November 18, 2020

អតីត​បុគ្គលិក​សណ្ឋាគារ Sofitel Phnom Penh Phokeethra តវ៉ា​រក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រសួង​ការងារ

អតីត​បុគ្គលិក​បម្រើការ​នៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra) នាំ​គ្នា​ឈរ​លើក​បដា​តវ៉ា​មុខ​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ រឿង​វិវាទ​ការងារ​ជាមួយ​ម្ចាស់​សណ្ឋាគារ​នេះ។  រូប៖ សហព័ន្ធ​សហជីព​កម្មករ​និយោជិក​​វិស័យ​ទេសចរណ៍​កម្ពុជា


ដោយ វ៉ែន សុមេធ RFA 2020-11-18

អតីត​បុគ្គលិក​បម្រើការ​នៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra) ប្រមាណ ៥០នាក់ នៅ​ថ្ងៃ​ទី១៧ វិច្ឆិកា នាំ​គ្នា​ឈរ​លើក​បដា​តវ៉ា​មុខ​ក្រសួង​ការងារ ស្នើ​សុំ​ពន្លឿន​បញ្ជូន​វិវាទ​ការងារ​រវាង​ពួក​គាត់ ​និង​ម្ចាស់​សណ្ឋាគារ ទៅ​ដោះ​ស្រាយ​បញ្ចប់​នៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។ មន្ត្រី​ក្រសួង​ការងារ​ដែល​ចេញ​មក​ជួប​ក្រុម​អ្នក​តវ៉ា អះអាង​ថា នឹង​បញ្ជូន​សំណើ​នេះ​ទៅ​ថ្នាក់​លើ​តាម​នីតិវិធី។

តំណាង​បុគ្គលិក​សណ្ឋាគារ​ សូហ្វីតែល (Sofitel) លោក ផាត់ សារួន ឲ្យ​ដឹង​ថា ពួក​គាត់​រង់ចាំ​ដំណោះស្រាយ​វិវាទ​ការងារ​មួយ​នេះ​ នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជាង ៣ខែ​មក​ហើយ ប៉ុន្តែ​មន្ទីរ​ដោះស្រាយ​វិវាទ​ការងារ​បែរ​ជា​ រុញ​រឿង​នេះ​ឲ្យ​ខាង​អធិការ​កិច្ច​នៃ​ក្រសួង​ការងារ ចុះ​ទៅ​ដោះស្រាយ​ជំនួស​វិញ។

លោកបញ្ជាក់​ថា ​បញ្ហា​​នៅ​មិន​ទាន់​ដាច់​ស្រេច ដែល​ចង់​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​​ពិនិត្យ​មើល​និង​កាត់​សេចក្ដី​រឿង​នេះ​ឡើង​វិញ គឺ​ការបញ្ឈប់​បុគ្គលិក​ ការ​មិន​ផ្ដល់​ប្រាក់​សំណង​ជំងឺ​ចិត្ត និង​ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ហើយ​នឹង​ការ​ទូរ​ទាត់​ប្រាក់​អតីតភាព​ការងារ​មិន​ត្រឹម​ត្រូវ​ តាម​ច្បាប់​ស្ដី​ពី​ការងារ។

លោក​ ស្នើ​សុំ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ពន្លឿន​នីតិវិធី​បញ្ជូន​វិវាទ​នេះ​ ទៅ​​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ដោះស្រាយ​ជំនួស​វិញ ​ដើម្បី​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ភាគី​សណ្ឋាគារ៖ «គោល​គំនិត​ពួក​ខ្ញុំ​ដែល​ដាក់​ញត្តិ​ គឺ​ចង់​ឲ្យ​ខាង​ក្រសួង​ជំរុញ​រឿង​ហ្នឹង​ទៅ​អាជ្ញាកណ្ដាល ព្រោះ​គាត់​បាន​ត្រឹម​តែ​សម្រប​សម្រួល​ទេ កាត់​ក្ដី​ឲ្យ​ឈ្នះ​ចាញ់​ វា​អត់​មាន។ ខ្ញុំ​ចង់​ឲ្យ​ខាង​អាជ្ញាកណ្ដាល​កាត់​ក្ដី​ជា​ធម្មតា។ ដូច​អ្វី​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​អាជ្ញាកណ្ដាល​កាត់​ក្ដី​ទៅ​តាម​អ្វី​ដែល​គាត់​មើល​ឃើញ​ជាក់​ស្ដែង។ ប្រសិន​បើ​ រឿង​ហ្នឹង​ទៅ​ដល់​អាជ្ញាកណ្ដាល ខ្ញុំ​គិត​ថា វា​មាន​ដំណោះ​ស្រាយ​ល្អ​សម្រាប់​កម្មករ​យើង»។

មន្ត្រី​នៃ​ក្រសួង​ការងារ ដែល​ចេញ​មក​ជួប​តំណាង​អ្នក​តវ៉ា លោក និន្ទ វណ្ណៈ ប្រាប់​អាស៊ី​សេរី ​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា​ យ៉ាង​ខ្លី​ថា លោក​នឹង​បញ្ជូន​សំណើ​នេះ ទៅ​ថ្នាក់​លើ​ត្រួត​ពិនិត្យ​និង​សម្រេច​តាម​ផ្លូវ​ច្បាប់៖ «ខ្ញុំ​តំណាង​ឲ្យ​ក្រសួង​បាន​ទទួល​ញត្តិ ពី​បង​ប្អូន។ អ៊ីចឹង! នីតិវិធី​បន្ត​ទៀត ខ្ញុំ​នឹង​រុញ​ឯកសារ​នេះ ជូន​ទៅ​ឯក​ឧត្ដម​បណ្ឌិត​រដ្ឋមន្ត្រី ហើយ​ចំណាត់​ការ​យ៉ាង​ណា​ៗ គឺ​អាច​នឹង​មាន​ព័ត៌មាន​ឆាប់​ៗ​នេះ»។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល មាន​ប្រសាសន៍​ថា ការ​ផ្អឹប​ទុក​សំណុំរឿង​វិវាទ​​នៅ​ក្រសួង​ការងារ​ជា​ច្រើន​ខែ​ ដោយ​មិន​មាន​ចំណាត់​ការ​ច្បាស់​លាស់​បែបនេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​ពួកគាត់​ដែល​អ្នក​ខ្លះ​ ត្រូវ​មាន​ភារៈ​ចេញ​ទៅ​រក​ប្រាក់​​ចិញ្ចឹម​គ្រួសារ។

លោក យល់ថា​ ក្រសួង​ការងារ​គួរ​តែ​រុញ​រឿង​ឲ្យទៅ​ដល់ដៃ​ក្រុមប្រឹក្សាអាជ្ញា​កណ្ដាល​ឲ្យ​បាន​ឆាប់​ ទើប​អាច​បញ្ចប់​វិវាទ​ការងារ​នេះ​បាន ដោយ​ភាគី​ទាំង​សង​ខាង​ត្រូវ​គោរព​​តាម​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល៖ «ខ្ញុំ​គិត​ថា​អ្វី​ដែល​ក្រសួង​ធ្វើ​ហ្នឹង​ អត់​ត្រឹម​ត្រូវ​ គួរ​តែ​រុញ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ឲ្យ​បាន​ឆាប់។ ហើយ​សំណង​ទៀត​ គួរតែ​ផ្ដល់​ឲ្យ​គាត់​ ដូច​សំណង​ជំងឺ​ចិត្ត។ សណ្ឋាគារ​ ត្រូវ​តែ​ផ្ដល់​ឲ្យ​ពួក​គាត់។ ខ្ញុំ​មើល​ឃើញ​ថា​សណ្ឋាគារ​នៅ​ដំណើរ​ការ​នៅ​ឡើយ​ទេ ហេតុ​អ្វី​បញ្ឈប់​កម្មករ​មិន​ផ្អែក​ទៅ​លើ​មាត្រា​៩៥។ នៅ​ពេល​បញ្ឈប់​សន្យា​កម្មករ​ គឺ​យើង​ត្រូវ​ទូទាត់​ទៅ​តាម​ច្បាប់​ទៅ។ កម្មករ​គាត់​អត់​ចង់​តវ៉ា​ដែរ គាត់​ចង់​បាន​តែ​អ្វី​ដែល​គាត់​ត្រូវ​ទទួល​ទេ»។

កាល​ពី​ដើម​ខែ​សីហា ម្ចាស់​សណ្ឋាគារ​សូហ្វីតែល​ ភ្នំពេញ (Sofitel Phnom Penh) បាន​បញ្ឈប់​បុគ្គលិក ៥៣នាក់​ចេញ​ពី​ការងារ​ ក្រោម​ហេតុ​ផល​ថា មាន​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​អំឡុង​ជំងឺ​កូវីដ​-១៩។ ភាគី​សណ្ឋាគារ​ ក៏​បាន​ទូរ​ទាត់​ប្រាក់​សំណង​មួយ​ចំនួន​ឲ្យ​ពួក​គាត់​ដែរ ប៉ុន្តែ​ខាង​បុគ្គលិក​ អះអាង​ថា​ ការ​ទូទាត់​ទាំង​អស់​នោះ គឺ​មិន​ស្រប​តាម​ច្បាប់​ស្ដី​ពី​ការងារ​ឡើយ។

ក្រុម​អ្នក​តវ៉ា​ប្រកាន់​ជំហរ​ថា បើ​មិន​មាន​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​នេះ នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ទេ​នោះ ពួក​គាត់​នឹង​ប្រមូល​ផ្ដុំ​គ្នា​ឈរ​លើក​បដា នៅ​ខាង​មុខ​ក្រសួង​ការងារ ហើយ​បន្ត​​​តវ៉ា​នៅ​មុខ​សណ្ឋាគារ ជា​ថ្មី​ទៀតរហូតមានតំណោះស្រាយ៕

No comments: