January 5, 2021

សាច់​ញាតិ​ជន​រងគ្រោះ​ដោយ​ការ​កាប់​អគារ​នៅ​កំពត​ចង់​ឃើញ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ

សាច់​ញាតិ​ជន​រងគ្រោះ​ដោយ​ការ​កាប់​អគារ​នៅ​កំពត​ចង់​ឃើញ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ
សកម្មភា​ព​ជីកកកាយរក​ជនរងគ្រោះ ក្នុង​ហេតុការ​រលំ​អគារ ខេត្ត​កែប កាល​ពីថ្ងៃ​ទី៣ ខែ​មករា ​ឆ្នាំ​២០២០។  រូប​ពី​ហ្វេសប៊ុក


ដោយ ជីវិតា RFA 2021-01-04

ថ្ងៃ​ទី​០៣ មករា ជា​ខួប​១​ឆ្នាំ នៃ​ការ​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​កែប បណ្ដាល​ឱ្យ​ផ្ទាំង​ថ្ម​សង្កត់ កម្មករ​សំណង់ និង​ប្រពន្ធ​កូន​របស់​កម្មករ​ចំនួន ៣៦​នាក់ ស្លាប់ ២៩​នាក់​រង​របួស​។ សាច់ញាតិ​ជនរងគ្រោះ​ថា ១​ឆ្នាំ​មក​នេះ ពួកគេ​មិនទាន់​ទទួល​បាន​យុត្តិធម៌​ទេ​។ អ្នកឃ្លាំមើល​សិទ្ធិ​កម្មករ​សំណង់ ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​បើក​សវនាការ និង​ផ្ដល់​យុត្តិធម៌ ក្នុង​សំណុំ​រឿង​នេះ។

ម្តាយ​របស់​កម្មករ​រង​គ្រោះ​ឈ្មោះ ហាស់ សុគន្ធ ដែល​ស្លាប់​មួយ​គ្រួសារ មាន​គ្នា ៤​នាក់ គឺ លោកស្រី ចាន់ នាង ឱ្យ​ដឹង​ថា ខាង​ក្រុម​គ្រួសារ បាន​ធ្វើ​បុណ្យ​រំឭក​ខួប​១​ឆ្នាំ តាម​ប្រពៃណី​នៅផ្ទះ ដើម្បី​ឧទ្ទិស​កុសល ដល់ លោក ហាស់ សុគន្ធ និង​ប្រពន្ធ​ព្រមទាំង​កូនស្រី​២​នាក់ ដែល​ស្លាប់ ក្នុង​ព្រឹត្តិការណ៍​នោះ​។ លោកស្រី ចាន់ នាង បន្ត​ថា ក្នុង​ទឹក​ចិត្តជា​ម្ដាយ រយៈពេល​មួយ​ឆ្នាំ​នេះ លោកស្រី​ពិបាកចិត្ត និង​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ស្លាប់​កូន​ចៅ ទាំង​៤​នាក់។

លោកស្រី​រៀបរាប់​ថា លោកស្រី​តែង​អង្គុយ​យំ​ខ្សឹកខ្សួល​តែ​ម្នាក់​ឯង ព្រោះ​មាន​អារម្មណ៍​ស្រណោះ​កូន និង​ចៅ​។ លោកស្រី​រំឭក​ថា កាល​ពី​ពេល​គ្រួសារ​របស់ លោក ហាស់ សុគន្ធ ស្លាប់​ដំបូងៗ ខាង អាជ្ញាធរ និង​តុលាការ បាន​សន្យា​ថា នឹង​រក​យុត្តិធម៌ ហើយ​លើកទឹកចិត្ត​ឱ្យ​គ្រួសារ​ប្ដឹង​។ ប៉ុន្តែ​មួយ​ឆ្នាំ​មក​ហើយ ខាង​គ្រួសារ​មិន​ទទួល​ដំណឹង យ៉ាង​ណា​ទេ ពី​ខាង​តុលាការ​។ ម្ដាយ​ជនរងគ្រោះ​រូប​នេះ នៅតែ​ចង់​ឃើញ​តុលាការ ផ្ដល់​ភាព​យុត្តិធម៌ ឱ្យ​ក្រុម​គ្រួសារ​របស់​លោកស្រី៖ «ពី​មុន​មក ខ្ញុំ​អត់​ដឹង​ថា ប្ដឹង​ពី​អ្វី អ៊ីចឹង​ណា​។ ដល់ពេល​ខាង​តុលាការ​ហ្នឹង គាត់​ថា គាត់​ជួយ​រក​យុត្តិធម៌ ហើយ​ដល់ពេល​ឥឡូវ រយៈពេល​មួយ​ឆ្នាំ ក៏​អត់​ឃើញ​រក​យុត្តិធម៌​អ្វី​អ៊ីចឹង​ណា​។ ខ្ញុំ​ចេះតែ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ដែរ​។ ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ថា ចង់​ដឹង ឱ្យ​ច្បាស់ៗ​អ៊ីចឹង​ណា​។ តើ​យុត្តិធម៌​ហ្នឹង វា​ទៅជា​យ៉ាងណា​? ចង់​ដឹង​ដែរ មិនមែន​ថា មិន​ចង់​ដឹង​ទេ សព្វថ្ងៃ​ហ្នឹង?»។

ហេតុការណ៍​បាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​កែប បណ្ដាល​ឱ្យ​កម្មករ និង ប្រពន្ធ​កូន​របស់​កម្មករ សាច់ញាតិ​ចំនួន ៣៦​នាក់​ស្លាប់ និង រង​របួស​២៣​នាក់​។ ជនរងគ្រោះ ស្លាប់​ទាំង ៣៦​នាក់ (​ស្រី ១៤​នាក់​) មាន​ទាំង​កុមារ ជា​កូន​របស់​កម្មករ​សំណង់​ផង​ដែរ គឺ​ចំនួន​៦​នាក់ (​ក្មេង​ស្រី​២​នាក់)។

ក្រោយ​ពេល​បញ្ចប់​ការ​ជួយ​សង្គ្រោះ កាលពី​ថ្ងៃ​ទី៥ មករា ឆ្នាំ​២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា មូលហេតុ​បណ្ដាល​ឱ្យ​បាក់​រលំ​អគារ​នេះ មាន​កំហុស​ធំ ២​គឺ មេការ​សំណង់​ប្រើប្រាស់​ដែក​សាងសង់ មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​បណ្ដាល​មក​ពី​ការ​ឆាប់​ដក​ពុម្ព​ប្លង់​សេ មុន​កាលកំណត់​។ លោក​បាន​លើកទឹកចិត្ត ឱ្យ​គ្រួសារ​ជនរងគ្រោះ​ដាក់ពាក្យ​ប្ដឹង និង​ផ្ដល់​មេធាវី​រដ្ឋាភិបាល​ឱ្យ​ដោយ​ឥត​គិត​ថ្លៃ។

តែ​យ៉ាងណា លោក ហ៊ុន សែន អះអាង​ថា កំហុស​ទាំងអស់ ជា​របស់​មេការ​សំណង់ ដែល​បាន​ស្លាប់ ជាមួយ​កូនស្រី​ម្នាក់ ក្នុង​ហេតុការណ៍​នោះ។ លោកនាយក​រដ្ឋមន្ត្រី ក៏​មិន​បាន​ស្ដីបន្ទោស ឬ​ដក​តំណែង​មន្ត្រី​ណា​ម្នាក់​ដែរ​។ មិនតែ​ប៉ុណ្ណោះ ក្រោយ​ព្រឹត្តិការណ៍​បាក់​អគារ​នោះ បាន​ប៉ុន្មាន​ខែ រដ្ឋាភិបាល បាន​ដំឡើង​ឋានៈ ឱ្យ​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​កែប លោក វ៉ៅ សុខា ក្លាយ​ជា​អភិបាលរង​ខេត្ត​កែប​ថែម​ទៀត។

ចំណែក​ម្ចាស់​អគារ​ដែល​បាក់​រលំ​សង្កត់​កម្មករ​ស្លាប់ ឈ្មោះ ឯក សារុន ត្រូវ​ជា​បងប្រុស​បង្កើត​របស់​មន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក ឯក សំអុល ក៏​មិន​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ដែរ​។ ចៅក្រម​សាលាដំបូង​ខេត្ត​កំពត បាន​ដោះលែង លោក ឯក សារុន និង ប្រពន្ធ វិញ​ភ្លាមៗ ក្រោយ​ប៉ូលិស​បាន​បញ្ជូន​ទៅដល់ ដោយសារ​ប្ដី​ប្រពន្ធ​រូប​នេះ បាន​ដាក់​ប្រាក់​តម្កល់​ធានា។

ពាក់ព័ន្ធ​នឹង​ខួប​១​ឆ្នាំ​នៃ​ការ​បាក់​រលំ​អគារ​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ខេត្ត​កែប បាន​ទេ ដោយសារ​អ្នកនាំពាក្យ និង​ជា​អភិបាលរង​ខេត្ត អ្នកស្រី អ៊ុល ភីរុណ ប្រាប់​ថា ជាប់រវល់​ប្រជុំ​។ ចំណែក​អ្នកនាំពាក្យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរ៉េត ក៏​មិន​អាច​សុំ​ឆ្លើយតប​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី៣ មករា។

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ លោក សួ ឆ្លូញ សង្កេត​ឃើញ​ថា អាជ្ញាធរ មាន​សមត្ថកិច្ច មិន​សូវ​យកចិត្តទុកដាក់ ទើប​សំណុំ​រឿងក្ដី​នេះ មាន​ភាព​យឺតយ៉ាវ​។ លោក​យល់​ថា អាជ្ញាធរ​ខេត្ត​កែប ក៏​គួរតែ​ធ្វើ​ពិធី​រំឭក​ខួប​១​ឆ្នាំ ជូន​ជនរងគ្រោះ​ដែរ​។ សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ ក៏​ប្រកាស​ចាប់ផ្ដើម ធ្វើ​យុទ្ធនាការ​លើក​បដា ថត​ទាមទារ​យុត្តិធម៌ តាម​បណ្ដាញ​សង្គម (facebook) ដើម្បី​ជំរុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពន្លឿនរក​យុត្តិធម៌ សម្រាប់​ជនរងគ្រោះ​។ លោក សួ ឆ្លូញ អះ​និយាយ​ថា ការ​ផ្ដល់​សំណង និង​ប្រាក់ឧបត្ថម្ភ សម្រាប់​គ្រួសារ​ជនរងគ្រោះ​កន្លងមក គឺជា​សំណង​រដ្ឋប្បវេណី និង​ជា​ជំនួយ​សប្បុរសធម៌។ តែ​រឿងក្ដី​ព្រហ្មទណ្ឌ ត្រូវតែ​រក​យុត្តិធម៌ សម្រាប់​ជនរងគ្រោះ៖ «ថ្ងៃនេះ គឺជា​ថ្ងៃ​ចាប់ផ្ដើម ហើយ​យើង​(​ធ្វើ​)​រហូតដល់​ថ្ងៃ​ទី​១០។ មាន​ន័យថា គ្រប់​បណ្ដា​គោលដៅ ដែល​ជា​សមាជិក​របស់​សហព័ន្ធ​កម្មករ​សំណង់ និង​ព្រៃឈើ ហ្នឹង គឺ​មាន​ការ​ថត​លើក​បដា ជា​ផ្ទាំង​សារ​ណា ត្រូវតែ​ផ្ដល់​សំណង់ ឬក៏​យុត្តិធម៌ រក​យុត្តិធម៌ ឱ្យ​ជនរងគ្រោះ​អ៊ីចឹង​ណា។ ជា​ពិសេស សារ​ជា​ភាសា​អង់គ្លេស ថា If you kill the worker you should go to jail. មានន័យថា បើសិនជា​អ្នកឯង​ធ្វើ​ឱ្យ​កម្មករ​ស្លាប់ បាត់បង់​ជីវិត អ្នកឯង​ត្រូវតែ​ជាប់គុក អ៊ីចឹង​ណា»។

រយៈពេល​៧​ខែ ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ ដល់​ដើម​ឆ្នាំ​២០២០ មាន​ករណី​បាក់​រលំ​អគារ​ចំនួន​៣​កន្លែង នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប និង​ខេត្ត​កែប បណ្ដាល​ឱ្យ​កម្មករ និង​សាច់ញាតិ​សរុប​ចំនួន​៦៧​នាក់ ស្លាប់ និង​របួស​សរុប​៥៩​នាក់​។ លោក សួ ឆ្លូញ សង្កេត​ឃើញ​ថា ក្រោយ​ការ​បាក់​រលំ​អគារ​សង្កត់​កម្មករ​ស្លាប់ ជា​បន្តបន្ទាប់​ទាំង​៣​ករណី​នេះ​មក អាជ្ញាធរ និង​មន្ត្រី​នៃ​មន្ទីរ​ដែនដី បាន​ចាប់ផ្ដើម​រឹត​បន្តឹង អធិការកិច្ច នៅ​តាម​ការដ្ឋាន​សំណង់ បាន​ល្អ​ប្រសើរ​ជាង​មុន៕

No comments: