November 19, 2020

រដ្ឋាភិបាល​ទទួល​ស្គាល់​ការ​រាលដាល​គ្រឿងញៀន​ដល់​ទី​ជនបទ និង​បញ្ជា​ឲ្យ​បង្កើន​ការ​ទប់ស្កាត់

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA


ដោយ វ៉ែន សុមេធ RFA 2020-11-19

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ទាំងអស់​បង្កើន​ការទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន ស្រប​ពេល​ដែល​ក្រុម​មេ​ក្លោង​ផលិត​គ្រឿងញៀន នៅ​ក្នុង​តំបន់ត្រីកោណមាស កំពុង​រក​វិធី​នាំ​គ្រឿងញៀន​ចេញ ដោយ​ឆ្លងកាត់​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​ក៏​រួមមាន​កម្ពុជា​ផង​ដែរ ដើម្បី​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។ សង្គម​ស៊ីវិល​យល់ ថា​រដ្ឋាភិបាល ចេញ​តែ​បទបញ្ជា តែ​ខ្វះ​ការ​អនុវត្ត​ជាក់ស្ដែង ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ការអនុវត្ត​គ្មាន​ប្រសិទ្ធភាព។

មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​អះអាង​ថា ការ​ចេញ​សារាចរ ឲ្យ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​នេះ ដោយសារ​រដ្ឋាភិបាល រកឃើញ​ថា ក្រុម​ផលិត​គ្រឿងញៀន នៅ​តំបន់ត្រីកោណមាស​ត្រួត​គ្នា​លើ​ភ្នំ​រវាង​ព្រំដែន ថៃ ឡាវ និង​មីយ៉ាន់ម៉ា កំពុង​ចាល់​គ្រឿងញៀន ព្រោះ​ការផលិត​ក្នុងអំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19) មិន​អាច​នាំចេញ​ទៅ​លក់​នៅ​បរទេស​បាន។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួលបន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ថា ការ​ចាប់​បាន​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ មាន​ទម្ងន់​ជាច្រើន​គីឡូក្រាម នៅ​ពេល​ថ្មីៗ​នេះ គឺជា​សញ្ញា​នៃ​ការនាំចេញ​គ្រឿងញៀន ឆ្លង​កាត់​កម្ពុជា យក​ទៅ​លក់​នៅ​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ។ លោក​បញ្ជាក់​ថា ក្រុម​ដឹកជញ្ជូន​គ្រឿងញៀន បាន​ប្ដូរ​រូបភាព ពី​ការ​ដឹក​តាម​ផ្លូវ​អាកាស មក​ដឹក​តាម​ផ្លូវគោក និង​ផ្លូវទឹក​វិញ ព្រោះ​តែ​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ ។ លោក ឲ្យ​ដឹង​ទៀត​ថា ក្រុម​ផលិត​គ្រឿងញៀន​ខ្លះ មាន​អង្គការ​ចាត់តាំង និង​មាន​កងកម្លាំងប្រដាប់អាវុធ ដែល​តម្រូវ​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​ខ្លាំង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​អស់។

មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​រូប​នេះ ព្រមាន​ថា អាជ្ញាធរ នឹង​លែង​អប់រំ​មន្ត្រី​ក្នុង​ជួរ​កងកម្លាំង​ណា ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ទៀតហើយ ក្នុង​ករណី​បើ​រក​ឃើញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន អាជ្ញាធរ​នឹង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​តែម្ដង៖ «អា​អ្នក​ផលិត វា​ផលិត​បាន​ច្រើន វា​ពិបាក​លក់​ចេញ ។ អ៊ីចឹង​! វា​ស្ទុះស្ទា ព្រោះថា​អា​ហ្នឹង តែ​ផលិត​បាន វា​មិន​អាច​ហូប​បាន​ដូច​ស្រូវ​ឯណា ។ អ៊ីចឹង​! វា​ត្រូវតែ​លក់​ចេញ ។ ហេតុអ្វី​បាន​វា​ផលិត ព្រោះ​ទីផ្សារ ដើម​ទី កណ្ដាល​ទី ចុង​ទី ។ យើង​ហ្នឹង កណ្ដាល​ទី ហើយ​ចុង​នៅ​តាម​បណ្ដា​ប្រទេស​ធំៗ ដូច​នៅ​អាមេរិក នៅ​អឺរ៉ុប បណ្ដា​ប្រទេស​ជឿនលឿន​មួយ​ចំនួន ។ ប្រទេស​ទាំង​អស់​វា​ត្រូវការ​សម្បើម​ណាស់ ហើយ​អ្នកប្រើប្រាស់​ត្រូវការ​សម្បើម​ណាស់​ដែរ ។ វា​ប្រឹង​លក់ ដើម្បី​បាន​ចំណេញ ។ ឧទាហរណ៍​ថា អំហ្វេតាមីន វា​ផលិត​១០០​គីឡូ ចំណាយ​អត់​ដល់​១០០​ដុល្លារ​ផង​ហ្នឹង ។ វា​ឆ្លងកាត់​យើង នាំ​ចេញទៅ​អាមេរិក រាប់​ម៉ឺន​ដុល្លារ ១​លាន​ដុល្លារ ឯណោះ ក្នុង​មួយ​គីឡូ ។ អ៊ីចឹង​! បាន​ថា​ការងារ​ហ្នឹង យើង​នៅ​តែ​ប្រឹងប្រែង»។

កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ ណែនាំ​ឲ្យ​ពង្រឹង​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ព្រោះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និន្នាការ​នៃ​ការ​ផលិត ចរាចរណ៍ និង​ដឹកជញ្ជូន​គ្រឿងញៀន លើ​សកល​លោក បន្ត​កើន​ឡើង ដោយ​គ្មាន​ការ​ថយ​ចុះ។

ជាពិសេស​ការផលិត​អាភៀន មួយ​ភាគ​ធំ ត្រូវ​បាន​ប្ដូរ​មក​ផលិត​គ្រឿងញៀន​សំយោគ ដែល​ប្រភេទ​សារធាតុ​ញៀន​ទាំងនេះ ងាយស្រួល​ក្នុង​ការ​ផលិត កែច្នៃ ងាយ​រក សារធាតុ​គីមី​ផ្សំ និង​ឧបករណ៍​ផលិត ព្រមទាំង​មិន​រើស​ភូមិសាស្ត្រ ឬ​ទីតាំង​ផលិត។

ក្រៅ​ពី​នេះ រដ្ឋាភិបាល​ទទួលស្គាល់​ថា សកម្មភាព​លប​លួច​ដឹកជញ្ជូន​គ្រឿងញៀន​នាំចូល​ក្នុង​ប្រទេស​កម្ពុជា នៅតែ​កើតមាន​ឡើងជា​បន្តបន្ទាប់ និង​មាន​រូបភាព​កាន់តែ​ធំ ហើយ​ការ​ជួញដូរ និង​ការប្រើប្រាស់​សារធាតុ​ញៀន ក៏​កំពុង​រីក​រាលដាល​ដល់​តំបន់​ជនបទ​មួយ​ចំនួន​ដែរ។

នេះ​គឺជា​សារាចរ យុទ្ធនាការ​ថ្នាក់​ជាតិ លើក​ទី​៥​ហើយ របស់​រដ្ឋាភិបាល ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់ ការ​ជួញដូរ​គ្រឿងញៀន ។ ប៉ុន្តែ​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា សារាចរ​កន្លងមក មិន​មាន​ប្រសិទ្ធភាព ក្នុង​​​ការ​ទប់ស្កាត់​គ្រឿងញៀន​ទេ ផ្ទុយទៅវិញ គ្រឿងញៀន កំពុង​រីក​រាលដាល​ទៅដល់​តាម​ភូមិ​ស្រុក និង​ទី​ជនបទ យ៉ាង​ច្រើន​ទៅវិញ។

តំណាង​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​ជា​គ្រូបង្រៀន នៅ​ខេត្ត​តាកែវ លោក មាស ម៉ុង ឲ្យ​ដឹង​ថា គ្រឿងញៀន បាន​រីកសាយ​កាន់តែ​ខ្លាំង នៅ​តាម​ជនបទ បណ្ដាល​ឲ្យ​សិស្ស និង យុវជន តាម​ភូមិ​ខ្លះ នាំគ្នា​សេព​គ្រឿងញៀន ហើយ​បោះបង់​ការ​សិក្សា។

លោក​យល់ថា កត្តា​ដែល​ឲ្យ​ធ្វើការ​អនុវត្ត​សារាចរ​របស់​រដ្ឋាភិបាល មិន​មាន​ប្រសិទ្ធភាព ដោយសារ​មន្ត្រី​មាន​មុខងារ​បង្ក្រាប​គ្រឿង​ញៀន គឺជា​ឈ្មួញ​រកស៊ី​គ្រឿងញៀន​ផ្ទាល់​តែម្ដង ឬ​ទទួល​បាន​ផលប្រយោជន៍​ពី​ជនល្មើស ទើប​មិន​អាច​ចាប់​មេ​ក្លោង​គ្រឿងញៀន​ធំៗ​បាន៖ «​ការអនុវត្ត​វា​អាច​ទាក់ទង​នឹង​រឿង​ផ្ទៃក្នុង អី​ផង ។ កន្លងមក យើង​ដឹង​ហើយ​ថា គេ​ធ្លាប់​ចាប់​បាន​មន្ត្រី​ធំៗ​មានអំណាច អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ហ្នឹង ។ ជាក់ស្ដែង នៅ​ខេត្ត​តាកែវ កាលពី​ប៉ុន្មាន​ខែ​មុន​នោះ ប្រធាន​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​ប៉េអិម​ខេត្ត​ហ្នឹង ជា​អ្នក​ជួញ​គ្រឿងញៀន​តែម្ដង ។ អ៊ីចឹង​! យើង​សួរ​ថា ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់​វា​នៅ​កន្លែង​ណា ។ អ្នកទទួលខុសត្រូវ​រឿង​ហ្នឹង ជា​ប្រព្រឹត្ត អ៊ីចឹង​អ្នកណា​ជា​អ្នកទទួលខុសត្រូវ»។

រយៈពេល ៩​ខែ ឆ្នាំ​២០២០ សមត្ថកិច្ច បង្ក្រាប​គ្រឿងញៀន បាន​ជិត​ប្រាំបី​ពាន់ (៧ ៨០០)​ករណី ចាប់​បាន​គ្រឿងញៀន​ជាង​ប្រាំពីរ​រយ (៧៥៣)​គីឡូក្រាម និង​ជនសង្ស័យ ជាង​មួយ​ម៉ឺន ប្រាំ​ពាន់ (១៥ ៩១៥)​នាក់៕

No comments: