January 6, 2021

អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ឆ្លង​ដែន​​ខុស​ច្បាប់​៣២​នាក់ និង​បញ្ជូន​ត្រឡប់​មកវិញ​ជាង១០០នាក់

អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ឆ្លង​ដែន​​ខុស​ច្បាប់​៣២​នាក់ និង​បញ្ជូន​ត្រឡប់​មកវិញ​ជាង១០០នាក់ សមត្ថកិច្ចថៃឃាត់ខ្លួនពលរដ្ឋខ្មែរ ដែលឆ្លងដែនខុសច្បាប់។​ ​សារព័ត៌មាន​ថៃចុះផ្សាយ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២១។ រូបថតពីសារព័ត៌មានថៃ៖ 77 ข่าวเด็ด


ដោយ៖ អាស៊ីសេរី RFA 2021-01-06

អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​៣២នាក់​ក្នុងពេល​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ​ខេត្តស្រះកែវ (Sra Kao) កាលពី​រសៀល​ថ្ងៃ​ទី៥ មករា ខណៈពលករ​ខ្មែរ​ជាង១០០នាក់​ឆ្លង​ជំងឺកូវីដ-១៩​នៅ​ប្រទេស​ថៃ។ ជាមួយគ្នានេះ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ជាង១០០នាក់​ផ្សេង​ទៀត​ត្រឡប់​ទៅ​កម្ពុជា​វិញ​តាម​ច្រកទ្វារ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការឆ្លងដែន​អំឡុង​ពេលនេះ​ជារឿង​មិន​ល្អ​ឡើយ ហើយ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

ពលករ​ខ្មែរ​ទាំង​៣២នាក់ ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នោះ មាន​កុមារ​ចំនួន៦នាក់ បាន​ធ្វើ​ដំណើរ​ជា២ក្រុម​ផ្សេងគ្នា ឆ្លងដែន​តាម​រយៈ​មេខ្យល់​ជនជាតិ​ខ្មែរ ចូល​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេសថៃ​ដោយ​ខុស​ច្បាប់។ សារព័ត៌មាន​ថៃ (77Kaoded) ផ្សាយ​នៅ​ថ្ងៃ​ទី០៦ ធ្នូ ថា​ពលករ​១១នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី៦ ធ្នូ និង​២១នាក់​ទៀត អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី៥ ធ្នូ ក្នុងពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ស៊ីឈ្នួល​កាប់អំពៅ​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្តស្រះកែវ (Sra kao) ។ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ទាំងនោះ​ទៅ​តុលាការ​ខេត្ត​ស្រះកែវ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។



ការចាប់​ពលករ​ខ្មែរ​នេះ គឺ​បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​ឱ្យ​ចាត់​វិធានការ​លើ​មេខ្យល់ និង​អាជ្ញាធរ​ថៃ​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​ការនាំ​ពលករ​បរទេស​ឆ្លងដែន​ចូល​ប្រទេសថៃ​ដោយ​ខុសច្បាប់​អំឡុងពេល​នេះ ដោយ​មិនមាន​ការលើកលែង​ឡើយ។ រដ្ឋាភិបាល​ថៃ​ចេញ​វិធានការ​តឹងរ៉ឹង​បែប​នេះ ដោយសារ​តែ​ប្រទេស​ថៃ​មាន​ការផ្ទុះ​ជំងឺ​កូវីដ-១៩​ចូលក្នុង​សហគមន៍​ជាលើកទី២​ដោយ​អាជ្ញាធរ​ថៃ​រក​ឃើញ​ថា ភាគច្រើន​ឆ្លង​តាមរយៈ​ពលករ​បរទេស។ របាយការណ៍​ក្រសួង​សុខាភិបាល​ថៃ​ឱ្យ​ដឹងថា គិត​ចាប់​ពី​ថ្ងៃ​ទី១៩ ធ្នូ ដល់​ថ្ងៃទី៦ មករា មាន​ពលករ​ខ្មែរ​ចំនួន​១០៥នាក់​ហើយ ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ប្រទេស​ថៃ។

អាស៊ីសេរី​មិនអាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក ដើម្បី​សាកសួរ​អំពី​វិធានការ​ក្នុង​ការជួយ​ដល់​ពលករ​ខ្មែរ ដែល​ឆ្លង​ជំងឺកូវីដ-១៩ និង​ពលករ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ខេត្តស្រះកែវ​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី០៦ មករា។

ចំណែក​ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ការពារ​ព្រំដែន លោក អ៊ុំ សុផល ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី៦ ធ្នូ ថា លោក​មិនទាន់​ទទួល​ព័ត៌មាន​ជុំវិញ​ការចាប់​ខ្លួន​ពលករ​ខ្មែរ​នេះ​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណា​លោក​ជឿ​ថា អាជ្ញាធរ​ថៃ​នឹង​បញ្ជូន​ពលករ​ទាំងនោះ​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​មិនមាន​ការផ្ដន្ទាទោស​នោះ​ឡើយ៖ «ខ្លះ​មក​ទៅ​គេចាប់​បាន ខ្លះ​ទៅ​ចាប់​បាន​នៅ​ហ្នឹង​កន្លែង​វា​អត់​ទៀត។ ខ្ញុំ​សួរ​ថៃ​ហើយ​គេ​អត់​ដាក់គុក​ទេ ទោះបី​ចាប់​បាន​ក៏​គេ​អត់ដាក់​ដែរ។ ពិបាក​ណាស់​យើង​រាយ​កម្លាំង​ពេញទឹក​ពេញដី​ហើយ​នៅ​តែ​គាត់​លួច​ចេញ អ្នកភូមិ​ជាប់​ព្រំដែន​ពិបាក​ណាស់ ផ្ទះគាត់​ជាប់​ព្រំដែន ហើយ​ផ្លូវក្រោយ​ផ្ទះគាត់​ហ្នឹង​ដើរ​ទៅ​ម៉ោងណា​ក៏​បាន​ដែរ។បើអ្នក​ពី​ចម្ងាយ​ម​បណ្ដោយ​អាហ្នឹង​អត់អី បើអត់​ស្គាល់​ភូមិសាស្ត្រ​យើង​យក​បាន បើ​អ្នកភូមិ​យក​មិន​បាន​ទេ។»

មេប៉ូលិស​ពាក់​ផ្កាយ១​រូបនេះ​ឱ្យ​ដឹង​ថា អាជ្ញាធរថៃ​ក៏​បាន​បញ្ជូន​ពលករខ្មែរ​ចំនួន១១០នាក់​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ​តាម​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដែរ នៅ​យប់​ថ្ងៃ​ទី៥មករា។ លោក អ៊ុំ សផល បញ្ជាក់​ថា អាជ្ញាធរខ្មែរ​បាន​បញ្ជូនពលករ​ទាំងនោះ​ទៅ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤ថ្ងៃ នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​អស់​ហើយ។

ទាក់ទង​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ថា ពលករខ្មែរ​ឆ្លងដែន​ទៅ​ប្រទេសថៃ​អំឡុង​ពេលនេះ ជា​ការប្រថុយ​ប្រថាន​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ហើយ​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់​ដាក់គុក ដោយសារ​ថៃ​បាន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន និង​មាន​ការត្រួត​ពិនិត្យ​តឹងតែង​នៅ​តំបន់​ព្រំដែន ដើម្បី​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ-១៩៖ «ហានិភ័យ​ស្ទើរ​ថា​១០០ដង ទីមួយ​ពួកគាត់​ហ្នឹង​ជួបគេ​ចាប់ ហើយ​ធ្ងន់ធ្ងរ​ជាង​សព្វ​ដង ហើយ​ទី២​ទាក់ទង​ទៅ​លើជំងឺ​កូវីដ​ហ្នឹង ហើយ​បើគាត់​ទៅ​យប់​ត្រូវ​បាន​គេ​បាញ់បោះ​ប៉ះពាល់​ដល់​អាយុ​ជីវិត។ អីចឹង​បញ្ហា​ទាំងអស់​ហ្នឹង​គួរតែ​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង ចាប់ផ្ដើម​ការគិត​ពិចារណា​ថា​តើ​ខ្លួន​គួរ​តែ​ប្រថុយ​ប្រថាន​បន្ត​ទៀត ឬមួយ​យ៉ាងម៉េច។»

ទោះជា​យ៉ាងណា​មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​កត់​សម្គាល់​ថា ការឆ្លងដែន​របស់​ពលរដ្ឋ​នេះ​គឺ​ដោយសារ​ពួកគេ​មាន​ជីវភាព​ក្រីក្រ ហើយ​នៅ​ផ្ទះអត់​ការងារ​ធ្វើ និង​គ្មាន​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ។ លោក ស៊ុំ ច័ន្ទកា យល់​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​គួរតែ​ចុះស្រង់​ឈ្មោះ​ពលរដ្ឋ​ក្រីក្រ ដែល​អត់ការងារ​ធ្វើ​រួច​ផ្ដល់​ស្បៀង​អាហារ​ពួកគាត់ និង​ជួយ​រកការងារ​ឱ្យ​ពួកគាត់​ធ្វើ​នៅ​ក្នុង​ស្រុក ដើម្បី​កុំឱ្យ​ពួកគាត់​ធ្វើ​ចំណាក​ស្រុក​ទាំង​ប្រថុយ​ប្រថាន​អំឡុង​ពេល​នេះ​បន្ត​ទៀត៕

No comments: