![]() |
អ្នកឃ្លាំមើលព្រៃឈើថា មានគោយន្តមិនក្រោម១ ពាន់គ្រឿងដឹកឈើក្នុងព្រៃឡង់ចូលក្រុមហ៊ុនឯកជន ទិដ្ឋភាពបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ក្នុងខេត្តក្រចេះ កាលពីចុងខែធ្នូ ឆ្នាំ ២០២០។ រូបពលរដ្ឋ |
ដោយ សុជីវី RFA 2021-01-05
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន ឱ្យដឹងថា ឈើមូលធំៗ និងដើមឈើដែលអ្នកស្រុកដុតយកជ័រទឹកលក់ ឋិតក្នុងដែនជម្រកសត្វព្រៃឡង់ ត្រូវគេកាប់រំលំពេញទំហឹង។ ប្រជាសហគមន៍ថា ឈ្មួញយកឈើទៅលក់ ឱ្យមេការក្រុមហ៊ុនស៊ីងបាយអូថេក (Think Biotech (Cambodia) Co., Ltd) និងក្រុមហ៊ុនអង្គរផ្លាយវូដ ( Angkor Plywood Co. Ltd) ដែលមានការដ្ឋានស្តុកឈើខ្នាតធំ នៅជាប់ព្រៃឡង់ ខេត្តក្រចេះ។
សកម្មជនបរិស្ថាន និងប្រជាសហគមន៍ព្រៃឡង់ខេត្តក្រចេះ រកឃើញថា ក្រុមហ៊ុនស៊ីងបាយអូថេក និងក្រុមហ៊ុនអង្គរផ្លាយវូដ បានប្រើកម្លាំងកម្មកររាប់រយនាក់ ប្រដាប់ដោយរណាយន្ត និងគោយន្តមិនក្រោម ១ពាន់គ្រឿង ធ្វើអាជីវកម្មឈើខ្នាតធំ ក្នុងតំបន់ការពារធម្មជាតិមួយនេះ។ ពួកគេអះអាងថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលដាក់ពង្រាយ ការពារព្រៃនៅតំបន់នោះ បានយកតួនាទី ទៅកាងឈើឱ្យក្រុមហ៊ុន និងក្រុមឈ្មួញព្រោះតែផលប្រយោជន៍។
ប្រជាសហគមន៍ព្រៃឡង់ខេត្តក្រចេះ ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ប្រាប់អាស៊ីសេរីថា គ្រាន់តែមេការក្រុមហ៊ុនម្នាក់ មានគោយន្តដឹកឈើជាង ១០០គោយន្ត និងមានគោយន្តរាប់រយគ្រឿងផ្សេងទៀត កំពុងសម្រុកដឹកឈើខុសច្បាប់ចេញពីព្រៃឡង់ ចូលការដ្ឋានក្រុមហ៊ុនទាំងពីរនេះ។ លោកបញ្ជាក់ថា ស្ទើរជារៀងរាល់ថ្ងៃ មានគោយន្តមិនក្រោម ១ពាន់គ្រឿង បានពង្រាយពេញព្រៃឡង់ ដើម្បីដឹកឈើធ្វើអាជីវកម្ម ដោយគ្មានការអនុវត្តច្បាប់។ លើសពីនេះទៀត មានកម្មកររាប់រយនាក់ ប្រដាប់ដោយម៉ាស៊ីនអារឈើស្វ័យប្រវត្តិ បានបោះជំរំក្នុងព្រៃឡង់ ដើម្បីកាប់ឈើធំៗ នៅចំណុចអូរគ្រាក់ អូរអនាម័យ និងតំបន់ផ្សេងៗទៀត។ លោកចាត់ទុក សកម្មភាពកាប់ឈើខុសច្បាប់ទាំងនេះ ជាដំណើរឈានទៅរកការបាត់បង់ដើមឈើធំៗសល់ចុងក្រោយ៖ «ក្រុមហ៊ុនស៊ីងបាយអូថេក និងអង្គរប្លាយវូដ កំពុងបូកគ្នាកាប់បំផ្លាញព្រៃឡង់ មួយទំហឹងបណ្ដោយច្បោះជ័រប្រជាជនក៏មិនសល់ដែរ រលីង។ កាប់ទាំងអស់ហ្មង គោយន្តជាង ៣ម៉ឺនគោយន្តនៅក្នុងព្រៃសព្វថ្ងៃហ្នឹង។ មន្ត្រីបរិស្ថាន មិនមែនការពារព្រៃឈើ យាមក្រុមហ៊ុន វាស៊ីឈ្នួលក្រុមហ៊ុន មើលផ្លូវឱ្យក្រុមហ៊ុនវិញរាល់ថ្ងៃហ្នឹង»។
ចំណែកសមាជិកសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក គង់ រី អះអាងថា នៅរយៈពេល ៣ខែចុងក្រោយនេះ អ្នកភូមិកាំងចាម បាត់បង់ដើមច្បោះជ័រ ជាង ១ម៉ឺនដើម ហើយក៏មានអ្នកភូមិខ្លះទៀត បានបង្ខំចិត្តលក់ដើមឈើផលិតជ័រទឹក ឱ្យមេការក្រុមហ៊ុន ព្រោះតែពួកគេភ័យខ្លាច បាត់បង់ទៅទទេៗ។ លោកសង្កេតឃើញថា គ្រាន់តែផ្លូវមួយច្រក ចូលក្នុងភូមិសាស្ត្រព្រៃឡង់ ក្នុងខេត្តស្ទឹងត្រែង មានគោយន្តដឹកឈើមិនក្រោម ១០០គ្រឿងនោះទេក្នុងមួយយប់ៗ ឆ្លងកាត់ទីស្នាក់ការក្រសួងបរិស្ថាន។ រីឯឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានដែលឈរជើងការពារព្រៃ នៅតែទទួលសំណូកពីជនល្មើស ជាថ្នូរមិនអនុវត្តច្បាប់៖ «មន្ត្រីបរិស្ថាននៅហ្នឹង គ្រាន់តែទទួលផលប្រយោជន៍ទេ បើគេចាប់គេចាប់ហើយ គោយន្តរាប់រយគ្រឿង ដឹកតាមមុខហ្នឹងគេមិននេះ។ អ៊ីចឹងប្រជាជនយើងទាំងអស់គ្នា មានការព្រួយបារម្ភបាត់បង់ច្បោះជ័រទឹក របស់ពួកគាត់ គាត់រកស៊ីនៅ សង្ឃឹមច្បោះជ័រទឹកហ្នឹងហើយ។ ប្រជាពលរដ្ឋយើងភ័យខ្លាចបាត់បង់ របស់គាត់អ៊ីចឹងណា»។
សកម្មជនបរិស្ថាន ដែលត្រូវជាកូនប្រុសវីរជនការពារព្រៃឈើ លោក ឈុត វុទ្ធី គឺលោក ឆើយ ឧត្តមរស្មី សង្កេតឃើញថា ក្រុមហ៊ុនទាំងនេះ មិនត្រឹមតែប្រមូលឈើ ក្នុងតំបន់ព្រៃឡង់ទេ ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ក៏ទទួលរងការកាប់ឈើធំៗ ដឹកចូលការដ្ឋានរបស់ក្រុមហ៊ុនទាំងនេះដែរនៅរយៈពេល ៣ខែចុងក្រោយនេះ។ លោកថា បច្ចុប្បន្នមានរថយន្តយីឌុប និងរថយន្តប៉ាកុងជាច្រើនគ្រឿង កំពុងប្រមូលឈើធំៗចេញពីព្រៃឡង់ដឹកទៅលក់នៅក្រៅប្រទេស៖ «ក្រុមហ៊ុនទាំងអស់ហ្នឹង ប្រមូលឈើមូលចូលក្នុងក្រុមហ៊ុន ហើយដឹកចេញមកតាម ផ្លូវជាតិលេខ ៦ មកស្តុកទុកនៅក្នុងក្រុមហ៊ុនអង្គរផ្លាយវូដ បន្ទាប់មក គាត់ដឹកចេញ ពីក្រុមហ៊ុនអង្គរប្លាយវូដហ្នឹង មកច្រកព្រំដែន អមសំណរ ហើយបញ្ជូនទៅប្រទេសវៀតណាម។ អាហ្នឹង អ្វីដែលយើងស៊ើបអង្កេតកន្លងមក យើងបានឃើញ»។
ឆ្លើយតបការចោទប្រកាន់នេះ មេការក្រុមហ៊ុនស៊ីងបាយអូថេក លោក សំ ណូ បដិសេធថា កម្មករក្រុមហ៊ុនមិនបានកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ និងដើមឈើផលិតជ័រទឹករបស់អ្នកស្រុកនោះទេ។ លោកអះអាងថា ក្រុមពលរដ្ឋជាច្រើនក្រុម បានលួចចូលព្រៃឡង់ កាប់ឈើលក់ យកឈ្មោះ ក្រុមហ៊ុនជាខែល ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងប្រមូលអនុផលព្រៃឈើ ក្នុងផ្ទៃដីដែលរដ្ឋាភិបាលផ្ដល់សិទ្ធិឱ្យវិនិយោគប៉ុណ្ណោះ៖ «ខ្ញុំទទួលស្គាល់ថា ពិតជាកើតមាន ប៉ុន្តែគេយកឈ្មោះក្រុមហ៊ុនលាប ដល់ពេលទល់ច្រកជួបសមត្ថកិច្ចដឹកឱ្យក្រុមហ៊ុន ហើយដល់ពេលក្រុមហ៊ុនខឹង មកស្ទាក់ចាប់ទន្លេ ឃើញឈើនៅទន្លេ។ ភាគច្រើនចោទដោយសារចោទដាក់ក្រុមហ៊ុនពេកហើយ បានក្រុមហ៊ុនមានវិធានការ រើសសន្តិសុខ ២០ ទៅ ៣០ ហ្នឹងដាក់តាមក្រវាត់ព្រំផង ខាងក្នុង និងខាងក្រៅ ហើយក្រុមហ៊ុនខ្ញុំហ្នឹង ប្រឹងកាយក្រវាត់ទៀត អត់ឱ្យមានដឹកជញ្ជូនឈើពីព្រៃឡង់។ បើដឹកមក សន្តិសុខខ្ញុំមានសិទ្ធិឃាត់ ហៅសមត្ថកិច្ចមក»។
មេការក្រុមហ៊ុនរូបនេះទទួលស្គាល់ថា ក្រុមហ៊ុនបានទទួលទិញឈើ ពីក្រុមពលរដ្ឋដឹកលក់ឱ្យខ្លួន មានមុខកាត់ ១តឹកកន្លះ បណ្ដោយជាង១មួយម៉ែត្រ ដើម្បីធ្វើកុងផ្លាកកេ។ រីឯឈើបន្ទះក្តារ និងឈើធ្វើគ្រឿងផ្ទះផ្សេងៗទៀត មានក្រុមឈ្មួញដទៃ ចាំទទួលទិញឈើដល់មូលដ្ឋាន រួចដឹកចេញក្រៅ តាមផ្លូវទឹក។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា តាមទូរសព្ទ និងផ្ញើសារតាមបណ្ដាញសង្គមស៊ិកណល (Signal) រយៈពេល៣ ថ្ងៃមកហើយ ដើម្បីសុំការបំភ្លឺរឿងនេះ តែលោកមិនឆ្លើយតប និងមិនលើកទូរសព្ទ។ ចំណែកអ្នកនាំពាក្យគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃទី៤ មករានេះ។
កាលពីខែមិថុនា ឆ្នាំ២០១២ ក្រសួងកសិកម្ម បានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន ស៊ីងបាយអូថេក វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញលើផ្ទៃដីចំនួនជាង ៣ម៉ឺន ៤ពាន់ហិកតារ (៣៤.០០៧) ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ស៊ីងបាយអូថេក បានធ្វើការផ្ទេរសិទ្ធិបើករោងចក្រអារឈើទៅឱ្យក្រុមហ៊ុន អង្គរប្លាយវូដ កាលពីចុងឆ្នាំ២០១៨។
សហគមន៍ព្រៃឡង់ រាយការណ៍ថា ក្រុមហ៊ុនទាំងនេះ មានមហិច្ឆតាធ្វើអាជីវកម្មឈើខ្នាតធំ និងនាំចេញទៅលក់នៅប្រទេសចិនតាមផ្លូវទឹក។ សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ ធ្លាប់បានទៅដល់ការដ្ឋានក្រុមហ៊ុននេះ ប្រទះឃើញ ឈើមូលធំៗរាប់ពាន់ម៉ែត្រគូប ត្រៀមដឹកចេញក្រៅ ដែលភាគច្រើនជាប្រភេទឈើទាល និងត្រាច ដែលអ្នកស្រុកដុតយកជ័រទឹកលក់ ក្នុងតំបន់ព្រៃឡង់។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សោកស្ដាយចំពោះភាពព្រងើយកន្តើយ មិនអនុវត្តច្បាប់ព្រៃឈើ របស់មន្ត្រីបរិស្ថានដែលមានតួនាទីការពារព្រៃឡង់។ លោកចាត់ទុកទង្វើរបស់មន្ត្រីជំនាញទាំងនេះ ជាអំពើល្មើសច្បាប់ ដែលទាមទារឱ្យប្រជាសហគមន៍ត្រូវក្លាហានរួមគ្នា ដាក់បណ្ដឹងបរិហារទៅតុលាការ៖ «សូមឱ្យប្រជាសហគមន៍ និងពលរដ្ឋចេះប្រើសិទ្ធិតាមផ្លូវច្បាប់ដាក់បណ្ដឹងបរិហារលាយលក្ខណ៍អក្សរ មានស្ថាប័នច្រើនណាស់ ដែលយើងដាក់បណ្ដឹងបាន។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏ជាកន្លែងមួយ ដែលយើងដាក់បណ្ដឹងបរិហារទៅ ឯកឧត្ដមរដ្ឋមន្ត្រី ឱ្យគាត់បញ្ជាទៅ។ យើងដាក់បណ្ដឹងឱ្យច្រើនទៅ យើងអាចចោទប្រកាន់ថា អ្នកទាំងអស់ហ្នឹង (មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ) បណ្ដែតបណ្ដោយតាមផ្លូវច្បាប់»។
កាលពីខែកក្កដា ឆ្នាំ២០២០ សកម្មជនបរិស្ថាន ប្រជាសហគមន៍ សមាគម និងអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីក្តីកង្វល់រួម ស្របពេលដែលក្រសួងបរិស្ថានរឹតត្បិត និងរារាំងសហគមន៍មូលដ្ឋានមិនឱ្យចុះល្បាតព្រៃ ក្រោមហេតុផល តំបន់ស្នូល ក៏ប៉ុន្តែអ្នកកាប់ឈើបែរជាចូលព្រៃអារឈើបានដោយសេរី។ ពួកគេសង្កេតឃើញថា សកម្មភាពកាប់បំផ្លាញព្រៃឡង់កំពុងកើនឡើងទ្វេដង ក្នុងពេលដែលក្រសួងរឹតត្បិត និងរារាំងសហគមន៍ ដោយសារគ្មានអ្នកឃ្លាំមើល និងតាមដាន បទល្មើសព្រៃឈើ ហើយមន្ត្រីបរិស្ថានបានជិះសេះលែងដៃ មិនអើពើបង្ក្រាបបទល្មើសធនធានធម្មជាតិ៕
No comments:
Post a Comment