January 8, 2021

អ្នក​វិភាគ​ថា ផែនការ​របស់​លោក ហ៊ុន សែន ផ្ទេរ​មរតក​អំណាច​ឲ្យ​កូន​នៅ​មាន​ឧបសគ្គ​ច្រើន

អ្នក​វិភាគ​ថា ផែនការ​របស់​លោក ហ៊ុន សែន ផ្ទេរ​មរតក​អំណាច​ឲ្យ​កូន​នៅ​មាន​ឧបសគ្គ​ច្រើន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ និង​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត


ដោយ ទីន ហ្សាការីយ៉ា RFA 2021-01-06

ក្រុម​អ្នក​វិភាគ​ទស្សន៍ទាយ​ថា ឆ្នាំ២០២១ នេះ នឹង​មាន​ការ​ផ្ទេរ​អំណាច​របស់​ក្រុម​មេ​ដឹក​នាំ​សព្វថ្ងៃ ឲ្យ​ទៅ​កូនចៅ​របស់​ខ្លួន​ដឹក​នាំ​បន្ត។ អ្នក​វិភាគ​អះអាង​ថា ផែនការ​មាតុភូមិ​និវត្តន៍​របស់​ក្រុម​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ក៏​ជា​ឧបសគ្គ​រារាំង​ដ៏​ធំ​មួយ​ដែរ ក្នុង​ចំណោម​ឧបសគ្គ​មួយ​ចំនួន​ទៀត ដែល​រាំង​ស្ទះ​ផែនការ​ផ្ទេរ​មរតក​អំណាច​នេះ។

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា មេ​ដឹក​នាំ​របប​ឯក​បក្ស នៅ​តែ​រក្សា​ផែនការ​ផ្ទេរ អំណាច​ឲ្យ​កូនចៅ​របស់​ខ្លួន​ដដែល ទោះ​បី​ជា​ជំងឺ​កូវីដ១៩ កំពុង​តែ​លុកលុយ​នៅ​កម្ពុជា​នៅ​បែប​ណា​ក្ដី។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ទិសដៅ​កាន់​អំណាច​ត​ពូជពង្ស​វង្ស​ត្រកូល នៅ​ស្រប​ពេល​លោក​ព្រមទាំង​មន្ត្រី​ហែហម​កាន់​តែ​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ។ លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន មាន​បំណង​ចង់​ផ្ទេរ​អំណាច​ឲ្យ​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​ដឹក​នាំ​បន្ត។ លោក​ប្រើ​នយោបាយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​របស់​ខ្លួន៖ «



ក្រុម​អ្នកវិភាគ​លើក​ឡើង​ថា ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ដែល​នៅ​តែ​ចិញ្ចឹម​ចិត្ត​រង់ចាំ​ឱកាស​មក​ដល់​នោះ បាន​ខិត​ជិត​មក​ដល់​ជា​បណ្ដើរៗ ហើយ។ ទោះ​បី​ជា​របប​ក្រុង​ភ្នំពេញ​កំពុង​ជាប់​ដៃ​ដោះ​ស្រាយ​រឿង​ជំងឺ​កូវីដ១៩ កំពុង​រាតត្បាត​នៅ​កម្ពុជា​ក៏​ដោយ។ លោក​នាយក​រដ្ឋមន្ត្រី បាន​រៀបចំ​ជើង​ព្រួល​ដំឡើង​ឋានន្តរសក្ដិ​ឲ្យ​កូន​ចៅ​របស់​ខ្លួន​ជា​បណ្ដើរៗ ពិសេស​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត។ កាល​ពី​ចុង​ឆ្នាំ២០២០ កន្លង​ទៅ លោក ហ៊ុន ម៉ាណែត ទទួល​បាន​តួនាទី​ខ្ពស់​មួយទៀត​នៅ​ក្នុង​បក្ស គឺ​ជា​អនុប្រធាន​គណៈ​ចលនា​មហាជន ដែល​ជា​សេនាធិការ​ដ៏​សំខាន់​ក្នុង​ការ​ឃោសនា​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ ធ្វើ​យ៉ាង​ណា​ឱ្យ​មហាជន​យល់​ដឹង ជឿជាក់ និង​ដើរ​តាម​ការ​ដឹក​នាំ​របស់​ឪពុក ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកស្រី ម៉ែន សំអន ជា​ប្រធាន​គណៈ​ចលនា​មហាជន​នេះ។

តាមរយៈ​ការ​ជួយជ្រោមជ្រែង​ពី​ឪពុក​នេះ​ដែរ លោក ហ៊ុន ម៉ាណែត កាន់​តួនាទី​ជា​ច្រើន​នៅ​ជួរ​គណបក្ស និង​រដ្ឋ ក្នុង​នោះ លោក​គឺ​ជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​ទ័ព​ជើង​គោក។ ចំណែក​ក្នុង​បក្ស​វិញ លោក​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង ៣៤នាក់ របស់​គណបក្ស​កាន់​អំណាច។ ក្រៅ​ពី​នេះ លោក ហ៊ុន ម៉ាណែត គឺ​ជា​ប្រធាន​យុវជន​បក្ស​ទៀត​ផង។

លោក ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ខែ​មិថុនា​ថា លោក​កំពុង​ជួយ​ជ្រោមជ្រែង​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ​លោក​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់ ក៏ ១០ឆ្នាំ​ទៀត​ដែរ ព្រោះ​ពេលនេះ​លោក​កំពុង​កាន់​អំណាច​នៅ​ឡើយ៖ «នៅ​ក្នុង​គណបក្ស​ប្រជាជន មាន​បេក្ខជន​ច្រើន​ណាស់ ក៏ប៉ុន្តែ​ក្នុង​ឋានៈ​ជា​ឪពុក យ៉ាង​ណា​ក៏​ខ្ញុំ​គាំទ្រ​កូន​ខ្ញុំ អប់រំ​កូន​ខ្ញុំ​ឱ្យ​វា​មាន​សមត្ថភាព។ បើ​វា​មិន​បាន​ប៉ុន​ឪ​វា ក៏​បាន ៨០% ឬ ៩០% របស់​ឪ​វា​ទៅ​ចុះ»។

ទាក់ទង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី មើល​ឃើញ​ថា លោក​នាយក​រដ្ឋមន្ត្រី មាន​ផែនការ​ផ្ទេរ​មត៌ក​អំណាច​នេះ ធ្វើ​ឡើង​ជា​ប្រព័ន្ធ​តែ​ម្ដង។ លោក​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​ឈាម​ថ្មី ដែល​ជា​កូន​មន្ត្រី​គ្រាក់ៗ នៅ​ហែហម​លោក​នាយក​រដ្ឋមន្ត្រី​បែប​នេះ ដើម្បី​ការពារ​ការ​ជំទាស់​ណា​មួយ កើត​ឡើង​ពី​ផ្ទៃក្នុង​បក្ស ក៏​អាច​ថា​បាន៖ «

ទោះ​បី​ជា ក្រុម​មេ​ដឹក​នាំ​របប​ឯក​បក្ស​នៅ​តែ​ចិញ្ចឹម​ចិត្ត​រង់ចាំ​ឱកាស​មក​ដល់ ដើម្បី​ផ្ទេរ​មរតក​អំណាច​ឲ្យ​កូន​ចៅ​របស់​ខ្លួន​បែប​នេះ​ក្ដី។ ក៏​ក្រុម​អ្នកវិភាគ នៅ​តែ​មើល​ឃើញ​ពី​ឧបសគ្គ​មួយ​ចំនួន ដែល​នឹង​អាច​កើត​ឡើង​ដែរ។

អ្នក​វិភាគ​នយោបាយ ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ បញ្ជាក់​ថា ឧបសគ្គ​ចម្បង ដែល​រារាំង​ផែនការ​ផ្ទេរ​អំណាច​នេះ​មាន​ពីរ។ ឧបសគ្គទី១ គឺ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​កំពុង​មាន​គម្រោង​វិល​ចូល​ស្រុក​វិញ។ ឧបសគ្គទី២គឺ ការ​ជំទាស់​ពី​ផ្ទៃ​ក្នុង​គណបក្ស​កាន់​តែ​អំណាច ដែល​ចេញ​ពី​ក្រុម​លោក ស ខេង។ លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន បាន​ដំឡើង​តួនាទី​ឲ្យ​យុវជន​របស់​បក្ស​នោះ គឺ​សុទ្ធតែ​ចេញ​ពី​កូន​មន្ត្រី ដែល​ស្និទ្ធ​នឹង​លោក ដើម្បី​ដាក់​ឲ្យ​ធ្វើ​ការ​នៅ​តំបន់​ភូមិសាស្ត្រ ដែល​លោក ស ខេង កំពុង​តែ​កាន់កាប់៖ «

ចំណែក​ឯ​លោក បណ្ឌិត មាស នី វិញ លោក​អះអាង​ថា ឧបសគ្គ​មួយ​ចំនួន​ទៀត ដែល​រារាំង​ផែនការ​ផ្ទេរ​អំណាច​ដែរ​នោះ គឺ​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន នៅ​តែ​មាន​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ លោក​បន្ថែម​ថា អាជ្ញាធរ​ចាប់​ខ្លួន​ពួក​គេ​មួយ​ចំនួន​ក្ដី តែ​មិន​អាច​បង្ក្រាប​ពួក​គេ​បាន​ទាំង​អស់​ឡើយ។ បណ្ឌិត មាស នី លើក​ឡើង​ទៀត​ថា ឧបសគ្គ​ដ៏​ធំ​មួយ​ទៀត គឺ​អំពើ​អយុត្តិធម៌​សង្គម ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ឈឺ​ចាប់។ លោក​បញ្ជាក់​ថា ពលរដ្ឋ​នឹង​មិន​គាំទ្រ ការ​ដឹក​នាំ​របស់​គណបក្ស​កាន់​អំណាច​ឡើយ ទោះ​បី​ជា​មាន​សមាសភាព​ដឹក​នាំ​ឈាម​ថ្មី​ក៏​ដោយ៖ «

អ្នក​វិភាគ​លើក​ឡើង​ថា វត្តមាន​បក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​ជា​ឧបសគ្គ​រាំង​ខ្ទប់​ផែនការ​ផ្ទេរ​មរតក​អំណាច​របស់​បក្ស​កាន់​អំណាច​ខ្លាំង​ជាង​គេ។ ក្រុម​អ្នក​វិភាគ​ឲ្យ​ដឹង​ថា របប​ក្រុង​ភ្នំពេញ​នឹង​រក​វិធី​សព្វ​បែប​យ៉ាង ដើម្បី​រារាំង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ទៅ​កម្ពុជា​វិញ។ នៅ​ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​ថា លោក ហ៊ុន សែន ក៏​នឹង​ប្រើ​ល្បែង​នយោបាយ​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​ថែម​ទៀត​ដែរ។ ទោះ​ជា​សហគមន៍​អន្តរជាតិ​ថ្កោលទោស​របប​នេះ​ក៏​ដោយ ដើម្បី​ពន្យារ​ពេល​អាយុ​នយោបាយ ឆ្ពោះ​ទៅ​កាន់​គោលដៅ​ផ្ទេរ​អំណាច នៅ​ពេល​ឱកាស​សមរម្យ​មក​ដល់៕

No comments: