January 6, 2021

សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង និង​តំណាង​កសិករ​ដែល​អាជ្ញាធរ​ចាប់ខ្លួន​ស្នើ​ឱ្យ​ដោះលែង​សាច់ញាតិ​ពួកគេ

សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង និង​តំណាង​កសិករ​ដែល​អាជ្ញាធរ​ចាប់ខ្លួន​ស្នើ​ឱ្យ​ដោះលែង​សាច់ញាតិ​ពួកគេ ទិដ្ឋភាព​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៧។ RFA/Leng Maly


ដោយ សុជីវី RFA 2021-01-05

សាច់ញាតិ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​មេធាវី​ការពារ​ក្ដី លើកឡើង​ថា សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ទាំង​នោះ មិន​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ដូច​ការចោទប្រកាន់​ឡើយ និង​ស្នើឱ្យ​ដោះលែង​អ្នក​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ ការ​លើកឡើង​នេះ ខណៈ​សកម្មជន​គណបក្ស​ង្គ្រោះ​ជាតិ និង​តំណាង​កសិករ យ៉ាងតិច​១១​រូប​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ កាលពី​សប្ដាហ៍​មុន។

យ៉ាងហោចណាស់ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១០​នាក់​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ខ្លួន ជា​បន្តបន្ទាប់​កាលពី​ខែ​វិច្ឆិកា និង​ចុងខែ​ធ្នូ​នៅមុន​ថ្ងៃ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង​គ្រោះ​ជាតិ ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខ​ហួរ គ្រោង​វិល​ចូល​ស្រុក ថ្ងៃ​ទី​៤ មករា ។ ក្រៅ​ពី​នេះ ក៏​មាន​សកម្មជន​សិទ្ធិ​ដីធ្លី​ម្នាក់​រស់នៅ​ខេត្ត​ត្បូងឃុំ ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ដែរ។

​មេធាវី​ការពារ​ក្ដី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ សុគង់ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី៤ ខែ​មករា កូនក្ដី​ទាំង​១០​នាក់​របស់​លោក​ដែល​អាជ្ញាធរ​ចាប់ខ្លួន​ត្រូវ​ចោទប្រកាន់​ពី​បទ​ញុះញង់ រួមគំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ​ជាដើម​។ លោក​ឱ្យ​ដឹង​ទៀត​ថា កូនក្ដី​របស់​លោក​ទាំង​នោះ​ពួកគេ​គ្រាន់តែ​ប្រើប្រាស់​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតយ្យ៖ «ការ​បញ្ចេញមតិ​របស់​ពួកគាត់ (សកម្មជន​គណបក្ស​សង្គ្រោះជាតិ) ហ្នឹង​គោលដៅ​របស់​គាត់​ដើម្បី​តវ៉ា​សុំ​ឱ្យ​មានការ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​អង្គការ​ផ្សេងទៀត​ដែល​ត្រូវ​តុលាការ​ចាប់ខ្លួន ទី​២ ខ្ញុំ​យល់​ថា ការ​មក​តស៊ូ​មក​តវ៉ា​ឱ្យ​មាន​ការ​ដោះលែង​នេះ​មិនមែន​ជា​បទល្មើស​ទេ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប​ដែល​ត្រូវ​បាន​ដោយ​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ​ជាពិសេស​គឺ​រដ្ឋធម្មនុញ្ញ»។

លោក សំ សុគង់ ឱ្យ​ដឹង​ទៀត​ថា តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​មាន​ចំនួន​លើស​ពី ១០​នាក់ ប៉ុន្តែ​អ្នក​ផ្សេង​មិនទាន់​ឃើញ​សាច់​របស់​គេ​មក​ពឹង​ពាក់​មេធាវី​នៅឡើយ។

សកម្មជន​សង្គ្រោះ​ជាតិ​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី អ្នកស្រី យ៉ែម វណ្ណណែ​ត ដែល​ឪពុក​របស់​អ្នកស្រី​ជា​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​សួង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ប្រាប់​ថា អាស៊ីសេរី​ថា ឪពុក​លោកស្រី​មិន​ប្រព្រឹត្ត​ល្មើស​ដូច​ការចោទប្រកាន់​ទេ​។ លោកស្រី​ថា ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រដ្ឋាភិបាល​រំលាយ​ចោល គឺ​ឪពុក​អ្នកស្រី​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ឡើយ ដោយ​ធ្វើស្រែ​ចម្ការ​ដូច​ពលរដ្ឋ​ធម្មតា​។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​អាជ្ញាធរ ចាប់ខ្លួន​ឪពុក​មក អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​សាច់ញាតិ​ចូល​សុខទុក្ខ ឬ​ប្រាប់​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នៅ​ឡើយ​ទេ៖ «រឿង​ការ​ចាប់​ខ្លួន​ឪពុក​របស់ខ្ញុំ​គឺជា​រឿង​អយុត្តិធម៌​ចំពោះ​គ្រួសារ​ខ្ញុំ​ណាស់ អ៊ីចឹង​ខ្ញុំ​សូម​អំពាវនាវ​ដល់​អង្គការ​ជាតិ អង្គការ​អន្តរជាតិ​ជួយ​តាមដាន​រឿងក្ដី​របស់​គាត់»។

ចំណែក​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ឱ្យ​ដឹង​ដែរ​ថា ក្រុមការងារ​របស់​លោក​ម្នាក់​ដែល​ជា​តំណាង​សហគមន៍​កសិករ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លោក ផុន សុផល ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​កាលពី​កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។ លោក​ថា លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ចាប់ខ្លួន​នេះ​នៅ​ឡើយ​ទេ ហើយ​ពេលនេះ​លោក​កំពុង​រក​មេធាវី​ដើម្បី​ជួយ​ការពារ​ក្ដី​។ លោក ថេង សារឿន យល់​ថា ការ​ចាប់ខ្លួន​ក្រុមការងារ​របស់​ខ្លួន​បែបនេះ​ជា​ការ​បំភិតបំភ័យ​លើ​កសិករ​ផ្សេងទៀត​ដែល​ហ៊ាន​ចូលរួម​ក្នុង​ការងារ​សង្គម៖ «សម្រាប់​ខ្ញុំ​យល់ថា នេះ​ជា​រូបភាព​គំរាមកំហែង​មួយ​ទៅ​លើ​សកម្មជន​ដីធ្លី សកម្មជន​កសិករ​ដែល​គាត់​កន្លង​មក​ដែល​សកម្ម​ក្នុង​កិច្ច​ការងារ​ដើម្បី​ជួយ​សហគមន៍ និង​ជួយ​សង្គមជាតិ​របស់​គាត់»។

ដោយឡែក​អ្នកនាំពាក្យ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន អះអាង​ថា មុន​សមត្ថកិច្ច​ចាប់ខ្លួន​ជនណា​ម្នាក់​គឺ​មាន​ការ​ភស្តុតាង​គ្រប់គ្រាន់ និង​មាន​ដីកា​ត្រឹមត្រូវ​។ លោក​ថា ក្នុង​ករណី​ខ្លះ​ជា​បទល្មើស​ជាក់ស្ដែង ទោះ​សមត្ថកិច្ច​គ្មាន​ដីកា​ក៏​មាន​ព្រះរាជអាជ្ញា​អម​ទៅ​ជា​មួយ​ដែរ៖ «ការប្រើប្រាស់​សិទ្ធិ​របស់​គាត់​អត់​មាន​អ្នកណា​ហាមឃាត់​ទេ ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ក៏ប៉ុន្តែ​ច្បាប់​ក៏​មិន​អនុញ្ញាត​ឱ្យ​គាត់​ប្រើប្រាស់​សិទ្ធិ​សេរីភាព​រហូត​ដល់​បំពាន​ទៅ​សិទ្ធិ​អ្នកដទៃ​ដែរ»។

អាជ្ញាធរ​បាន​បង្កើន​ការ​ចាប់ខ្លួន​ពលរដ្ឋ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រយៈពេល​ចុងក្រោយ​នេះ ខណៈ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ពី​ផែនការ​វិល​ចូល​ស្រុក​លើក​ទី​២​របស់​ខ្លួន​ក្នុង​ខែ​មករា​នេះ។

​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ឱ្យ​ដឹង​ថា តាម​ការសង្កេត​របស់​អង្គការ​លោក​យ៉ាងហោចណាស់​មាន​មនុស្ស​១១​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ គឺ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ​។ លោក​សង្កេត​ឃើញ​ថា ចំណាត់ការ​សមត្ថកិច្ច​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ការ​ប្រកាស​មាតុភូមិ​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩​ដែរ៖ «អាជ្ញាធរ​និង​តុលាការ​លោក​អះអាង​ថា ការ​អនុវត្ត​នៃ​ការ​ចាប់ខ្លួន​នេះ​គឺ​អនុវត្ត​តាម​នីតិវិធី និង​ច្បាប់​របស់​កម្ពុជា ប៉ុន្តែ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ឬ​អង្គការ​សហប្រជាជាតិ និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ផ្សេងទៀត​គេ​យល់​ថា ការ​ចាប់​ខ្លួ​នេះ​គឺ​ការ​រំលោភបំពាន​សេរី​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ»។

​លោក​មេធាវី សំ សុគង់ ឱ្យ​ដឹង​ថា ពេល​នេះ​ក្រុម​មេធាវី គ្រោង​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​កូនក្ដី​បាន​នៅ​ក្រៅ​ឃុំ និង​រៀបចំ​ភស្តុតាង​ដោះ​បន្ទុក​ដើម្បី​ឱ្យ​តុលាការ​លើកលែង​ការចោទ​ប្រកាន់។ លោក អំ សំអាត យល់​ថា ចំណាត់​របស់​សមត្ថកិច្ច​ក្នុង​ការ​ចាប់ខ្លួន​លើ​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ ធ្វើ​ឱ្យ​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ចាត់​ទុកថា ជា​ការ​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ៕

No comments: