January 12, 2021

អ្នកវិភាគ​ និង​អ្នកជំនាញ​ថា ចំណូល​បាន​មក​ពី​ប្រេង នឹង​មិន​អាច​ជួយ​ឲ្យ​កម្ពុជា​ឈប់​ពឹង​ផ្អែក​លើ​ជំនួយ និង​កម្ចី​ពី​បរទេស​បានឡើយ

អ្នកវិភាគ​ និង​អ្នកជំនាញ​ថា ចំណូល​បាន​មក​ពី​ប្រេង នឹង​មិន​អាច​ជួយ​ឲ្យ​កម្ពុជា​ឈប់​ពឹង​ផ្អែក​លើ​ជំនួយ និង​កម្ចី​ពី​បរទេស​បានឡើយ សកម្មភាព​នៃ​ការអភិវឌ្ឍ​តំបន់​ដែន​សមុទ្រ​ប្រេងកាតប្លុក A របស់​កម្ពុជា។ រូប៖ ទំព័រហ្វេសប៊ុក (Facebook) ក្រសួង​រ៉ែ និង​ថាមពល


ដោយ៖​ មាន ឫទ្ធិ RFA 2021-01-11


អ្នកវិភាគ​ និង​អ្នកជំនាញ​លើកឡើង​ថា ចំណូល​បាន​មក​ពី​វិស័យ​ប្រេង នឹង​មិន​អាច​ជួយ​ទ្រទ្រង់​កម្ពុជា​ឲ្យ​ឈប់​ពឹង​ផ្អែក​លើ​ជំនួយ និង​កម្ចី​ពី​បរទេស​បាន​នៅឡើយ​ទេ។ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជឿជាក់ថា ចំណូល​បាន​មក​ពី​ប្រេង​នេះ អាច​នឹង​ចូលរួម​ចំណែក​ជួយ​កម្ពុជា​កាត់បន្ថយ​ការខ្ចី​បុល​ពី​បរទេស​បាន​មួយ​កម្រិត។ រីឯ មន្ត្រី​សង្គមស៊ីវិល​វិញ ចង់​ឃើញ​រដ្ឋាភិបាល​ប្រើប្រាស់​ចំណូល​បាន​មកពី​វិស័យ​ប្រេង​នេះ ប្រកបដោយ​ការឆ្លាត​វ័យ​ដោយ​យក​ទៅ​វិនិយោគ​បន្ត​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​ជាតិ។

ក្តីរំពឹង​ថា ចំណូល​បាន​មក​ពី​វិស័យប្រេង​អាច​នឹង​យក​ទៅ​ជួយ​ប៉ះប៉ូវ​ឲ្យ​កម្ពុជា​ឈប់​ពឹង​ផ្អែក​លើ​ជំនួយ​ និង​បំណុល​បរទេស ទំនង​ជា​នឹង​មិន​អាច​កើត​មាន​ឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះទេ។

អ្នកសិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត សេង សារី មើលឃើញថា បើសិន​ជា​ចំណូល​បាន​មក​ពី​វិស័យ​ប្រេងកាត​មាន​ត្រឹម​រង្វង់​ពី ៥០០ ទៅ​១ពាន់លាន​ដុល្លារ​ក្នុង​មួយឆ្នាំនោះ កម្ពុជា​នឹង​មិន​ទាន់​អាច​រស់នៅ​ដោយ​ពុំចាំ​បាច់​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​បាន​នៅឡើយទេ៖ «យើង​អត់​អាច​និយាយ​ថា យើង​ដកខ្លួន​ទៅលើ​ការពឹង​ផ្អែក​លើ​ជំនួយ​របស់​អ្នកដទៃ​នោះទេ ឬ​ក៏​ពឹង​ផ្អែក​ទៅលើ​ជំនួយ​បរទេស​នោះទេ ឬ​ក៏​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​នោះទេ ពីព្រោះ​ជា​ធម្មតា​ដំណើរ​ប្រតិបត្តិការ​របស់​ប្រទេស​យើង​បច្ចុប្បន្ន​នេះ យើង​ត្រូវការ​ប្រហែល ៨ពាន់​លាន សម្រាប់​ប្រើ​ប្រចាំឆ្នាំ។ ហើយ​រៀងរាល់​ឆ្នាំ​ យើង​ឃើញ​ថា រដ្ឋាភិបាល​តែងតែ​ខ្ចី​គេ​ដើម្បី​យក​មក​បង្គ្រប់​នៅ​ក្នុង​ការប្រើប្រាស់»។

យ៉ាងណា បណ្ឌិត សេង សារី យល់ថា ប្រសិន​បើ​ចំណូល​បាន​មក​ពី​វិស័យ​ប្រេងកាត​នេះ អាច​មាន​ក្នុង​ចន្លោះ​ពី ៥រយ ទៅ​១ពាន់លាន​ដុល្លារ​ក្នុង​មួយ​ខែវិញ នោះ​ទើប​កម្ពុជា​អាច​យក​ទៅ​ប៉ះប៉ូវ​លើ​ការចំណាយ​ប្រតិបត្តិការ​របស់​ប្រទេស​ទាំងមូល​បាន៖ «យើង​អាច​បាន​ប្រហែល​ជា ១២ពាន់​លាន​ក្នុង​មួយ​ឆ្នាំ​។ អ៊ីចឹង ក៏​ជា​សញ្ញាណ​មួយ​ល្អដែរ បើសិនជា​យើង​បាន​ទ្រព្យ​ បាន​ចំណូល​ពី​ធនធាន​ធម្មជាតិ​ហ្នុង​មក ហើយ​យើង​អាច​មាន​ឯករាជ្យភាព​នៅក្នុង​ហិរញ្ញវត្ថុ​របស់​ជាតិ នោះ​ខ្ញុំ​ថា វាគួរ​តែ​ដល់​ពេលវេលា​ដែល​កម្ពុជា​នឹង​អាច​ពង្រឹង​កិត្តិនាម​ ឬ​ក៏​កិត្តិយស​របស់​ខ្លួន​ទៅលើ​ឆាក​តំបន់​ ឬ​ក៏​ឆាក​អន្តរជាតិ​ហើយ ពីព្រោះ​តាំងពី​យើង​ឆ្នាំ១៩៩៣ ក្រោយ​កិច្ចចរចា​ទីក្រុងប៉ារីស​មក យើង​ឃើញ​ថា​ យើង​ខ្ចី​លុយគេ​យក​មក​ចាយ​ វា​ជាង ៣០ឆ្នាំ​ទៅ​ហើយ»។

រីឯ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ថា កម្រិត​រំពឹង​ទុក​នៃ​ចំណូល​បាន​មក​ពី​វិស័យ​ប្រេងកាត​នេះ នឹង​មិន​អាច​ឲ្យ​កម្ពុជា​ឈប់​ពឹង​ផ្អែក​លើ​វិនិយោគ​ពី​បរទេស ជា​ពិសេស​ពី​ប្រទេស​ចិន​បាន​នោះទេ។ លោកថា វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ពី​ប្រទេសចិន ស្ថិត​ក្នុង​រង្វង់ ៩០០​លាន​ដុល្លារ ទៅ​១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ ដើម្បី ជំនួស​ឲ្យ​វិនិយោគ​ពី​ចិន​តែឯង នោះ​កម្ពុជា​ត្រូវការ​ផលិតកម្ម​ប្រេង ច្រើន​ជាង​កម្រិត ៧ពាន់៥រយ​បារែល​ក្នុង​មួយ​ថ្ងៃ។ លោកថា ដើម្បី​ជំនួស​ឲ្យ​វិនិយោគ​របស់​ចិន​បាន លុះត្រាតែ​កម្ពុជា​អាច​ផលិត​ប្រេង​រហូតដល់​ទៅ​យ៉ាងហោចណាស់ ១០ដង ច្រើន​ជាង​កម្រិត​ផលិតកម្ម​ដែល​បាន​ប៉ាន់ស្មាន​នេះ។

បច្ចុប្បន្ន នៅ​មិនទាន់​មាន​ការប៉ាន់ស្មាន​ជាក់លាក់​អំពី​ចំណូល​ដែល​កម្ពុជា​អាច​នឹង​រក​បាន​ពី​វិស័យ​ប្រេងកាត​នេះ​នៅឡើយទេ។ ផលិតកម្ម​ប្រេង​នៅ​មិនទាន់​មាន​ភាពច្បាស់លាស់ ហើយ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អគ្គនាយក​ប្រេងកាត​នៃ​ក្រសួងរ៉ែ និង​ថាមពល លោក ជៀប សួរ ដើម្បី​សុំ​ការពន្យល់​ជុំវិញ​ការរំពឹងទុក​នៃ​ចំណូល​បាន​មក​ពី​វិស័យ​ប្រេងនេះ។ ក៏ប៉ុន្តែ លោក​ប្រាប់ថា ជាប់រវល់​ប្រជុំ​កាលពី​ថ្ងៃទី០៨ មករា។ លោក​ ជៀប សួរ ក៏​នៅ​មិនទាន់​ឆ្លើយ​សំណួរ​ អាស៊ីសេរី តាម​បណ្តាញ​សង្គម​តេឡេក្រាម​នៅឡើយដែរ។ យ៉ាងណា លោកធ្លាប់​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អាច​ប្រើពេល​ពី ៨ឆ្នាំ ទៅ៩ឆ្នាំ ដើម្បី​ផលិត​ប្រេង​បាន​ជាង ៣០លាន​បារ៉ែល ពីតំបន់​អប្សរា​នៃ​ប្លុក A។ ចំនួន​ផលិតកម្ម​នេះ គិត​ជា​ទឹក​ប្រាក់​លើ​ទីផ្សារ​បច្ចុប្បន្ន​ កម្ពុជា​អាច​រក​ប្រាក់​បាន​ពី​ប្រេង​ប្រមាណ​ជាង ១ពាន់៥រយ​លាន​ដុល្លារ ដោយ​នៅ​ពុំ​ទាន់​គិត​ពី​ការកាត់កង​ផ្សេងៗ។

កន្លងទៅ កាលពី​ឆ្នាំ២០១៧ កម្ពុជា​ធ្លាប់​រំពឹង​ថា ចំណូល​ដំបូង​ពី​ការលក់​ប្រេង អាច​មាន​ក្នុង​រង្វង់ ៥០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ក្នុង​ពេល​ដែល​អត្រា​ផលិតកម្ម​ប្រេង​ឈាន​ដល់​កម្រិត​កំពូល គឺ ៧ពាន់​៥រយ​ (៧.៥០០) បារែល​ក្នុង​មួយ​ថ្ងៃ។

រីឯ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ប្រាប់​ អាស៊ីសេរី នៅ​ថ្ងៃទី០៨ មករា ថា លោក​នៅ​មិន​ទាន់​អាច​វាយតម្លៃ​ពី​តួលេខ​ជាក់លាក់​នៃ​ចំណូល​បាន​មក​ពី​ប្រេងកាត​នៅឡើយទេ។ ក៏ប៉ុន្តែ លោក​ជឿជាក់​ថា ចំណូល​បាន​​មកពី​វិស័យ​ប្រេងកាត អាច​នឹង​ជួយ​កាត់​បន្ថយ​បំណុល​របស់​កម្ពុជា​ពី​បរទេស​បាន​មួយ​កម្រិត​នាពេល​អនាគត៖ «ចំណូល​បាន​មកពី​ប្រេង​ហ្នុង ប្រាកដ​ជា​វានឹង​ជួយ​ទៅនឹង​ការកាត់បន្ថយ​បំណុល ទៅ​ប៉ះប៉ូវ... និយាយ​ឲ្យ​ចំទៅ​ គឺថា ចំណូល​ដែល​យើង​បាន​មក​ពី​ប្រេងនេះ ប្រាកដ​ជា​ចូលរួម​ចំណែក​មួយ​នៅ​ក្នុង​ការប្រើប្រាស់​ទុន​វិនិយោគ​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​ទៅ​គាំទ្រ​វិស័យ​អាទិភាព​ដែល​យើង​មាន ឬក៏​បាន​កំណត់​រួច​មកហើយ។ ដូច្នេះ វា​ចូលរួម​ចំណែក​នៅ​ក្នុង​ការដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​យើង​ត្រូវការ​គៀរគរ​ពី​ប្រភព​ចំណូល​ផ្សេងៗ​ដើម្បី​យក​ទៅ​ធ្វើ​ការវិនិយោគ»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​នៅ​ពេល​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​ជាលើក​ដំបូង កាល​ពី​ថ្ងៃទី២៩ ធ្នូ ថា ផលិតកម្ម​ប្រេងនេះ ជា​ពរជ័យ​សម្រាប់​កម្ពុជា និង​ជា​សមិទ្ធផល​ថ្មី​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ចាប់​ពី​ឆ្នាំ២០២១ តទៅ។ លោកថា ចំណូល​បាន​មក​ពី​ប្រេង​នេះ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​​ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល និង​អប់រំ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ទទួល​ស្គាល់​ថា ចំណូល​ថ្មី​បាន​មក​ពី​វិស័យ​ប្រេងកាត​នេះ អាច​នឹង​ជួយ​បំពេញ​បន្ថែម​នូវ​កង្វះខាត​នៃ​ថវិកាជាតិ​ប្រចាំឆ្នាំ។ ក៏ប៉ុន្តែ លោក​ចង់​ឃើញ​រដ្ឋាភិបាល​ប្រើប្រាស់​លុយ​នេះ យក​ទៅ​វិនិយោគ​បន្ត​ដើម្បី​ពង្រឹង​ខឿន​សេដ្ឋកិច្ច​ជាតិ៖ «ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ចង់ឃើញ ហើយ​តាម​អ្នកជំនាញ​ដែល​គេ​សិក្សា​លម្អិត​ទៅលើ​ចំណូល​ប្រេង​ហើយ​នឹង​ករាប្រើប្រាស់ វាជា​ការចាំបាច់​ណាស់​ដែល​ប្រទេស​កម្ពុជា​យើង ត្រូវតែ​ ទីមួយ​យើង​ទាញ​យក​ផល ឬក៏​លុយ​ពីប្រេង​នេះ ឲ្យ​អស់​លទ្ធភាព​សិន។ ទីពីរ គឺ​ត្រូវគិត​ជា​យុទ្ធសាស្ត្រ ថាតើ​យើង​ត្រូវ​យក​លុយ​នេះ​ទៅ​ប្រើ​លើ​វិស័យ​អី ដើម្បី​ឲ្យ​លុយ​នេះ អត់​មាន​ការបាត់បង់​ហើយ​រិតតែ​រីកធំ​ទៅ​ទៀត ហើយ​អាច​បន្ត​ជួយ​កសាង​សេដ្ឋកិច្ច​សង្គម​យើង​ទៅមុខ​បាន។ តាម​បទ​ពិសោធន៍​កន្លង​មក យើង​ឃើញ​ថា ចំណូល​ប្រេង គេ​មិន​សូវ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការចាយវាយ​ដែល​មាន​លក្ខណៈ​មិន​វិនិយោគ​ទេ។ គេ​ត្រូវ​ប្រើ​លុយ​ចំណូល​ប្រេង​នៅក្នុង​ផែនការ​វិនិយោគ​ដែល​អាច​បង្ក​លទ្ធភាព​ឲ្យ​លុយ​ប្រេង​នេះ ផលិត​លុយ​ថែម​ដើម្បី​ឲ្យ​យើង​ចំណេញ ហើយ​យើង​សុខចិត្ត​យកលុយ​ដែល​ចំណេញ​នេះ ទៅ​ប្រើ​សម្រាប់​ភាពខ្វះខាត​របស់​យើង​វិញ ឬក៏​យើង​អាច​យក​លុយ​ចំណេញ​ភាគ​ខ្លះ​នោះ ទៅ​សង​បំណុល​គេ»។

លោក ប៉ិច ពិសី ចង់​ឃើញ​រដ្ឋាភិបាល​យក​គម្រូ​នៃ​ការអនុវត្ត​ល្អៗ​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង និង​ការប្រើប្រាស់​ចំណូល​បាន​មក​ពី​វិស័យ​ប្រេងនេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ មិន​រំពឹង​ទេថា កម្ពុជា​អាច​នឹង​មាន​ឯករាជ្យភាព​ផ្នែក​ហិរញ្ញវត្ថុ​ និង​ឈប់​ខ្ចីបុល​បរទេស​ដោយ​សារ​ចំណូល​ពី​ប្រេង​ក្នុង​រយៈពេល​ខ្លីនោះ៖ «ខ្ញុំ​អាច​ទស្សន៍ទាយ​ស្មាន​ថា ក្នុង​រយៈពេល​ ៣ឆ្នាំ​ទៅ​មុខ យើង​នឹង​មាន​ទំហំ​ថវិកា​ដែល​ខ្វះខាត​រឹតតែ​ធំ​ ហើយ​ខ្ចីគេ​រឹតតែ​ច្រើន​ជាងហ្នុង។ បើ​យើង​គិត​ពី​ផល​ប៉ះពាល់​រយៈពេល​វែង ប្រហែល​ជា​ចន្លោះពី​៥ឆ្នាំ​ទៅ​មុខទៀត យើង​អាច​មាន​ស្ថិរភាព​សេដ្ឋកិច្ច​ឡើងវិញ ហើយ​បើសិន​ជា​យើង​ដើរល្អ សុខភាព​ហិរញ្ញវត្ថុ សុខភាព​សេដ្ឋកិច្ច​របស់​យើង​អាច​បាន​ជា​មធ្យម ៧ចុច ឡើងវិញ។ អ៊ីចឹង បើសួរថា តើ​ពេល​ណា​យើង​មាន​លុយ​គ្រប់ ប្រហែល​ជា​ខ្ញុំ​អាច​សន្និដ្ឋាន​ថា ពី ៥ឆ្នាំ ទៅ​១០ឆ្នាំ បាន​យើង​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​ថវិកា​ដោយខ្លួន​ឯង​បាន ដោយ​មិន​ពឹង​លុយ​កម្ចី ឬក៏ លុយ​ម្ចាស់​ជំនួយ»។

អស់​រយៈពេល​ជាង ៣ទសវត្ស​មក​ហើយ ដែល​សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​ពឹង​ផ្អែក​លើ​ជំនួយ និង​កម្ចី​ពី​បរទេស​ជា​ពិសេស​ប្រទេសចិន។ កម្ពុជា ត្រូវការ​ថវិកា​បន្ថែម​ជាមធ្យម​ប្រមាណ​ជាង ២ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​យក​មក​បង្គ្រប់​ការ​ចំណាយ​ផ្សេងៗ​នៃ​ប្រតិបត្តិការ​របស់​រដ្ឋ។ គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ២០២០ កម្ពុជា​ជំពាក់​បំណុល​អន្តរជាតិ​សរុប​ជិត ៨ពាន់​៥រយ​ ( ៨.៤៨៩,៣០) លាន​ដុល្លារ។ ក្នុងនោះ ចិន​គឺ​ជា​ម្ចាស់​បំណុល​ធំ​ជាងគេ​របស់​កម្ពុជា ដែល​កម្ពុជា​បាន​ជំពាក់​សរុប​ប្រមាណ​ជាង ៤ពាន់ (៤.១៦៦,៣៦) លាន​ដុល្លារ៕

No comments: