January 12, 2021

លោក អ៊ូ ច័ន្ទរ័ត្ន ពន្យារ​ពេល​បង្កើត​បក្ស​ថ្មី​ដោយ​រង់ចាំ​មើល​ដំណើរ​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃ​ទី១៥ មករា

លោក អ៊ូ ច័ន្ទរ័ត្ន ពន្យារ​ពេល​បង្កើត​បក្ស​ថ្មី​ដោយ​រង់ចាំ​មើល​ដំណើរ​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃ​ទី១៥ មករា អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន។ Photo Provided


ដោយ ​មួង ណារ៉េត RFA 2021-01-10


អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​ពន្យារពេល​បង្កើត​គណ​បក្ស​ថ្មី ដោយ​រង់​ចាំ​មើល​ដំណើរ​មាតុភូមិនិវត្តន៍ របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃទី​១៥ មករា​។ អ្នកវិភាគ យល់ថា​ក្រុម​មេ​បក្ស​ប្រឆាំង គ្មាន​ឱកាស​វិល​ចូល​កម្ពុជា​បាន​តាម​ការកំណត់​ដ៏​ខ្លី​ខាងមុខនេះ​ទេ។

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាស​ថា លោក​នៅតែ​គាំទ្រ និង​មាន​ជំនឿ​ថា អ្នកស្រី មូរ សុខហួរ និង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង កំពុង​នៅ​ក្រៅ​ប្រទេស នឹង​រក​វិធី វិល​ចូល​មក​កម្ពុជា​បាន​ជោគជ័យ​នៅ​ថ្ងៃ​ទី១៥ មករា​។ អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ បន្ត​ថា ប្រសិនបើ​អ្នកស្រី មួរ សុខហួរ បន្ត​ពន្យារពេល​ទៀត លោក​គ្មាន​ជំនឿ​ថា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង អាច​វិល​ចូល​កម្ពុជា​វិញ​បាន​ទេ ហើយ​លោក នឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត នឹង​ប្រកាស​បង្កើត​គណបក្ស​ថ្មី៖ «មានការ​ប្រកាស​ជាច្រើន​លើក​របស់​លោក​ប្រធាន សម រង្ស៊ី ផង ហើយ​ការ​ដាក់​ពេល​ជាថ្មី​នេះ ក៏បាន​ពន្យារពេល​ម្ដងទៀត​ដែរ ហើយ​មកដល់​លើក​ទី​២​ហើយ នៅតែ​ពន្យារ​ទៀត មាន​ន័យថា យើង​មិន​មាន​លទ្ធផល ហើយ​និង​មិន​មាន​ការ​ប្ដេជ្ញា​ចិត្ត​ហ្នឹង​ខ្ពស់​ដែរ។ អាហ្នឹង ជា​ការ​វាយតម្លៃ​របស់​ខ្ញុំ ហើយ​ដល់​ពេល​ហ្នឹង យើង​នឹង​មាន​ការ​ដាក់​ជា​ផ្លូវការ ពេល​ដែល​មិន​មាន​ដំណោះស្រាយ»។

លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា គម្រោង​បង្កើត​គណបក្ស​ថ្មី​នេះ​ដោយសារ លោក និង​មន្ត្រី​គណបក្ស​ប្រឆាំង​ផ្សេងទៀត គ្មាន​ជំនឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​មាន​ឱកាស​ចូល​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​បាន​ទៀត​ទេ។ លោក​មើល​ឃើញ​ថា ជាង​៣​ឆ្នាំ​មក​នេះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស បាន​តស៊ូ​អស់​លទ្ធភាព​ហើយ ទាំង​ការទូត និង​តវ៉ា ប៉ុន្តែ​មិន​ឃើញ​ជោគជ័យ​អ្វី​ទេ។

ផ្ទុយ​ពី​ការ​អះអាង​នេះ សកម្មជន​បក្ស​ប្រឆាំង​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​វិញ ពួកគេ​កំពុង​ត្រៀមខ្លួន​ធ្វើ​មាតុភូមិនិវត្តន៍​ជាមួយ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង និង​មិន​គាំទ្រ​ចំពោះ​ការ​បង្កើត​គណបក្ស​ថ្មី​ទេ។ ពួកគាត់​នៅ​តែ​មាន​សង្ឃឹម​ថា គណបក្ស​សង្គ្រោះជាតិ មាន​ឱកាស​ធ្វើ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សេរី​ឡើងវិញ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ក្រុង​សិរីសោភ័ណភាព ខេត្ត​បន្ទាយមានជ័យ កំពុង​ភៀស​ខ្លួន ក្នុង​ប្រទេស​ថៃ លោក ឃ្លាំង ប៊ុនឡាយ មាន​ជំនឿ​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង នឹង​រក​វិធី​ដឹកនាំ​ពួកគាត់​វិល​ចូល​ស្រុក​វិញ ឱ្យ​ទាល់តែ​បាន​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ មិន​រំពឹង​ថា គណបក្ស​ថ្មី​មានលទ្ធភាព​តតាំង​ជាមួយ​គណបក្ស​កាន់អំណាច និង​អាច​ជួយ​បម្រើ​ផល​ប្រយោជន៍​ជាតិ ជា​ដុំកំភួន ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ៖ «ពួក​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ជា​ជនភៀសខ្លួន នៅ​ប្រទេស​ថៃ​នេះ យើង​អត់​មាន​ភាព​អស់​សង្ឃឹម​អត់​មាន​ការ​សោកស្ដាយ​អ្វី​ទេ។ នៅតែ​មាន​ការ​ជឿជាក់ ហើយ​និង​មាន​ឆន្ទៈ​រឹងមាំ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ជាមួយ​ថ្នាក់ដឹកនាំ ហើយ​យើង​សង្ឃឹម​និង​ជឿជាក់​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ថា ដាច់​ខាត​ត្រូវ​វិល​ចូល​ប្រទេស​កម្ពុជា»។

អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា អ្នកស្រី មូរ សុខហួរ និង​អ្នកនយោបាយ​គណបក្ស​ប្រឆាំង មិន​អាច​វិល​ចូល​កម្ពុជា​វិញ តាម​ការកំណត់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ទេ។ អ្នកវិភាគ​រូប​នេះ​យល់​ថា បើ​ទោះ​ជា លោក អ៊ូ ច័ន្ទរ័ត្ន ទាក់ទាញ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​ត្រូវ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ បាន​ទាំងអស់​ទៅ​បង្កើត​បក្ស​ថ្មី ក៏​មិន​អាច​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​បាន​ដែរ៖ «បរិយាកាស​នយោបាយ​បក្ស​សង្គ្រោះ​ជាតិ​នេះ វា​អាច​រស់​ឡើងវិញ លុះត្រាតែ​លំហ​សេរីភាព​របស់​កម្ពុជា​ត្រូវ​បាន​បើក​ឡើងវិញ ឬក៏​ហៅថា រដ្ឋាភិបាល​គណបក្ស​កាន់អំណាច រដ្ឋាភិបាល​នេះ ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​សហគមន៍​អឺរ៉ុប​ពេល​នោះ ខ្ញុំ​គិត​ថា លំហ​សេរីភាព​អាច​បើក​ឡើង​វិញ ហើយ​អាច​កើតឡើង​វិញ​ហើយ។ បើ​ទោះ​បក្ស​គាត់​មិន​កើត​ឡើង ក៏​អ្នក​នយោបាយ​បក្ស​គាត់ អាច​ធ្វើ​នយោបាយ​បាន​ឡើងវិញ»។

គិត​ត្រឹម​ចុង​ឆ្នាំ​២០២០ មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១៤​នាក់ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក្នុង​ចំណោម​១១៨​នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​។ ក្នុង​នោះ មាន​អតីតមន្ត្រី​បក្ស​ប្រឆាំង ៣​ក្រុម​បាន​នាំ​គ្នា​បង្កើត​គណបក្ស​ថ្មី គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​អភិរក្ស​និយម និង​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​។ ក្រៅ​ពី​នេះ មាន​អ្នក​សុំ​សិទ្ធិ​នយោបាយ​ម្នាក់ ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ អ្នកស្រី លី ស្រីវីណា ក្រោយ​គ្លីនិក​ពេទ្យ​របស់​អ្នកស្រី​ត្រូវ​ក្រសួង​សុខាភិបាល​បិទ។ អ្នកឃ្លាំមើល​នយោបាយ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ ដែល​បាន​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​រត់​ទៅ​បង្កើត​បក្ស​ថ្មី​នេះ ទទួលរង​នូវ​ការរិះគន់​ធ្ងន់ធ្ងរ ពី​ប្រជាពលរដ្ឋ ហើយ​ស្មើនឹង​សម្លាប់​ជីវិត​នយោបាយ​របស់​ខ្លួន៕

No comments: