January 27, 2021

កម្ពុជា​មាន​ពលរដ្ឋ​កើន​ជាង ២​លាន ១​សែន​នាក់ ក្នុង​រយៈ​ពេល ១១​ឆ្នាំ​កន្លង​មក​នេះ

របាយការណ៍​ជំរឿន​​២០១៩។ screenshot
ដោយ ម៉ៅ សុធានី RFA 2021-01-27

លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​របស់​ក្រសួងផែនការ​បង្ហាញថា គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា មាន​ពលរដ្ឋ​សរុប​ជាង​១៥​លាន ៥​សែន​នាក់ ក្នុង​នោះ​រួមមាន​ជនអន្តោប្រវេសន៍​រស់នៅ​ជិត ១​សែន នាក់ (៩​ម៉ឺន​៨​ពាន់​)​។ កម្ពុជា ធ្វើ​ជំរឿន​ពលរដ្ឋ​រយៈពេល​១០​ឆ្នាំ​ម្ដង ហើយ​ជំរឿន​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៩ គឺ​ចំណាយ​ថវិកា ប្រមាណ ១០​លាន​ដុល្លារ (៩.៩លាន)។

រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ លោក ឆាយ ថន ត្រូវ​បាន​កាសែត​ក្នុងស្រុក​ដកស្រង់​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា​ថា កម្ពុជា មាន​ពលរដ្ឋ​កើន​ជាង ២​លាន ១​សែន​នាក់​ក្នុង​អំឡុងពេល ១១​ឆ្នាំ​កន្លង​មក​នេះ ដែល​កាល​ពី​ជំរឿន​ឆ្នាំ​២០០៨ កម្ពុជា​មាន​ពលរដ្ឋ​ជិត ១៣​លាន ៤​សែន​នាក់ ( ១៣ ៣៩៥ ៦៨២)​។ លោក​ថា ក្នុងចំណោម​ពលរដ្ឋ​សរុប​ជាង ១៥​លាន​៥​សែន​នាក់​នោះ គឺ​មាន​អត្រា​មនុស្ស​ប្រុស​ជាង ៤៨% (ជាង​៧​លាន​៥​សែ​នាក់ (៧ ៥៧១ ៨៣៧​នាក់) និង​មនុស្ស​ស្ត្រី​ជាង ៥១% (​ជិត​៨​លាន​នាក់ (៧ ៩៨០ ៣៧៤នាក់)។ ពលរដ្ឋ​រស់នៅ​តំបន់​ជនបទ មាន​អត្រា​ជិត ៤០% (៣៩,៤) រីឯ​អ្នក​រស់នៅ​ទីប្រជុំជន​មាន​ជាង ៦០% (៦០,៦)។

របាយការណ៍​បន្ត​ថា អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ បាន​ថយ​ចុះ​ពី​១,៥% ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៩៨​ដល់​២០០៨ មក​ត្រឹម​១,២% ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៩​។ អត្​រាកំណើន​ប្រជាជន​នេះ គឺ​ប្រែប្រួល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ហើយ​សព្វថ្ងៃ​គូស្រករ​នីមួយៗ មាន​កូន​ជា​មធ្យម​ត្រឹម ២​ទៅ ៣​នាក់​ប៉ុណ្ណោះ ដោយសារតែ​ពួកគេ​ប្រើប្រាស់​ផែនការ​គ្រួសារ ឬ​វិធី​ពន្យារ​កំណើត។

លទ្ធផល​ជំរឿន​ឆ្នាំ​២០១៩ បង្ហាញ​ទៀត​ថា ពលរដ្ឋ​មាន​អាយុ​ពី​កើត​ដល់ ១៤​ឆ្នាំ មាន​ចំនួន​ជាង​៤​លាន​៥​សែន នាក់។ អាយុ​១៥​ឆ្នាំ ដល់​១៩​ឆ្នាំ មាន​ជាង​៩​លាន ៦​សែន​នាក់។ ចំណែក​ពលរដ្ឋ​មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ មាន​ជិត ១​លាន ៤​សែន​នាក់ (១ ៣៧៨ ៦៨៨)​។ អត្រា​ចេះ​អក្សរ​ចាប់​ពី​អាយុ​៧​ឆ្នាំ​ឡើង មាន​ចំនួន ៨៨%​។ ចំណែក​ពលរដ្ឋ​ដែល​ចូលរួម​កម្លាំង​ពលកម្ម អាយុ​ចន្លោះ​ពី​១៥ ដល់​៥៩​ឆ្នាំ​មាន​ជិត​៨២%។

អត្រា​មរណភាព​របស់​ទារក​មាន​ចំនួន ១៨​នាក់​ក្នុង​កំណើត ១​ពាន់​កំណើត ហើយ​អត្រា​មរណភាព​មាតា​វិញ គឺ​មាន​ចំនួន​១៤១​នាក់ ក្នុង​ចំណោម​ស្ត្រី​សម្រាល​កូន ១​សែន​នាក់ (១០០ ០០០)​។ ចំណែក​មធ្យមភាគ​នៃ​អ្នក​រស់រាន​ជីវិត គឺ​អាយុ ៧៦​ឆ្នាំ ក្នុង​នោះ​បុរស​៧៤​ឆ្នាំ ហើយ​ស្ត្រី​៧៧​ឆ្នាំ។

ចាប់​តាំង​ពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣​មក កម្ពុជា​បាន​ធ្វើ​ជំរឿន​ចំនួន​៣​ដង​រួច​មក​ហើយ​។ លើក​ទី​១ នៅ​ឆ្នាំ​១៩៩៨ រក​ឃើញ​ប្រជាជន​ចំនួន​មាន​ជាង ១១​លាន ៤​សែន​នាក់​។ ជំរឿន​លើក​ទី​២ កាល​ពី​ឆ្នាំ​២០០៨ រក​ឃើញ​ប្រជាជន​ចំនួន​ជិត ១៣​លាន ៤​សែន​នាក់​។ ហើយ​ជំរឿន​លើក​ទី​៣ កាល​ពី​ឆ្នាំ​២០១៩ គឺ​មាន​ប្រជាពលរដ្ឋ​សរុប ចំនួន ១៥​លាន ៥​សែន​នាក់៕

No comments: