ លោក សម រង្ស៊ី បានផ្តោតជំនឿលើប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក គឺលោក Joe Biden អាចជួយឲ្យបក្សសង្គ្រោះជាតិរស់ឡើងវិញបាន។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល វាយតម្លៃថា ការព្យាយាមពីក្រៅប្រទេស«មិនអាចបង្កើត»គណបក្សសង្គ្រោះជាតិឡើងវិញបានទេ។
ជាមួយគ្នានេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគូសបញ្ជាក់បន្ថែម៖
«បក្សហ្នឹងងាប់អស់រយៈពេលជាងបីឆ្នាំហើយ។ ដូច្នេះគ្មានផ្លូវរស់ឡើងវិញទេ»។
គណបក្សសង្គ្រោះជាតិ គឺជាគូប្រជែងអំណាចដ៏គួរឲ្យព្រួយបារម្ភបំផុតសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលក្តោបក្តាប់អំណាចជាង៤០ឆ្នាំមកហើយ។ មុននឹងត្រូវរំលាយ សន្ទុះប្រជាប្រិយ៍ភាពនិងការគាំទ្រពីអ្នកបោះឆ្នោតលើគណបក្សជំទាស់នេះ បានកើនឡើងជាបន្តបន្ទាប់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧។
ប្រធានគណបក្ស គឺលោក កឹម សុខា ត្រូវចាប់ខ្លួនដាក់ពន្ធនាគារក្រោមបទចោទថាបានឃុបឃិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល។ អ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបានដកហូតសិទ្ធិធ្វើនយោបាយចំនួនប្រាំឆ្នាំ ប៉ុន្តែក្រោយមកសិទ្ធិនេះ ត្រូវបានប្រគល់ជូនពួកគេវិញដោយភ្ជាប់ជាមួយលក្ខខណ្ឌ ដែលតម្រូវឲ្យពួកគេសុំសិទ្ធិជាបុគ្គលដើម្បីធ្វើនយោបាយ។
សហគមន៍អន្តរជាតិ បានថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាល ហើយបានដាស់តឿនឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ផ្តល់សម្បទាដល់គណបក្សសង្គ្រោះជាតិឡើងវិញ និងបើកចំហឲ្យមានលទ្ធិប្រជាធិបតេយ្យ។
សហគមន៍អឺរ៉ុប កាលពីខែសីហា ឆ្នាំ២០២០ បានចាប់ផ្តើមដាក់គំនាបលើប្រទេសកម្ពុជាដោយដកការអនុគ្រោះពន្ធចំនួន២០% ពីប្រព័ន្ធអនុគ្រោះពន្ធនៃទំនិញនាំពីកម្ពុជាទៅកាន់អឺរ៉ុប ឬ EBA។ ប៉ុន្តែសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មបែបបុគ្គលលើឥស្សរជននៃគណបក្សកាន់អំណាច។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបក្នុងទីក្រុងភ្នំពេញ យល់ថា សម្ពាធអន្តរជាតិមកលើកម្ពុជាមិនទាន់ធ្ងន់ធ្ងរទេ ហើយរដ្ឋាភិបាលនឹងបន្តស៊ូទ្រាំតទៅទៀតបាន។
លោក សុវណ្ណារ៉ា បានបន្ថែមថា៖
«នៅក្នុងលក្ខខណ្ឌ(នេះ) ខ្ញុំគិតថា គណបក្សកាន់អំណាចអាចទ្រាំបាន ប្រសិនបើរដ្ឋាភិបាលត្រូវបានដាក់ទណ្ឌកម្មដោយអឺរ៉ុបដក EBA ឬក៏ GSP ខ្លះពីសហរដ្ឋអាមេរិកឬពីអង់គ្លេស ក៏រដ្ឋាភិបាលអាចពន្យារពេលដើម្បីធ្វើឲ្យគណបក្សប្រឆាំងកាន់តែខ្សោយ អាចឈានទៅរកការបែកបាក់ និងអាចផ្ទេរអំណាចនៅក្នុងជួរបក្សមាននិរន្តរភាពជាង»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូបទៀត បានលើកឡើងថាគណបក្សសង្គ្រោះជាតិ«នៅមានឥទ្ធិពលនៅឡើយ»ដែលជាមូលហេតុនាំឲ្យគណបក្សកាន់អំណាច បន្តរឹតត្បិតលើក្រុមសកម្មជន និងថ្នាក់ដឹកនាំនយោបាយនៃបក្សប្រឆាំងនេះ។
«ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះដែរ មេដឹកនាំចលនាអ្វីក៏ដោយដែលត្រូវបង្ខំភៀសខ្លួនទៅនៅបរទេស មានឥទ្ធិពល សូម្បីតែនៅក្នុងគុក ឬនៅក្រៅប្រទេសក៏ដោយ»។
លោក ឡៅ ម៉ុងហៃ បានលើកពីករណី អតីតមេដឹកនាំកុម្មុយនីស្តនៃអតីតសហភាពសូវៀត ឡេ នីន និងមេដឹកនាំអ៊ីរ៉ង់ Ayatollah Khomeini សុទ្ធតែនិរទេសខ្លួនទៅក្រៅប្រទេស មុននឹងអាចឡើងទៅដឹកនាំប្រទេសបាន។
ប៉ុន្តែទោះជាយ៉ាងណាលោកបណ្ឌិត ឡៅ ម៉ុងហៃ មិនបានប្រមើលមើលថា តើការតស៊ូការទូតនៅខាងក្រៅប្រទេសរបស់លោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ អាចធ្វើឲ្យគណបក្សនេះរស់ឡើងវិញបាន ឬយ៉ាងណា។
ការប៉ុនប៉ងធ្វើឲ្យព្រលឹងនៃគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ទំនងជាស្ថិតក្នុងផែនការរបស់មេដឹកនាំនៃគណបក្សនេះ។ ប៉ុន្តែអ្នកនយោបាយជាន់ខ្ពស់នៃគណបក្សនេះ ហាក់ដូចជាបែកខ្ញែកគ្នាអស់មួយចំនួនទៅហើយ។
ក្នុងចំណោមអ្នកនយោបាយដែលត្រូវដកហូតសិទ្ធិធ្វើនយោបាយ បានស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញក្នុងពេលថ្មីៗនេះ ប៉ុន្តែពួកគេត្រូវបើកគណបក្សនយោបាយផ្ទាល់ខ្លួន។ ដោយឡែកអ្នកនយោបាយប្រឆាំងមួយចំនួន ក៏បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
ការណ៍នេះដែលធ្វើឲ្យពួកគេប្រឈមនឹងការកសាងកម្លាំងនៅក្បាលម៉ាស៊ីនដឹកនាំ ប្រសិនបើគណបក្សនេះ មានឱកាសរស់ឡើងវិញ។
ប៉ុន្តែគណបក្សប្រជាជនកម្ពុជាហាក់ដូចជានៅសល់សន្លឹកបៀច្រើនទៀត
សម្រាប់លេងដើម្បីខ្ទប់ដង្ហើម
និងបន្សាបកម្លាំងបក្សគូប្រជែងរបស់ខ្លូន
ជាពិសេសតាមរយៈការបំបែកកម្លាំងក្បាលម៉ាស៊ីនដឹកនាំនៃអ្នកនយោបាយទាំង១១៨រូប
ដោយប្រើប្រាស់ប្រព័ន្ធតុលាការ
ដើម្បីកាត់ទោសសកម្មជននិងថ្នាក់ដឹកនាំជិត១៤០នាក់
និងពន្យារពេលវិលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី លោកស្រី មូរ
សុខហួរ និងអ្នកនយោបាយមួយចំនួនទៀត។ ដំណាលគ្នានេះ គណបក្សកាន់អំណាច
អាចនឹងមានពេលវេលាសម្រាប់រៀបចំខ្លួនដោះស្រាយសម្ពាធអន្តរជាតិជាយថាហេតុណាមួយក្នុងពេលខាងមុខ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ
លោក ឯម សុវណ្ណារ៉ា មើលឃើញថា គណបក្សប្រជាជនកម្ពុជា
នឹងមិនបន្ធូរដៃរហូតដល់មានអន្តរាគមន៍ពីសហគមន៍អន្តរជាតិនោះទេ។
ប៉ុន្តែលោកគិតថា អន្តរាគមន៍ពីក្រៅប្រទេស
ប្រហែលជាអាចលេចចេញជារូបរាងច្រើននៅក្នុងអំឡុងពីរឆ្នាំទៀត ពោល
គឺរហូតដល់ឆ្នាំ២០២៣។
ទោះជាបែបនេះក្តី លោក ផៃ ស៊ីផាន
អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា
សហគមន៍អន្តរជាតិមិនសូវផ្តល់តម្លៃដល់ការទទូចរបស់អ្នកនយោបាយនៃបក្សសង្គ្រោះជាតិនៅក្រៅប្រទេសទេ។
«ក្រុមសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិនៅខាងក្រៅវត្តមានរបស់ផងខ្លួនមកវិញ។
ឯការបរទេសរបស់គេមិនមែនជាផលប្រយោជន៍អ្នករត់ចោលស្រុកទេ»។
រហូតមកទល់ពេលនេះ សហគមន៍អន្តរជាតិ មិនទាន់បានបង្ហាញជំហរថ្មីបែបណាមួយទាក់ទងនឹងអនាគតគណបក្សសង្គ្រោះជាតិនៅឡើយ។
សម្រាប់លោកបណ្ឌិត
ឡៅ ម៉ុងហៃ គណបក្សសង្គ្រោះជាតិ អាចរស់ឡើងវិញបាន
ឬមិនបានមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ
គឺអ្នកនយោបាយប្រឆាំងអាចមានឱកាសធ្វើនយោបាយឡើងវិញ
ហើយពួកគេអាចបង្កើតប្រជាប្រិយ៍ភាពឡើងវិញ
បើទោះបីត្រូវបង្កើតគណបក្សនយោបាយថ្មីក៏ដោយ។
ហើយការគាំទ្ររបស់ពួកគេទំនងជាមិនបាត់បង់នោះទេ៕
1 comment:
ភាពប្រាកដនិយម អាចនឹងកើតមានក្នុងចិត្តមនុស្សបាន លុះត្រាតែមនុស្សនោះ មានចិត្តក្លាហាន តាំងចិត្តមាំទាំ ហើយប្តេជ្ញា ថានឹងធ្វើការ ដែលត្រូវធ្វើនោះ ដោយចិត្តរឹងប៉ឹងមិនរួញរា មិនខ្លាចរអា ដោយរំពឹង លើសតិបញ្ញាវាងវៃ យល់ឃើញជាក់ច្បាស់ ក្នុងដំណើរការ ថាខ្លួនត្រូវ ធ្វើអ្វីខ្លះ ហើយត្រូវធ្វើដោយវិធីណា ដែលអាច នឹងផ្តល់ លទ្ធផល ជាក់ស្តែង។
បើយើងគ្មានប្រាជ្ញា ហើយថែមទាំងខ្វះចិត្ត តស៊ូ ក្លាហាន ឆាប់ភ័យ ឆាប់រត់ យករួចខ្លួន ចោលគេ ចោលឯងគ្រប់គ្នា ដែលនៅក្នុង បក្សពួកដូច្នោះ ដំណើរការ ដែលយើង ប្រុងធ្វើ ឱ្យបានជោគជ័យនោះ គឺវាគ្មានផ្លូវ នឹងទៅរួចសោះទេ។ បានសេចក្តីថា រឿងហ្នឹង ជារឿង ប្រកបដោយភាពអាម៉ាស ព្រោះយើងមានតែ គំនិតស្រមើស្រមៃ ចង់ធ្វើការ ដែលយើងទៅមិនរួច ព្រោះយើងខ្វះ ភាពវាងវៃ ក្នុងសតិបញ្ញា ក៏ខ្វះទាំងចិត្តរឹងប៉ឺង ក្លាហានទៀតផង។
សូមកុំចង់ទៅដឹកនាំ មនុស្សដទៃ ឱ្យធ្លាក់ចូល ក្នុងគ្រោះកាច ខូចខាតជីវិត ហើយវេទនាដល់គ្រួសាររបស់ផងគេ។ សូមសម្រាកទៅ។ បំភ្លេចចោលទៅ កិច្ចការដែលធ្ងន់ ហើយប្រកបដោយ ភាពសាំញាំ តែយើងមាន លទ្ធភាពតិចតួច មិនធន់នឹងតម្រូវការ នៃទម្ងន់កិច្ចការនោះ៕៚
...
Post a Comment