January 31, 2021

កម្ពុជា​រំដោះ​ស្ត្រី​ខ្មែរ​ម្នាក់ ក្រោយ​ពី​ត្រូវ​បាន​បង្ខំ​ឱ្យ​រៀប​ការ​នៅ​ក្នុង​ប្រទេស​ចិន

ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួង​មហា​ផ្ទៃ​លោក ជីវ ផល្លី​ និយាយ​កាល​ពី​ថ្ងៃ​ទី​ ២៨មករា​ ថា​ សមត្ថកិច្ច​បាន​រំដោះ​ជន​រង​គ្រោះ​អាយុ ២០ឆ្នាំ​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ។  រូបថត៖​ គេហទំព័រ​ក្រសួង​មហាផ្ទៃ


ហេង រស្មី RFA 2021-01-29

សមត្ថកិច្ច​បាន​ជួយ​រំដោះ​ស្រ្តី​ខ្មែរ​ ដែល​រងគ្រោះ​ចាញ់បោក​​គេ​រៀបការ​នឹង​ជនជាតិ​ចិន​ ហើយ​ត្រូវ​រង​ការ​រំលោភ​បំពាន។

ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួង​មហា​ផ្ទៃ​លោក ជីវ ផល្លី មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ទទួល​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ស្ត្រី​រង​គ្រោះ ដែល​និយាយ​ថា បាន​ចាញ់​បោក​មេ​ខ្យល់​លួង​លោម​ឱ្យ​រៀប​ការ​ជា​មួយ​ស្វាមី​ជា​ជន​ជាតិ​ចិន។ ​ពេល​ទៅ​ដល់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បង្ខាំង​សិទ្ធិ សេរីភាព ទើប​សមត្ថកិច្ច​កម្ពុជា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន​បញ្ជូន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ។

ជន​រង​គ្រោះ​អាយុ ២០ឆ្នាំ រស់​នៅ​ឃុំ​ឃ្សឹម​ក្រៅ ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវ​បាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាល​ពី​ថ្ងៃ​ទី២៨ មករា។ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ទាន់​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤ថ្ងៃ​សិន។

ជន​រងគ្រោះ​បាន​បង្ហោះ​ព័ត៌មាន​ក្នុង​គណនី​ហ្វេសប៊ុក​ថា នាង​បាន​ចាញ់​បោក​មេ​ខ្យល់​ដោយ​បង្ខំ​ឱ្យ​រៀប​ការ​ជា​មួយ​ប្ដី​ជនជាតិ​ចិន​ បើ​មិន​ដូច​ច្នេះ​ទេ នឹង​យក​ទៅ​លក់​ក្នុង​ហាង​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ។ កាល​ពី​ឆ្នាំ២០២០ កន្លង​ទៅ​នេះ ក្រសួង​ការ​បរទេស​បាន​រំដោះ​ស្ត្រី​ខ្មែរ ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រស់​នៅ​ប្រទេស​ចិន បាន​ចំនួន ១៤៥នាក់​ហើយ នៅ​ក្នុង​នោះ​មាន​បុរស​ម្នាក់​ផង​ដែរ៕

No comments: