January 11, 2021

សមត្ថកិច្ច​កំពុង​តាម​ចាប់​អ្នក​ទោស ៤នាក់​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល

សមត្ថកិច្ច​កំពុង​តាម​ចាប់​អ្នក​ទោស ៤នាក់​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល ទិដ្ឋភាព​នៅ​ខ្លោងទ្វារ​ពន្ធនាគារ​ខេត្ត​កណ្ដាល និង​អ្នក​ជាប់ ៣នាក់ កាល​ពីថ្ងៃ​ទី១ ខែសីហា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ


ដោយ សុជីវី RFA 2021-01-10

មន្ត្រីពន្ធនាគារ​អះអាង​ថា មាន​ទណ្ឌិត ៥នាក់​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល កាល​ពី​យប់​ថ្ងៃ​ទី៩ មករា ហើយ​សមត្ថកិច្ច​ចាប់​បាន​ទណ្ឌិត​ម្នាក់​មក​វិញ។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា សមត្ថកិច្ច​គួរ​ស្រាវ​ជ្រាវ​ឲ្យ​បាន​ច្បាស់​អំពី​មូល​នៃ​ការ​រត់​ចេញ​នេះ និង​ការ​គ្រប់គ្រង​របស់​មន្ត្រី​ពន្ធនាគារ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សាវនា ឲ្យ​អាស៊ី​សេរី​ដឹង​ថា សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ ដោយ​រៀបចំ​កំណត់​ហេតុ វត្ថុ​តាង ឯកសារ​ផ្សេងៗ និង​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ។ លោក​មិន​ទាន់​អាច​សន្និដ្ឋាន​អំពី​មូល​ហេតុ​នៃ​ការ​រត់​ចេញ​ពី​ពន្ធនាគារ​នេះ​បាន​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា សមត្ថកិច្ច​នៅ​ទូទាំង​ប្រទេស កំពុង​ស្វែង​រក​ចាប់​ខ្លួន​ទណ្ឌិត​ទាំង ៤នាក់​នោះ​មក​ឃុំ​ខ្លួន​វិញ។



ទោះជា​យ៉ាង​ណា លោក​លើក​ឡើង​ថា ទណ្ឌិត​ដែល​រត់​គេច​នោះ គឺ​ជា​អ្នកទោស​ដែល​ទើប​នឹង​ចូល​ថ្មី ពាក់​ព័ន្ធ​នឹង​បទល្មើស​ជួញ​ដូរ​គ្រឿង​ញៀន និង​លួច​ជា​ដើម៖ «ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​បាន​ទេ​ថា មូលហេតុ​អី​ទាំង​ស្រុង​ជា​ផ្លូវ​ការ ដោយ​សារ​យើង​កំពុង​តែ​ធ្វើ​កិច្ចការ​នេះ។ ដំបូង ៥នាក់ ប៉ុន្តែ​ចាប់​បាន​ម្នាក់​មក​វិញ អ៊ីចឹង ៤នាក់​កំពុង​តែ​រត់​គេច​ខ្លួន នៅ​វេលា​ម៉ោង​ប្រហែល​ជា ១១យប់ ។ ​ពួកគាត់​ទើប​តែ​បញ្ជូន​​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ទេ មិន​មែន​អ្នក​ទោស​ចាស់​ទេ ទើប​តែ​នាំ​ខ្លួន​ទៅ​ឃុំ។ ដោយសារ​វា​ជា​ករណី​ថ្មីថ្មោង ហើយ​ព្រឹក​មិញ​ឯកឧត្ដម​អគ្គ​នាយក​លោក​បាន​អញ្ជើញ​ទៅ​ផ្ទាល់​នៅ​គោល​ដៅ​ដើម្បី​ស្រាវ​ជ្រាវ​រឿង​នេះ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ»។

អាស៊ី​សេរី​ មិន​អាច​ទាក់​ទង​ទៅ​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​លោក ចាត ស៊ីនាង និង​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ដើម្បី​សួរ​នាំ​បន្ថែម​អំពី​ករណី​អ្នក​ទោស​រត់​គេច​ខ្លួន​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១០ មករា។ ប៉ុន្តែ​អភិបាល​ខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ ប្រាប់​កា​សែត​ក្នុង​ស្រុក​ថា ដើម​ហេតុ​ដំបូង​ឡើយ គឺ​អ្នកទោស បាន​វ៉ៃ​គ្នា ហើយ​អ្នក​ទោស ៥នាក់ បាន​ហែក​ស័ង្កសី និង​ក្បឿង​ចាស់ៗ រត់​ចេញ​តែ​ម្ដង។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់​លាស់។ លោក​បន្ត​ថា ប្រសិន​បើ​ការ​ស៊ើប​អង្កេត​ ពិនិត្យ​ឃើញ​ថា ករណី​នេះ គឺ​ជា​ការ​ធ្វេស​ប្រហែស​របស់​មន្ត្រី​ពន្ធនាគារ ឬ​ឆ្មាំ​ពន្ធនាគារ​នោះ ពួក​គេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។ លោក​បន្ថែម​ទៀត​ថា មន្ត្រី​ពន្ធនាគារ គួរ​ពិនិត្យ​មើល និង​រៀប​ចំ​កន្លែង​ដាក់​អ្នកទោស​ទាំង​អស់​ឲ្យ​បាន​ត្រឹមត្រូវ​ជាង​នេះ​ស្រប​តាម​ស្តង់ដារ​នៃ​ការ​គ្រប់​គ្រង​ជន​ជាប់​ឃុំ៖ «ពន្ធនាគារ​គឺ​ត្រូវ​តែ​មាន​ការ​យាម​កាម ត្រូវតែ​មាន​ការ​បង្កើន​ការ​គ្រប់​គ្រង និង​ការ​រៀបចំ​ឲ្យ​មាន​ជា​ប្រព័ន្ធ​គ្រប់​គ្រង ឬ​ក៏​រៀបចំ​ឲ្យ​មាន​ជា​កន្លែង​ដាក់​អ្នក​ទោស ឬក៏​កន្លែង​អ្នក​ជាប់​ឃុំ​ហ្នឹង ឲ្យ​បាន​ត្រឹម​ត្រូវ​គោរព​ទៅ​តាម​ស្តង់ដារ ពិសេស​គឺ ស្តង់ដារ ដែល​អ្វី​ដែល​ខាង​ពន្ធនាគារ​បាន​ឯកភាព​ជាមួយ​ហ្នឹង​ខាង​អង្គការ ខាង UN ខាង​អី​ផ្សេងៗ ដែល​គេ​បាន​និយាយ​អំពី​ស្តង់ដារ​នៃ​ការ​គ្រប់គ្រង​ជន​ជាប់​ឃុំ ដូច្នេះ​ត្រូវ​តែ​មាន​ការ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ពន្ធនាគារ​ហ្នឹង​ឲ្យ​បាន​ល្អ ឲ្យ​បាន​ត្រឹមត្រូវ​ ជៀស​វាង​កុំ​ឲ្យ​មាន​អ្នកទោស​ ដែល​ត្រូវ​បាន​រត់គេច​ហ្នឹង»។

ករណី​អ្នកទោស​រត់​គេច​ខ្លួន​ពី​ពន្ធនាគារ​នេះ គឺ​ធ្លាប់​កើត​មាន​ម្ដង​រួច​មក​ហើយ​កាល​ពី​អំឡុង​ឆ្នាំ ២០១៩ នៅ​ពន្ធនាគារ​ខេត្ត​នេះ ដោយ​មាន​អ្នក​ទោស​ម្នាក់ ឈ្មោះ ម៉ាត ត្រេះ បាន​លោត​ចេញ​តាម​ជញ្ជាំង​របង​ពន្ធនាគារ ក្រោយ​ពេល​សមត្ថកិច្ច​ចាក់​សោ​បន្ទប់ អនុញ្ញាត​ឱ្យ​ជន​ជាប់ឃុំ​នោះ ចេញ​មក​ហាត់​ប្រាណ និង​ងូត​ទឹក។ ឆ្មាំ​ពន្ធនាគារ​បាន​ឃើញ និង​ដេញ​តាម​ចាប់​ តែ​អ្នក​ជាប់ឃុំ​នោះ រត់​លឿន ហើយ​គេចខ្លួន​ទៅ​បាត់។ នៅ​ខេត្ត​កំពង់ស្ពឺ ក៏​ធ្លាប់​មាន​អ្នកទោស​ជិត ៣០នាក់ ហែក​គុក​បម្រុង​រត់​គេច​ខ្លួន កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ២០២០ ដោយ​ពួកគេ បាន​ព្រួត​វាយ​មន្ត្រី​ពន្ធនាគារ​ទាំង ៤នាក់​នោះ​ឲ្យ​របួស ហើយ​បន្ទាប់​មក​រត់ឡើង​លើ​ដំបូល​អាគារ​គុក ប៉ុន្តែ​ត្រូវ​មន្ត្រី​នគរ​បាល​ឡោម​ព័ទ្ធ និង​បង្ក្រាប​ចាប់​ខ្លួន​បាន​វិញ៕

No comments: