January 8, 2021

ម្ដាយ​ទារក​ដែល​កើត​ជំងឺ​ស្លេកស្លាំង​ចូល​បំភ្លឺ​លើ​បណ្ដឹង​ប្រឆាំង​ក្រុមហ៊ុន​ម្សៅ​ទឹកដោះ​នូទ្រីលែត

ម្ដាយ​ទារក​ដែល​កើត​ជំងឺ​ស្លេកស្លាំង​ចូល​បំភ្លឺ​លើ​បណ្ដឹង​ប្រឆាំង​ក្រុមហ៊ុន​ម្សៅ​ទឹកដោះ​នូទ្រីលែត ផលិតផល​​ម្សៅ​ទឹកដោះគោ​នូទ្រីលែត (Nutrilatt)។


ដោយ មាន ឫទ្ធិ RFA 2021-01-07

ម្ដាយ​ឪពុក​ទារក​រងគ្រោះ​បន្ត​ស្នើ​ឱ្យ​តុលាការ​ពន្លឿន​ការ​ដោះស្រាយ​បណ្ដឹង​របស់​ពួកគាត់​ប្រឆាំង​ក្រុមហ៊ុន​នាំចូល​ម្សៅ​ទឹកដោះគោ​នូទ្រីលែត។ សំណើ​នេះ​ធ្វើ​ឡើង ក្រោយ​តំណាង​អយ្យការ​បាន​កោះហៅ​ក្រុម​គ្រួសារ​ទារក​រងគ្រោះ​ទៅ​សាកសួរ​ជា​លើកដំបូង កាលពី​ថៃ្ង​ទី​៤ និង​ទី​៥ មករា​។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា តុលាការ​គួរ​ពន្លឿន​នីតិវិធី​តាម​ការ​ស្នើ​សុំ​នេះ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បង្ហាញ​ពី​តម្លាភាព។

ម្ដាយ​ឪពុក​ទារក​កើត​ជំងឺ​ស្លេកស្លាំង ជំរុញ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​បន្ត​នីតិវិធី​លើ​បណ្ដឹង​របស់​ពួកគេ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​រក​យុត្តិធម៌​ដល់​ទារក និង​កុមារ​រងគ្រោះ ហើយ​អនុវត្ត​ច្បាប់​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​នេះ​។ ពួកគេ​នៅតែ​រក្សា​ជំហរ​ដដែល​នៅ​តុលាការ​ចំពោះ​ការ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​នាំចូល​ម្សៅ​ទឹកដោះគោ​នូទ្រីលែត (Nutrilatt)។

ឪពុក​ទារក​រងគ្រោះ​លោក សៅ សីហា ឱ្យ​អាស៊ីសេរី​ដឹង​ថា តំណាង​អយ្យការ​មិន​បាន​សួរនាំ​លោក​ច្រើន​នោះ​ទេ ដោយ​គ្រាន់តែ​សួរនាំ​អំពី​ជំហរ​ក្នុង​ការ​ទាមទារ​សំណង និង​បញ្ហា​សុខភាព​កូនៗ​ របស់​ពួក​លោក​បន្តិចបន្តួច​តែប៉ុណ្ណោះ​។ លោក​បន្ត​ថា ក្រុម​មាតាបិតា​កំពុង​រង់ចាំ​អំពី​នីតិវិធី​បន្ទាប់​របស់​តុលាការ​។ ក្រៅ​ពី​នេះ លោក​ទទូច​ឱ្យ​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត គួរ​ត្រួត​ពិនិត្យមើល​រាល់​ទំនិញ​នាំចូល​ទាំងអស់​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ស្តង់ដារ​សុវត្ថិភាព​ត្រឹមត្រូវ​ជាមុន​សិន មុននឹង​ផ្ដល់​អាជ្ញាប័ណ្ណ ឬ​មុននឹង​ឱ្យ​ពួកគេ​ចែកចាយ​ផលិតផល​ទាំងនោះ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា៖ «សុំ​ឱ្យ​តុលាការ​ចាត់ការ​ទៅតាម​អ្វី​ដែល​សមស្រប​ទៅលើ​ពាក្យ​បណ្តឹង​របស់​យើង ព្រោះ​អី នេះ​មិនមែន​ជា​ករណី​ដែល​ ១​ថ្ងៃ ២​ថ្ងៃ​អាច​ដោះស្រាយ​បាន ហើយ​កូន​របស់​យើង​ក៏​មិនមែន​ ១​ខែ​ ២​ខែ​ អាច Recover បាន​ដែរ ព្រោះ​អី យើង​បាន​ជជែក​ជាមួយ​កន្លែង​គាំពារ​មាតា និង​ទារក​ដែរ​ថា នេះ​គឺជា​បញ្ហា​កង្វះ​ជាតិ​ដែក ហើយ​នឹង​ជាតិ​ស័ង្កសី គឺ​ធ្វើ​ឱ្យ​កុមារ​ប៉ះពាល់​រហូតដល់​គាត់​មាន​អាយុ​ចូលរៀន»។

ដូចគ្នា​នេះ​ដែរ ម្ដាយ​ទារក​រងគ្រោះ លោកស្រី ចាន់ ផល្គុន សង្ឃឹមថា តុលាការ​ក្រុង​ភ្នំពេញ នឹង​ដោះស្រាយ​បណ្ដឹង​​របស់​គ្រួសារ​ទារក​រងគ្រោះ ដោយ​ឈរ​លើ​តម្លាភាព និង​គិតគូរ​ដល់​ផល​ប៉ះពាល់​លើ​ទារក​រងគ្រោះ​ទាំងនោះ៖ «បើសិនជា​ទឹកដោះគោ​នៅ​តែ​អាច​ចរាចរ ឬក៏​អាច​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្នឹង មានន័យថា អូ​!ទឹកដោះគោ​ហ្នឹង គេ​អាច​លក់​វិញ​បាន​ហើយ អ៊ីចឹង​ប្រជាពលរដ្ឋ​ខ្លះ​គាត់​អត់​ទុកចិត្ត​ទៅលើ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ហ្នឹង ខណៈ​ដែល​រឿង​ក្តី​វា​មិនទាន់​ចប់​ចុង​ចប់​ដើម អ៊ីចឹង​កុមារ​ផ្សេងទៀត​គាត់​អាច​នឹង​មាន​ហានិភ័យ​ដូចគ្នា ទោះបីជា​ម៉ាក​វា​ខុសគ្នា ប៉ុន្តែ​អា​ទំនុក​ចិត្ត​វា​បាត់បង់​ទាំងស្រុង​ទៅ​ហើយ​បង»។

​ចំណែក ម្ដាយ​ទារក​រងគ្រោះ​មួយ​រូប​ទៀត លោកស្រី ចាន់ សុផានី បញ្ជាក់​ថា លោកស្រី​មិន​ចង់​ឱ្យ​តុលាការ​អូស​បន្លាយ​ការ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​កាន់តែ​យូរ​ជាង​នេះ​ទេ​។ លោកស្រី​ថ្លែង​ថា លោកស្រី​ខកចិត្ត​ចំពោះ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​មួយ​ចំនួន​ដែល​មិន​ផ្សព្វផ្សាយ​អំពី​ករណី​ដែល​ប៉ះពាល់​ដល់​សុខភាព​កុមារ និង​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្រើន​នោះ​ទេ​។ លោកស្រី​ស្នើ​ឱ្យ​អង្គការ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើការ​លើ​បញ្ហា​សុខភាព​កុមារ ជួយ​ជំរុញ​បន្ថែម​ទៅ​តុលាការ និង​តាមដាន​ដំណើរ​រឿង​នេះ​ឱ្យ​បាន​ដិតដល់​៖ «ពួកគាត់​អត់​មាន​ទំនួល​ខុសត្រូវ​ហ្មង​បង​។ បើសិនជា​គាត់​មាន​ទំនួល​ខុសត្រូវ​មិនមែន​អ្វី​ដែល​ខាង ក​.​ប​.​ប បញ្ជាក់​ថា ទឹកដោះគោ​គាត់​មាន​បញ្ហា​មកពី​មន្ទីរ​ពិសោធន៍​ខាង​សិង្ហបុរី (Singapore) ប៉ុណ្ណឹង​ហើយ គឺ​គាត់​នៅតែ​ប្រកែក​មិន​ទទួលស្គាល់​ដល់​ចុងក្រោយ​បាន​គាត់​ទទួលស្គាល់​។ ហើយ​ពេល​ដែល​គាត់​ទទួលស្គាល់​ហើយ គាត់​សុំ​ពេល​សម្របសម្រួល​ជាមួយ​អ្នករងគ្រោះ គឺ​មាន​តែ​២​គ្រួសារ​ទេ ក្នុងចំណោម ២៤​គ្រួសារ​ដែល​គាត់​ហៅ​ទៅ​ហ្នឹង​។ គាត់​ហៅ​ទៅ របៀប​ដោះស្រាយ​របស់​គាត់​មួយ​គ្រួសារ​គឺ ១​ពាន់​ដុល្លារ​។ យើង​មើល​ទៅតាម​ដំណោះស្រាយ​ទទួល​របស់​គាត់​ជាមួយ​អ្នករងគ្រោះ​ដូចជា​អត់​មាន​សោះ​ហ្មង​បង»។

ក្រុម​គ្រួសារ​ទារក​រងគ្រោះ​អះអាង​ថា ពួកគេ​ទុក​ពេល​ឱ្យ​តុលាការ​ធ្វើការ​ស៊ើប​អង្ក​ត​រឿង​នេះ​ជា​មុន​សិន ហើយ​ពួកគេ​នឹង​បន្ត​នីតិវិធី​ផ្សេងទៀត ដើម្បី​ជំរុញ​រឿង​នេះ ប្រសិនបើ​តុលាការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ។

កាលពី​ថ្ងៃ​ទី​៤ និង​ទី​៥ មករា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​កោះហៅ​ម្ដាយ​ឪពុក​ទារក​រងគ្រោះ ឱ្យ​ចូល​បំភ្លឺ​បន្ថែម​លើ​បណ្ដឹង​របស់​ពួកគេ ដែល​ប្ដឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន អេស អេន ធីខេ ត្រេឌីង (S&TK trading Co.,LTD) ដែល​នាំចូល​ម្សៅ​ទឹកដោះគោ​នូទ្រីលែត។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក គុជ គឹមឡុង ដើម្បី​សួរនាំ​បន្ថែម​អំពី​រឿង​នេះ នៅ​ថ្ងៃ​ទី​៦ មករា តែ​លោក​បញ្ជាក់​ថា កំពុង​រវល់​ប្រជុំ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ។

កាលពីដើម​ខែ​កញ្ញា ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជា​ឱ្យ​ផ្អាក​ចរាចរ និង​ប្រមូល​ត្រឡប់មកវិញ​នូវ​ម្សៅ​ទឹកដោះគោ នូទ្រីលេត ចំនួន ​៦លេខ​កូដ (487 488 536 537 538​និង 539) និង​បញ្ឈប់​ការ​នាំ​ចូល​ម្សៅ​ទឹកដោះគោ​ប្រភេទ​នេះ​ចូល​ទីផ្សារ​ក្នុង​ប្រទេស​។ ការ​ចាត់វិធានការ​ក្តៅ​នេះ បន្ទាប់ពី​ក្រសួង​រក​ឃើញ​ថា ផលិតផល​ទាំងនេះ ខ្វះ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​កុមារ និង​ទារក ដែល​ទទួល​ទាន​ម្សៅ​ទឹកដោះ​គោះ​នេះ។

ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នូទ្រីលែត បាន​ប្រកាស​សូមទោស​ជា​សាធារណៈ ហើយ​អះអាង​ថា ក្រុមហ៊ុន​មិន​នឹកស្មាន​ថា ម្សៅ​ទឹកដោះគោ​ដែល​ក្រុមហ៊ុន​កំពុង​នាំចូល និង​ចែកចាយ​អស់​រយៈពេល​ ៩​ឆ្នាំ មាន​បញ្ហា​បច្ចេកទេស លើ​ធាតុ​ផ្សំ​នៃ​ម្សៅ​ទឹកដោះគោ លេខ​កូដ​ទាំង​ ៦​នេះ​ទេ។

ទោះជា​យ៉ាងណា ភាគី​ក្រុមហ៊ុន​មិន​ព្រម​បង់​សំណង​តាម​ការ​ទាមទារ​របស់​ឪពុកម្ដាយ​កុមារ​រងគ្រោះ​នោះ​ទេ ទោះជា​មានការ​សម្របសម្រួល​ពី​ក្រសួង​ពាណិជ្ជកម្ម​ក៏ដោយ ហេតុដូច្នេះ​ទើប​ករណី​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ។

​អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អេស អេន ធីខេ ត្រេដឌីង (S&TK trading Co.,LTD) ដែល​នាំចូល​ម្សៅ​ទឹកដោះគោ​នូទ្រីលែ​ត ដើម្បី​សាកសួរ​អំពី​ជំហរ​របស់​ក្រុមហ៊ុន​ក្នុង​ដំណើររឿង​ក្តី​នេះ​ទេ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា តុលាការ​គួរ​ដោះស្រាយ​បណ្ដឹង​នេះ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ពន្លឿន​ការស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​ទារក​រងគ្រោះ និង​ផ្ដន្ទាទោស​លើ​អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់​។ លោក​បន្ត​ថា ការ​ឆក​ល្វែង​ក្នុង​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់​លើ​គុណភាព​ផលិតផល​ទាំងនោះ ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​លើ​ទារក​តូចៗ៖ «ឆ្លងកាត់​នូវ​បទពិសោធន៍​នេះ រដ្ឋាភិបាល​គួរតែ​មាន​ការ​ដាក់​វិធានការ​ឱ្យ​តឹងរ៉ឹង​ចំពោះ​បណ្ដា​ក្រុមហ៊ុន​ដែល​នាំចូល​នូវ​ផលិតផល​ទាំងអស់​ហ្នឹង ដើម្បី​បញ្ចៀស​នូវ​ការ​ប៉ះពាល់​ទៅដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។ អ៊ីចឹង​បើសិន​ជា​មាន​ករណី​ហ្នឹង​មាន​ការ​ប៉ះពាល់​ហ្នឹង​ត្រូវតែ​មាន​ការ​ចាត់​វិធានការ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​ទទួលខុសត្រូវ ហើយ​ឱ្យ​ជា​គំរូ​មួយ​ទៅ ដើម្បី​កុំ​ឱ្យ​មានការ​នាំចូល​ដែល​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ទៅដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​បន្ត​ទៀត»។

​ម្ដាយ​ឪពុក​ទារក​រងគ្រោះ​ស្នើ​ឱ្យ​ក្រសួង​សុខាភិបាល​គួរ​បញ្ឈប់​ការចែក​ចាយ​ផលិតផល​ម្សៅ​ទឹកដោះគោ​នូទ្រីលែត​គ្រប់​ម៉ាក ដោយ​រង់ចាំ​ចំណាត់​ការ​របស់​តុលាការ​លើ​បណ្ដឹង​របស់​ពួកគេ​ជា​មុន​សិន មុននឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បន្ត​ការ​ចែកចាយ​ផលិតផល​ម្សៅ​ទឹកដោះគោ​ផ្សេងទៀត​នៅ​លើ​ទីផ្សារ៕

No comments: