January 8, 2021

ចិន​ជូន​ដំណឹង​ប្រទេស​តាម​ខ្សែទឹក​ខាងក្រោម​ទន្លេ​មេគង្គ​ពី​ការ​កាត់​បន្ថយ​រំហូរ​ទឹកទន្លេ

ចិន​ជូន​ដំណឹង​ប្រទេស​តាម​ខ្សែទឹក​ខាងក្រោម​ទន្លេ​មេគង្គ​ពី​ការ​កាត់​បន្ថយ​រំហូរ​ទឹកទន្លេ រូបភាព​​ពី​ផ្កាយរណប​បង្ហាញ​​ពី​​បាតទន្លេមេគង្គនៅចំណុច ប៉ាក់ឆុម (Pak Chom) ខេត្តឡឺយ (Loei) នៅ​ភាគឦសាន​​នៃ​ប្រទេសថៃ​ជាប់​ព្រំប្រទល់​​ជាមួយ​​ប្រទេសឡាវ។ កម្មវិធី​ឃ្លាំមើល​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​មេគង្គ​​ (Mekong Dam Monitor) ដែល​មាន​​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ រកឃើញ​ថា ទឹកទន្លេ​​នៅ​ចំណុច ប៉ាក់ឆុម មាន​កម្រិត «ទាប​ខុស​ពី​ប្រក្រតី»។ រូប៖ Planet Labs Inc


ដោយ មាន ឫទ្ធិ RFA 2021-01-07

ប្រទេស​ចិន​ជូន​ដំណឹង​ដល់​ប្រទេស​តាម​ខ្សែទឹក​ខាងក្រោម​ទន្លេ​មេគង្គ​ រួម​ទាំង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ផង ពី​ការ​ស្រក​ចុះ​ទឹកទន្លេ​បណ្ដាល​មកពី​ការកាត់បន្ថយ​រំហូរ​ទឹកទន្លេ​នៅ​ស្ថានីយ​ទំនប់​វារីអគ្គិសនី​មួយ​របស់​ខ្លួន។ អ្នក​ជំនាញ​អភិបាលកិច្ច​ទឹក ថ្លែង​ថា ចិន​ជូន​ដំណឹង​យឺត ដែល​អាច​ធ្វើឲ្យ​ប្រទេស​នៅ​តាម​ខ្សែទឹក​ខាងក្រោម​ជួប​ការ​លំបាក​ក្នុង​ការ​ត្រៀមខ្លួន​ជាមុន។

កម្រិត​ទឹក​ទន្លេ​នៅ​តាម​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម​នេះ ស្រក​ចុះ​រយៈ​ពេល ២០ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី២៤ ខែមករា ដោយសារតែ​ប្រទេស​ចិន​អះអាង​ថា ខ្លួន​ត្រូវ​ការ​ជួសជុល​បណ្ដាញ​អគ្គិសនី​ផ្តល់​ដោយ​ស្ថានីយ​ទំនប់​វារីអគ្គិសនី ជីងហុង (Jinghong Hyrdropower Station) ស្ថិត​ក្នុង​ខេត្ត​យូណាន (Yunan)។

គណៈកម្មការ​ទន្លេ​មេគង្គ​ឲ្យដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្សាយកាល​ពី​ថ្ងៃ​ទី៦ មករា​ថា ហេតុការណ៍​នេះ នឹង​ធ្វើ​ឲ្យ​កម្រិត​ទឹក​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​ថៃ ឡាវ និង​កម្ពុជា ទទួល​រង​នូវ​ការ​ប្រែប្រួល។ គណៈកម្មការ​ទន្លេ​មេគង្គ ឲ្យ​ដឹង​ថា ផ្អែក​តាម​សេចក្ដី​ជូន​ដំណឹង​ដែល​ខ្លួន​ទទួល​បាន​ពី​ក្រសួង​ធនធាន​ទឹក​របស់​ចិន កាលពី​ថ្ងៃ​ទី៥ មករា ការ​ជួសជុល​ខ្សែ​បណ្ដាញ​ចែកចាយ​អគ្គិសនី​ពី​ស្ថានីយ​វារីអគ្គិសនី​របស់​ខ្លួន នឹង​បណ្ដាល​ឲ្យ​មាន​ការ​កាត់​បន្ថយ​រំហូរ​ទឹក ក្នុង​កម្រិត ១ពាន់​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី ចាប់​ពី​ថ្ងៃ​ទី៥ ដល់ ថ្ងៃ​ទី២៤ ខែមករា។ សេចក្ដី​ជូន​ដំណឹង​ដដែល​បន្ត​ថា បរិមាណ​រំហូរ​ទឹកទន្លេ នឹង​មាន​ស្ថានភាព​ដូច​ដើម​វិញ​នៅ​ថ្ងៃ​ទី២៥ ខែមករា ខាងមុខ។ យ៉ាងណា ផ្អែក​តាម​ការ​អង្កេត​ទិន្នន័យ​កម្រិត​ទឹក​ទន្លេ​មេគង្គ​នៅ​ឯ​ស្ថានីយ​វារីអគ្គិសនី ជីងហុង ដែល​មាន​ត្រឹម​ថ្ងៃ​ទី៤ មករា គណៈកម្មការ​នេះ​រក​ឃើញ​ថា កម្រិត​រំហូរ​ទឹក​ទន្លេ​បាន​ចាប់​ផ្ដើម​ស្រក​ចុះ​ស្ទើរ​តែ​ពាក់​កណ្ដាល កាល​ពី​ថ្ងៃ​ទី១ ខែមករា។

គណៈកម្មការ​ទន្លេ​មេគង្គ គូស​បញ្ជាក់​ថា ផ្អែក​តាម​ការ​ព្យាករ​របស់​ខ្លួន កម្រិត​ទឹកទន្លេ​នៅ​តាម​ទន្លេ​មេគង្គ​អាច​នឹង​ស្រក​ចុះ​ប្រមាណ ១,២០ ម៉ែត្រ។ យ៉ាងណា គណៈកម្មការ​ទន្លេ​មេគង្គ ឲ្យ​ដឹង​ថា កម្រិត​ទឹក​ទន្លេ​មេគង្គ​នៅ​ស្ថានីយ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ក្រុងភ្នំពេញ កោះខែល និង​អ្នកលឿង ហាក់​នៅ​មិនទាន់​ស្រក​ចុះ​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី៥ មករា។ គណៈកម្មការ​ទន្លេ​មេគង្គ ព្យាករ​បន្ត​ថា កម្រិត​ទឹក​ទន្លេ​នៅ​តាម​តំបន់​ទាំងនេះ នឹង​មិន​រំពឹង​ថា មាន​ការប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ដោយ​គ្រាន់តែ​ស្រក​ចុះ​ក្នុង​កម្រិត​ទាប​ជាង ១ម៉ែត្រ​ប៉ុណ្ណោះ ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី១១ ខែមករា។

ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​ប្រចាំ​តំបន់​របស់​គណៈកម្មការ​ទន្លេ​មេគង្គ លោក ឡាំ ហ៊ុងសុន (Dr. Lam Hung Son) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា ហេតុការណ៍​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ការ​ប្រកប​របរ​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​នៅ​តាម​ទន្លេ​មេគង្គ ដូច​ជា ការ​នេសាទ​ត្រី ជាដើម។ លោក​ថា មជ្ឈមណ្ឌល​របស់​លោក​នឹង​បន្ត​តាម​ដាន​ស្ថានភាព​ប្រែប្រួល​នៃ​កម្រិត​ទឹក​ទន្លេ​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត។

អ្នក​ជំនាញ​ផ្នែក​អភិបាលកិច្ច​ទឹក និង​ថាមពល លោក ហែម ឧត្តម ប្រាប់​អាស៊ី​សេរី​ថា ការ​ជូន​ដំណឹង​របស់​ប្រទេស​ចិន នា​ពេល​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​អតីតកាល អាច​ជា​ដំណើរ​វិវត្តន៍​ប្រសើរ​ជាង​មុន។ ក៏ប៉ុន្តែ លោក​ថា ការ​ជូន​ដំណឹង​នេះ ហាក់​នៅ​មាន​កម្រិត​នៅឡើយ៖ «យើង​ឃើញ​ថា ទិន្នន័យ​ហ្នុង​បាន​មក​តែ​ពី​មួយ​ស្ថានីយ​ទេ។ ចំណែក​ស្ថានីយ​ផ្សេងៗ​ទៀត យើង​ដឹង​ហើយ​មាន​នៅ​ក្នុង​ទន្លេ​ឡានឆាង ផ្នែក​ខាងលើ​ប្រទេស​ចិន មាន​រហូតដល់​ទៅ ១១ទំនប់។ ស្ថានីយ​ផ្សេងៗ​នោះ យើង​អត់​មាន​ទិន្នន័យ​អី​ទេ។ អ៊ីចឹង ការ​ឯកភាព​របស់​គេ នៅ​ក្នុង​រង្វង់​តែ​ស្ថានីយ​ពីរ​ទេ ហើយ​ពីរ​ហ្នុង មាន​តែ​មួយ​ទៀត ដូច​ជា ជីងហុង ដែល​ជាប់​នឹង​ទន្លេ​ឡានឆាង។ អញ្ចឹង ក្រៅ​ពី​នោះ យើង​នៅ​អត់​ដឹង»។

នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ប្រទេស​ចិន​ចាប់​ផ្ដើម​ចែក​រំលែក​ព័ត៌មាន​រំហូរ​ទឹកទន្លេ​មេគង្គ ក្រោយ​ប្រទេស​នេះ បាន​សន្យា​ជាមួយ​ក្រុម​ប្រទេស​នៅ​តាម​ខ្សែទឹក​ខាងក្រោម​ទន្លេ​មេគង្គ ថា ខ្លួន​នឹង​ផ្តល់​ព័ត៌មាន​នានា ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ២០២១ នេះ ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង ឬ​ការ​ស្រក​ចុះ​ខុស​ប្រក្រតី​នៃ​កម្រិត​ទឹកទន្លេ។ នៅ​មុន​ការ​សន្យា​ចែករំលែក​ព័ត៌មាន​ទឹក​នេះ ប្រទេស​ចិន រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន​នៅ​ខ្សែទឹក​ខាងលើ ដើម្បី​រាំង​ខ្ទប់​រំហូរ​ទន្លេ​មេគង្គ ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត និង​រីងស្ងួត​ខុស​ប្រក្រតី​ក្នុង​ចំណោម​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម មិនធ្លាប់​មាន​ពីមុន​មក​អស់​រយៈ​ពេល ២ឆ្នាំ​ជាប់ៗ គ្នា។

ផ្អែក​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​នៃ​កម្មវិធី​ឃ្លាំមើល​ទំនប់​វារីអគ្គិសនី​ប្រចាំ​តំបន់​មេគង្គ (Mekong Dam Monitor) របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​អាមេរិក ស្ទីមសុន សេនធឺ (Stimson Center) ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​ផ្កាយរណប កាលពី​ថ្ងៃ​អង្គារ កម្មវិធី​នេះ​រក​ឃើញ​ថា ប្រទេស​ចិន មិន​បាន​ជូនដំណឹង​ដល់​ប្រទេសជិតខាង​របស់​ខ្លួន​នៅ​ពេល​ដែល​ទំនប់​វារីអគ្គិសនី​ជីងហុង បាន​ចាប់​ផ្ដើម​រឹតត្បិត​រំហូរ​ទឹក តាំងពី​ថ្ងៃ​ទី៣១ ធ្នូ មក​ម្ល៉េះ។ ការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​កម្រិត​ទឹក​ទន្លេ​ស្រក​ចុះ​រហូត​ដល់​ទៅ ១ម៉ែត្រ នៅ​តាម​ប្រទេស​ខ្សែ​ទឹក​ខាងក្រោម ហើយ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​បរិមាណ​ត្រី។

លោក ហែម ឧត្តម ថា ភាព​នៅ​មាន​កម្រិត និង​ការ​យឺតយ៉ាវ​នៃ​ការ​ជូន​ដំណឹង​របស់​ប្រទេស​ចិន​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ត្រៀម​ខ្លួន​ជាមុន​របស់​ប្រទេស​នៅ​តាម​ខ្សែទឹក​ខាងក្រោម៖ «បើ​សិន​ជា​ការ​ជូន​ដំណឹង​នៅតែ​មាន​ភាព​យឺតយ៉ាវ​ដដែល អ៊ីចឹង​វា​នៅ​តែ​ផ្តល់​នូវ​ការ​លំបាក​ក្នុង​ការ​ត្រៀម​ខ្លួន​របស់​ប្រជាកសិករ ប្រជា​នេសាទ​នៅ​តាម​ខ្សែទឹក​ខាងក្រោម។ មែនទែន​ទៅ គួរតែ​មាន​ការពិគ្រោះ​យោបល់​ថែមទៀត​ មិន​ត្រឹម​តែ​ជូន​ដំណឹង​ទេ ពីព្រោះ​អី​ទីតាំង​ភូមិសាស្ត្រ ជីវសាស្ត្រ​នៃ​ប្រព័ន្ធ​ទន្លេ​មេគង្គ​ វា​ខុសៗ គ្នា វា​អត់​ដូច​គ្នា​ទេ...»។

ប្រទេស​ចិន បច្ចុប្បន្ន​កំពុង​ដាក់ឲ្យ​ដំណើរការ​ប្រតិបត្តិ​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​ចំនួន​១១ រីឯ​ប្រទេស​ឡាវ​កំពុង​ដំណើរការ​ប្រតិបត្តិ​វារីអគ្គិសនី​ចំនួន​ពីរ។ សហរដ្ឋ​អាមេរិក ធ្លាប់​ព្រមាន​ថា ទន្លេ​មេគង្គ មិនមែន​ជា​ធនធាន​ផ្ដាច់មុខ​ឲ្យ​ប្រទេស​ចិន​គ្រប់គ្រង​តែឯង​តាម​រយៈ​ទំនប់​វារីអគ្គិសនី​ដ៏​សម្បើម​របស់​ខ្លួន​នៅ​ខ្សែទឹក​ខាងលើ​នោះ​ទេ៕

No comments: