January 6, 2021

សមត្ថកិច្ច​បញ្ជូន​យោធា​ផ្កាយ​មួយ​ម្នាក់​ទៅ​តុលាការ​ករណី​ដក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ រឿង​បាត់​ស្បែកជើង

សមត្ថកិច្ច​បញ្ជូន​យោធា​ផ្កាយ​មួយ​ម្នាក់​ទៅ​តុលាការ​ករណី​ដក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ រឿង​បាត់​ស្បែកជើង ​មន្ត្រី​យោធា​ផ្កាយមួយ ឈ្មោះ ហេង គាហុង ដែលបាន​ប្រើ​កាំភ្លើងខ្លី វាយ​ក្បាល​សន្តិសុខ​ម្នាក់​ហូរ​ឈាម​រហូត​សន្លប់​។ រូប​ពី​ហ្វេសប៊ុក


ដោយ មួង ណារ៉េត RFA 2021-01-06

នគរបាល​ខេត្ត​កណ្តាល​បាន​បញ្ជូន​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ ឈ្មោះ ហេង គាហុង ទៅ​សាលាដំបូង​ខេត្ត​នេះ នៅ​ព្រឹក​ថ្ងៃ​ទី៥ មករា បន្ទាប់ពី​មន្ត្រី​យោធា​ពាក់​ផ្កាយ​១ រូប​នេះ បាន​ប្រើ​កាំភ្លើងខ្លី វាយ​ក្បាល​សន្តិសុខ​ម្នាក់​ហូរ​ឈាម​រហូត​សន្លប់​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​តុលាការ អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង ក្នុង​សំណុំ​រឿង​នេះ ដើម្បី​ព្រមាន​ដល់​មន្ត្រី​យោធា​ផ្សេងៗ​ទៀត។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​យោធា​ពាក់​ផ្កាយ​មួយ​លោក ហេង គាហុង មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ ក៏ប៉ុន្តែ​មិន​អាច​យក​ទៅ​ប្រើ​ខុស​នីតិធី​ច្បាប់​បាន​នោះ​ទេ ហើយ​លោក​ចាត់​ទុក​ទង្វើ​វាយដំ​លើ​សន្តិសុខ​នេះ ជា​អំពើ​ល្មើសច្បាប់​។ លោក​បញ្ជាក់​ថា សំណុំ​រឿង​នេះ ត្រូវ​បាន​បញ្ជូន​ដល់ដៃ​តុលាការ​ខេត្ត​កណ្តាល​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី៥ ខែ​មករា ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ លោក​មិនទាន់​ដឹង​ថា តុលាការ​សម្រេច​ឃុំខ្លួន ជនសង្ស័យ​រូប​នេះ​ឬ​យ៉ាង​ណា​ទេ​? «​សំណុំ​រឿង​នេះ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ហើយ បើ​អាវុធ​គាត់​ស្របច្បាប់ ក៏​គាត់​ប្រើ​ខុស​ច្បាប់​ដែរ​។ គាត់​ថ្នាក់​ឧត្ដមសេនីយ៍​គាត់​អាច​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ហើយ ឯកជន​។ ប៉ុន្តែ​បើ​យក​ទៅ​វៃ​គេ​ផ្ដេសផ្ដាស​អ៊ីចឹង អាហ្នឹង​វា​ខុសច្បាប់​ហើយ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​តំណាង​អយ្យការ​ខេត្ត​កណ្តាល និង​ជា​ព្រះរាជអាជ្ញា​រង លោក ឯក ស៊ុនរស្មី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរសព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី ០៥ មករា​។ ចំណែក​ស្នងការ​ខេត្ត​កណ្តាល លោក ឈឿន សុចិត្ត ក៏​មិនទាន់​អាច​សុំ​ការ​ធ្វើ​អធិប្បាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ​។ តែ​ស្នងការ​រូប​នេះ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា (Fresh News) មន្ត្រី​យោធា​ពាក់​ផ្កាយ​មួយ លោក ហេង គាហុង បាន​ដក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ​ម្នាក់​ហូរ​ឈាម​ដួល​សន្លប់ ក្នុង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខម៉េង ឋិត​ក្នុងស្រុក​អង្គស្នួល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី៤ មករា ដោយសារតែ​គាត់​ខឹង រឿង​បាត់​ស្បែកជើង​មួយ​គូ​។ ជនសង្ស័យ​រូប​នេះ ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខ ម៉េង និង​ជា​ឧត្ដមសេនីយ៍​ត្រី ក្របខ័ណ្ឌ​ក្រសួង​ការពារជាតិ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​នេះ តែ​លោក​មិន​លើក​ទូរ​សព្ទ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ។

ចំណែក នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​ញែក​សំណុំ​រឿង​នេះ ជា​ពីរ គឺ​ទី ១ ការ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​មាន​ស្ថាន​ទម្រន់​ទោស និង​ទី​២ ការប្រើប្រាស់​អាវុធ​ខុស​នីតិវិធី​។ លោក​ពន្យល់​ថា សំណុំ​រឿង​នេះ ជា​អំពើ​ឃោរឃៅ​អមនុស្សធម៌ ដែល​ទាមទារ​ឱ្យ​តុលាការ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជនល្មើស​រួច​ទោស «ករណី​នេះ​ត្រូវតែ​មាន​ការ​ចាត់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ហើយ វា​ជា​គំរូ​កុំ​អ្នកដទៃ​ហ្នឹង យក​គំរូ​តាម​ព្រោះ រយៈពេល​ចុងក្រោយ​នេះ តាម​សង្កេត​របស់ខ្ញុំ ការ​ប្រើប្រាស់​អាវុធ ទោះបីជា​គំរាមកំហែង ការ​បង្ក​របួស​ស្នាម ឬក៏​គំរាម​បាញ់​បោះ​ដោយ​សេរី និង​បាញ់សម្លាប់ មានការ​កើន​ឡើង​ច្រើន​។ អ៊ីចឹង​ធ្វើ​យ៉ាងណា សូម​មានការ​គ្រប់គ្រង​តឹងរ៉ឹង ដើម្បី​កុំ​ឱ្យ​មាន​ការ​យក​អាវុធ ប្រើ​ដោយ​ខុសច្បាប់»។

សមត្ថកិច្ច​ខេត្ត​កណ្តាល បាន​ឃាត់​មន្ត្រី​យោធា​ជាន់ខ្ពស់​រូប​នេះ ក្រោយ​ពី​មានការ​បង្ហោះ​សារ​រិះគន់​ព្រោងព្រាត តាម​បណ្ដាញ​សង្គម ហ្វេសប៊ុក (Facebook) ដោយ​ភ្ជាប់​រូបភាព​មន្ត្រី​យោធា​រូប​នេះ ពាក់​ឯកសណ្ឋាន​ស៊ីវិល កាន់​កាំភ្លើងខ្លី ខណៈ​ជនរងគ្រោះ​បាន​ដួល​ហូរ​ឈាម នៅ​ខាងមុខ​ជាប់​មន្ទីរ​សម្រាក​ព្យាបាល សុខម៉េង ឋិត​ក្នុងស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

ករណី​មន្ត្រីប៉ូលិស ទាហាន ផឹកស៊ី​បាញ់​បោះ​សេរី និង​ការប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​ពលរដ្ឋ​នេះ កើត​ឡើងជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្នកឃ្លាំមើល​សង្គម ពិនិត្យឃើញ​ថា ករណី​ភាគច្រើន មិន​ត្រូវ​បាន​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ​។

​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​គ្រាប់រំសេវ មាត្រា ២២ ចែងថា មន្ត្រី​យោធា​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ និង​មាន​ប័ណ្ណ​សម្គាល់ ក៏ប៉ុន្តែ​យក​ទៅ​ប្រើប្រាស់​ពុំ​បាន​ត្រឹមត្រូវ ស្របតាម​នីតិវិធី ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ចាប់ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី ៣​លាន​រៀល ដល់ ៦​លាន​រៀល​។ ចំណែក​ក្រមព្រហ្មទណ្ឌ មាត្រា ២២១ ចែងថា ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា បង្កឡើង​ដោយ​មន្ត្រីរាជការ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី ៤​លាន ទៅ ១០​លាន​រៀល៕

No comments: