![]() |
ក្រុមអ្នកវិភាគថា ចំណូលពីធនធានប្រេងនឹងជួយពង្រឹងអំណាចគណបក្សប្រជាជនកាន់តែខ្លាំង ទាំងផ្សព្វផ្សាយអំពីអណ្ដូងប្រេងកាតក្រោមបាតសមុទ្រនៅខេត្តព្រះសីហនុ។ រូប៖ ក្រសួងរ៉ែ និងថាមពល |
ដោយ មាន ឫទ្ធិ RFA 2021-01-06
ក្រុមអ្នកវិភាគនយោបាយ មើលឃើញដូចៗគ្នាថា ចំណូលបានមកពីធនធានប្រេងដែលកម្ពុជាទើបខួងបានពីអណ្តូងប្រេងក្នុងដែនសមុទ្រខ្មែរ នឹងជួយពង្រឹងអំណាចឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង ជាជាងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរទូទៅ។ អ្នកវិភាគខ្លះព្រមានថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនបង្ហាញតម្លាភាពពីចំណូលបានមកពីវិស័យប្រេងនេះទេ នោះកម្ពុជានឹងជៀសមិនផុតពីទទួលរងនូវបណ្ដាសាពីធនធានធម្មជាតិ មិនខុសពីបណ្ដាសាព្រៃឈើនោះទេ។
ទន្ទឹមពេលដែលប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ចំណូលបានមកពីវិស័យប្រេង នឹងត្រូវយកទៅពង្រឹងវិស័យសុខាភិបាល និងអប់រំនោះ ក្រុមអ្នកវិភាគនយោបាយមើលឃើញផ្ទុយពីនេះ។ ពួកគេថា មិនខុសពីចំណូលបានមកពីធនធានធម្មជាតិដទៃនោះទេ ចំណូលពីវិស័យប្រេង នឹងចូលរួមចំណែកជួយពង្រឹងអំណាចឱ្យគណបក្សប្រជាជនកម្ពុជា និងបក្ខពួករបស់លោក ហ៊ុន សែន ទៅវិញទេ។
អ្នកវិភាគនយោបាយ បណ្ឌិត សេង សារី យល់ថា ផ្អែកតាមបទពិសោធន៍កន្លងមក រដ្ឋាភិបាលតែងតែមានបញ្ហាក្នុងរឿងបង្ហាញតម្លាភាពពីចំណូលនានាបានមកពីការលក់ដូរធនធានធម្មជាតិ ដោយពុំដែលបានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុអំពីវិស័យនេះឱ្យបានច្បាស់លាស់នោះទេ៖ «មកដល់រឿងប្រេងកាតនេះ ក៏ហាក់បីដូចជាមិនមានពលរដ្ឋ ឬមហាជន មើលឃើញថា មិនមានស្ថានភាពខុសពីការលក់ធនធានធម្មជាតិដទៃ ដូចជារឿងព្រៃឈើ ដូចជារឿងរ៉ែ អីជាដើមផ្សេងៗទៀត។ បើតម្លាភាពនូវតែជាការអាថ៌កំបាំងបែបនេះ យើងមិនដឹងថា ប្រភពថវិកានោះ នឹងយកទៅប្រើក្នុងប្រភពអី? កន្លងមក យើងឃើញថា មន្ត្រីរដ្ឋាភិបាលដែលធ្វើការប្រាក់បៀវត្សតិចតួចហ្នឹង ក៏ឃើញថា មានភាពធូរធារលើសពីអ្វីដែលយើងនឹកស្មានដល់។ អ៊ីចឹងហើយ យើងគិតថា វាអាចហូរទៅការពង្រឹងអំណាចរបស់គណបក្សកាន់អំណាចនេះឯង»។
ដូចគ្នានេះដែរ អ្នកវិភាគនយោបាយមួយរូបទៀត លោក គឹម សុខ យល់ថា ចំណូលបានមកពីវិស័យប្រេងនេះ នឹងត្រូវគណបក្សកាន់អំណាចយកទៅប្រើប្រាស់ដើម្បីជារបៀបការពារអំណាចឱ្យគណបក្សខ្លួនកាន់តែរឹងមាំថែមទៀត៖ «របៀបអស់នេះ គឺជាការរៀបបណ្ដាញលុយកាក់ដើម្បីត្រៀមបម្រុង ហើយក្នុងពេលដែលគេត្រៀមរៀបចំបណ្ដាញលុយកាក់បែបហ្នឹង គេក៏ព្រាងដែរ ដូចជាបូមប្រេងនៅសមុទ្រ ដើម្បីរៀបចំផែនការថ្មី ក្នុងការធ្វើឱ្យរឹងមាំនៅក្នុងយន្តការនៃរបៀបចាត់ចែងលុយកាក់ការពារអំណាចរបស់គេ»។
ការយកចំណូលបានមកពីវិស័យប្រេងទៅពង្រឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជានេះ ក៏ត្រូវអ្នកវិភាគនយោបាយមួយរូបទៀត គឺបណ្ឌិត មាស នី មើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងអំណាចក្នុងជួរបក្សឱ្យមានស្ថិរភាព ក្នុងពេលដែលគណបក្សនេះផ្ទេរអំណាចទៅឱ្យឈាមថ្មី៖ «យើងឃើញថា ការគ្រប់គ្រងធនធាន ជាធនធានធម្មជាតិ ជាធនធានអីហ្នុង ក៏យើងឃើញថា ហាក់បីដូចជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ រួមទាំងការប្រកាសថ្មីៗអំពីការបូមប្រេងនូវតំណក់ប្រេងដំបូងដែលបាននៅក្នុងខែនេះ ក៏ជាផ្នែកមួយនៃការរៀបចំខ្លួនក្នុងការធ្វើម៉េចដើម្បីឱ្យដំណើរការនៃការផ្ទេរអំណាចទៅឈាមថ្មី ឬក៏ការពង្រឹងអំណាចដើម្បីឱ្យមានស្ថិរភាព យ៉ាងហោចក៏អាចនឹងមានប្រៀបនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២៣។ នៅក្នុងអំឡុងពេលជាមួយគ្នានេះ ក៏គេមិនភ្លេចអំពីការធ្វើឱ្យចុះខ្សោយបន្ថែមទៀតទៅលើរចនាសម្ព័ន្ធនយោបាយរបស់គណបក្សសង្គ្រោះជាតិផងដែរ»។
គិតត្រឹមយប់ថ្ងៃទី០៥ មករា អាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំប្រតិកម្មជុំវិញការយល់ឃើញនេះនៅឡើយទេ។ រីឯ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត លោក ជៀប សួរ បដិសេធឆ្លើយសំណួរ អាស៊ីសេរី ព្រោះលោកថា ក្រៅម៉ោងធ្វើការ។ រីឯ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត ក៏នៅមិនទាន់ឆ្លើយសំណួរ អាស៊ីសេរី តាមបណ្ដាញសង្គមតេឡេក្រាម ពាក់ព័ន្ធនឹងការចាត់ចែងចំណូលបានមកពីវិស័យប្រេងនេះនៅឡើយដែរ គិតត្រឹមយប់ថ្ងៃទី០៥ មករា។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆក់យកឱកាសនៃទិវាដែលលោកប្រសិទ្ធិនាមដោយខ្លួនឯងថា ទិវានយោបាយ «ឈ្នះ-ឈ្នះ» ប្រកាសជាសាធារណៈថា កម្ពុជាទទួលបានដំណក់ប្រេងជាលើកដំបូងក្រោមការដឹកនាំរបស់លោក។ លោកថា ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ហើយជាសមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីឆ្នាំ២០២១នេះតទៅ។ លោក ហ៊ុន សែន អះអាងថា ចំណូលបានមកពីប្រេងនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីពង្រឹងវិស័យសុខាភិបាល និងអប់រំ។ យ៉ាងណា លោកមិនបានបញ្ចេញឱ្យដឹងពីការរំពឹងទុកនៃចំណូលជាក់លាក់ដែលកម្ពុជាអាចនឹងទទួលបានពីវិស័យប្រេងនេះនៅឡើយទេ។
ចំណូលបានមកពីអាជីវកម្មប្រេងក្នុងប្លុក A នៃដែនសមុទ្រខ្មែរនេះ នឹងត្រូវបែងចែកតាមរយៈកិច្ចព្រមព្រៀងរវាងកម្ពុជា ជាមួយក្រុមហ៊ុនសិង្ហបុរីមួយឈ្មោះ គ្រីស អេនើជី (Kris Energy) ក្នុងនោះ កម្ពុជាកាន់កាប់ភាគហ៊ុន ៥% រីឯ ៩៥%ទៀតកាន់កាប់ដោយក្រុមហ៊ុន។
អ្នកវិភាគនយោបាយ បណ្ឌិត សេង សារី រិះគន់រូបមន្តនៃការបែងចែកភាគហ៊ុនលើចំណូលបានមកពីការវិនិយោគប្រេងនេះ ដែលកន្លងមកលោកថា ធ្លាប់ឃើញតែរដ្ឋាភិបាល កាន់កាន់ភាគហ៊ុន ៥១% ហើយខាងក្រុមហ៊ុនឯកជនកាន់កាប់ ៤៩%៖ «ដូចក្នុងករណីជាក់ស្ដែងរឿងប្រេងកាតនេះអ៊ីចឹង យើងភ្ញាក់ផ្អើលមែនទែនដែលរដ្ឋាភិបាលប្រគល់ហ៊ុនឱ្យក្រុមហ៊ុនបរទេសរហូតដល់ទៅ ៩៥% ហើយទុកសម្រាប់ជាតិខ្លួនឯងតែ ៥%។ ប៉ុន្តែ លម្អិតយ៉ាងណានោះ យើងអត់ទាន់ឃើញរដ្ឋាភិបាលលោកពន្យល់ពីរបៀបរបបនៅក្នុងការធ្វើជំនួញទៅលើធនធានធម្មជាតិរបស់ប្រទេសនៅឡើយទេ»។
បណ្ឌិត សេង សារី យល់ថា ល្មមដល់ពេលវេលាហើយដែលរដ្ឋាភិបាលគួរចាប់ផ្តើមបង្ហាញនូវតម្លាភាពលើចំណូលបានមកពីវិស័យធនធានធម្មជាតិនានា ជាពិសេស វិស័យប្រេងនេះតែម្ដង។ លោកថា ជាជាងប្រើប្រាស់ចំណូលបានមកពីប្រេងនេះទៅពង្រឹងអំណាចផ្ទៃក្នុងរបស់គណបក្សកាន់អំណាច រដ្ឋាភិបាលគួរធ្វើយ៉ាងណាខិតខំកសាងកិត្តិនាមរបស់ខ្លួន និងប្រទេសជាតិឡើងវិញ ហើយបញ្ចៀសនូវការខ្ចីបុលលុយពីបរទេសតទៅទៀត ជាពិសេសប្រទេសចិន៖ «ដូច្នេះហើយ វាគួរតែដល់ពេលវេលាមួយ ដែលយើងគិតថា យើងគួរតែកសាងកិត្តិនាមរបស់ប្រទេសខ្លួនឡើងវិញ តាមរយៈធនធានធម្មជាតិមួយនេះហើយ។ ខ្ញុំមិនសូវជឿថា ប្រទេសណាមួយនៅតែបន្តខ្ចីលុយគេយកមកប្រើ ហើយយើងមោទនភាពអីនោះទេ។ ដូច្នេះ វាគួរតែដល់ពេលវេលាមួយសមរម្យ។ ប៉ុន្តែ បើសិនជាក្នុងករណីដែលធនធាន ឬចំណូលមួយនេះ ប្រើប្រាស់មិនត្រឹមត្រូវតាមគោលដៅ ហើយមិនមានតម្លាភាព វាបង្កប់នូវអំពើពុករលួយក្នុងនោះ អាហ្នឹង ខ្ញុំថា វាគឺជាបណ្ដាសាម្ដងទៀត ដូចបណ្ដាសាព្រៃឈើអ៊ីចឹងដែរ»។
ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ទំហំផ្ទៃសរុបនៃការអភិវឌ្ឍន៍ទាញយកប្រេងពីតំបន់អប្សរាក្នុងផ្ទៃទឹកប្លុក A អាចមានទំហំស្មើនឹងរាជធានីភ្នំពេញទាំងមូល។ តំបន់ដែលទំនងបំផុតសម្រាប់ការអភិវឌ្ឍបន្ថែមក្នុងដំណាក់កាលទីពីរ គឺតំបន់រួមគ្នា នៃប៉ូលូវ៉ៃ និងបាសិត។ រីឯ ដំណាក់កាលទីបី នឹងត្រូវកំណត់ទិសដៅទៅតំបន់អង្គារសីល៍ រតនៈ បូកគោ និងដា នៃដែនសមុទ្រខ្មែរ៕
No comments:
Post a Comment