January 6, 2021

មនុស្ស​ជាង​២​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន គ្រឿងញៀន​ជាង ៣​តោន​ត្រូវ​រឹបអូស​ក្នុង​ឆ្នាំ​២០២០

មនុស្ស​ជាង​២​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន គ្រឿងញៀន​ជាង ៣​តោន​ត្រូវ​រឹបអូស​ក្នុង​ឆ្នាំ​២០២០ សមត្ថកិច្ច កាលពីថ្ងៃទី២៧ ​តុលា ២០២០ សម្រេចឃុំខ្លួនជនជាតិចិន២នាក់ពីបទជួញដូរគ្រឿងញៀន។ រូប៖ប៉ូលីសប្រឆាំងគ្រឿងញៀន


ដោយ ម៉ៅ សុធានី RFA 2021-01-06

សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស ២១ ៥៦៦​នាក់​ក្នុង​រឿង​បទល្មើស​គ្រឿងញៀន ១០ ៤៦១ករណី និង​រឹបអូស​គ្រឿងញៀន ជាង ៣​តោន ក្នុង​អំឡុង​ឆ្នាំ​២០២០ ដែល​អត្រា​នេះ​កើន​ឡើង បើ​ធៀប​ទៅ​នឹង​អំឡុង​ឆ្នាំ​២០១៩។

របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ឱ្យ​​ដឹង​ថា ក្នុង​ចំណោម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ចំនួន ២១ ៥៦៦ ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០​កន្លង​មក​នេះ គឺ​មាន​ស្ត្រី ១ ៣៣៤ នាក់ ក្នុង​នោះ គឺ​មាន​ជនបរទេស​ជិត ២០​សញ្ជាតិ ដែល​មាន​ចំនួន​សរុប ៣៨៩ នាក់​។ ចំណែក​គ្រឿងញៀន​ជាង ៣ តោន ដែល​អាជ្ញាធរ​រឹបអូស​បាន​នោះ រួមមាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ៧៦៧​គីឡូក្រាម អាភៀន​ហេរ៉ូអ៊ីន (Heroine) ២៩៨​គីឡូក្រាម និង​សារធាតុ​ញៀន​ជាច្រើន​ពាន់​គីឡូក្រាម​ទៀត រួមមាន​កញ្ឆា និង​សារធាតុ​គីមី​ផ្សំ​ជាច្រើន​ទៀត។

របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក្នុង​អំឡុង​ឆ្នាំ ២០១៩​វិញ ក៏​បាន​បង្ហាញ​ថា សមត្ថកិច្ច​បាន​បង្ក្រាប​ជនល្មើស​ទាក់ទង​គ្រឿងញៀន បាន​ចំនួន ៩ ៨០៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ ២០ ៤៩០​នាក់ និង​រឹបអូស​គ្រឿងញៀន​ចំនួន ៧៥០​គីឡូក្រាម​។ ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ គឺ​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ឆ្នាំ​២០២០ គឺ​មាន​ចំនួន​កើន​ឡើង ៦៥៥​ករណី និង​ការ​ចាប់ខ្លួន​ជនល្មើស កើន ១០៧៦​នាក់។

បើ​ទោះ​ជា​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​គឺជា​ប្រទេស​ឆ្លង​កាត់​ការ​នាំចូល​គ្រឿងញៀន​ពី​ខាងក្រៅ​ក៏ដោយ ក៏​មាន​ករណី​ខ្លះ សមត្ថកិច្ច​ចាប់​ម៉ាស៊ីន​កែច្នៃ ឬ​ផលិត​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ផង​ដែរ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន សំដែង​ក្តី​បារម្ភ​ជា​ខ្លាំង ចំពោះ​ការ​កើនឡើង​នៃ​ការ​ជួញដូរ​គ្រឿងញៀន និង​ការ​រាលដាល​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​ជនបទ។ ពួកគេ​ក៏​បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​បង្កើន​ការទប់ស្កាត់​ការ​នាំចូល​នៅ​តាម​ព្រំដែន ជាពិសេស​គឺ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ចំពោះ​ជន​មាន​អំណាច​ណា ដែល​ជួយ​ការពារ​ជា​ខ្នងបង្អែក ទៅលើ​ឈ្មួញ​គ្រឿងញៀន​ធំៗ និង​កម្ចាត់​អំពើពុករលួយ​ជាដើម៕

No comments: