November 19, 2020

មន្ត្រី​កម្ពុជា​ហៅ​ការ​ស្នើ​របស់​​​សមាជិក​សភា​អាមេរិក​ឲ្យ​ដាក់​ទណ្ឌកម្ម​​រដ្ឋាភិបាល​ថាជា​«រឿង​ច្រំដែល»

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ​) 


ហ៊ុល រស្មី | VOA Khmer, 18 វិច្ឆិកា 2020

ភ្នំពេញ — ក្រុម​មន្ត្រី​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ថ្លែង​សម្រាល​ការ​ស្នើ​សុំរបស់​ក្រុម​អ្នក​តាក់​តែង​ច្បាប់​សហរដ្ឋ​អា​មេរិក​ចំនួន​៨​រូប ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន ចាត់វិធាន​ការ​ជាក់​លាក់​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដើម្បី​ឲ្យ​មាន​ភាពប្រសើរ​ឡើង​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ។

ក្នុង​លិខិត​រួមគ្នា​មួយ​ចុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ ដែល​បាន​ផ្ញើ​ជូន​លោក Mike Pompeo រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ក្រុម​តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ ​បាន​ពណ៌នាអំពី​ការ​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង​៣៥​ឆ្នាំ​ ដោយ​មាន​ភ្ជាប់​កំណត់ត្រា​ជា​យូរ​មក​ហើយ​នៃ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ ការ​គំរាម​កំហែង ការចាប់​ពិរុទ្ធ​ និង​អំពើ​ពុក​រលួយ ដើម្បី​រក្សា​អំណាច។ ក្រុម​អ្នក​ធ្វើ​ច្បាប់​បាន​រំលេច​ពី​ការ​បោះ​ឆ្នោត​ជា​ច្រើន​ដែល​ពួកគេ​ចោទ​ថា«គ្មាន​លក្ខណៈ​សេរី និង​យុត្តិធម៌» ហើយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ​តែង​តែ​ឈ្នះ។

ពួក​គេ​ក៏​បាន​កត់​សម្គាល់​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​ហូរហែ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង មេដឹក​នាំ​សហជីព និង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល រហូត​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ឆ្នាំ​២០១៧​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ។

ពួកគេ​អធិប្បាយទៅ​លោក​រដ្ឋមន្ត្រី​ការ​បរទេស ​Mike Pompeo ​ថា៖

«ឥឡូវ​វា​បង្ហាញ​កាន់​តែ​ច្បាស់​ថា​មាន​តែ​សម្ពាធ​ខ្លាំងក្លា​មួយ​តែ​ប៉ុណ្ណោះ​ ដែល​អាច​កែ​ប្រែ​អាកប្បកិរិយា​របស់​រដ្ឋាភិបាល​កម្ពុជា។ យើង​ទទូច​ឲ្យ​លោក​ធ្វើ​សកម្មភាព​ ដោយ​សារ​តែ​លោក​ ហ៊ុន សែន​ និង​គណ​បក្ស​កាន់​អំណាច​របស់​លោក​ លែង​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ទំនាក់​ទំនង​ការ​ទូត​ធម្មតាៗ​ហើយ»។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ ស៊ីផាន​ ​មាន​ប្រសាសន៍​ថា​ការ​អធិប្បាយ​នានា​របស់​ក្រុម​អ្នក​ធ្វើ​ច្បាប់​សហរដ្ឋ​អាមេរិក​ជា​«រឿង​ច្រំដែល» ហើយ​បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «រឿង​ហ្នឹង​ អត់​មាន​រឿង​អី​ប្លែក​ទេ​ពី​ដែល​សមាជិក​សភា​មួយចំនួន​ហ្នឹង។ ក៏​ប៉ុន្តែ​ដល់​ស៊ី​ជម្រៅ​ទៅ​សុំ​មេត្តា​ទាក់​ទង​ទៅ​ក្រសួង​ការ​បរទេស ពីព្រោះ​ហួស​ពី​ការងារ​របស់​ខ្ញុំ»។

វីអូអេ​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ​កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេសកម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​របស់​ក្រសួង​យុត្តិ​ធម៌ មាន​ប្រសាសន៍​ថា​ការ​អំពាវនាវ​របស់​ក្រុម​អ្នក​ធ្វើ​ច្បាប់​របស់​អាមេរិក​ឲ្យ​មាន​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា​នេះ គ្រាន់​តែ​ជា​ការ​បញ្ចេញ​ទស្សនៈ​របស់​បុគ្គល​ម្នាក់ៗ។

លោក​បញ្ជាក់​ថា៖ «នេះ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​តំណាង​រាស្ត្រ សមាជិក​សភា​និង​ព្រឹទ្ធសភា​របស់​អាមេរិក​ទេ​ ដែល​ពួក​គាត់​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​ប្រឆាំង ហើយ​ប្រើ​ប្រាស់​រូបភាព​នៃ​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ​នេះជា​លេស​ ដើម្បី​ការពារ​ដល់​ក្រុម​បក្ខ​ពួក​របស់​គាត់។ អាហ្នឹង​ជា​រឿង​ធម្មតា​ ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា​ជា​ជំហរ​របស់​រដ្ឋាភិបាល​អាមេរិក​ ខ្ញុំ​គិត​ថា​ គេ​នឹង​ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ ដោយ​ផ្អែក​ទៅ​លើ​ផល​ប្រយោជន៍​ ទំនាក់​ទំនង​ការ​ទូត​ ក៏​ដូច​ជា​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ»។

ក្នុង​ចំណោម​អ្នក​ស្នើ​សុំ​នោះ មាន​សមាជិក​ព្រឹទ្ធសភា​អាមេរិកមួយ​រូប​គឺលោក Edward Markey បាន​ថ្លែង​លើ​ប្រព័ន្ធ​សង្គម Twitter​ ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​វិធាន​ការ​ដែល​កំណត់​គោល​ដៅ​ជាក់​លាក់​ ក្រោម​ច្បាប់​Global Magnitsky​មក​លើ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។


លោក​អធិប្បាយ​ថា៖ «រដ្ឋាភិបាល​អាមេរិក​ត្រូវ​តែ​ឆ្លើយ​តប​រួម​គ្នា​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​យើង ​ដើម្បី​ថ្កោល​ទោស​ការ​បង្ក្រាប​ហិង្សា​របស់​លោក​ ហ៊ុន សែន​ មក​លើ​ក្រុម​ជំទាស់​ និង​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា»។

លោក​សង្កត់​ធ្ងន់​ថា៖ «យើង​អំពាវនាវ​ឲ្យ​ក្រសួង​ការ​បរទេស និង​ក្រសួង​ហិរញ្ញវត្ថុរបស់​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌ​កម្ម​ឲ្យ​ចំ​គោល​ដៅ​ក្រោម​ច្បាប់ Magnitsky ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។

ក្រុម​អ្នក​ធ្វើ​ច្បាប់​អាមេរិក​ទាំង​៨​រូប​នេះ មាន​ដូច​ជាតំណាងរាស្ត្រមក​ពី​គណបក្ស​សាធារណរដ្ឋ លោក Ted Yoho តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិប​តេយ្យ​លោក ​Alan Lowenthal​ និង​លោកស្រី ​Elizabeth Warren សមាជិក​ព្រឹទ្ធ​សភា​មក​ពី​បក្ស​ប្រជាធិប​តេយ្យ​ជាដើម។ ពួកគេ​ក៏​បាន​លើក​ជា​អនុសាសន៍​ឲ្យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ចាប់​ផ្តើម​ការ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់នូវ​ភាព​អនុ​គ្រោះ​ពន្ធគយ​របស់​កម្ពុជា​ ដោយ​យោង​តាម​ស្ថានភាពកាន់​តែ​អាក្រក់​ទៅ​លើមេដឹកនាំ​ពលករ​និង​សហជីព។

លោក ​សុខ ឥសាន​ អ្នកនាំពាក្យ​របស់គណ​បក្ស​កាន់​អំណាច​ យល់​ថា​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​មក​លើ​មន្ត្រី​កម្ពុជា​កន្លងមក​មិន​បាន​បង្ក​បញ្ហា​ជា​ដុំកំភួន​មក​លើ​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ទេ។ លោក​ក៏​មិន​បាន​បង្ហាញ​ពី​កង្វល់​ចំពោះ​វិធានការ​សេដ្ឋកិច្ច​របស់​អាមេរិក​មក​លើ​កម្ពុជា​នោះ​ដែរ។

លោក សុខ ឥសាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​មួយ​រូប​ដែរ​នោះ មាន​ប្រសាសន៍​ថា៖

«គាត់​ចង់​ទណ្ឌកម្ម​យ៉ាង​ម៉េច​ Magnitsky Act...អាស្រ័យ​តែ​គាត់​ទៅ គាត់​ធ្វើ​ទៅ។ ក៏​ប៉ុន្តែ​វា​អត់​មាន​ឥទ្ធិពល​នៅ​ក្នុង​បរិវេណ​ឯករាជ្យ​ អធិបតេយ្យ​ភាព​[ជាតិ​]ទេ។ បើ​ដាក់​ទណ្ឌកម្ម​មន្ត្រី​របស់​គណបក្ស​ប្រជាជន​ ឬ​មួយ​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ប៉ុន្មាន​នាក់​មក​ហើយ​ហ្នឹង​ សួរ​ថា​តើ​មាន​ឥទ្ធិពល​អី​ខ្លះ​ តាំង​ពី​ថ្ងៃ​ដាក់​មក​មួយ​ឆ្នាំ​ ពីរ​ឆ្នាំ​ជាង​ហើយ​ហ្នឹង»។

កាល​ពី​ខែ​កញ្ញា ​នៅ​ក្រោម​ច្បាប់ Magnitsky​នេះ​ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើក្រុមហ៊ុន​ចិន​ឈ្មោះ​UDG (Union Development Group)ក្នុង​ការ​ចោទ​ប្រកាន់​ថា​ក្រុម​ហ៊ុន​នេះ​បាន​រឹប​អូស​យក​ដីធ្លី​និង​បំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​នៅ​ខេត្ត​កោះ​កុង។ លោក​នាយ​ឧត្តម​សេនីយ៍​ គន់ គីម ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ក៏​រង​ទណ្ឌកម្ម​ផង​ដែរ ដោយ​សារ​ការ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន​នេះ។ អ្នក​ផ្សេង​ទៀត​ដែល​ស្និទ្ធិ​នឹង​លោក ហ៊ុន សែន ហើយ​ទទួល​រង​ទណ្ឌកម្ម​នេះ​ដែរ មាន​ឧកញ៉ា​រក​ស៊ី​ឈើ លោក ទ្រី ភាព និងនាយ​ឧត្តម​សេនីយ៍ ​ហ៊ីង​ ប៊ុនហៀង ​មេ​បញ្ជាការ​កង​អង្គរក្ស​របស់នាយក​រដ្ឋមន្ត្រី។

ក្រុម​អ្នក​ធ្វើ​ច្បាប់​របស់​អាមេរិក​បាន​កត់​សម្គាល់​ត្រួសៗ​នូវ​ការ​បង្ក្រាប​មួយ​ចំនួន​ទៅ​លើ​ក្រុម​អតីត​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​និង​អ្នករិះគន់​រដ្ឋាភិបាល​ រួម​មាន​ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន និង​ការ​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន។

លោក​ Chad Roedemeier មន្ត្រី​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​លើ​លិខិត​របស់​ក្រុម​អ្នក​តាក់​តែង​ច្បាប់​អាមេរិក​ទាំង​៨​នាក់​នោះ​ទេ។

ប៉ុន្តែ​លោក​បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​យោង​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​សង្ខេប​មួយ​ដែល​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ស្ថានទូត​កាល​ពី​ថ្ងៃ​អង្គារ ដែល​លើក​ឡើង​ថាអាមេរិក​បាន​បន្ត​ឃ្លាំ​មើល​យ៉ាង​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។


អ្នកវិភាគ​នយោបាយ ​លោក មាស នី​ មាន​ប្រសាសន៍​ថា​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​ក្រុម​តំណាង​រាស្ត្រ​បាន​បង្ហាញ​ការ​បារម្ភ​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក្នុង​ពេល​សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ផ្លាស់​ប្តូរ​រដ្ឋបាល​ដឹកនាំ​ប្រទេស​ថ្មី។

លោក​កត់​សម្គាល់​ថា​ការ​អំពាវនាវ​របស់​ក្រុម​អ្នក​ធ្វើ​ច្បាប់​អាមេរិក​ទាំង​នោះ​ ​ទំនង​ជា​មិន​អាច​ញ៉ាំ​ង​ឲ្យ​មាន​ការ​ប្រែប្រួល​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ការ​ស្តា​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ឡើង​វិញ​ទេ។ ប៉ុន្តែ​លោក​ថា​ការ​នាំ​ចេញ​ទំនិញ​ដែល​កើន​ឡើង​ទ្វេ​ដង​របស់​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​ អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ។

នៅ​ក្រោមប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP (Generalized System of Preferences) ​កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩។

សង្គម​ស៊ីវិល​នៅ​កម្ពុជា​លើក​ឡើង​ថា​ពួកគេ​សង្ឃឹម​ថា​លោក ចូ បៃដិន (Joe Biden)​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក នឹង​ផ្តោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ខ្លាំង​ជាង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)៕

No comments: