January 27, 2021

តារា​ភាពយន្ត​ជន​ជាតិ​អង់គ្លេស អំពាវនាវ​ដល់​សហគមន៍​​អន្តរជាតិ​ឱ្យ​​ជួយ​កម្ពុជា​កម្ចាត់​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ២០២៥

លោក ដានីញ៉ែល ក្រែក (Daniel Craig) ដែល​ដើរ​តួ​ជា​ភ្នាក់ងារ ០០៧ ឬ ជេម ស្បនដ៍ (James Bond) និង​ជា​អ្នក​តស៊ូ​មតិ​សកល​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​លុបបំបាត់​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន និង​គ្រឿងផ្ទុះ និង (ខាងស្ដាំ) គឺ​ជា​ត្រាក់ទ័រ​ភ្ជួរ​ដី​របស់​កសិករ នៅ​ភូមិ​ស្រែ ឃុំ​សន្តិភាព ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ដែល​ជាន់​មីន​ផ្ទុះ​ខូចខាត ហើយ​អ្នក​បើកបរ​រង​របួស នៅ​ថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០២១ និង​ខាង​ក្រោម ជា​​គ្រាប់​មីនតោន ដែលស៊ីម៉ាក់​រកឃើញ​នៅ​តំបន់​នោះ។ រូប៖ UNMAS និង CMAC


ដោយ មួង ណារ៉េត RFA 2021-01-26

តារា​ភាពយន្ត​ជន​ជាតិ​អង់គ្លេស អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​កម្ពុជា​កម្ចាត់​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ២០២៥។ លោក ដានីញ៉ែល ក្រែក (Daniel Craig) ដែល​ដើរ​តួ​ជា​ភ្នាក់ងារ ០០៧ ឬ ជេម ស្បនដ៍ (James Bond) អំពាវនាវ​ដូច្នេះ តាម​ប្រព័ន្ធ​អ៊ិនធើរណិត ក្នុង​ពិធី​បើក​យុទ្ធនាការ​កម្ចាត់​មីន នៅ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី២២ ខែមករា។ យុទ្ធនាការ​នេះ មាន​គោល​បំណង​ដោះ​មីន​ឲ្យ​អស់ ដើម្បី​រំដោះ​ចម្ការ​មីន រួច​ហើយ​ប្រែ​ក្លាយ​វា​ឲ្យ​ទៅ​ជា​កន្លែង​ក្មេង​លេង ដែល​រួច​ភ័យ​ពី​គ្រោះថ្នាក់​ដោយ​សារ​គ្រាប់​មីន។


លោក ដានីញ៉ែល ថ្លែង​ថា កម្ពុជា​នៅ​មាន​កិច្ចការ​ច្រើន​ណាស់ ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត ដើម្បី​កម្ចាត់​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ២០២៥ នោះ។ លោក​ថា បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង និង​ផ្តល់​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ទេ កម្ពុជា​មិន​អាច​សម្រេច​គោលដៅ​កម្ចាត់​មីន​ឲ្យ​អស់​ពី​ដី​កម្ពុជា នៅ​ត្រឹម​ឆ្នាំ២០២៥ នោះ​បាន​ឡើយ។

ស្រប​ពេល​ដែល​តារា​ភាពយន្ត​អង់គ្លេស និង​ជា​អ្នក​តស៊ូ​មតិ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​កម្ចាត់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​រូប​នេះ អំពាវនាវ​ឲ្យ​ពិភព​លោក​ជួយ​កម្ពុជា អនុប្រធានទី១ អាជ្ញាធរ​មីន​កម្ពុជា លោក លី ធុច ថា កម្ពុជា​នៅ​ខ្វះ​ថវិកា​ជិត ២៣០លាន​ដុល្លារ សម្រាប់​កិច្ចការ​កម្ចាត់​មីន ពី​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៥។



របាយការណ៍​របស់​អាជ្ញាធរ​មីន​ឱ្យ​ដឹង​ថា កម្ពុជា​ក៏​បាន​បោស​សំអាត​ផ្ទៃដី​គ្រាប់​មីន​បង្កប់​ក្រោម​ដី ចំនួន​ជិត ២៥០​គីឡូម៉ែត្រ​ការ៉េ ដោយ​បាន​រក​ឃើញ​គ្រាប់មីន​ជិត ៣០ម៉ឺន​គ្រាប់ ក្នុង​នោះ​រួម​មាន គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​ជាតិ មីន​ប្រឆាំង​រថក្រោះ និង​សំណល់​ជាតិ​ផ្ទុះ បន្សល់​ទុក​ពី​សង្គ្រាម អស់​រយៈ​ពេល ១៤ឆ្នាំ ចាប់​ពី​ឆ្នាំ២០០៦ រហូត​ដល់​ខែ​កក្កដា ឆ្នាំ២០២០៕

No comments: