November 18, 2020

ព្រះសង្ឃ ២អង្គ​​​​​​បន្ត​ភៀស​ព្រះ​កាយ​យ៉ាង​លំបាក​ដើម្បី​​សុវត្ថិភាព​ បន្ទាប់​ពីអាជ្ញាធរ​តាម​ចាប់ ​រឿង​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន

(ឆ្វេង) ព្រះតេជព្រះគុណ ស៊ឹម សុវណ្ណឌី និង​ព្រះតេជព្រះគុណ បូរ បេត ដែល​កំពុង​ភៀស​ព្រះ​កាយ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ រឿង​តវ៉ា​​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន។  រូប៖ ពលរដ្ឋ


ដោយ មួង ណារ៉េត RFA 2020-11-17

ព្រះសង្ឃ​ខ្មែរ​២​អង្គ​ដែល​​​ឈឺ​ឆ្អាល​រឿង​ការងារ​​សង្គម​ បន្ត​ភៀស​ព្រះកាយ​​យ៉ាង​លំបាក​នៅ​កន្លែង​មាន​សុវត្ថិភាព​​ ដើម្បី​​គេច​ពី​ការ​​តាម​ចាប់​ព្រះ​កាយ​ពី​សំណាក់​មន្ត្រី​សង្ឃ​និង​​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​។ ការ​ភៀស​ព្រះ​កាយ​នេះ​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ចូល​រួម​តវ៉ា​សុំ​ឱ្យ​តុលាការ​ដោះលែង​លោក​ រ៉ុង ឈុន​ កាល​ពី​​ខែ​សីហា​​ ហើយ​អាជ្ញាធរ​​​បន្ត​តាម​ចាប់​ព្រះអង្គ​។ ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​រឿង​នេះ​ថា ​ជា​ការ​​បិទ​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​របស់​​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

​​ព្រះសង្ឃ​ដែល​កំពុង​ភៀស​ព្រះ​កាយ​​​ព្រះភិក្ខុ ​បូរ បេត មាន​ថេរ​ដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​វិច្ឆិកា​ថា​ ​ព្រះ​អង្គ​និង​ព្រះតេជព្រះគុណ​ ស៊ុម សុវណ្ណឌី​ ​កំពុង​លាក់​ព្រះ​កាយ​នៅ​កន្លែង​មាន​សុវត្ថិភាព​ហើយ​​​ ក៏​ប៉ុន្តែ​ព្រះអង្គ​មិន​ហ៊ាន​និមន្ត​ចេញ​បិណ្ឌបាត​​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ និង​ទៅ​ជួប​ព្រះសង្ឃ​​នៅ​ទីវត្ត​អារាម​​​ឡើយ។​ព្រះអង្គ​ ឱ្យ​ដឹង​​ថា​ ​បច្ចុប្បន្ន​​មាន​មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​​បាន​​តាម​​សួរ​រក​​​ព្រះ​អង្គ​នៅ​ផ្ទះ​ញោម​​របស់​ព្រះអង្គ និង​តាម​​ទី​វត្ត​ដែល​ព្រះអង្គ​ធ្លាប់​ចេញ​ចូល​និង​គង់​នៅ​កន្លង​មក៖ «តាម​ពិត​បើ​សិន​ជា​យើង​ចុះ​ចូល​គណបក្ស​កាន់​អំណាច​ប្រហែល​គេ​មិន​ចាប់​ទេ​ ប៉ុន្តែ​អាត្មា​មិន​​ព្រម​ចុះ​ចូល​ជា​មួយ​គេ​។​គេ​ទៅ​ទាក់​ទង​​តាម​រយៈ​ឪពុក​ម្ដាយ​យើង​ មិន​មែន​ទាក់​ទង​តាម​អាត្មា​ទេ​ មេ​ឃុំ​នៅ​ខាង​អាត្មា​ហ្នឹង​ក៏​បាន​ឱ្យ​អាត្មា​ចុះ​ចូល​ទៅ​កុំ​ឱ្យ​មាន​បញ្ហា​អី​តទៅ​ទៀត​អីចឹង​។ តែ​អាត្មា​ជំហរ​រឹងមាំ​ថា​ មិន​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​ទេ​ ព្រោះ​បើ​ចូល​ប្រៀប​បាន​ដូច​ជិះជាន់​រាស្ត្រ​ និង​ឱ្យ​យួន​ចូល​ស្រុក​អីចឹង​។​អាត្មា​តាំង​ចិត្ត​រាំង​មាំ​​ទៅ​ដើរ​ទៅ​មុខ​ដើម្បី​សង្គម​អាត្មា​»។

ព្រះភិក្ខុ​ ​ស៊ឹម សុវណ្ណឌី​ ព្រះជន្ម​​៥៤​ព្រះវង្សា​ និង​ព្រះអង្គ បូរ បេត ព្រះជន្ម​៣៤​ព្រះវស្សា គង់​នៅ​វត្ត​ប្រយូរវង្ស​ រាជធានី​ភ្នំពេញ។ព្រះសង្ឃ​ទាំង​២​​​​​​អង្គ​​នេះ​បាន​ចាក​ចេញ​​ពី​វត្ត​​​កាល​ពី​យប់​ថ្ងៃ​ទី​៤​សីហា​ ហើយ​បាន​ទៅ​​​លាក់​ព្រះ​កាយ​​ក្នុង​ព្រៃ​​អស់​ជា​ច្រើន​ខែ​ ​​ដើម្បី​សុវត្ថិភាព​​របស់​ព្រះអង្គ។

ការ​រត់​ភៀស​​ព្រះ​កាយ​នេះ​ ​បន្ទាប់​ពី​​ព្រះ​អង្គ​បាន​ចូល​រួម​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​មេ​ដឹក​នាំ​សហជីព និង​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក​ រ៉ុង ឈុន​ ​កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ​។ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៤​សីហា​មក​ មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ជា​ច្រើន​នាក់​ នៅ​តែ​​ទៅ​រក​ព្រះ​អង្គ​​នៅ​វត្ត​ប្រយូរវង្ស ខណ្ឌ​ចំការ​មន ​ជា​ច្រើន​លើក​ច្រើន​សារ​​​។ ​

​ទាក់​ទង​នឹង​បញ្ហា​នេះ​ព្រះ​មេគណ រាជធានី​ភ្នំពេញ​ ព្រះ​តេជគុណ ឃឹម សន ​មាន​​ថេរ​ដីកា ​មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​មិន​បាន​តាម​​ចាប់​​ព្រះអង្គ បូរ បេត និង​ ព្រះអង្គ​ ស៊ុម សុវណ្ឌឌី​ ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ​ ​គឺ​ព្រះសង្ឃ​ទាំង​២អង្គ​នេះ​បាន​​​​​​រត់​​​​ភៀស​ព្រះ​កាយ​ដោយ​​ព្រះអង្គ​ឯង៖ «អត់​ផង​អត់​ ដូច​អត់​ដែល​ឮ​និយាយ​ផង​ ហើយ​អាត្មា​ក៏​​ព្រះសង្ឃ​នៅ​ហ្នឹង​ក៏​មិន​ឮ​​និយាយ​ថា​មាន​ព្រះសង្ឃ​២​អង្គ​អី​​អត់​បាន​គង់​នៅ​វត្ត​អី​ផង​ ហើយ​អាត្មា​មន្ត្រី​សង្ឃ​នេះ​ក៏​អត់​បាន​ធ្វើ​អី​ដែរ​»។​​

ព្រះសង្ឃ​ទាំង​២​អង្គ​នេះ​តែង​ចូល​​រួម​ជា​មួយ​​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រុម​យុវជន​ ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​ ចុះ​ល្បាត​​តំបន់​ព្រំដែន​កម្ពុជា​និង​វៀតណាម​ជា​ញឹកញាប់​ ចូល​រួម​តស៊ូ​មតិ​ជា​មួយ​ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​មក​ពី​តាម​បណ្ដា​ខេត្ត​តវ៉ា​​នៅ​តាម​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ​នៅ​រាជធានី ភ្នំពេញ​ ​និង​តែង​ចុះ​ល្បាត​ព្រៃឈើ​​ជា​ប្រចាំ។

​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ​លោក​ ស៊ឹង សែន​ករុណា ​យល់​ថា ​ព្រះតេជព្រះគុណ​ ទាំង​២​អង្គ​នេះ​ប្រឈម​នឹង​ការ​​ចាប់​ព្រះកាយ​ ប្រសិន​បើ​ព្រះអង្គ​វិល​ចូល​​វត្ត​វិញ​​អំឡុង​ពេល​នេះ​ ដោយសារ​ព្រះអង្គ​​​មាន​សកម្មភាព​លេចធ្លោ​នៅ​ក្នុង​សង្គម​​។​លោក​​ចាត់​ទុក​​រឿង​នេះ​ថា ​គឺ​ជា​ការ​បំភិតបំភ័យ​​​បិទ​សិទ្ធិ​សេរី​ភាព​សម្ដែង​មតិ​របស់​ព្រះសង្ឃ​ ដោយ​ខុស​ច្បាប់។​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ និយាយ​ថា ​ការ​ចូល​រួម​តវ៉ា​ដោយ​សន្តិវិធី​​របស់​ព្រះសង្ឃ​ទាំង​​នោះ​​ គឹ​ជា​​ការ​សម្ដែង​មតិ​ដែល​ជា​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​​​ស្រប​តាម​រដ្ឋធម្មនុញ្ញ៖ «យើង​ឃើញ​ហើយ​ព្រះសង្ឃ​ដែល​ចូល​រួម​បើ​យើង​ប្រៀបធៀប​វា​មាន​ស្តង់ដារ​២​ បើ​ព្រះសង្ឃ​ដែល​ចូល​រួម​​​គាំទ្រ​សកម្មភាព​នយោបាយ​ជា​មួយ​រដ្ឋាភិបាល​ ឬ​គណបក្ស​កាន់​អំណាច​អី​គឺ​អាច​ធ្វើ​អ្វី​ៗ​បាន​។ប៉ុន្តែ​បើ​ព្រះសង្ឃ​ដែល​លោក​ធ្វើ​កិច្ចការ​ងារ​សង្គម​ ឬ​គណបក្ស​ផ្សេងៗ​ទៀត​ គឺ​មិន​អាច​ធ្វើ​បាន​ទេ​។អីចឹង​តើ​យើង​យក​​អាហ្នឹង​មក​និយាយ​ថា​ព្រះសង្ឃ​ខុស​ច្បាប់​ដែរ​​ដោយ​របៀប​ម៉េច​ អីចឹង​បាន​ន័យ​ថា​កម្ពុជា​គឺ​អនុវត្ត​តែង​តែ​ធ្វើ​ឡើង​ដោយ​ស្តង់ដារ​២​ក្នុង​ខណៈ​ដែល​ច្បាប់​បង្កើត​ឡើង​អត់​មាន​ឱ្យ​អ្នក​ណា​ធ្វើ​បាន​ហើយ​អ្នក​ណា​ធ្វើ​មិន​បាន​​មិន​មែន​ទេ​ គឺ​អាច​ធ្វើ​បាន​ដូច​គ្នា»។

ក្រោយ​ពី​អាជ្ញាធរ​របបក្រុងភ្នំពេញ ចាប់ខ្លួនលោក រ៉ុង ឈុន ភ្លាម មានពលរដ្ឋ ក្រុម​សកម្មជន​នយោបាយ ក្រុមកម្មករ គ្រួបង្រៀន និង​ព្រះសង្ឃ រួមទាំងយុវជនជាច្រើននាក់ បានចេញតវ៉ា​ជា​បន្តបន្ទាប់​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន វិញ ដោយ​អះអាង​ថា លោក រ៉ុង ឈុន មិនបាន​ប្រព្រឹត្តិ​កំហុស​នោះ​ទេ។ ប៉ុន្តែ​ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ពួកគេ ត្រូវបានអាជ្ញាធរបង្ក្រាប និង​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ហើយពួកអាជ្ញាធរ និងសន្តិសុខក្រុងភ្នំពេញមួយចំនួន ក៏បាន​បន្លំ​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​អ្នក​តវ៉ា​ជា​ស្ត្រី​ក្មេងៗ ទៀត​ផង។ មក​ដល់​ពេល​នេះ មាន​អ្នក​តវ៉ា និង​ជាអ្នក​គាំទ្រ លោក រ៉ុង ឈុន ជាង១០នាក់​ហើយ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​​​​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​។​​ក្នុង​នោះ​មាន​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​មួយ​អង្គ​គឺ​ព្រះតេជព្រះគុណ កើត សារាយ ត្រូវបានអាជ្ញាធរចាប់ផ្សឹកហើយ​បញ្ជូន​ទៅឃុំខ្លួនដែរ។ តុលាការ​ បាន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម និង​ញុះញង់​​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

​ប៉ុន្តែ​​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន​រួមមាន ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​​ បាន​ថ្កោល​​ចំពោះ​ការ​ការ​ចាប់​ខ្លួន​ទាំង​នេះ​ដោយ​ចាត់ទុក​ថា​ជា​រឿង​នយោបាយ​ និង​បាន​ទាមទារ ឲ្យ​រដ្ឋាភិបាល​បញ្ជាក់​អំពី​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​នៃ​ការ​ចាប់​និង​ការ​ឃុំខ្លួន លោក រ៉ុង ឈុន រួម​ទាំង​អ្នក​តស៊ូ មតិ​ផ្សេងទៀត ព្រមទាំង​បាន​​ស្នើ​​ឱ្យ​រដ្ឋាភិបាល​​ដោះលែង​​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់៕

No comments: