January 27, 2021

ពលរដ្ឋ​ជិត ២​រយ​គ្រួសារ​នៅ​មណ្ឌលគិរី​ស្នើ​ឱ្យ​អាជ្ញាធរ និង​តុលាការ​ការពារ​ដី​ព្រៃ​សហគមន៍​សំបូរ​ស្វាព្រៃ

សហគមន៍​សំបូរ​ស្វាព្រៃ អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង។ រូប​ពី​ហ្វេសប៊ុក


ដោយ ខែ សុណង RFA 2021-01-27

ជនជាតិ​ដើម​ភាគតិច​ព្នង ១៧០គ្រួសារ រស់នៅ​ខេត្ត​មណ្ឌលគិរី កំពុង​ស្វែងរក​ការ​ជួយ​ជ្រោមជ្រែង ពី​អាជ្ញាធរ និង​តុលាការ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំងនេះ ជួយ​ការពារ​ដី​ព្រៃ​សហគមន៍​ភូមិ​អណ្ដូង​ក្រឡឹង ដែល​កំពុង​ទទួលរង​ការ​រំលោភបំពាន ពី​ឈ្មួញ​មានអំណាច​។ អ្នកភូមិ​ត្អូញ​ថា ពួកគេ​ពុំ​មាន​សមត្ថភាព ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ​បាន​ទេ ព្រោះ​ឈ្មួញ​សុទ្ធតែ​អ្នក​មាន​ឥទ្ធិពល។

ជនជាតិ​ដើម​ភាគតិច​ព្នង​ជិត ២​រយ​គ្រួសារ រស់នៅ​ភូមិ​ចំនួន​៤ នៃ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង នៅ​ថ្ងៃ​ទី២៦ មករា អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​យុត្តិធម៌ រក​មធ្យោបាយ​សង្គ្រោះ​ព្រៃ​សហគមន៍​ភូមិ​អណ្ដូង​ក្រឡឹង ដែល​កំពុង​ទទួលរង​ការ​កាប់​ឈើ​មានតម្លៃ​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ ធ្វើជា​កម្មសិទ្ធិ​អស់​ជាច្រើន​ហិកតារ។

ប្រធាន​សហគមន៍​ភូមិ​អណ្ដូង​ក្រឡឹង លោក សុខា ផុន ថ្លែង​ថា ពួក​លោក​បាន​ពឹង​មេធាវី​រួចហើយ ដើម្បី​ត្រៀម​ប្ដឹង​ឈ្មួញ​ម្នាក់​ឈ្មោះ រុន វណ្ណៈ ទៅ​តុលាការ ករណី​រំលោភ​ដី​ព្រៃ​សហគមន៍​ជាង ១០​ហិកតារ​ទៀត។ លោក​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវកម្ម និង​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ បណ្ដាល​ឱ្យ​ប៉ះពាល់​ជម្រក​សត្វព្រៃ បាត់បង់​ប្រពៃណី​វប្បធម៌ និង​ជីវភាព​អ្នកភូមិ​ធ្លាក់​ចុះ​៖ «ឥលូវ​រង​ការបាត់បង់ ដោយសារ​ជនខិលខូច​កាប់​បំផ្លាញ​ព្រៃឈើ លក់​ឱ្យ​ប្រទេសក្រៅ ហើយ​មាន​ឈ្មួញ​ធំៗ ទិញ​ឈើ​ទៅ​វៀតណាម​។ ជុំវិញ​ព្រៃ​សហគមន៍​សុទ្ធ​ជា​ដែន​ជម្រក​សត្វ​ព្រែ​កែវ​សីមា អ៊ីចឹង​ដែន​កែវសីមា គាត់​អត់​ជួយ​ទប់ស្កាត់»។

ប្រធាន​សហគមន៍​រូប​នេះ បារម្ភ​ថា ព្រៃ​សហគមន៍​ភូមិ​អណ្ដូង​ក្រឡឹង សំបូរ​ដោយ​សត្វព្រៃ​ជាច្រើន​ប្រភេទ​រួម​មាន សត្វ​ទោច ស្វា​កន្ទុយ​ស ស្វា​ក្រេះ មាន់​ទោ​ពណ៌​ប្រាក់ និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ទៀត កំពុង​ប្រឈម​បាត់បង់​ទីជម្រក ខណៈ​សកម្មភាព​កាប់​ឈើ​មូល​ធំៗ​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅតែ​កើតមាន​ច្រើន៖ «សហគមន៍​ព្រួយបារម្ភ​ខ្លាច​បាត់បង់ សត្វព្រៃ និង​ព្រៃឈើ​សម្រាប់ កូនចៅ​ជំនាន់​ក្រោយ គាត់​អត់​បាន​ស្គាល់ សត្វព្រៃ​របៀប​ម៉េច​។ វា​ប្រឈម​បាត់បង់​យ៉ាង​ខ្លាំង បើ​បាត់​ព្រៃឈើ​ហើយ សត្វព្រៃ​ក៏​បាត់បង់​ដែរ»។

ព្រៃ​សហគមន៍​ភូមិ​អណ្ដូង​ក្រឡឹង គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ឋិត​ក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង មាន​ផ្ទៃដី​ជាង ១​ពាន់ ៤​រយ​ហិកតារ ( ១ ៤២៦) បាន​ចុះបញ្ជី​ទទួល​ស្គាល់​ដោយ​ក្រសួង​កសិកម្ម និង​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០០៧។ ព្រៃ​សហគមន៍​នេះ ជា​បណ្ដុំ​នៃ​ធនធាន​ធម្មជាតិ​សំបូរបែប រួម​មាន​សត្វព្រៃ​កម្រ​ជាង ៣​រយ​ប្រភេទ​រស់នៅ អម​ដោយ​ទឹកជ្រោះ​ជាង ១០​កន្លែង។

អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​ដែន​ជម្រក​សត្វព្រៃ​កែវសីមា លោក វិបុល រត្តនៈ និង អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំអ៊ាង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ២៦ មករា​។ ចំណែក​ឈ្នួញ លោក រុន វណ្ណៈ ដែល​ប្រជា​សហគមន៍​ចោទ​ប្រកាន់​នោះ ក៏​អាស៊ីសេរី​​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

រីឯ មេឃុំ​សែនមនោរម្យ អ្នកស្រី ថ្វាន់ ត្រែល វិញ យល់​ថា អ្នកស្រី​គាំទ្រ​សកម្មភាព​របស់​ប្រជា​សហគមន៍ ដែល​ចេញមុខ​ប្ដឹង​អ្នក​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ខុសច្បាប់​។ អ្នកស្រី​ថា អាជ្ញាធរ​ឃុំ​តែងតែ​សហការ​ជាមួយ​ពលរដ្ឋ ដើម្បី​ចូលរួម​ការពារ​ព្រៃ​សហគមន៍ និង​រាយការណ៍​ទៅ​ថ្នាក់លើ បំណង​រក​ដោះស្រាយ​ពី​វិបត្តិ​ព្រៃឈើ​នេះ​៖ «ពួក​ខ្ញុំ​ចូលរួម​គាំទ្រ​សហគមន៍ និង​ចូលរួម​ចុះ​ល្បាត​ជាមួយ​ក្រុម​ប្រឹក្សាឃុំ បើ​ខ្ញុំ​អត់​ចុះ​ផ្ទាល់​ខ្ញុំ​ចាត់ សមាជិក​ក្រុមប្រឹក្សា​ខ្ញុំ​ចុះ»។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច សហគមន៍​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ការ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន គឺជា​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​មណ្ឌលគិរី។ លោក​បញ្ជាក់​ថា អ្នក​ដែល​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃឈើ ទន្ទ្រាន​ដីព្រៃ និង​អ្នក​អនុគ្រោះ​នាំ​ឲ្យ​កើតមាន​បទល្មើស ត្រូវ​សង​ការខូចខាត​ទំហំ​ព្រៃឈើ​ទាំងមូល និង​ទទួលទោស​តាម​អំណាច​ច្បាប់។

ប្រជា​សហគមន៍​បន្ថែម​ថា ព្រៃ​សហគមន៍​ភូមិ​អណ្ដូង​ក្រឡឹង ជា​តំបន់​អេកូ​ទេសចរ​ធម្មជាតិ​ដ៏​ទាក់ទាញ ជួយ​បង្កើន​ប្រាក់ចំណូល​ឱ្យ​ពលរដ្ឋ​រស់នៅ​ទីនោះ​ចំនួន ៤​ភូមិ​ជិត ១០ ឆ្នាំ​មក​ហើយ។ ព្រៃ​សហគមន៍​នេះ អាច​រក​ចំណូល​បាន ចាប់ពី ២​ម៉ឺន ទៅ ៣​ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំៗ ពី​វិស័យ​ទេសចរ​។ ក្រៅ​ពី​នេះ សហគមន៍​អាច​លក់​ឥណទាន​កាបូន ដែល​សាយភាយ​ចេញពី​ព្រៃឈើ បាន ១​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ហើយ​ថវិកា​ទាំងនេះ ជួយ​គាំទ្រ​ដល់​កិច្ច​គាំពារ​ព្រៃឈើ និង​សត្វព្រៃ៕

No comments: