November 13, 2020

ពលរដ្ឋ​មួយ​ចំនួន​សោកស្ដាយ​ដែល​សកម្មជន​ព្រៃឈើ​ព្រះភិក្ខុ ប៊ុន សាលួត គ្រោង​លាចាក​សិក្ខាបទ

ព្រះ​មេគណ​ខេត្ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន ព្រះភិក្ខុ ប៊ុន សាលួត (រូប​កណ្ដាល) ក្នុង​ពិធី​ទទួល​ពានរង្វាន់​កម្រិត​ពិភពលោក ​ផ្នែក​ការពារ​ព្រៃឈើ នា​ពេល​កន្លង​ទៅ។  រូប​ហ្វេសប៊ុក ព្រះអង្គ ប៊ុន សាលួត


ដោយ ហេង រស្មី RFA 2020-11-12

ប្រជាពលរដ្ឋ​និង​សកម្មជន​បរិស្ថាន​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​ប្រធាន​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន្ត​ខេត្ត​ឧត្ដរមានជ័យ គឺ ព្រះតេជព្រះគុណ ប៊ុន សាលួត នឹង​លាចាក​សិក្ខាបទ​នៅ​ចុង​ខែ​វិច្ឆិកា​ខាងមុខ​។ ពួកគេ​ព្រួយបារម្ភ​ថា ព្រៃ​សហគមន៍​មួយ​នេះ​អាច​នឹង​ហិនហោច នៅ​ពេល​ដែល​អវត្តមាន​របស់​ព្រះអង្គ។

ប្រជាពលរដ្ឋ​នៅ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន្ត លោក សារ ថ្លៃ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន មានការ​ភ្ញាក់​ផ្ញើ​ល និង​សោកស្ដាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ទទួល​ដំណឹង​ថា ព្រះអង្គ ប៊ុន សាលួត គ្រោង​លាចាក​សិក្ខាបទ ឬ​សឹក​ក្លាយ​ជា​ពលរដ្ឋ​សាមញ្ញ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​ឱ្យ​ដឹង​ថា ព្រៃ​សង្ឃ​រុក្ខវ័ន្ត​គង់វង្ស​មកដល់​សព្វថ្ងៃ​នេះ ដោយសារ​ព្រះអង្គ​ដឹកនាំ​ប្រជាពលរដ្ឋ​ចុះ​ល្បាត​ការពារ​ព្រៃ​មួយ​នេះ​ជាប្រចាំ។ លោក​ព្រួយបារម្ភ​ថា ក្រោយ​ពី​ព្រះអង្គ​សឹក​ទៅ នឹង​ពុំ​មាន​អ្នកការពារ​ព្រៃ​ធម្មជាតិ​មួយ​នេះ​ឱ្យ​បាន​គង់វង្ស​តទៅទៀត​ឡើយ៖ «បាទ​យើង​ភ័យ​ព្រួយ​ពី​បញ្ហា​ខ្លាច​បាត់បង់​ធនធាន​ព្រៃ ដូច​ថា អ្នក​មក​ក្រោយ​ខ្លាច​មិន​មាន​សមត្ថភាព​ដូច​ព្រះអង្គ។ ទី​២​ដូច​ថា ការងារ​ដឹកនាំ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ក្នុង និង​ក្រៅ​ប្រទេស​គឺ​ស្គាល់​ព្រះអង្គ ម្ល៉ោះហើយ​ពេល​លោក​ត្រូវ​ការ​ធ្វើ​អី​គេ​ជួយ​លោក​គ្រប់​ពេល។ ប៉ុន្តែ​ពេល​លោក​លាចាក​សិក្ខាបទ​អីចឹង​ទៅ​មិន​ដឹង​ថា លោក​មានគុណ​តម្លៃ​អី​ដូច​មុន​ឬក៏​យ៉ាងម៉េច»។

ចំណែក អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធមនុស្ស​អាដហុក​(Adhoc) លោក ស៊ឹង សែនករុណា ក៏​សម្ដែង​ការ​ព្រួយបារម្ភ​ដូច​ប្រជាពលរដ្ឋ​ដែរ។ លោក​យល់ថា ការ​លាចាក​សិក្ខាបទ​របស់​ព្រះអង្គ​ប៊ុន សាលួត គឺជា​ការបាត់បង់​ធនធាន​ព្រះសង្ឃ​ដ៏​កម្រ​ដែល​បាន​ជួយ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា។

សកម្មជន​បរិស្ថាន លោក ម៉ា ចិត្រា សង្ស័យ​ថា គម្រោង​លាចាក​សិក្ខាបទ​របស់​ព្រះអង្គ​នេះ អាច​បណ្ដាល​មកពី​មាន​គំនាប​ពី​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន ដោយសារតែ​ព្រះអង្គ​ការពារ​ព្រៃឈើ​បាន​ល្អ ដែល​ជា​ឆ្អឹង​ទទឹង​ក របស់​ជនល្មើស​ដែល​ស្និទ្ធ​នឹង​អាជ្ញាធរ៖ «បើសិនជា​មិន​មាន​វត្តមាន​ព្រះអង្គ​ទេ ខ្ញុំ​គិត​ថា ព្រៃឈើ​នៅ​តំបន់​នោះ​នឹង​មិន​អាច​រក្សា​បាន​គង់វង្ស​ទេ ព្រោះ​អី កន្លង​មក​សកម្មភាព​ព្រះអង្គ​នៅ​ព្រៃ​សង្ឃ​រុក្ខវ័ន្ត​ហ្នឹង​ផុលផុស​មែនទែន ហើយ​ប្រសិនជា​ព្រៃ​ធ្លាក់​ទៅលើ​ដៃ​ជន​ណាមួយ ឬក៏​មន្ត្រី​ណាមួយ ដែល​អសមត្ថភាព​គ្រប់គ្រង​ខ្ញុំ​គិត​ថា ព្រៃ​តំបន់​ហ្នឹង នឹង​វិនាស​ក្នុង​ថ្ងៃ​ណាមួយ​ជាមិនខាន»។

ព្រះ​មេគណ​ខេត្ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន ព្រះភិក្ខុ ប៊ុន សាលួត គ្រោង​លាចាក​សិក្ខាបទ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ខាងមុខនេះ ក្រោយ​បួស​ជាច្រើន​វស្សា និង​ចំណាយ​ពេល​ភាគច្រើន​នៃ​ភេទ​ជាស​ង្ឃ ដើម្បី​ការពារ​ព្រៃឈើ។

ព្រះអង្គ ប៊ុន សាលួត មាន​ថេរ​ដីកា​ប្រាប់​អាស៊ីសេរី​ថា ការ​លាចាក​សិក្ខាបទ​នេះ ដោយសារ​ព្រះអង្គ​អស់​និស្ស័យ​ជា​បព្វជិត មិន​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​ផ្សេង​នោះ​ទេ​។ ទោះជា​យ៉ាងណា ព្រះអង្គ​ឱ្យ​ដឹង​ថា ក្រោយ​លាចាក​សិក្ខាបទ ព្រះអង្គ​នឹង​នៅតែ​បន្ត​ការងារ​ការពារ​ព្រៃឈើ​ដដែល៖ «អាត្មា​នៅតែ​បន្ត​ទៀត តែ​ខាង​ផ្នែក​សង្ឃ​អាត្មា​ឱ្យ​ខាង​ព្រះសង្ឃ​ជា​ប្រធាន​គ្រប់គ្រង អាត្មា​នៅ​ជា​គណៈកម្មការ​ជា​សមាជិក​របស់​ព្រៃឈើ​នោះ។ ព្រោះ​ព្រះសង្ឃ​ជា​ឧត្ដមភេទ​យើង​មិន​អាច​នៅ​គ្រប់គ្រង​ព្រះសង្ឃ​បាន​ទេ យើង​គ្រាន់តែ​នៅ​ជា​ជំនួយការ​សម្របសម្រួល​អី​ជាមួយ​លោក យើង​នៅតែ​ធ្វើ​ត ដោយសារ​ព្រៃ​នេះ​ចាប់​បដិសន្ធិ​ពី​អាត្មា»។

ព្រះអង្គ ប៊ុន សាលួត មាន​ព្រះជន្ម​៥២​ព្រះវស្សា​។ ព្រះអង្គ​បាន​បួស​ជា​ព្រះសង្ឃ ៣០​ព្រះវស្សា ហើយ​បាន​ចំណាយ​ពេល​ចំនួន ២០​ព្រះវស្សា​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខវ័ន្ត។ ព្រះអង្គ​ទទួល​បាន​ពានរង្វាន់​ទាំង​ថ្នាក់​ជាតិ និង​កម្រិត​ពិភពលោក​ជាច្រើន ហើយ​កាលពី​ឆ្នាំ​២០១០ ព្រះអង្គ​បាន​ទទួល​ពានរង្វាន់​ពិភពលោក​ផ្នែក​អ្នកការពារ​ព្រៃឈើ​ឆ្នើម​តំណាង​ប្រទេស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ទីក្រុង​ញ៉ូវយ៉ក (New York) សហរដ្ឋអាមេរិក។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្ដរមានជ័យ លោក ភួង លីណា ប្រាប់​អាស៊ីសេរី​ថា លោក​ពុំ​ដឹង​មូល​ហេតុ​ដែល​ព្រះអង្គ ប៊ុន សាលួត មាន​គម្រោង​លាចាក​សិក្ខាបទ​ដោយសារ​អ្វី​នោះ​ទេ​។ ទោះជា​យ៉ាង​លោក​និយាយ​ថា ការងារ​កន្លងមក​ព្រះអង្គ​តែង​សហការ​ល្អជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ការពារ​ព្រៃឈើ​ជា​ប្រចាំ។ លោក​បន្ត​ថា បើ​ទោះ​ជា​ព្រះអង្គ​សឹក ក៏​អាជ្ញាធរ​នឹង​នៅ​តែ​សហការ​ល្អជា​មួយ​ព្រះអង្គ​ដដែល៖ «នៅ​ក្នុង​តំបន់​អភិរក្ស​គឺ​យើង​មាន​សហគមន៍ ដែល​យើង​គាំទ្រ​នៅ​ក្នុង​ការចូលរួម​គ្រប់​គ្រង​ធនធាន​ជាតិ។ អីចឹង​មិនមែន​មានតែ​ព្រះអង្គ​ទេ គ្រប់​អ្នកចូលរួម​នៅ​ក្នុង​ការ​អភិរក្ស​តំបន់​នោះ គឺ​យើង​រីករាយ យើង​សហការ​ជាមួយគ្នា​ទាំងអស់។ ប៉ុន្តែ​ឱ្យ​ខ្ញុំ​ឆ្លើយ​ឱ្យ​ច្បាស់​ថា បន្ទាប់ពី​ព្រះអង្គ​លាចាក​យ៉ាងម៉េច​នោះ​វា​អត់​ទាន់​កើត អីចឹង​រឿង​ហ្នឹង​វា​អត់​កើត​មក​ច្បាស់​ខ្ញុំ​អត់​ទាន់​ដឹង»។

ព្រៃ​សង្ឃ​រុក្ខវ័ន្ត​មាន​ផ្ទៃដី ៣០ ២៥៤​ហិកតារ ស្ថិត​នៅ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ស្រុក​សំរោង ខេត្ត​ឧត្ដរមានជ័យ។ សហគមន៍​មួយ​នេះ​មាន​ព្រៃឈើ​នៅ​សេសសល់​ច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ និង​មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​រស់នៅ៕

No comments: