November 19, 2020

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ច្រានចោល​ព័ត៌មាន​ដែល​ថា វៀតណាម​បោះជំរំ​តាម​ព្រំដែន

ពលរដ្ឋ​ចង្អុល​តម្រុយ​បង្គោល​ព្រំដែន​ដែល​គាត់​អះអាង​ថា​ដី​របស់​គាត់​បាត់​ទៅ​វៀតណាម នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៤៧ និង ១៤៨ ឋិត​នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Uon Chhin


ដោយ ហេង រស្មី RFA 2020-11-19

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ច្រានចោល ព័ត៌មាន​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា យោធា​វៀតណាម​បាន​បោះជំរំ​ជាច្រើន​កន្លែង លើ​ដី​ស្រែ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន ក្នុង​ស្រុក​ចន្ទ្រា​។ ទោះជា​យ៉ាង​នេះ​ក្តី អ្នកឃ្លាំមើល​ព្រំដែន​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង អនុញ្ញាត​ឱ្យ​ពលរដ្ឋ និង​យុវជន ចូលរួម​ចុះ​ពិនិត្យមើល​ព្រំដែន​នៅ​តំបន់​នោះ ដើម្បី​ជម្រះ​មន្ទិល។

អាជ្ញាធរ​ខេត្ត​ស្វាយរៀង ចាត់​ទុក​ព័ត៌មាន​រឿង​វៀតណាម​បោះជំរំ និង​តង់ នៅ​តាម​បណ្ដោយ​ព្រំដែន​ជាប់​ស្រុក​ចន្ទ្រា​នោះ​ថា ជា​ព័ត៌មាន​ក្លែងក្លាយ និង​បំពុល​សង្គម​។​

អ្នកនាំពាក្យ​សាលាខេត្ត​ស្វាយរៀង លោក រស់ ផារិទ្ធិ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា​ថា ពុំ​មាន​ទាហាន​វៀតណាម បោះតង់​ចូល​ដីស្រែ​ពលរដ្ឋ និង​ដី​ខ្មែរ តាម​បណ្ដោយ​ព្រំដែន ក្នុងស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​នោះ​ទេ​។ ចំពោះ​សំណួរ​ថា ប្រសិនបើ​ពលរដ្ឋ ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល ចង់​ទៅ​ពិនិត្យ​ព្រំដែន តើ​រដ្ឋបាល​ខេត្ត​អនុញ្ញាត​ឬទេ​? អ្នកនាំពាក្យ​រូប​នេះ ឆ្លើយ​យ៉ាង​ខ្លី​ថា កិច្ចការ​ព្រំដែន ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ជាតិ ឬ​គណៈកម្មាធិការ​ព្រំដែន ចំណែក​អាជ្ញាធរ​ខេត្ត​គ្រាន់តែ​ជា​អ្នក​សម្របសម្រួល​តែប៉ុណ្ណោះ៖ «បាទ ព័ត៌មាន​ហ្នឹង​ក្លែងក្លាយ​ទេ គឺជា​ព័ត៌មាន​បំពុល​សង្គម​។ តាម​ការពិត​មិន​មាន​វៀតណាម​ណា ចូល​មក​បោះតង់ ឬ​ធ្វើ​ជំរំ​ក្នុង​ទឹកដី​ក្នុង​ខេត្ត​ស្វាយរៀង របស់​យើងខ្ញុំ​ទេ​។ តែ​រឿង​សុំ​ទៅ​មើល ព្រំដែន នេះ​ជា​កាតព្វកិច្ច​ព្រំដែន របស់​គណៈកម្មការ​ចម្រុះ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន របស់​ថ្នាក់​ជាតិ អាជ្ញាធរ​ជា​អ្នក​សម្របសម្រួល »។

កាលពី​ថ្ងៃទី ១៦ វិច្ឆិកា ទំព័រ​ហ្វេសបុក ឈ្មោះ ជឹម សុផាត ផេក (chim sophat page) បាន​បង្ហោះ​រូបភាព​៣ សន្លឹក​អំពី​តង់​មាន​ដោត​ទង់ជាតិ​វៀតណាម បោះ​នៅ​លើ​ដីស្រែ​។ ប្រភព​ដដែល​អះអាង​ថា វៀតណាម​បោះតង់​ទាំងនោះ នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ព័ត៌មាន​នេះ​ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​ចែករំលែក​រាប់​ពាន​ដង។

បើទោះបីជា អាជ្ញាធរ​ខេត្ត​ស្វាយរៀង ប្រកាស​ច្រានចោល​ព័ត៌មាន​នេះ​ក្តី ក៏​ក្រុម​អ្នកឃ្លាំមើល​ព្រំដែន គណបក្ស​ប្រឆាំង និង​ពលរដ្ឋ នៅ​តែ​មាន​មន្ទិលសង្ស័យ និង​ចោទ​រដ្ឋាភិបាល​ថា កំពុង​ព្យាយាម​លាក់លៀម​ករណី​នេះ។

ចំណែក​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន ក្នុងស្រុក​ចន្ទ្រា​ជាច្រើន​នាក់ មិន​ហ៊ាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​រឿង​នេះ​ឡើយ។ អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ពលរដ្ឋ​មូលដ្ឋាន រយៈពេល​២​ថ្ងៃ​មក​ហើយ ដើម្បី​សាកសួរ​រឿង​នេះ ប៉ុន្តែ​អ្នកភូមិ​ទាំងនោះ បាន​កំណត់​លក្ខខណ្ឌ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ដើម្បី​ការពារ​សុវត្ថិភាព​។ ពលរដ្ឋ​ថ្លែង​ថា ពួកគេ​ប្រទះឃើញ វៀតណាម​សង់​ជំរំ​ចំនួន ៤​កន្លែង ក្នុង​ចន្លោះ​បង្គោល​ព្រំដែន​លេខ ១៨៣ ដល់ ១៨៩ ឋិត​ក្នុង​ឃុំ​មេសរថ្ងក (​អាន​ថា មេសរ៉ង៉ក) និង​ឃុំ​ទួលស្តី ស្រុក​ចន្ទ្រា។ លើស​ពី​នេះ ជំរំ​នីមួយៗ​មាន​ទង់ជាតិ​វៀតណាម និង​មាន​ទាហាន​វៀតណាម​ជាច្រើន​នាក់ ដាក់​វេន​គ្នា​យាមល្បាត​។ ចំណែក​ពលរដ្ឋ​ខ្មែរ មិន​ហ៊ាន​ធ្វើដំណើរ ទៅ​តំបន់​នោះ​ទេ ខ្លាច​សមត្ថកិច្ច​ខ្មែរ​ចាប់ចង និង​ធ្វើបាប។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ អះអាង​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត អះអាង​ថា ពុំ​មាន​ទាហាន​វៀតណាម​បោះជំរំ​មែន​នោះ គួរតែ​អនុញ្ញាត​ឱ្យ​មហាជន និង​ពលរដ្ឋ​ចុះ​ពិនិត្យមើល តំបន់​ព្រំដែន​ដោយ​ផ្ទាល់ មិន​គួរ​រឹតត្បិត និង​គំរាមកំហែង​នោះ​ទេ​៖ «ព័ត៌មាន​ផ្ដល់​ពី​ពលរដ្ឋ​មក​ឱ្យ​គេ​ធ្វើជា​ស័ង្កសី កន្លែង​ខ្លះ​គេ​ប្រក់​ជា​តង់​កៅស៊ូ​ព័ទ្ធជុំវិញ​ហ្នឹង​ទៅ ហើយ​ក្រោយ​គេ​បោះតង់​ហ្នឹង យុទ្ធសាស្ត្រ​គេ​ថា ជា​ធ្មេញ​រណា តាមពិត​ធ្មេញ​រណា មក​ចូល​តែ​ខ្មែរ​ទេ​។ អ៊ីចឹង​បញ្ហា​ទាំងនេះ​ហើយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​បាត់បង់​ដីធ្លី ហើយ​ពលរដ្ឋ​មិន​ហ៊ាន​ហា​និយាយ​ស្តី​ទាល់តែសោះ ក្នុង​ខេត្ត​ស្វាយរៀង»។

ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា ប្រសិនបើ​អាជ្ញាធរ នៅ​តែ​ព្យាយាម​លាក់លៀម​ករណី​នេះ មាន​ន័យថា រដ្ឋាភិបាល​នៅតែ​បន្ត​ការពារ មហិច្ឆតា​ឈ្លានពាន​ទឹកដី​ខ្មែរ​ពី​សំណាក់​វៀតណាម​។ លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ចាប់ខ្លួន​សកម្មជន​ព្រំដែន​ដាក់គុក និង​ហាមប្រាម​មិន​ឱ្យ​ពលរដ្ឋ​ចុះ​ពិនិត្យ​ព្រំដែន​គ្រប់​តំបន់ គឺជា​រឿង​គួរ​ឱ្យ​អាម៉ាស់ ស្រប​ពេល​ដែល​ខ្លួន​នៅតែ​អួតអាង​ថា ពុំ​មាន​វៀតណាម បោះតង់ និង​ជំរំ​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​៖ «​សព្វថ្ងៃ​ហាមប្រាម​គេ​មិន​ឱ្យ​ចុះទៅ​មើល ហើយ​ចាប់​សកម្មជន​ព្រំដែន​ដាក់គុក ហើយ​និយាយ​ថា វា​អត់​មានរឿង វៀតណាម​បោះតង់​តាម​ព្រំដែន​។ អ៊ីចឹង​វា​ខុស​ពី​ភាព​ជាក់ស្តែង ដែល​កើតឡើង»។

កាលពី​ចុងខែ​កក្កដា​កន្លងទៅ អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី ថា វៀតណាម​បាន​បោះតង់​ចំនួន ២៨៧​កន្លែង នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។ ក្រោយមក វៀតណាម​បាន​ប្រែក្លាយ​តង់​ជាច្រើន​កន្លែង​ទៅជា​សំណង់​រឹង ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ធ្វើ​អ្វី​ជា​ដុំកំភួន​ដើម្បី​ឆ្លើយតប​ទៅ​ភាគី​វៀតណាម​នៅឡើយ​នោះ​ទេ៕

No comments: