November 16, 2020

អង្គការ​សមាគម​ខ្មែរ​ក្រោម​គ្រោង​ធ្វើ​ពិធី​រំលឹក​ព្រឹត្តិការណ៍​ងើប​ឡើង​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ខេត្ត​ព្រះត្រពាំង

ព្រះ​ចៅ​អធិការ​វត្ដ​ខេមរង្សី ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា។  Provided


ដោយ យន់ សាមៀន RFA 2020-11-14

សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា​គ្រោង​នឹង​ជួបជុំ​គ្នា​រំលឹក​ខួប ៤៤ឆ្នាំ នៃ​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ១៩៧៦ នៃ​ការ​ងើប​ឡើង​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ខេត្ត​ព្រះត្រពាំង។ ក្នុង​ព្រឹត្តិការណ៍​ ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​ក្រោម​នេះ ត្រូវ​រង​ការ​បង្ក្រាប​ដោយ​អាវុធ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម បណ្ដាល​ឲ្យ​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជា​ច្រើន​អ្នក និង​នាក់​ស្លាប់ រង​ការ​កាត់​ទោស​ប្រហារ​ជីវិត និង​ខ្លះ​ទៀត ត្រូវ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ។

មន្រ្តី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ដល់​ខ្មែរ​ក្រោម​ទាំង​អស់​នូវ​ចងចាំ​ព្រឹត្តិការណ៍​បះបោរ​របស់​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ក្រោម ដែល​ហ៊ាន​ធ្វើ​ពលីកម្ម​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​ខ្មែរ​ក្រោម អាច​រស់រាន​មាន​ជីវិត​រហូត​មក​ទល់​សព្វ​ថ្ងៃ។

នៅ​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ខាងមុខនេះ ជា​ទិវា​គម្រប់​ខួប​ឆ្នាំ​ទី ៤៤ឆ្នាំ ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង បាន​ក្រោក​ឡើង ផ្ដួល​រំលំ​រដ្ឋាភិបាល​បក្ស​វៀតណាម តាម​រយៈ​ការ​បង្កើត​រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​គោល​បំណង​រំដោះ កម្ពុជា​ក្រោម​ពី​អាណា​និគម​វៀតណាម។ លទ្ធផល​ក្រោយ​ពី​ព្រឹត្តិការណ៍​នេះ​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ជាច្រើន អង្គ និង​រូប ត្រូវ​ទាហាន​វៀតណាម​វៀតណាម​បាញ់​សម្លាប់ កាត់​ទោស​ប្រហារ​ជីវិត​ និង​ធ្វើ​ទារុណកម្ម​ នៅ​ក្នុង​គុក​ជា​ដើម ។


លោក គឹម ប៊ុកកែវ សាក្សី​នៃ​ព្រឹត្តិការណ៍​បះបោរ​របស់​ខ្មែរ​ក្រោម​ឲ្យ​ដឹង​ថា មុន​ពេល​លោក​ទទួល​មរណៈ​ភាព​កាល​ពី​ពេល​ថ្មីៗ នេះ​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី១៦ វិច្ឆិកា​នេះ កើត​ឡើង​ដោយ​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម មិន​ចង់​រស់នៅ ក្រោម​របប​អាណានិគម​វៀតណាម៖ «កាល​ពី​ឆ្នាំ១៩៧៥ ខ្ញុំ និង​មនុស្ស​ម្ភៃ​នាក់​បាន​ធ្វើ​ចលនា​ទាមទារ ដើម្បី​សិទ្ធិ​សេរីភាព​ខ្មែរ​ក្រោម គេ​ចេះ​រឹតត្បិត​ទើប​បាន​មាន​ចលនា​តស៊ូ​ឆ្នាំ១៩៧៥ ហ្នឹង។ ម្ភៃ​រូប​ជា​អ្នក​ចលនា​ទូទៅ​ខេត្ត​ឃ្លាំង និង​ទូទាំង​កម្ពុជា​ក្រោម ពេល​ហ្នឹង​ហើយ​មាន​ការ​ផ្ទុះ​កាំភ្លើង»។


លោក​បន្ត​ទៀត​ថា លោក​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ និង​ធ្វើ​ទារុណកម្ម អស់​ជា​ច្រើន​ឆ្នាំ ទើប​វៀតណាម​ដោះ​លែង​លោក ហើយ​លោក​សម្រេច​ចិត្ត​រត់​ចោល​ទឹក​ដី​កំណើត​មក​រស់​នៅ​កម្ពុជា៖ «ពន្ធនាគារ​ហ្នឹង គេ​យក​ចម្លើយ គេ​វាយ ធាក់​ទាត់​គ្រប់​យ៉ាង។ វាយ​រហូត​ដល់​ចេញ​ឈាម​តាម​មាត់​ទៀត​ផង ពេល​ហ្នឹង​ខ្ញុំ​ក៏​គ្រាំគ្រា​ដែរ»។


​ការ​បះបោរ​របស់​ខ្មែរ​ក្រោម​នេះ កើត​ឡើង​ក្រោយ​រណសិរ្ស​មួយ​ឈ្មោះ​ថា រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​លោក សឺង ញ៉ ជា​ប្រធាន និង​លោក កៀង ហ៊ាន ជា​អនុប្រធាន បាន​បង្កើត​ឡើង។ កាល​ពី​ឆ្នាំ ១៩៧៤ អ្នក​ទាំងពីរ ដែល​កាល​នោះ​នៅ​ជា​សង្ឃ​នៅ​ឡើយ បាន​ពិភាក្សា​ថា វៀតណាម នឹង​ចូល​កាន់កាប់​លើ​ទឹកដី​កម្ពុជា​ក្រោម​ទាំង​ស្រុង ហើយ​វៀតណាម នឹង​មិន​គោរព​នូវ​កិច្ច​ព្រមព្រៀង​រវាង​ខ្មែរ និង​អន្តរជាតិ​ឡើយ ហេតុ​នេះ​ហើយ​ទើប ពួក​គេ​បាន​ត្រៀម​លក្ខណៈ ដើម្បី​ទប់ទល់​នឹង​ការ​ចូល​លុកលុយ​ពី​របប​អាណា​និគម​បក្ស​កុម្មុយនិស្ត​ថ្មី​មួយ​នេះ។

ក្រោយ​មក​រណសិរ្ស​នេះ ក៏បាន​ចាប់​ផ្ដើម​កើតឡើង ក្រោម​រូបភាព​បង្រៀន​មន្ត​អាគម​គាថា ដើម្បី​ប្រមូល​កម្លាំង​ប៉ុន្តែ​នៅ​ជា​ចលនា មាន​ទ្រង់ទ្រាយ​តូចតាច​នៅ​ឡើយ​ទេ។ ក្តី​បារម្ភ​របស់ មេ​ចលនា​តស៊ូ បាន​កើត​ឡើង​មែន កាល​ពី​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ ១៩៧៥ ពេល​អាណានិគម​កុម្មុយនិស្ត​វៀតណាម​ខាង​ជើង បាន​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​ក្រោម​ទាំងស្រុង​ហើយ​នោះ ទើប រណសិរ្ស​សេរីភាព​ជាតិ រំដោះ​ខ្មែរ​កម្ពុជា​ក្រោម បាន​បើក​យុទ្ធនាការ វាយលុក​ចូល គ្រប់​ស្ថាប័ន​បក្ស​កុម្មុយនិស្ត​វៀតណាម​ កាល​ពី​ថ្ងៃ​ទី១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។ ដំបូង​ឡើយ ពលរដ្ឋ​ខ្មែរ​ក្រោម បាន​វាយ​លុក​ទៅ​លើ​អាជ្ញាធរ​វៀតណាម​បណ្ដាល​ឲ្យ​វៀតណាម​ស្លាប់​ជា​ច្រើន​នាក់ ប៉ុន្តែ​ក្រោយ​មក​ដោយសារ​តែ​វៀតណាម​ប្រើប្រាស់​រថក្រោះ​កាំភ្លើង​ធំ ទើប​ខ្មែរ​ក្រោម មិន​អាច​ទប់ទល់​រួច បណ្ដាល​ឲ្យ​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់​ស្លាប់ និង​ត្រូវ​វៀតណាម​ចាប់​ខ្លួន។

ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បះបោរ​នេះ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី៧ វិច្ឆិកា​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ចាំបាច់ ត្រូវ​ចងចាំ វីរភាព​របស់​បុព្វបុរស​ខ្មែរ​ក្រោម ដែល​ហ៊ាន​បូជា​សាច់​ស្រស់ និង​ឈាម​ស្រស់ ដើម្បី​សេរីភាព និង​បូរណភាព​ទឹក​ដី​ខ្មែរ​ក្រោម​ទាំង​មូល៖ «សូម​ឲ្យ​បង​ប្អូន​ខ្មែរ​ក្រោម​យើង​នៅ​ទូទាំង​ពិភពលោក​ហ្នឹង ត្រូវ​ចងចាំ​ថ្ងៃ​ព្រឹត្តិការណ៍ ដ៏​ជូរចត់​របស់​ខ្មែរ​ក្រោម ដែល​ក្រោម​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​នៅ​ឆ្នាំ ១៩៧៦ ដូច្នោះ​យើង​ត្រូវ​បន្ត​ធ្វើ​ខួប​នៃ​ព្រឹត្តិការណ៍ ដែល​អាជ្ញាធរ​វៀតណាម​ធ្វើ​ទារុណកម្ម ចំពោះ​ខ្មែរ​ក្រោម ដែល​ក្រោក​ឡើង​តវ៉ា»។

ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា បន្ត​ទៀត​ថា បច្ចុប្បន្ន​ខ្មែរ​ក្រោម​មិន​បោះបង់​ចោល ការ​ទាមទារ​សិទ្ធិ​ជា​ម្ចាស់​​ស្រុក​នោះ​ទេ ក៏​ប៉ុន្តែ​ខ្មែរ​ក្រោម​ប្រែ​ក្លាយ ការ​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត​តាម​រយៈ​ការ​តស៊ូ​ដោយ​អហិង្សា​នៅ​លើ​ឆាក​អន្តរជាតិ៖ «យើង​ទាមទារ​ដោយ​អហិង្សា​សុទ្ធសាធ ទៅ​តាម​ច្បាប់​អន្តរជាតិ ព្រោះ​ថា ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​យើង យើង​មាន​សិទ្ធិ​សេរីភាព គ្រប់គ្រាន់​ក្នុង​ការ​រក្សា​សិទ្ធិ ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​របស់​យើង ដែល​រស់​នៅ​ក្រោម​នឹម​អាណានិគម​យួន​សព្វថ្ងៃ​នេះ យើង​ត្រូវ​តែ​ក្រោក​ការពារ​សិទ្ធិ​របស់​យើង»។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សមាគម​ខ្មែរ​ក្រោម​ជា​ច្រើន​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ជា​ម្ចាស់​ស្រុក ដើម្បី​ទទួល​បាន​សិទ្ធ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត។ ស្រប​ពេល ដែល​ខ្មែរ​ក្រោម​កំពុង​ធ្វើ​យុទ្ធនាការ​នេះ អាជ្ញាធរ​វៀតណាម ក៏​កំពុង​បង្កើន​យុទ្ធនាការ​បង្ក្រាប​យុវជន​ខ្មែរ​ក្រោម​ផង​ដែរ។ យុវជន​ខ្មែរ​ក្រោម​ជា​ច្រើន​រូប ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ផាក​ពិន័យ​ជា​ច្រើន​រយ​ដុល្លារ​ដោយសារតែ​ពួក​គេ បញ្ចេញ​ព័ត៌មាន​ទស្សនៈ និង​ព័ត៌មាន​ពិត​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម និង​ទាមទារ​ចង់​បាន​សិទ្ធិ​សេរីភាព​ជា​ម្ចាស់​ស្រុក។ អាជ្ញាធរ​វៀតណាម​ក៏​បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ ដោយសារ​តែ​ពួក​គេ​ក្រោក​ឡើង​បាតុកម្ម​ប្រឆាំង​ការ​រឹបអូស​ដី​ស្រែ​របស់​ពួក​គេ​ដោយ​គ្មាន​សំណង។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ទោះ​បី​រង​ការ​បង្ក្រាប និង​ផាក​ពិន័យ​ពី​សំណាក់​វៀតណាម​ក៏​ដោយ​ចុះ តែ​យុវជន​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម មិន​បាន​ចុះ​ញ៉ម និង​ខ្លាច​ការ​គំរាម​របស់​វៀតណាម​ឡើយ ពួក​គេ​នៅ​តែ​បញ្ចេញ​មតិ និង​ទាមទារ​សិទ្ធិ​សេរីភាព​ដដែល៕

No comments: