January 31, 2021

សាលាដំបូង​ក្រុង​ភ្នំពេញ​ជំនុំ​ជម្រះ​សំណុំរឿង​ឧបឃាត​លើ​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨នាក់​ផ្សេង​ទៀត

លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨នាក់​ផ្សេង​ទៀត នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ២០១៩។  រូប៖ សន ចាន់រដ្ឋា/RFA


ដោយ ខែ សុណង RFA 2021-01-30

សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​សវនាការ​សំណុំរឿង​ឧបឃាត​ពាក់ព័ន្ធ​ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ៩នាក់ ដោយ​កំបាំង​មុខ​ជន​ជាប់​ចោទ នៅ​ថ្ងៃ​ទី២៩ មករា។ មេធាវី និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​សវនាការ​លើក​ឡើង​ថា អវត្តមាន​ជន​ជាប់​ចោទ​ក្នុង​សវនាការ​បែប​នេះ ប៉ះពាល់​ដល់​ការ​ទទួល​បាន​យុត្តិធម៌​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​នោះ។

សវនាការ​លើ​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស​នេះ តុលាការ​បាន​កោះ​ហៅ​តំណាង​មន្រ្តី​ជាន់ខ្ពស់​នគរបាល​យុត្តិធម៌​មក​សាកសួរ និង​បង្ហាញ​ភស្តុតាង​ចោទ​ប្រកាន់។ ភស្តុតាង​ដាក់​បន្ទុក​លើ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នោះ គឺជា​វីដេអូ​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​លោក សម រង្ស៊ី មាន​រយៈពេល​ជាង​ពីរ​ម៉ោង​កាលពី​ឆ្នាំ២០១៩ នៅ​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាស្សាឈូស៊ែត សហរដ្ឋ​អាមេរិក។

មេធាវី​ការពារ​ក្ដី​ឱ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ សុគង់ ឱ្យ​ដឹង​ថា ក្នុង​វីដេអូ​នោះ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ពី​ផែនការ​វិល​ចូល​ស្រុក​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ លោក​យល់​ថា អ្វី​ដែល​កូនក្ដី​លោក​ថ្លែង​នោះ មិនមែន​ជា​ការប្រព្រឹត្ត​បទល្មើស​ឡើយ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​ជជែក​ផ្ដល់​យោបល់​ អំពី​ផែនការ​យុទ្ធសាស្ត្រ​ក្នុងនាម​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង៖ «ធម្មតា​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សុទ្ធតែ​មាន​គណបក្ស​ប្រឆាំង និង​គណបក្ស​ស្រប​ហើយ​ការ​ពាក្យពេចន៍​សំដី​ក៏​មិន​ដូចគ្នា​ដែរ​តែ​មាន​ការ​ផ្ទុយគ្នា​ហើយ ប៉ុន្តែ​សំខាន់​ពាក្យ​សំដី​តើ​ទាក់ទង​នឹង​បទ​ចោទ​អត់​ ​បទ​ចោទ​ឧបឃាត​នៅ​ក្នុង​ធាតុផ្សំ​សំខាន់​គឺ ហិង្សា។ ប៉ុន្តែ​ពាក្យ​សំដី​មិនមែន​ជា​អំពើ​ហិង្សា​ទេ»។


លោក​មេធាវី​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​វីដេអូ​នោះ ក្រៅ​ពី​ការ​ថ្លែង​របស់ លោក សម រង្ស៊ី ក៏​មានការ​ថ្លែង​របស់​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ដទៃ​ទៀត​ដែរ ដូចជា​លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និង​លោក អ៊ូ ច័ន្ទឫទ្ធិ។ ចំណែក​សមាជិក​សភា​គណបក្ស​នេះ ៥រូប រួម​មាន លោក ឡុង រី លោក នុត រំដួល លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ និង​អ្នកស្រី ជូឡុង សួមួរ៉ា ថ្វី​ដ្បិតតែ​មាន​វត្តមាន​ក្នុង​ពិធី​នោះ ប៉ុន្តែ​អ្នក​ទាំង ៥នាក់​នេះ​មិន​បាន​ថ្លែង​សារ​អ្វី​នោះ​ទេ។

មេធាវី សំ សុគង់ លើក​ឡើង​ថា កូនក្ដី​របស់​លោក​មាន​ឆន្ទៈ​ក្នុង​ការ​ចូល​បំភ្លឺ​នៅ​តុលាការ ប៉ុន្តែ​សវនាការ​កំបាំង​មុខ​លើ​ជន​ជាប់​បែប​នេះ ជា​សវនាការ​ដែល​មិន​អាច​ទទួល​បាន​នោះ​ទេ៖ «ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់ ក៏​ដូច​ជា​ការ​បង្ហាញ​ភស្តុតាង​ផ្សេង ទោះ​បី​គាត់ (មេដឹកនាំ​បក្ស​ប្រឆាំង) ប៉ុន្តែ​តួអង្គ​គាត់​សំខាន់​មិន​អាច​អត់​បាន។ អ៊ីចឹង​សវនាការ​ដែល​អត់​បាន​ជន​ជាប់​ចោទ​ធ្វើ​ឱ្យ​សវនាការ​នោះ​មិន​អាច​ទទួល​យក​បាន»។

សវនាការ​សំណុំរឿង​នេះ មានការ​ឃ្លាំមើល​ពី​មន្ត្រី​អង្គការសង្គម​ស៊ីវិល​ក្នុង​ស្រុក ព្រម​ទាំង​តំណាង​ទូត​ប្រទេស​សេរី​មួយ​ចំនួន ដូច​ជា មន្ត្រី​ទូត​អាល្លឺម៉ង់ ស៊ុយអែត និង​តំណាង​ទូត​សហភាព​អឺរ៉ុប​ជា​ដើម។ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ដែល​តាម​ដាន​រឿង​នេះ មាន​ប្រសាសន៍​ថា តុលាការ​គួរ​ប្រើ​គ្រប់​មធ្យោបាយ​ឱ្យ​ជន​ជាប់​មាន​វត្តមាន​ក្នុង​តុលាការ ឱ្យ​ជនជាប់ចោទ​អាច​ឆ្លើយ​តប និង​ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​៖«ជា​គុណ​តម្លៃ​ភាគ​ច្រើន​តុលាការ​តែង​ចង់​បាន​ភាគី​ពាក់ព័ន្ធ​មក​ចូលរួម ប៉ុន្តែ​សវនាការ​នេះ​មិន​មាន​ជន​ជាប់​ចោទ​មក​ចូល​រួម​ទេ ហើយ​តុលាការ​នៅ​តែ​ដំណើរ​ទៅ​បាន​ដែរ​ដោយសារ​មាន​មេធាវី​ពីរ​រូប​អីចឹង​ណា អំណាច​តុលាការ​លោក​​​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​បន្ត​នីតិវិធី​ក្នុង​ការ​ចេញដីកា​គឺ​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​គឺ​នីតិប្រតិបត្តិ​សម្របសម្រួល​យ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​មក​ចូលរួម»។

រដ្ឋាភិបាល​លោក ហ៊ុន សែន និង​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ថា ផែនការ​នៃ​កា​រវិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៉ី និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ២០១៩ នោះ គឺ​ជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ។ តុលាការ​បាន​ចោទប្រកាន់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង ៩នាក់ ពី​បទ​ឧបឃាត ដែល​មានន័យ​ថា ការប្រព្រឹត្ត​អំពើ​ហិង្សា​មួយ ឬ​ច្រើន ​ក្នុង​គោល​បំណង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន​នៃ​កម្ពុជា ឬ​នាំ​ឱ្យ​ប៉ះពាល់​ដល់​បូរណភាព​ដែនដី​ជាតិ។ ទន្ទឹម​នឹង​ការ​ចោទ​ប្រកាន់​នេះ របប​លោក ហ៊ុន សែន បាន​ប្រើ​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង​ដើម្បី​រាំង​ខ្ទប់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​នោះ មិន​ឱ្យ​វិល​មក​កម្ពុជា​វិញ​បាន​ឡើយ ទោះ​ជា​ពួកគាត់​បាន​បង្ហាញ​ឆន្ទៈ​វិល​ទៅ​កម្ពុជា​វិញ​ដើម្បី​តតាំង​ក្តី​នេះ​ក៏​ដោយ។

តុលាការ​ក្រុង​ភ្នំពេញ​លើកពេល​ជំនុំ​ជម្រះ​សំណុំរឿង​នេះ​ជាច្រើន​ដង​​មក​ហើយ​ដោយ​ចាប់ផ្ដើម​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយ​បញ្ចប់​ការ​សួរ​ដោល​ថ្ងៃ​ទី២៩ ខែ​មករា តុលាការ​គ្រោង​បន្ត​ជំនុំ​ជម្រះ​សំណុំរឿង​នេះ​នៅ​ថ្ងៃ​ទី៩ ខែកុម្ភៈ​ខាងមុខ​ទៀត។

ក្រៅពី​សំណុំរឿង​ឧបឃាត​នេះ លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត ក៏​រង​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​ផ្សេង​ទៀត​ដែរ ដូច​ជា បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់​ជា​ដើម។ សំណុំរឿង​នេះ​មាន​ជន​ជាប់​ចោទ​ជាង ១៣០នាក់ ហើយ​តុលាការ​បាន​លើក​យក​មក​ជំនុំ​ជម្រះ​ទាំង​ដុំៗ ជា​បន្ត​បន្ទាប់ ដោយ​មិន​ខ្វល់​អំពី​ភាព​ត្រឹមត្រូវ​នៃ​នីតិវិធី និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​ពួកគេ​ឡើយ៕

No comments: