January 8, 2021

គ្រួសារ និង​សង្គម​ស៊ីវិល​ស្នើ​តុលាការ​ត្បូងឃ្មុំ​ដោះលែង​តំណាង​កសិករ​លោក ផុន សុផល វិញ

គ្រួសារ និង​សង្គម​ស៊ីវិល​ស្នើ​តុលាការ​ត្បូងឃ្មុំ​ដោះលែង​តំណាង​កសិករ​លោក ផុន សុផល វិញ អគារ​សាលាដំបូង​ខេត្ត​ត្បូងឃ្ញុំ។ រូប​ពី​ហ្វេសប៊ុក


ដោយ មួង ណារ៉េត RFA 2021-01-07


ភរិយា និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា សមត្ថកិច្ច​ចាប់​ឃុំខ្លួន​សកម្មជន និង​ជា​តំណាង​កសិករ លោក ផុន សុផល ដាក់​ពន្ធនាគារ គឺជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​។ ពួកគាត់​ស្នើ​តុលាការ​ដោះលែង​តំណាង​កសិករ​រូប​នេះ​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​សកម្មភាព​របស់​លោក​ដែល​ជួបជុំគ្នា​ចែក​អង្ករ និង​អាវ​សិទ្ធិមនុស្ស​១០​ធ្នូ មិនមែន​ជា​ទង្វើ​ខុសច្បាប់ ដែល​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​នោះ​ទេ។

ភរិយា​លោក ផុន សុផល គឺ​លោកស្រី កម ចាន់ទ្រា រៀបរាប់​ថា សមត្ថកិច្ច​ចាប់ខ្លួន​ប្ដី​លោកស្រី នៅ​ពេល​ដែល​គាត់​ចុះ​ធ្វើ​ការ​តាម​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា នៅ​ខេត្ត​ព្រះសីហនុ រួច​បញ្ជូន​ខ្លួន​មក​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ហើយ​បន្ត​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ភ្លាមៗ កាលពី​ថ្ងៃ​ទី​៣០ តុលា។

លោកស្រី​យល់​ថា ការ​ចាប់ខ្លួន​លោក ផុន សុផល ដោយ​មិន​ទទួល​បាន​ដំណឹង​ជាមុន​នេះ គឺជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន ព្រោះ​ប្ដី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះ​ទេ៖ «អយុត្តិធម៌​សម្រាប់​គ្រួសារ​ខ្ញុំ​ខ្លាំង​ពេក របៀប​ដូច​ថា​យល់សប្ដិ​អ៊ីចឹង គឺ​អត់​ដឹង​រឿង​អី​សោះតែ​ម្ដង សូម្បីតែ​ប្ដី​ខ្ញុំ ក៏​គាត់​អត់​ដឹងខ្លួន​ដែរ​។ អត់​មាន​ផ្ដល់​ដំណឹង​អ្វី​ពីមុន ឱ្យ​យើង​ដឹង​។ ដល់​អ៊ីចឹង​ហើយ​ខ្ញុំ​ពិបាក​ណាស់ អត់​ចេះ​អត់​ដឹង​អ៊ីចឹង»។

លោកស្រី កម ចាន់ទ្រា ដែល​មាន​ផ្ទៃពោះ​៤​ខែ និង​កូនប្រុស​ទៀត​ម្នាក់ទៀត​អាយុ​៥​ឆ្នាំ ឱ្យ​ដឹង​ថា ជីវភាព​រស់នៅ​សព្វថ្ងៃ គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​លោក ផុន សុផល ដែល​ចេញ​ទៅ​ធ្វើការ និង​រក​ប្រាក់​បង់​ថ្លៃ​ជំពាក់​ធនាគារ។ លោកស្រី​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ លោកស្រី មិន​អាច​ទៅ​ស៊ីឈ្នួល​ដកស្មៅ​ឱ្យ​គេ ដូច​ពីមុន ដើម្បី​បាន​ប្រាក់​យក​មក​ទិញ​អាហារ​ចិញ្ចឹម​កូន​បាន​ទៀត​ទេ។​

ស្ត្រី​វ័យ​២៩​ឆ្នាំ​រូប​នេះ ស្នើ​ដល់​តុលាការ​ខេត្ត​ត្បូងឃ្មុំ ពិចារណា​ដោះលែង​ប្ដី​លោកស្រី ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​អាច​រក​ប្រាក់​ចិញ្ចឹម​ក្រុម​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក៖ «សូម​ឱ្យ​គេ​ឆាប់​ដោះលែង​ចេញ​មក​វិញ ព្រោះ​ខ្ញុំ​ពិបាក​ណាស់ ខ្ញុំ​អត់​មាន​ម៉ែឪ​កូន​កំព្រា​។ បើសិនជា​គេ​ដាក់​គាត់​ដូច​ពាក្យ​គេ​ថា ទោស​ហ្នឹង គេ​ដាក់​ពី​៦​ខែ​ទៅ​២​ឆ្នាំ​។ ខ្ញុំ​ថាបើ​ដាក់​២​ឆ្នាំ ខ្ញុំ​វេទនា​ណាស់ ខ្ញុំ​នៅ​ក្រៅ​នេះ​។ ខ្ញុំ​មិន​ដឹង​ថា រក​អ្វី​បាន​ហូបចុក​ទេ​។ ពិបាក​ណាស់​រាល់ថ្ងៃ​នេះ ហើយ​ខ្ញុំ​ជំពាក់​គេ​ច្រើន​ទៀត»។

លោក ផុន សុផល គឺ​ជា​តំណាង​សហគមន៍​កសិករ​នៅ​ភូមិ​ក្រវៀនជើង ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ លោក​ជា​សកម្មជន​មួយ​រូប​ដែល​តែង​ចេញមុខ​ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​ចុះ​ចែក​អង្ករ និង​អាវយឺត​ដែល​ស្ដីពី​ការលើកតម្កើង​សិទ្ធិមនុស្ស ឱ្យ​កសិករ ក្នុង​ឃុំ​ជាំក្រវៀន ស្រុក​មេមត់។ អំណោយ​ទាំងនោះ គឺជា​របស់​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា ជួយ​ដល់​ប្រជាកសិករ​ដែល​ជួប​ការ​ខ្វះខាត​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩។

សកម្មភាព​ចែក​អំណោយ​នេះ ធ្វើឡើង​ចំ​ពេល​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​កំពុង​រឹតត្បិត​ការ​ជួបប្រជុំ​របស់​ពលរដ្ឋ ក្រោម​ហេតុផល​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​លោក​បាន​ធ្វើ​សកម្មភាព​ដោយ​រក្សា​គំលាត និង​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ អ្នកស្រី នូ ច័ន្ទសុគន្ធា បាន​ចេញ​ដីកា​បង្គាប់​មួយ​បញ្ជា​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន លោក ផុន សុផល ពី​បទ «​សមគំនិត​ក្នុង​អំពើ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​» ដែល​ប្រព្រឹត្តទៅ​នៅ​តាម​បណ្ដាញ​សង្គម ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​២២ សីហា ដល់​ថ្ងៃ​ទី​២២​តុលា ឆ្នាំ​២០២០។

អាស៊ីសេរី មិន​អាច​សុំ​បំភ្លឺ​រឿង​នេះ​ពី អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ថេង ជាង នៅ​ថ្ងៃ​ទី​៦ ធ្នូ បានទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង តែ​លោក​មិន​ទទួល។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន លើកឡើង​ថា ក្នុង​គណនេយ្យ​ហ្វេសប៊ុក​របស់ ផុន សុផល គឺ​មិន​មាន​សកម្មភាព​ណាមួយ ដែល​អាច​ចាត់​ថា​ជា​ទង្វើ​ញុះញង់​បង្ក​ឱ្យ​មាន​វឹកវរ​ក្នុង​សង្គម​នោះ​ទេ។

លោក​ចាត់ទុកថា ការ​ឃុំខ្លួន​លោក ផុន សុផល នៅ​ពេល​នេះ គឺជា​ការ​គំរាមកំហែង បំបាក់​ស្មារតី ចំពោះ​អ្នក​ដែល​ហ៊ាន​ចេញមុខ​ឈឺឆ្អាល​រឿង​សង្គមជាតិ និង​ហ៊ាន​រិះគន់​ភាព​អសកម្ម​របស់​អាជ្ញាធរ៖ «នេះ​ជា​រូបភាព​ដែល​គំរាមកំហែង​មួយ ដល់​សកម្មជន​ផ្សេងៗ​ទៀត ដែល​គាត់​សកម្ម​នឹង​សហគមន៍ កិច្ច​ការងារ​ផ្ដល់​នូវ​ចំណេះដឹង និង​ចងក្រង​សហគមន៍​ឱ្យ​មាន​ដំណោះស្រាយ​រឿង​ដីធ្លី ឬ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​តាម​សហគមន៍​មូលដ្ឋាន​។ ទោះបីជា​យ៉ាងណា យើង​កំពុងតែ​ស្វះ​ស្វែងរក​មេធាវី ហើយ​នឹង​ជជែក​ជាមួយ​ស្ថាប័ន​ដៃគូ ជំរុញ​ឱ្យ​តាមដាន​និង​ឃ្លាំមើល​នូវ​ដំណើរការ​ឃាត់ខ្លួន​លោក ផុន សុផល​នេះ»។

ចំណែក នាយករង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សកម្មភាព​របស់​លោក ផុន សុផល ដែល​ចែក​អង្ករ និង​អាវ​សិទ្ធិមនុស្ស​១០​ធ្នូ​ឱ្យ​កសិករ គឺ​គ្មាន​អ្វី​ខុសច្បាប់​ទេ ផ្ទុយទៅវិញ​នោះ​ជា​ទង្វើ​មនុស្សធម៌ ព្រោះ​កសិករ​មួយ​ចំនួន​មិន​អាច​រក​ចំណូល​បាន​ក្នុង​ពេល​ជួប​វិបត្តិ​ជំងឺ​កូវីដ​-១៩ នេះ។

លោក​យល់​ថា តុលាការ​ខេត្ត​ត្បូងឃ្មុំ គួរ​ពិនិត្យ​មើល​លើ​អង្គហេតុ និង​អង្គច្បាប់​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀស​ការចោទប្រកាន់​ពល​រដ្ឋ​ដែល​គ្មាន​ទោសកំហុស​។ មន្ត្រី​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ដល់​តុលាការ​ដោះលែង លោក ផុន សុផល ឱ្យ​មាន​សេរីភាព​ឡើងវិញ ប្រសិនបើ​រក​មិន​ឃើញ​កំហុស​ដូច​ការចោទប្រកាន់៖ «ជា​សំណូមពរ សូម​ឱ្យ​លោក​តុលាការ​ពិនិត្យ និង​ពិចារណា​មើល​ទៅ​លើ​បញ្ហា​ទាំងអស់​ហ្នឹង ពីព្រោះ​យើង​ធ្វើ​អ្វី​ក៏​ត្រូវ​ពឹងផ្អែក​លើ​យុត្តិធម៌​ក្នុង​សង្គម លើ​ភាព​ត្រឹមត្រូវ ហើយ​ច្បាប់​។ បើសិនជា​ករណី​នេះ គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​ដូច​ការចោទប្រកាន់​ទេ គួរតែ​មាន​ការលើកលែង​។ ដោះលែង​ឱ្យ​គាត់​មាន​សេរីភាព​ក្នុង​ការងារ​របស់​គាត់​វិញ​។ បើ​គាត់​មាន​មេធាវី​ទៅ មេធាវី​អាច​នឹង​ធ្វើការ​ជាមួយ​តុលាការ ដើម្បី​ឱ្យ​មានការ​ដោះលែង​គាត់»។

កាលពី​ឆ្នាំ​២០២០ កន្លងទៅ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់​សកម្មជន​សង្គម អ្នកការពារ​បរិស្ថាន អ្នកការពារ​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ​ជាង ៥០​នាក់ ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់។

ភរិយា​របស់​លោក ផុន សុផល លោកស្រី កម ចាន់ទ្រា សង្ឃឹម​ថា តុលាការ​ខេត្ត​ត្បូងឃ្មុំ នឹង​ដោះលែង​ស្វាមី​លោកស្រី ឱ្យ​បាន​មក​ជួបជុំ​ក្រុម​គ្រួសារ​ឡើងវិញ ព្រោះ​លោកស្រី​មាន​កូន​២​នាក់ ក្នុង​បន្ទុក ដែល​ត្រូវការ​ការ​ចិញ្ចឹម​បីបាច់​ពី​ឪពុក​របស់​ពួកគេ៕

No comments: