![]() |
ទស្សនៈពលរដ្ឋចំពោះការ លើកពេលវិលចូលស្រុកលើកទី២របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មន្ត្រីគណបក្សសង្គ្រោះជាតិ។ RFA/Chun Chanboth |
ដោយ សេក បណ្ឌិត RFA 2021-01-04
ពលរដ្ឋក្នុងប្រទេសនិងក្រៅប្រទេសបង្ហាញទស្សនៈផ្សេងៗគ្នាចំពោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងការលើកពេលវិលចូលស្រុកលើកទី២។ ពលរដ្ឋមួយចំនួននៅតែគាំទ្រ និងជឿជាក់ទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដដែល ប៉ុន្តែមួយចំនួនទៀត រិះគន់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំសាក និងកុហកពលរដ្ឋម្តងហើយម្តងទៀត។ ការលើកឡើងនេះ ក្រោយពេលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិសម្រេចលើកពេលនៃការធ្វើមាតុភូមិនិវត្តន៍លើកទី២ ពីថ្ងៃទី០៤ទៅថ្ងៃទី១៥ មករា វិញដើម្បីរកជើងហោះហើរថ្មី។
ប្រជាពលរដ្ឋមួយចំនួន បញ្ចេញទស្សនៈថា ការលើកពេលវិលចូលស្រុកលើកទី២ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺដោយសារ បញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតពេញពិភពលោកដែលពិបាកក្នុងការធ្វើដំណើរ។ ពលរដ្ឋផ្សេងទៀត ក៏ចង់ឃើញគណបក្សនេះមានផែនការច្បាស់លាស់នៅពេលប្រកាសវិលចូលស្រុកព្រោះគេត្អូញត្អែរថា ពេលបក្សប្រឆាំងអះអាងថា ធ្វើមាតុភូមិនិវត្តន៍ម្ដងៗធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញលើពួកគេ។
ពលរដ្ឋរស់នៅខេត្តតាកែវ ថោ ស៊ីណា ថា យល់ថា មូលហេតុដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅតែមានឆន្ទៈចូលស្រុកវិញ ប៉ុន្តែលោកថា ដោយសារ រដ្ឋាភិបាលអ្នកធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សនេះនៅក្នុងស្រុក ទើបធ្វើឱ្យគណបក្សនេះលើកពេលចូលស្រុក៖ «ពួកគាត់ដូចអត់ខ្លាចទេ គណបក្សសង្គ្រោះជាតិចាំតែស្រុកព្រោះមួយរយៈពួកគាត់ដឹងខ្លួនគាត់ថានៅឆ្ងាយអ៊ីចឹងពិបាកធ្វើការ»។
ពលករខ្មែរធ្វើការនៅប្រទេសថៃ លោក សា យ៉ូយ យល់ថា ថ្នាក់ដឹកនាំគណបក្សប្រឆាំងមិនអាចចូលស្រុកបាន ព្រោះប្រទេសភាគច្រើនបិទជើងហោះហើរ ដោយសារការរាតត្បាតជំងឺកូវីដ១៩៖ «ដោយសារនៅពិភពលោករាល់ថ្ងៃ គេជួបវិបត្តិកូវីដដូច្នេះគាត់ប្រើយុទ្ធសាស្ត្រនេះដើម្បីឱ្យប្រជាជននៅក្នុងប្រទេសនិងក្រៅប្រទេសចាប់អារម្មណ៍»។
ពលរដ្ឋរស់នៅខេត្តកោះកុង លោកស្រី ផៅ ញ៉ើង ស្នើទៅគណបក្សប្រឆាំងគួរគោរពសន្យារបស់ខ្លួនដើម្បីកុំឱ្យពលរដ្ឋក្នុងស្រុករងគ្រោះដោយសារវិបត្តិនយោបាយ។ ពលរដ្ឋមានបញ្ហាដីធ្លីរូបនេះថា ពេលបក្សប្រឆាំងប្រកាសចូលស្រុកអាជ្ញាធរតែងរឹតបន្តឹងមិនឱ្យពួកលោកស្រីជួបជុំទាមទារតវ៉ារឿងដីធ្លីនោះទេ៖ «បើគាត់លេងថ្ងៃណេះថ្ងៃនោះតិចៗគាត់ថាមកថ្ងៃនេះពេលគាត់ថា អ៊ីចឹងពួកខ្ញុំអត់បានទៅតវ៉ារឿងដីធ្លីទេ បើទៅគេចាប់គេចងគេធ្វើទុក្ខបុកម្នេញហើយដល់ពេលពួកខ្ញុំអត់ធ្វើរឿងដីធ្វើឱ្យពួកខ្ញុំបាត់បង់ប្រយោជន៍ពួកខ្ញុំជាកសិករ»។
ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ លោក ណែម តារា យល់ថា ខណៈដែលថ្នាក់ដឹកនាំគណបក្សមិនអាចចូលស្រុកបាន ពួកគេត្រូវស្វះស្វែងធ្វើនយោបាយការបរទេសឱ្យខ្លាំងដើម្បីឱ្យអន្តរជាតិជួយអន្តរាគមន៍៖ «អ៊ីចឹងគាត់ត្រូវជជែកជាមួយប្រទេសសេរី អ្នកនយោបាយប្រទេសសេរី អ្នកជំនួញសេរីនិងអង្គការអន្តរជាតិផ្សេងទៀត ដើម្បីចែករំលែកប្រយោជន៍ បើគ្មានផលប្រយោជន៍ទេ គេដោះស្រាយឱ្យយើងយឹតណាស់»។
ក្រៅពីនេះក៏មានអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកខ្លះក៏បានលើកបញ្ហានេះ មកជជែកគ្នាដែរ។ អ្នកប្រើហ្វេសប៊ុក ឈ្មោះ ម៉ែន ណាត សរសេរថា ភាពមិនច្បាស់លាស់នៃយុទ្ធសាស្ត្រក្រុមការងារអ្នកស្រី មូរ សុខហួរ នាំឲ្យមានលេសដោះសាបង្កើតការឈឺចាប់ដល់អ្នកគាំទ្រ និងជនរងគ្រោះ។
ប៉ុន្តែអ្នកប្រើហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ ឃិន ជំរឿន លើកឡើងថា ការមិនធ្វើដំណើរមកប្រទេសកម្ពុជា ថ្ងៃទី៤ មករា គឺជាបញ្ហាបច្ចេកទេសសុទ្ធសាធព្រោះដោយសារក្រុមហ៊ុនអាកាសចរណ៍ អ៊ីវ៉ា អ៊ែវ៉េ (EVA Airways) ផ្អាកការហោះហើរ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សម្រេចលើកពេលនៃការធ្វើមាតុភូមិនិវត្តន៍ លើកទី២ ពីថ្ងៃទី៤ ទៅថ្ងៃទី១៥ មករា វិញដើម្បីរកជើងយន្តហោះថ្មី ខណៈជើងយន្តគ្រោងមកថ្ងៃទី០៤ខាងមុខត្រូវក្រុមហ៊ុនផ្អាកដោយបញ្ហាជំងឺជំងឺកូវីដ-១៩។ អ្នកស្រី មូរ សុខហួរ ដែលដឹកនាំការធ្វើមាតុភូមិនិវត្តន៍លើកទី២នេះនៅតែអះអាងថា នឹងរកគ្រប់មធ្យោបាយដើម្បីចូលប្រទេសកម្ពុជាវិញឱ្យបាន។
សកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសថៃ លោកស្រី ឡេង សុទ្ធារី ដែលគ្រោងអមដំណើរប៉ុន្តែមិនទាន់បានចេញទៅកម្ពុជាថា លោកស្រីសោកស្ដាយដែលមិនអាចទៅដល់កម្ពុជា នាថ្ងៃទី០៤ មករា តាមការសន្យា ប៉ុន្តែលោកស្រីនៅតែមានជំនឿថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិអាចចូលស្រុកវិញបាន៖ «សោកស្ដាយខកចិត្តដែលមិនអាចទៅដល់ប្រទេសតាមបំណងប្រាថ្នា ប៉ុន្តែមិនមែនយើងមិនទៅឯណាមកពីបញ្ហាបច្ចេកទេស រឿងសំបុត្រយន្តហោះ ទោះគេយកបញ្ហាកូវីដមិនឱ្យយើងទៅចូលទៅ ក៏យើងនៅតែមានបំណងចូលទៅ ព្រោះយើងនៅមានពលរដ្ឋរបស់យើងគាត់កំពុងស្រេកឃ្លានទាមទារសិទ្ធិសេរីភាពនៅប្រទេសកម្ពុជា»។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដឹកនាំដោយអ្នកស្រី មូរ សុខហួរ កំណត់យកថ្ងៃទី០៤ មករាខាងមុខធ្វើជាថ្ងៃមាតុភូមិនិវត្តន៍លើកទី២ដើម្បីតតាំងក្ដីនៅតុលាការនិងដើម្បីឱ្យមានដំណោះស្រាយនយោបាយឡើងវិញ។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិអះអាងថា នឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជានៅថ្ងៃទី១៥ ខែមករាវិញតាមក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airline) ហើយបើគ្មានការប្រែប្រួលទេ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងទៅទីដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅល្ងាចថ្ងៃទី១៧ ខែមករា វេលាម៉ោង៥កន្លះ។ អ្នកឃ្លាំមើលព្រឹត្តិការណ៍នយោបាយលើកឡើងថា ប្រសិនថ្នាក់ដឹកនាំគណបក្សប្រឆាំងមិនអាចធ្វើបានតាមការសន្យារបស់ខ្លួននឹងឱ្យប្រជាប្រិយភាព ឬកម្លាំងនយោបាយគណបក្សនេះថយចុះ៕
No comments:
Post a Comment