November 17, 2020

តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​អតីត​សកម្មជន​បក្ស​ប្រឆាំង​​ជិត ​៧០​ នាក់​បន្ថែម​ទៀត

រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។


ហ៊ុល រស្មី | VAO khmer, 16 វិច្ឆិកា 2020

ភ្នំពេញ — តុលាការ​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​អតីត​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​បន្ថែម​ទៀត ប្រមាណ​៧០​នាក់ ពាក់ព័​ន្ធ​នឹងសំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ«រួម​គំនិត​ក្បត់» ក្នុង​ការ​គាំទ្រ​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក ​សម រង្ស៊ី។ នេះ​បើ​យោង​តាម​ដីកា​កោះ​ហៅរបស់​ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សេង ហៀង ចុះ​ថ្ងៃ​ទី៤​ ខែវិច្ឆិកា ឆ្នាំ​២០២០។ ដីកា​នេះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​បិទ​នៅស្នាក់​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ កាល​ពី​សប្តាហ៍​មុន។

លោក សេង ហៀង បាន​ចេញ​ដីកា​កោះ​ហៅ​ជុំ​ទី​ពីរ​ក្នុង​ខែ​វិច្ឆិកា​នេះ​ ដែល​អ្នក​ឃ្លាំ​មើល​យល់​ថា ​ជា​ចេតនា​ធ្វើ​ឲ្យ​គណ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​នេះ​ចុះ​ខ្សោយ​ ឬ​ក៏​រារាំង​មិន​ឲ្យ​គណបក្ស​នេះ បាន​ចូលរួម​ការ​បោះ​ឆ្នោត​ជា​ថ្មី​ទៀត។

ក្នុង​ការ​កោះ​ហៅ​ជុំ​ទី​ពីរ​នេះ​ មាន​អតីត​សមា​ជិក​គណ​បក្ស​ជំទាស់​ចំនួន​៦៨​នាក់​ ដែលពួកគេ​ភាគ​ច្រើន ​ជា​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​សកម្ម​ជន​បក្ស​នៅ​ថ្នាក់​មូលដ្ឋាន និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សំ សុគង់ ដែល​ជា​មេធាវី​ការពារ​ឲ្យ​ពួកគេ។

លោក សំ សុគង់ លើក​ឡើង​ថា​ការ​កោះ​ហៅ​សកម្មជន ​ដែល​ភាគ​ច្រើន​កំពុង​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស មាន​ចរិត​ជា​រឿងនយោបាយ​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​បញ្ជាក់​ថា បើ​និយាយ​ពី​ការ​អនុវត្ត​ច្បាប់​វិញ​គឺ​ជន​ជាប់​ចោទ​ទាំង​អស់​កំពុង​រង​ភាព​អយុត្តិធម៌​ ពី​ព្រោះ​ពួក​គេ​មិន​អាច​ពឹងរក​មេធាវី​ដោយ​ផ្ទាល់​បាន​ ហើយ​ក៏​មិន​ត្រូវ​បាន​ប្រាប់​ដោយ​ផ្ទាល់​អំពី​ការ​ចោទប្រកាន់​នានា​ប្រឆាំង​ពួកគេ។

លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​យើង​ឃើញ​ថា​ បើ​យើង​និយាយ​ពី​យុត្តិធម៌​របស់​ជនជាប់ចោទ​ ​នៅ​ពេល​ដែល​ចាត់​តាំង​មេធាវី​ដោយ​ខ្លួន​មិន​បានជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មេធាវី​ ហើយ​និង​មិន​ដឹង​ជា​សាច់​រឿង​អី​ នៅ​ពេល​ដែល​ចោទ​ប្រកាន់ ខ្ញុំ​គិត​ថា​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ»។

លោក សំ សុគង់ ឲ្យ​ដឹង​ទៀត​ថា អតីត​មេ​ដឹកនាំ​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​រូប​ កំពុង​ស្ថិត​ក្នុង​សំណុំ​រឿង​ឧបឃាត ឬ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​ ខណៈ​អតីតមន្ត្រី សកម្មជន និង​អ្នកគាំទ្រ​បក្ស​ចំនួន១១៥​នាក់​ កំពុងស្ថិត​ក្នុង​សំណុំ​រឿង​«រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»។

បទ​ចោទ​ទាំង​នេះ ​ជាប់​ពាក់​ព័ន្ធ​នឹង​ផែន​ការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី​ កាល​ពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ដែល​លោក​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​ប្រទេស​វិញ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ក្នុង​បទរួមគំនិត​ក្បត់​ បទ​ឲ្យ​ញុះ​ញង់​ហ្នឹង​ ​គេ​សំដៅ​ទៅ​លើ​អ្វី​ដែល​រក​ឃើញ​ថា​ លោក​ប្រធាន​ សម រង្ស៊ី​ និង​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ហ្នឹង គឺបាន​ប្រព្រឹត្ត​បទ​ឧបឃាតហ្នឹង ចង់​ឲ្យ​ថ្នាក់​ក្រោម​នេះ​ធ្វើ​សកម្មភាព​ដើម្បី​ញុះញង់ ឬ​ក៏រួមគំនិត​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ចឹង​ហើយ បាន​ជា​គេ​ចោទ​ពី​បទរួម​គំនិត​ក្បត់។ អ៊ីចឹង​សំណុំ​រឿង​ឧបឃាត​ហ្នឹង​មាន​តែ​៩​នាក់​ទេ»។

វីអូអេ​មិន​អាច​ទាក់​ទង​លោក ​អ៊ី រិន្ទ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។

កាល​ពី​សប្តាហ៍​មុន តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល​ការ​កាត់​ក្តី​សំណុំ​រឿង​ឧបឃាត ឬ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ ពាក់​ព័ន្ធ​នឹង​ក្រុម​អតីត​ថ្នាក់​ដឹកនាំគណ​បក្ស​ជំទាស់​ដែល​ត្រូវ​បាន​រំលាយ​ ដោយ​សារ​មិន​មាន​វត្តមាន​ជន​ជាប់​ចោទ។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​របស់​ជន​ជាប់​ចោទ។ ជន​ជាប់​ចោទ​៩​នាក់​ដែល​ត្រូវ​បាន​តុលាការ​កោះ​ឲ្យ​ចូលរួម​សវនាការ​នោះ រួម​មាន​លោក​ សម រង្ស៊ី លោកស្រី មូរ​ សុខហួរ លោក​ អេង​ ឆៃអ៊ាង លោក ​អ៊ូ ច័ន្ទ​ឬទ្ធិ​ លោក​ ហូរ វ៉ាន់​ លោក​ ម៉ែន​ សុថាវរិន្ទ្រ​ លោក​ ឡុង រី លោក​ នុត រំដួល​ និង​លោក​ស្រី ​ជូ ឡុង ​សូមួរ៉ា ភរិយារបស់​លោក​ សម រង្ស៊ី។

លោក ​ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ការ​បង្កើន​ការ​កោះ​ហៅ​អតីត​សកម្មជន​បក្ស​ជំ​ទាស់​នេះ​ មិន​អាច​បង្ខំ​ឲ្យ​សកម្មជន​ទាំង​នោះ​ចុះ​ចូល​ដូច​ករណី​ដែល​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​គឺ​លោក​ស្រី លី​ ស្រីវីណា បានស្នើ​សុំ​ចូល​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​គ្លីនិក​របស់​លោក​ស្រី​ត្រូវ​បាន​ក្រសួង​សុខាភិបាល​សម្រេច​ឲ្យ​បិទ ក្រោម​ហេតុ​ផល​ថា​មាន​អ្នក​ជំងឺ​ម្នាក់ស្លាប់​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «វាមិន[​មែន]​ជា​ ចរន្ត​កត្តា​ខ្លាំង​ដែល​ជំរុញ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​បន្ទុក​តុលាការ​ហ្នឹង​មក​ចុះចូល​ទេ។ បើ​ជា​ចុះ​ចូល​ គាត់​ចុះ​ចូល​តាំង​ពី​តុលា​ការ​កោះ​ហៅ​ ឬ​ក៏​គេ​ហៅ​ថា​ដាក់​បន្ទុក​ពី​ដំបូង។ បើ​សិន​មក​ដល់​ដំណាក់​កាល​នេះ បាន​ន័យ​ថា​ ឆន្ទៈ​ឬ​ក៏​ស្មារតី​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់​នេះ​ គាត់​មិន​មាន​ចេត​នា ឬ​ក៏​បំណង​ចុះ​ចូល​ទេ​បាទ»។

អ្នកវិភាគ​រូប​នេះ​បន្ត​ថា កំណើន​នៃ​ដីកា​កោះ​ហៅ​របស់​តុលាការ​លើ​ក្រុម​សកម្មជន​គណបក្ស​ជំទាស់នេះ​ សំដៅ​ធ្វើ​ឲ្យ​គណបក្ស​នេះ ​ចុះ​ខ្សោយឥទ្ធិពល​របស់​ខ្លួន។

ចំណាត់​ការ​តុលាការ​លើ​អតីត​ក្រុម​មេដឹកនាំ​ និង​មន្ត្រី​គណបក្ស​ជំទាស់​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលា​ការ​កំពូល បាន​កើតឡើងជា​ថ្មី​ម្តង​ទៀត​ បន្ទាប់​ពី​លោក សម រង្ស៊ី​ បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កាលពី​ចុង​ខែ​កញ្ញា​ថា ​លោក​គ្រោង​នឹង​វិល​មក​ប្រទេស​កម្ពុជា​ម្តង​ទៀត។ នៅ​លើក​នេះ ​លោក​ថា​លោកមិន​ជូន​ដំណឹង​ជា​មុន​អំពី​ថ្ងៃ​ខែ​ជាក់​លាក់​សម្រាប់​ផែន​ការ​វិល​ចូល​ស្រុក​នោះ​ទេ។

លោក ​Phil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​(Human Rights Watch) ​និយាយ​ថា​ ដីកា​កោះ​រាប់​សិប​របស់​តុលាការ​ បង្ហាញ​ថា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង​រដ្ឋា​ភិបាល​កម្ពុជា ចង់​ចាប់​ផ្តើម«សវនាការ​ទ្រង់​ទ្រាយ​ធំដែល​ធ្វើ​ឲ្យ​តែ​ល្អ​មើល​ តាម​របៀប​ផ្តាច់​ការ​ និង​ដើម្បី​បោស​សម្អាត​សកម្មជន​គណបក្ស​ប្រឆាំងម្តង​ឲ្យ​អស់​រលីង​តែ​ម្តង»។

លោក​ប្រាប់​VOA​តាម​សារ​អ៊ីមែល​ថា៖ «ច្បាស់​ណាស់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ចង់​សម្អាត​ឲ្យ​អស់​បណ្តាញ​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​នៅ​សេស​សល់​ពី​កម្ពុជា​ ដោយ​ទាំង​ការ​បង្ខំ​ឲ្យ​សកម្មជន​ទាំង​នោះ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ឬ​ដាក់​គុក​ពួក​គេ ​ក្រោម​បទ​ចោទ​ប្រតិដ្ឋ​ដោយ​តុលាការ​ដែល​មិន​យក​ជា​ការ​បាន​នោះ»។

លោក​សង្កត់​ធ្ងន់​ថា​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចង់​ក្លាយ​ជា​មេដឹកនាំ​ផ្តាច់​ការ​ ដែល​គ្មាន​អ្នក​ណា​មក​ប្រជែង​បាន ដែល​ពាក្យ​សម្តី​របស់​គាត់​ គឺជា​ច្បាប់​យ៉ាង​តឹងរ៉ឹង។

លោក​បន្ថែម​ថា៖ «គាត់​បាន​តាំង​ចិត្ត​ពី​មុន​មក​ក្នុង​ការ​បំផ្លាញ​រាល់​ទម្រង់​ដែល​ជំទាស់​នឹង​គាត់ មិន​ថា​វា​ដោយ​សារ​តែ​ជា​គណបក្ស​ប្រឆាំង អង្គការ​ក្រៅ​រដ្ឋាភិបាល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឬ​ក៏​ក្នុង​ចំណោម​ជន​សាមញ្ញ​ដែល​សម្តែងមតិ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក...។ វា​ជា​អំពើ​ក្បត់​នឹង​ការ​ធានា​របស់​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំង​ស្រុង​ ហើយ​ជា​ការ​វិល​ត្រឡប់​ទៅ​ការដឹកនាំ​បែប​ផ្តាច់​ការ​ពេញទី​ ដែល​លោក​ ហ៊ុន សែន ​ធ្លាប់​បាន​ដឹកនាំ​ក្នុង​អំឡុង​ពេល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៨០»។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា​តុលាការ​កំពុង​អនុវត្ត​វិធាន​ការ​ច្បាប់​ទៅ​តាម​នីតិវិធី ប្រឆាំង​ជន​ដែល​ត្រូវ​រក​ឃើញថា​បាន​ប្រព្រឹត្ត​បទ​ល្មើស។ លោក​ថា​ដីកា​កោះ​នឹង​ចេញជា​បន្ត​បន្ទាប់​ទៀត បើ​សិន​សកម្មជន​បក្ស​ជំទាស់ នៅ​បន្ត​ប្រព្រឹត្ត​សកម្មភាព​បំពាន​ច្បាប់។

«បាទ​ អានេះ​ជា​រឿង​ធម្មតា​ទេ​ នៃការទិដ្ឋាភាព​នៃ​ការ​អនុវត្តន៍​ច្បាប់​ តែ​កាលណា​យើង​បន្ត​ធ្វើ​សកម្មភាព​ បំពាន​ច្បាប់​ ដែល​បញ្ញត្តិ​ថា​ជា​បទ​ល្មើស​អាហ្នឹង​ នឹង​មាន​ដីកា​ចេញ​មក​បន្តបន្ទាប់​ទៀត។ ហើយ​បើ​ថា​ យើង​មិន​ចង់​ឲ្យ​មាន​ដីកា​ចេញ​មក​ទៀត​ទេ​ ឈប់​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ជា​ការ​បំពាន​ច្បាប់​ទៅ​ អាហ្នឹង​គឺ​វា​ចប់​ត្រឹម​ហ្នឹង»។

លោក​ចាត់​ទុក​ការ​អធិប្បាយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ថា​ជា​ការ​ចោទ​ប្រកាន់​ និង​ការ​ពារ​សកម្មជន ដែល​រង​បទ​ចោទ​តាម​ប្រព័ន្ធ​តុលាការ​កម្ពុជា៕

No comments: