January 8, 2021

មេធាវី​ថា តុលាការ​កំពុង​បំពាន​សិទ្ធិ​លោក កឹម សុខា ដោយ​ការ​ផ្អឹប​ទុក​សំណុំរឿង

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា។


ដោយ ហេង រស្មី RFA 2021-01-07

មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា រិះគន់​តុលាការ​ក្រុងភ្នំពេញ ដែល​បន្ត​អូស​បន្លាយ​សំណុំរឿង​មេ​បក្ស​ប្រឆាំង​រូប​នេះ ដោយ​មិន​ព្រម​កំណត់​ថ្ងៃ​ជំនុំជម្រះ​ជាថ្មី ក្នុង​រយៈពេល​ជាច្រើន​ខែ​មកនេះ​។ អ្នកវិភាគ​ថា ការ​ផ្អឹប​ទុក​សំណុំរឿង​លោក កឹម សុខា ធ្វើ​ឱ្យ​គណបក្ស​កាន់អំណាច​ចំណេញ​ច្រើន​ខាង​នយោបាយ។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា លោក អាង ឧត្ដម ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៥ មករា​ថា ការ​អូសបន្លាយ​សំណុំរឿង​បែបនេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះ​ដោយ​ឆាប់រហ័ស​របស់​ជនជាប់ចោទ ដែល​ជា​គោលការណ៍​មាន​ចែង​នៅ​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​។ លោក​សង្កត់ធ្ងន់​ថា នេះ​ជា​ការ​អនុវត្ត​ខុស​នីតិវិធី ហើយ​តុលាការ​កំពុង​បំពាន​សិទ្ធិ​របស់​លោក កឹម សុខា ជា​ចំហ៖ «ទីមួយ​រឿង​ក្តី​ឯកឧត្ដម កឹម សុខា ហ្នឹង គឺជា​រឿង​ក្តី​វិសាមញ្ញ​។ ទីពីរ​វា​ជា​រឿង​នយោបាយ ទំនាស់​នយោបាយ​។ អ៊ីចឹង​ទំនាស់​នយោបាយ យក​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ម៉េច​ចេញ បើ​ច្បាប់​ក៏​នៅ​ក្រោម​នយោបាយ​ដែរ​ហ្នឹង ទាល់តែ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ។ ផ្លូវច្បាប់​គ្រាន់តែ​ធ្វើ​ទៅ​តាមច្បាប់​ហ្នឹង ឥលូវ​គេ​មិន​ធ្វើ​ទៅ​តាមច្បាប់​ហ្នឹង​ទៀត គេ​បំពាន​ច្បាប់​ហ្នឹង​ទៀត គេ​រំលោភ​នីតិវិធី​ទៀត រំលោភ​សិទ្ធិ​របស់​ជន​ជាប់ចោទ​ទៀត​។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា តុលាការ​កំពុងតែ​រំលោភបំពាន​ច្បាប់​ដែរ​ហ្នឹង ហើយ​បំពាន​យ៉ាង​ច្បាស់​ចែស យ៉ាង​ច្បាស់​ក្រឡែត​ទៀត យ៉ាង​ចំហ​ទៀត​។ ឥឡូវ​ធ្វើ​ម៉េច ឥឡូវ​យើង​រំពឹង​អ្វី»។

ការរិះគន់​ធ្ងន់ៗ​ពី​សំណាក់​មេធាវី​លោក កឹម សុខា នេះ គឺ​ដោយសារ​ក្រុម​មេធាវី​បាន​ដាក់​លិខិត​ពីរ​លើក​រួច​មក​ហើយ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​តុលាការ​ជាន់​ទាប​មួយ​នេះ​បន្ត​សវនាការ​រឿង​ក្តី​លោក កឹម សុខា ឡើងវិញ ប៉ុន្តែ​តុលាការ​មិន​បាន​ឆ្លើយតប​នឹង​សំណើ​នេះ​ឡើយ​។ ហើយ​កាលពី​ខែ​មុន ក្រុម​មេធាវី​ដដែល បាន​ដាក់​លិខិត​ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌​ទៀត ប៉ុន្តែ​ក៏​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​យុត្តិធម៌​ដែរ។

មេធាវី អាង ឧត្តម ឱ្យ​ដឹង​ថា ក្រុម​មេធាវី​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ប៉ុន្តែ​នៅ​ពេល​តុលាការ​មិន​ព្រម​បន្ត​សវនាការ​បែបនេះ ពួក​លោក​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ដែរ។

​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន តែ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល នៅ​ថ្ងៃ​ទី៥ មករា។

តុលាការ​បាន​ចាប់ផ្តើម​ជំនុំជម្រះ​ក្តី​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​បទ​ចោទ «​សន្ទិដ្ឋិភាព ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​»​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល កាលពី​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ​២០២០​។ សវនាការ​ធ្វើឡើង​ជាប្រចាំ​រៀងរាល់​សប្ដាហ៍ តែ​មកដល់​ចុងខែ​មីនា ចៅក្រម​បាន​ប្រកាស​ផ្អាក​សវនាការ តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​បន្ទប់​សវនាការ។

ក្រោយមក នៅ​ពេល​ស្ថានការណ៍​កូវីដ​-១៩ បាន​ធូរស្រាល តុលាការ​ចាប់ផ្ដើម​ដំណើរការ​រឿង​ក្តី​ទូទៅ​ឡើងវិញ លើកលែងតែ​សំណុំរឿង​លោក កឹម សុខា ដែល​តុលាការ​នៅតែ​មិន​ព្រម​បើកសវនាការ​។ ផ្ទុយទៅវិញ តុលាការ​បែរ​ជា​ពន្លឿ​ន​រឿង​ក្តី​របស់​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០ នាក់ ដែល​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ នោះ​វិញ។

មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ថ្លែង​ថា លោក​មិន​មាន​យោបល់​អ្វី​ចំពោះ​សំណុំរឿង​លោក កឹម សុខា និង​សកម្មជន​គណបក្សប្រឆាំង​ដទៃ​ទៀត​នោះ​ទេ ព្រោះ​សំណុំរឿង​ទាំងនោះ​ស្ថិត​ក្នុង​ដៃ​តុលាការ​។ លោក​ថា អ្វី​ដែល​គណបក្ស​កាន់អំណាច​កំពុង​គិតគូរ​ពេលនេះ គឺ​ការ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ៖ «ត្រង់​អ្នកណា​និយាយ​អ្វី​និយាយ​ទៅ អាហ្នឹង​យើង​អត់​មាន​យក​មក​គិតគូរ ឈឺក្បាល​ទេ ព្រោះ​រាល់ថ្ងៃ​គណបក្ស​ប្រជាជន​កំពុងតែ​មមាញឹក​នៅ​ក្នុង​ការ​ចុះ​ទៅ​បណ្ដា​មូលដ្ឋាន​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ»។

ទាក់ទង​នឹង​សំណុំរឿង​លោក កឹម សុខា នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើកឡើង​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​គណៈរដ្ឋ​មន្ត្រី កាលពីដើម​ខែ​សីហា ឆ្នាំ​២០២០​ថា សំណុំ​រឿង​នេះ​អាច​ត្រូវ​ពន្យារ​រហូតដល់​ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​ផ្អឹប​ទុក​សំណុំរឿង​លោក កឹម សុខា ហើយ​ងាក​មក​ដំណើរការ​ក្តី​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០ នាក់​នោះ មាន​ផល​ចំណេញ​ច្រើន​សម្រាប់​គណបក្ស​កាន់អំណាច​។ លោក​ថា យុទ្ធសាស្ត្រ​នេះ​អាច​បន្ថយ​កម្លាំង និង​សកម្មភាព​របស់​គណបក្ស​ប្រឆាំង ដើម្បី​គណបក្ស​កាន់អំណាច​បង្កើន​ឥទ្ធិពល និង​ទាក់ទាញ​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​កាន់តែ​ច្រើន៖ «ជា​ផល​ចំណេញ​គណបក្ស​កាន់អំណាច ពុំ​មាន​បក្ស​ផ្សេង ឬក៏​អ្នកនយោបាយ​ផ្សេង​អាច​មក​ប្រជែង​ប្រជាប្រិយភាព​របស់​ខ្លួន ទីមួយ ទី​ពីរ ធ្វើ​ឱ្យ​បក្ស​របស់​ខ្លួន​មាន​ស្ថានភាព​នឹង(ន)។ ស្ថានភាព​នយោបាយ​នឹង​នៅ​ក្នុង​បក្ស នៅ​ក្នុង​ប្រទេស​អ៊ីចឹង វា​អាច​ធ្វើឱ្យ​ការរៀបចំ​ផ្ទេរ​អំណាច​ទៅ​អ្នក​ជំនាន់​ក្រោយ ក៏​មាន​ភាព​ងាយស្រួល​ដែរ»។

ទោះជា​បែបនេះ​ក្តី លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា យុទ្ធសាស្ត្រ​នេះ​មាន​ផលវិបាក​អវិជ្ជមាន​ធំ​មួយ គឺ​ធ្វើ​ឱ្យ​ខូច​មុខមាត់​ប្រព័ន្ធ​យុត្តិធម៌​។ លោក​ពន្យល់​ថា នៅ​ពេល​តុលាការ​ចោទប្រកាន់​លោក កឹម សុខា រហូត​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មិន​មាន​ភស្តុតាង​រឹងមាំ​ដើម្បី​ដាក់​បន្ទុក​លើ​មេ​បក្ស​ប្រឆាំង​រូប​នេះ នោះ​សហគមន៍​ជាតិ និង​អន្តរជាតិ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា តុលាការ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់អំណាច​។ ក្រៅ​ពី​នេះ កម្ពុជា​អាច​នឹង​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​នៅ​ពេល​ខាងមុខ ដោយសារតែ​ការ​រួម​តូច​នៃ​លំហ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស នៅតែ​ទទួល​ស្គាល់​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ និង​រង​ការចោទប្រកាន់​ដោយ​អយុត្តិធម៌​។ ពួកគេ​ស្នើ​យ៉ាង​ទទូច​ដល់​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់ និង​ផ្ដល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា ដើម្បី​ឱ្យ​លោក​អាច​ចាប់ផ្ដើម​ជីវិត​នយោបាយ​បាន​ដូចដើម​ឡើងវិញ៕

1 comment:

Binsamnang80@gmail.com said...

កាលពីកើតមក...មនុស្សប្រុសនេះ ត្រូវឪពុកម្ដាយរបស់គាត់បានដាក់ឈ្មោះឧ្យគាត់មានឈ្មោះហៅថា ៖ កឹម សុខា ។ ក្រោយពីកាត់ចេញពីគុកត្រពាំងផ្លុង(ខេត្តត្បូងឃ្មុំ)មក ឈ្មោះកឹម សុខានេះ គាត់បានផ្លាស់ប្ដូរប្រែឈ្មោះពី កឹម សុខា ទៅជា ៖ កាម សុខា ! កាម សុខា ! កាម សុខា !
ប្រែថា ៖ សុខា ល្មោភកាម ​= កាម សុខា...??? ៕