January 8, 2021

សាច់ញាតិ​សកម្មជន​ព្រំដែន​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដោះលែង​លោក រ៉ុង ឈុន

សាច់ញាតិ​សកម្មជន​ព្រំដែន​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដោះលែង​លោក រ៉ុង ឈុន

 

ដោយ ខែ សុណង RFA 2021-01-06

សាច់ញាតិ​របស់​សកម្មជន​ព្រំដែន​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​ឡើងវិញ បើ​គ្មាន​ការ​ជៀត​ជ្រែក​ផ្នែក​នយោបាយ​នៅ​ក្នុង​សវនាការ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ខាងមុខ។

ក្មួយប្រុស​លោក រ៉ុង ឈុន យុវជន រ៉ុង វិជ្ជា ថ្លែង​នៅ​ថ្ងៃ​ទី៥ មករា នេះ​ថា លោក​សង្ឃឹមថា តុលាការ​នឹង​កាត់ក្ដី​សំណុំរឿង​ឪពុកមា​របស់​លោក​នៅ​ថ្ងៃ​ទី​១៥ មករា ប្រកប​ដោយ​យុត្តិធម៌ ហើយ​ដោះលែង​គាត់​ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​លោក រ៉ុង ឈុន ពុំ​បាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់ ឬ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម​ជាតិ​នោះ​ទេ​។ លោក រ៉ុង វិជ្ជា បន្ត​ថា សមាជិក​ក្នុង​ក្រុម​គ្រួសារ​សព្វថ្ងៃ​រស់នៅ​ដោយ​ភាព​ភ័យខ្លាច ព្រោះ​រាល់​សកម្មភាព​តវ៉ា​ឱ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន កន្លងមក តែងតែ​មាន​ការ​រារាំង យាយី និង​តាមដាន​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ និង​ជន​ស៊ីវិល​៖ «​ជា​ការ​ចោទប្រកាន់​មួយ​ដែល​ខុស​នឹង​អង្គហេតុ​អង្គច្បាប់ ព្រោះ​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​ដូច​តុលាការ​លើកឡើង ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣០ យើង​ឃើញ​ថា គ្រាន់តែ​ទៅ​សួរសុខទុក្ខ​ពលរដ្ឋ​ចន្លោះ​ពេល​ហ្នឹង​គ្មាន​ឃើញ​ភាព​វឹកវរ​ធ្ងន់ធ្ងរ​អ្វី​ដល់​សន្តិសុខ​សង្គម​ទេ។ វា​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន យើង​ឃើញច្បាស់​ហើយ​នេះ​ជា​រឿង​នយោបាយ​បើសិនជា​មិន​មាន​ការ​ជ្រៀតជ្រែក​ពី​អ្នកនយោបាយ​ទេ យើង​សង្ឃឹមថា​តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​លោក រ៉ុង ឈុន វិញ»។

ការ​លើកឡើង​នេះ បន្ទាប់ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង គ្រោង​បើក​សវនាការ​សំណុំរឿង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម លើ​លោក រ៉ុង ឈុន ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា និង​សកម្មជន​បក្ស​ប្រឆាំង​កញ្ញា ស កណិការ នៅ​ថ្ងៃ​ទី​១៥ មករា។



អាជ្ញាធរ​កម្ពុជា​បាន​ចាប់ខ្លួន​លោក រ៉ុង ឈុន កាល​ពី​យប់​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០២០ ក្រោយ​ពេល​មេដឹកនាំ​សហជីព​រូប​នេះ ចុះ​ឃ្លាំមើល និង​ចេញ​សេចក្ដី​ថ្លែងការណ៍​រៀបរាប់​អំពី​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​អំពី​វៀតណាម​រំលោភ​យក​ដី​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ​។ គ្រានោះ លោក រ៉ុង ឈុន ក៏​មាន​គម្រោង​ចុះទៅ​តំបន់​វៀតណាម​បោះតង់​ដើម្បី​ពិនិត្យមើល​ករណី​កងទ័ព​វៀតណាម​បោះតង់​នៅ​តំបន់​ព្រំដែន ប៉ុន្តែ​លោក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មុន​ពេល​ធ្វើដំណើរ​ទៅ​។ ចំណែក​កញ្ញា ស កណិការ វិញ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន បន្ទាប់​ពី​នាង​និង​យុវជន រួម​ទាំង​ព្រះសង្ឃ ប្រមូលផ្ដុំ​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន នៅ​ខាងមុខ​តុលាការ​ក្រុងភ្នំពេញ។

ប៉ុន្តែ​ក្រុម​យុវជន និង​អង្គការ​សមាគម​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា​យល់ថា ការ​ចាប់ខ្លួន​អ្នក​ទាំងពីរ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពួកគេ៕

No comments: