November 14, 2020

រដ្ឋមន្ត្រី​មហាផ្ទៃ​លើកទឹកចិត្ត​ឲ្យ​ប្ដឹង​តាម​ហ្វេសប៊ុក ប្រសិន​បើ​ប៉ូលិស​មូលដ្ឋាន​មិន​​ដោះស្រាយ

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ពិធី​បើក​សន្និបាត​ត្រួត​ពិនិត្យ​ការងារ​ឆ្នាំ២០១៩ លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០ នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០២០។


ដោយ ម៉ៅ សុធានី RFA 2020-11-14

មន្ត្រី​ជាន់ខ្ពស់​នៃ​របប​ក្រុងភ្នំពេញ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្ដឹង​បញ្ហា​នានា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ប្រសិនបើ​ប៉ូលិស​នៅ​តាម​មូលដ្ឋាន មិន​អើពើ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា​ថា គ្រប់​ព័ត៌មាន​ដែល​ទទួល​បាន លោក​នឹង​ចាត់​ឲ្យ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា ការ​ប្តឹង​ឬ​សរសេរ​ពី​បញ្ហា​នានា​តាម​បណ្ដាញ​សង្គម Facebook គឺជា​វិធី​ដ៏​ល្អ​បំផុត និង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ដោះស្រាយ​រាល់​តម្រូវការ​របស់​ព​ល​រដ្ឋ​នៅ​តាម​មូលដ្ឋាន ដែល​អាជ្ញាធរ​មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ៖ «ប្រសិនបើ​រាយការណ៍​ទៅ​ប៉ូលិស​ប៉ុស្តិ៍ ប៉ូលិស​ព្រងើយកន្តើយ មិន​ចាត់វិធានការ យើង​មាន​បណ្ដាញ​ហ្វេសប៊ុក។ ខ្ញុំ​ក៏​មាន​ហ្វេសប៊ុក​ដែរ ដាក់​តាម​ហ្នឹង​ទៅ គឺ​យើង​ដឹង​គ្រប់គ្នា ដូចនេះ​ឆាប់​ណាស់ ពីព្រោះ​ខ្ញុំ​បាន​ចាត់​ឲ្យ​ប្រមូល​ព័ត៌មាន​នេះ គឺ​មិន​រើសអើង​ទេ​។ ព័ត៌មាន​តាម​ហ្វេសប៊ុក ក៏​ជា​ព័ត៌មាន ហើយ​ព័ត៌មាន​តាម​បណ្ដឹង​ជា​លាយលក្ខណ៍​អក្សរ​ក៏​ជា​ព័ត៌មាន​។ យើង​យក​ទាំងអស់ និង​ចុះ​ពិនិត្យមើល​តើ​រឿង​ហ្នឹង​ពិត​ឬ​មិន​ពិត​។ ភាគច្រើន​ក្នុង​រង្វង់​ពី​៨០% ទៅ​៩០% គឺ​វា​ពិត»។

លោក ស ខេង លើក​ឡើង​ដូច្នោះ នៅ​ពេល​លោក​ផ្ដល់​ពូជស្រូវ និង​អំណោយ​ផ្សេងៗ ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​ព្រៃវែង បណ្ណាល័យ​ឱ្យ​ប៉ះពាល់​ដំណាំ​ស្រូវ សរុប​ជិត ៦​ពាន់​ហិកតារ (៥ ៦៦៨) ក្នុង​នោះ​ខូចខាត​ចំនួន ៣​ពាន់​៥០០​ហិកតារ ក្នុងស្រុក​ចំនួន​៧។ បន្ថែម​ពី​នេះ ទឹកជំនន់ បណ្ដាល​ឲ្យ​ខូចខាត​ផ្លូវ ទំនប់​ប្រឡាយ ប្រព័ន្ធ​លូ ជាដើម។

ទឹកជំនន់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​សម្លាប់​មនុស្ស​ចំនួន ៤៤​នាក់​។ គិត​ត្រឹម​ថ្ងៃ​២៧ ខែ​តុលា មាន​ប្រជា​ពលរដ្ឋ រង​ផល​ប៉ះពាល់ ប្រមាណ​ជិត ១៥​ម៉ឺន​គ្រួសារ ស្មើ​ប្រមាណ​ជិត ៦​សែន​នាក់​។ ប្រជាជន​ដែល​ត្រូវ​បាន​ជម្លៀស មាន​ចំនួន ជាង​៤​ម៉ឺន ៧​ពាន់​នាក់ លំនៅឋាន​ប៉ះពាល់ ជាង​១​សែន ៣​ម៉ឺន​៤​ពាន់​ខ្នង ដំណាំ​ស្រូវ​លិច​ទឹក​ជាង ២​សែន ៨​ម៉ឺន ៤​ពាន់​ហិកតារ និង ដំណាំ​រួមផ្សំ​ជិត​១​សែន ហិកតារ ព្រមទាំង​ហេ​ថា​រចនាសម្ព័ន្ធ​ជាច្រើន​រួមមាន​ផ្លូវជាតិ ផ្លូវ​ខេត្ត ទំនប់​និង​ប្រឡាយ​មេ ជាដើម ដោយសារ​គ្រោះ​ទឹក​ជំនន់៕

No comments: