January 11, 2021

មេធាវី​ការពារ​ក្ដី​ឱ្យ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​គ្រោង​ដាក់​លិខិត​ទៅ​តុលាការ​ថ្ងៃ​ទី១២ មករា​ជួយ​អន្តរាគមន៍​អាច​ឱ្យ​កូនក្ដី​ខ្លួន​មាន​វត្តមាន​នៅ​តុលាការ

មេធាវី​ការពារ​ក្ដី​ឱ្យ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​គ្រោង​ដាក់​លិខិត​ទៅ​តុលាការ​ថ្ងៃ​ទី១២ មករា​ជួយ​អន្តរាគមន៍​អាច​ឱ្យ​កូនក្ដី​ខ្លួន​មាន​វត្តមាន​នៅ​តុលាការ (ឆ្វេង) លោក សំ សុគង់ មេធាវី​ការពារ​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ រូប៖ RFA


RFA ដោយ មួង ណារ៉េត

មេធាវី​ការពារ​ឱ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ក្រុម​មេធាវី​គ្រោង​សរសេរ​លិខិត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ មករា ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​ជួយ​អន្តរាគមន៍​ឱ្យ​កូន​ក្ដី​របស់​ខ្លួន មាន​វត្តមាន​ក្នុង​សវនាការ។ មន្ត្រី​សង្គម​ស៊ីវិល​ថា តុលាការ​មាន​សិទ្ធិ​បង្គាប់​ទៅ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ជន​ជាប់​ចោទ​មក​តតាំង​ក្ដី​នៅ​តុលាការ។

មេធាវី​ការពារ​ឱ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សំ សុគង់ ឱ្យ​ដឹង​ថា កូន​ក្ដី​របស់​ខ្លួន​មាន​ឆន្ទៈ​ក្នុង​ការ​បំភ្លឺ​ចំពោះ​មុខ​តុលាការ។ លោក​ថា ពេល​នេះ​ក្រុម​មេធាវី​កំពុង​រៀបចំ​លិខិត​ស្នើសុំ​ទៅ​តុលាការ។ លោក​ឱ្យ​ដឹង​ទៀត​ថា តាម​ផ្លូវច្បាប់​តុលាការ​មាន​សិទ្ធិ​បង្គាប់​ទៅ​អាជ្ញាធរ​ធ្វើ​យ៉ាង​ណា​ឱ្យ​ជន​ជាប់​ចោទ​ជា​កូនក្ដី​របស់​លោក​កំពុង​នៅ​ក្រៅ​ប្រទេស​អាច​ចូល​មក​ប្រទេស​បាន៖ «ខ្ញុំ​ដាក់ពាក្យ​ទៅ​តុលាការ​នេះ​ ដើម្បី​ឱ្យ​តុលាការ​បង្ខំ​ទៅ​អាជ្ញាធរ​ដើម្បី​ឱ្យ​អនុវត្ត​ដីកា​កោះ​ហៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ជន​ជាប់​ចោទ​ជា​ករណី​ចាំបាច់​ក្នុង​ការ​ការពារ​ក្ដី​ស្ដាប់​បទ​ចោទ ក៏​ដូច​ជា​ឆ្លើយ​ដោះសា​នៅ​ពេល​បទ​ចោទ​ប្រកាន់»។



មេធាវី​ស្វះស្វែង​រក​អន្តរាគមន៍​ពី​តុលាការ​នៅ​ពេល​នេះ ខណៈ​នៅ​សល់​បី​ថ្ងៃ​ទៀត តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​រួម​មាន លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង រួម​ទាំង​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ចំនួន ៤៧នាក់ ក្នុង​សំណុំរឿង "បទ​រួមគំនិតក្បត់​និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម" ថ្ងៃ​ទី១៤ មករា​ខាង​មុខ។

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង កំពុង​ស្នើសុំ​ទៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អាច​ឱ្យ​ពួក​គេ​អាច​ចូល​ស្រុក​វិញ​បាន។ អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែ​មករា។ ទោះ​យ៉ាង​ណា លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​ប្រកាន់​ជំហរ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​ចូល​ស្រុក​តតាំង​ក្ដី​ក្នុង​តុលាការ​ឡើយ។ លោក ផៃ ស៊ីផាន ប្រាប់​ទៅ​អ្នក​ទាំង​នោះ​ឱ្យ​រក​មធ្យោបាយ​ចូល​ស្រុក​ដោយ​ខ្លួន​ឯង។

ប៉ុន្តែ​អ្នក​ជំនាញ​ច្បាប់​ថា តុលាការ​និង​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​សម្របសម្រួល​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​វិល​ចូល​កម្ពុជា​វិញ ព្រោះ​ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្តិធម៌​នៅ​ចំពោះ​មុខ​តុលាការ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់​ថា តាម​គោល​ការណ៍​ច្បាប់​តុលាការ​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ឱ្យ​ជន​ដែល​ត្រូវ​តុលា​ការ​ចោទ​ប្រកាន់​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ និង​អាច​ចូល​ខ្លួន​មក​តតាំង​ចំពោះ​មុខ​ច្បាប់។ លោក​ថា ក្នុង​ករណី​ជន​ជាប់​មិន​អាច​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ទេ នោះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​ស្មើភាព​គ្នា ចំពោះ​មុខ​ច្បាប់ និង​មិន​អាច​ផ្ដល់​យុត្តិធម៌​ដល់​ជន​ជាប់​ចោទ៖ «ជន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​គឺ មាន​សិទ្ធិ​ក្នុង​ការ​ទទួល​ព័ត៌មាន​ក្នុង​ការ​ចោទ​ប្រកាន់ ហើយ​និង​ការ​ផ្ដល់​ប្រ​ឡប់​មក​វិញ នូវ​ការ​ការពារ​ខ្លួន​នូវ​ភស្តុតាង និង​អំណះអំណាង​ផ្សេងៗ ហើយ​ការ​ជូនដំណឹង​ជន​ត្រូវ​ចោទ​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​យ៉ាង​ណា ដើម្បី​ឱ្យ​ជន​ត្រូវ​ចោទ​ទទួល​បាន​ដំណឹង ហើយ​មាន​ការ​ដោះសា​មាន​ការ​ឆ្លើយ​តប»។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១១ ខែ​មករា​បាន​ទេ។មក​ដល់​ពេល​នេះ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​នេះ អ្នកស្រី មូរ សុខហួរ នៅ​តែ​រក្សា​ជំហរ​វិល​ចូល​ស្រុក​វិញ ទោះ​រដ្ឋាភិបាល​មិន​ឱ្យ​ទិដ្ឋាការ ឬ​វីសា (Visa)។ តាម​គម្រោង​អ្នកស្រី មូរ សុខហួរ និង​ម​ន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​នឹង​ចេញដំណើរ​ពី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី១៥ ខែ​មករា តាម​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី (Singapore Airline) ដោយ​កាន់​ប៉ាស្ព័រ​អាមេរិក​ចូល​កម្ពុជា។ អ្នកស្រី​ថា បើ​គ្មាន​ការរារាំង​ពី​រដ្ឋាភិបាល ឬ​បញ្ហា​អ្វី​នោះ​ទេ យន្តហោះ​នឹង​ទៅដល់​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ទី១៧ ខែ​មករា វេលា​ម៉ោង ៥កន្លះ​ល្ងាច។

កាលពី​យប់​ទី១០ មករា នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​ធ្វើ​ពិធី​សាសនា ដើម្បី​ប្រសិទ្ធិពរ​ក្នុង​ការ​ជូន​ដំណើរ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ទៅ​កម្ពុជា​វិញ។ ចំណែក​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី​ក៏​ធ្វើ​ពិធី​បែប​នេះ ដើម្បី​ជូន​ដំណើរ​ថ្នាក់​ដឹក​នាំ​គណបក្ស​វិល​ចូល​ស្រុក ដើម្បី​តតាំង​ក្ដី​នៅ​តុលាការ និង​ដោះស្រាយ​វិបត្តិ​នយោបាយ៕

No comments: