January 31, 2021

មេ​បក្ស​ប្រឆាំង ​ស្នើ​ប្រមុខ​ការ​ទូត​អាមេរិក​ថ្មី​​ជួយ​ពួក​គេ​ឱ្យ​​បាន​ចូលរួម​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌

លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រូប៖ RFA


ដោយ ទីន ហ្សាការីយ៉ា RFA 2021-01-30

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ញើ​លិខិត​អបអរសាទរ​មួយ​ច្បាប់​ជូន​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក និង​អំពាវនាវ​ឲ្យ​ប្រទេស​មហា​អំណាច​មួយ​នេះ ជួយ​គណ​បក្ស​ប្រឆាំង ឲ្យ​អាច​ចូលរួម​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ឡើង​វិញ។ មន្ត្រី​សង្គម​ស៊ីវិល ​ជឿ ថា ​សហរដ្ឋ​អាមេរិក ​នឹង​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ។

មេ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី លើក​ឡើង​ថា ការ​ចូល​កាន់​ដំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​របស់​លោក អែនតូនី ប្លីងឃេន (Antony Blinken) នៅ​ពេល​នេះ គឺ​ស្រប​ពេល​ពិភពលោក កំពុង​ត្រូវ​ការ​ភាព​ជា​ដៃគូ និង​សាមគ្គីភាព​ដ៏​រឹងមាំ និង​អាច​ទុក​ចិត្ត បាន ដើម្បី​លើក​កម្ពស់ និង​ការពារ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​ដើម្បី​លើក​ស្ទួយ​គុណ តម្លៃ និង​គោលការណ៍​គ្រឹះ​ប្រជាធិបតេយ្យ។ លោក សម រង្ស៊ី បញ្ជាក់​ថា ការ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ជា​ការ​តស៊ូ ដើម្បី​ថែ​រក្សា​គ្រាប់​ពូជ​ប្រជាធិបតេយ្យ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា រួម​ជា​មួយ​អង្គការ​សហប្រជាជាតិ ប្រឹងប្រែង​ផ្ដួចផ្ដើម​ឡើង និង​គាំទ្រ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ១៩៩៣ ហើយ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​កម្ពុជា កំពុង​បន្ត​សម្លឹង​មើល​អាមេរិក​ជា​និមិត្ត​រូប​នៃ​ប្រជាធិបតេយ្យ។

មេ​បក្ស​ប្រឆាំង ​លើក​ឡើង​បែប​នេះ ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់ ដែល​លោក​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី របស់​សហរដ្ឋអាមេរិក ​លោក ​អែនតូនី ប្លីងឃេន (​ Antony Blinken ) កាល​ពី​ថ្ងៃ​ទី២៩ ខែមករា បន្ទាប់​ពី​លោក អែនតូនី ប្លីងឃេន បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី២៦ មករា។

លោក សម រង្ស៊ី សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក បាន​បោះ​ជំហាន​ទៅ​រក​ការ​រួបរួម​ជាតិ ហើយ​កម្ពុជា​ក៏​ត្រូវ​ការ​បែប​នេះ​ដែរ។ មេ​បក្ស​ប្រឆាំង​រូប​នេះ បន្ត​រៀបរាប់​ប្រាប់​ប្រមុខ​ការ​ទូត​ថ្មី​របស់​អាមេរិក​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ទាមទារ​ឱ្យ​មាន​សវនាការ​ដោយ​យុត្តិធម៌ ដើម្បី​ឲ្យ​ពួក​គាត់​វិលត្រឡប់​ចូល​កម្ពុជា​ប្រឈម​មុខនឹង​ការ​ចោទប្រកាន់​ និង​ស្វែងរក​ដំណោះ​ស្រាយ​និង​ត្រៀម​ខ្លួន​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

អាស៊ី​សេរី​ មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក គុយ គួង ដើម្បី​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣០ មករា ។

ទោះ​ជា​យ៉ាង​ណា រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ក៏​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ដែរ ជា​មួយ​នឹង​ការ​អបអរ​សាទរ​ផង និង​សារ​នយោបាយ​ផង​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​រក្សា​សន្តិភាព ស្ថិរភាព និង​ប្រកាន់​ខ្ជាប់​គោល ការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ លោក ប្រាក់ សុខុន ក៏​បញ្ជាក់​ដែរ​ថា កម្ពុជា នៅ​តែ​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក ផ្អែក​លើ​ប្រយោជន៍​ទាំង​សង​ខាង ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​យុត្តិធម៌។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត ​លោក ​សេក ​សុជាតិ លើក​ឡើង​ថា លិខិត​របស់​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​មេ​បក្ស​ប្រឆាំង ​បង្កប់​សារ​នយោបាយ​ផ្សេងៗ គ្នា ​ប៉ុន្តែ​លោក​យល់​ថា​ សហរដ្ឋអាមេរិក ​បាន​យល់​ច្បាស់​អំពី​ស្ថានភាព​ពិត​របស់​ប្រទេស​កម្ពុជា ​ហើយ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​រឿង​ត្រឹម​ត្រូវ​ក្នុងនាម​ជា​ជន​រង​គ្រោះ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពីសំណាក់​រដ្ឋាភិបាល។ លោក ​មើល​ឃើញ​ថា ​សហរដ្ឋ​អាមេរិក នៅ​តែ​មាន​ជំហរ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើងវិញ ​តាម​រយៈ​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​សម្ពាធ​សេដ្ឋកិច្ច​ជាដើម៖ «សហរដ្ឋ​អាមេរិក ខ្ញុំ​ជឿ​ថា គាត់​នៅ​មាន​បំណង​ចង់​ឲ្យ​កម្ពុជា ងាក​មក​រក​ផ្លូវ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ដូច​មុន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចឹង ប៉ុន្តែ​បើ​សិន​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​ហ្នឹង មិន​អាច​រួម​កម្លាំង​គ្នា​ឲ្យ​រឹងមាំ​ទេ គឺ​កម្រិត​នៃ​ការ​ចរចា ឬ​ការ​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ជួយ​គាត់​នេះ ក៏​មាន​កម្លាំង​ខ្សោយ​ដែរ ។ ម្យ៉ាង​ទៀត ខ្ញុំ​មើល​ឃើញ​ថា ទោះ​បី​ជា​អាមេរិក​ជួយ​សង្គ្រោះ​ជាតិ​ឲ្យ​រស់​ឡើង​វិញ ក៏​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​នេះ មាន​ការ​ពិបាក​ដែរ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ជាមួយ​គណបក្ស​កាន់​អំណាច ដូច​កាល​ពី​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៧។

សហរដ្ឋអាមេរិក​ គឺ​ជា​ប្រទេស​មួយ​ដែល​ឈាន​មុខ​គេ​ក្នុង​ការ​រិះគន់​ត្រង់ៗ ជា​បន្ត​បន្ទាប់​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បន្ត​តាម​កម្ចាត់​គណបក្ស​ប្រឆាំង ​គាបសង្កត់​ឥត​ស្រាក​ស្រាន្ត​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​សហជីព និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ រួម​ទាំង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ​ទាំង​នៅ​ក្នុង​សង្គម និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ ថ្មីៗនេះ ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ លោក ប៉ាទ្រីក ម័រហ៊្វី (Patrick Murphy) ក៏​បាន​ទៅ​ជួប​លោក កឹម សុខា ដល់​ផ្ទះ ហើយ​បាន​បង្ហាញ​ជំហរ​ថា ​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​លោក កឹម សុខា ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​នយោបាយ​បាន​ដូច​ដើម​ឡើង​វិញ។ លោក ប៉ាទ្រីក ម័រហ៊្វី ក៏​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​សវនាការ​របស់​លោក កឹម សុខា។ លោក​ថា ការ​ផ្តល់​យុត្តិធម៌​យឺតយ៉ាវ មាន​ន័យ​ស្មើ​នឹង​គ្មាន​យុត្តិធម៌​យ៉ាង​ដូច្នេះ​ដែរ៕

No comments: