November 18, 2020

ក្រុមហ៊ុន​សិង្ហបុរី​ ស្នើសុំ​កម្ពុជា លើកពេល​បូម​ប្រេង​នៅ​ប្លុកA ទៅ​ឆ្នាំ​ក្រោយ

ផ្ទាំងផ្សព្វផ្សាយ​អំពី​អណ្ដូង​ប្រេងកាត​ក្រោម​បាត​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ។  រូប៖ ក្រសួង​រ៉ែ និង​ថាមពល


ដោយ ឡេង ម៉ាលី RFA 2020-11-16

រដ្ឋាភិបាល​កម្ពុជា កំពុង​ពិនិត្យ​មើល​សំណើ​របស់​ក្រុមហ៊ុន គ្រីសអ៊ែនណើជី (KrisEngergy)​របស់​ប្រទេស​សិង្ហបុរី ដែល​បាន​ស្នើសុំ​ពន្យារ​ពេល​បូម​ប្រេង​ជា​លើក​ដំបូង​នៅ​ប្លុក អេ (A) ក្នុង​ដែន​សមុទ្រ​កម្ពុជា​ជាប់​ប្រទេស​ថៃ ​ដែល​គ្រោង​ចាប់​ផ្ដើម​បូម​នៅ​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុន​មួយ​នេះ ស្នើសុំ​ពន្យារ​ពេល​រហូត​ដល់​ខែមេសា ​ឆ្នាំ​២០២១​ខាងមុខ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួងរ៉ែ និង​ថាមពល លោក ជៀប សួរ ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ថា ការ​ស្នើសុំ​ពន្យារ​ពេល​បូម​ប្រេង​របស់​ក្រុមហ៊ុន KrisEnergy នេះ ដោយសារ​ជំងឺ​កូវីដ១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចូល​ឧបករណ៍​សម្ភារៈ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ពិនិត្យ​សំណើ​នេះ​ថា តើ​គួរ​តែ​អនុញ្ញាត ឬ​យ៉ាង​ណា ប៉ុន្តែ​លោក​បញ្ជាក់​ថា តាម​លក្ខខណ្ឌ​ប្រសិន​បើ​ក្រុមហ៊ុន​ មិន​អាច​បូម​ដំណក់​ប្រេង​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០២០ តាម​ការ​សន្យា​បាន​ទេ គឺ​រដ្ឋ​មាន​សិទ្ធិ​ផាក​ពិន័យ​ផ្សេងៗ។ លើស​ពី​នេះ​ ប្រសិន​បើ​កម្ពុជា ពន្យារ​ពេល​ឲ្យ​រហូត​ដល់​ខែមេសា​ ឆ្នាំ២០២១ ​ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​ នៅ​តែ​មិន​ទាន់​អាច​បូម​ប្រេង​បាន​ទៀត គឺ​រដ្ឋ​មាន​សិទ្ធិ​ដក​ហូត ឬ​បញ្ចប់​កិច្ច​ព្រមព្រៀង។ ទោះ​ជា​យ៉ាង​ណា​ក្ដី ​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ នៅ​តែ​រំពឹង​ថា ​ការ​បូម​ដំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា ​នឹង​អាច​សម្រេច​បាន​នៅ​ចុងឆ្នាំ២០២០ នេះ ដោយ​សារ​តែ​ក្រុមហ៊ុន KrisEnergy បាន​សាងសង់​ស្ថាននីយ​បូម​ប្រេង​រួចរាល់​អស់​ទៅ​ហើយ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត លោក ជៀប សួរ និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ដោយ​សារ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​ពុំមាន​អ្នក​ទទួល។

នាយកប្រតិបត្តិ​អង្គការតម្លាភាពកម្ពុជា​ លោក ​ប៉ិច​ ពិសី​ យល់ថា ​ការពន្យារ​ពេល​ម្តងហើយម្តង​ទៀតនេះ ​គឺបង្ហាញ​ពីសញ្ញាណ​នៃភាព​មិនច្បាស់លាស់​ក្នុងប្រតិបត្តិការ​បូមប្រេង​នៅ​កម្ពុជា។ លោក បន្ត​ថា ​ការបូមដំណក់​ប្រេង​លើកដំបូង​ដើម្បី​បម្រើប្រយោជន៍​ជាតិ​ជារឿងមួយ​សំខាន់ ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​អំពី​តម្លាភាព​និង​សុចរិត​ភាព​នៃ​ការ​គ្រប់គ្រង​ចំណូល​ដែល​បាន​មក​ពី​ការ​បូម​ប្រេង​នេះ។ ទោះ​ជាយ៉ាងណា ​លោក​កត់សម្គាល់ឃើញថា ​ក្រុមហ៊ុន ​KrisEnergy ​ដែលប្រតិបត្តិការបូម​ប្រេង​នេះ មាន​ការ​អនុលោម​តាម​ច្បាប់ខ្ពស់ ​ដូច្នេះលោក​ រំពឹងថា ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុននេះ​ នឹងធានា​បាន​នូវគណនេយ្យភាព ​និង​តម្លាភាព​ក្នុងការ​ចាត់ចែង​ចំណូល​ដ៏សំខាន់​នៃធនធាន​ដ៏កម្រ​នេះ៖ «កំពុង​តែ​មាន​បញ្ហា​នេះ ខ្ញុំ​គិត​ថា បើ​សិន​ជា​យើង​អាច​រៀបចំ​យន្តការ​នៃ​ការ​គ្រប់គ្រង​ធនធាន​រ៉ែ ហើយ​គ្រប់គ្រង​ថវិកា​ជា​ចំណូល​ចេញ​ពី​រ៉ែ​នេះ​ឲ្យ​បាន​ល្អ​សិន​មុន​នឹង​យើង​ទាញ​យក​រ៉ែ​ប្រេងកាត​ក្ដី​រ៉ែ​ផ្សេងៗ ទៀត​ក្ដី ខ្ញុំ​គិត​ថា ជា​រឿង​មួយ​សំខាន់ ព្រោះ​ធនធាន​រ៉ែ​ជា​ធនធាន​ចុង​ក្រោយ។ បើ​កាល​ណា​យើង​ដក​យក​ធនធាន​រ៉ែ ហើយ​បើ​យើង​មាន​លទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ចំណូលនៅខ្សោយ យើង​អាច​បាត់បង់​ធនធាន​ដែល​កម្រ​ហ្នឹង​អស់​ទៅ​ទៀត ក្នុង​រយៈ​ពេល ២០ ឬ ៣០ឆ្នាំ​ទៅ​មុខ ដូច្នេះ​ធ្វើ​ឲ្យ​ប្រទេស​យើង​អស់​លទ្ធភាព​នៅ​ក្នុង​ការ​ប្រើប្រាស់​ធនធាន​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ណាស់។ ដូច្នេះ​នៅ​ក្នុង​ដំណាក់​កាល ដែល​យើង​មាន​ភាព​មិន​ច្បាស់លាស់​នេះ ខ្ញុំគិតថា ការ​ពន្យារ​ពេល​ជា​ការ​ល្អ​ជាង ដែល​យើង​ធ្វើ​ទៅ​ទាំង​មិន​ច្បាស់លាស់ ហើយ​ភាព ស្រពិចស្រពិល​ច្រើន»។

កាលពី​ថ្ងៃ​ទី​២​៦​ ​ខែ​ ​សីហា កន្លងទៅ ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Kr​i​s​Energy​ ​ ​លោក​ ខេវ៉ិ​ន​ ​តាង​ (K​e​l​v​in​ ​Tang​) ​អះអាង​ថា​ ​កម្ពុជា​នឹង​អាច​បូម​ដំណក់​ប្រេង​ឆៅ​ដំបូង​នៅ​ដំណាច់​ឆ្នាំ២០២០ នេះ។ កាល​នោះ ​លោក​​ថ្លែងឲ្យដឹងថា ​ក្រុមហ៊ុន​បាន​សង់​កូន​ស្ថានីយ​បូម​ប្រេង​ឆៅ​ ​សម្រាប់​ប្លុក​ ​A​ ​រួចរាល់​ហើយ​ ​និង​កំពុង​ដឹក​ក្បាល​អណ្ដូង​សម្រាប់​បូម​ប្រេង​ឆៅ​នោះ​ ​ពី​ដែន​គោក​​ទៅកាន់​លំហ​សមុទ្រ​ត្រង់កន្លែង​​ដែល​មាន​ប្រេង​ឆៅ​ នៅ​ប្លុក​ ​A​​។​ ​ប្លុក​ ​A​ ​នេះ​គ្រប​ដណ្តប់​លើ​ផ្ទៃ​សមុទ្រ​ទំហំ​ប្រមាណ​ ​៤​.៧​០​៩​ ​គីឡូម៉ែត្រ​ក្រឡា​។ ​ក្រុមហ៊ុន​មួយ​នេះ​​​ប៉ាន់ស្មានថា ​អណ្តូងប្រេងនេះ ​នឹង​អាច​បូម​បាន​ច្រើន​បំផុត​ត្រឹម​ ​៧.៥​០​០​ ​ធុង​ (​ឬ​បា​រ៉ែ​ល​) ​ក្នុងមួយថ្ងៃ។

កន្លង​មក​ដំណឹង​នៃ​ដំណក់​ប្រេង​ដំបូង​នេះ​ភ្លឹបភ្លែត​ដូច​អំពិលអំពែក​។​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន កាល​ពី​ឆ្នាំ២០១១ បាន​ប្រកាស​ថា កម្ពុជា​នឹងបាន​បូម​ដំណក់​ប្រេង​ដំបូង នៅ​ថ្ងៃ​ទី១២ ខែ១២ ឆ្នាំ២០១២ នៅ​វេលា​ម៉ោង១២។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​បរាជ័យ​ទៅ​វិញ ដោយសារ​​កាលនោះ ក្រុមហ៊ុន​អាមេរិក​ឈ្មោះ ឆេវរ៉ុន (Chevron) បាន​ពន្យារ​ពេល​ថា រហូត​ទៅ​ដល់​ឆ្នាំ២០១៦។ ឆ្នាំ២០១៦ នោះ មិន​ទាន់​ចូល​មក​ដល់​ផង ក្រុមហ៊ុន ឆេវរ៉ុន ដែល​ខំ​សិក្សា ​និង​រុករក​ប្រេង​នៅ​ប្លុក​ ​A​ ​អស់​មួយ​​ទសវត្សទៅ​ហើយ​នោះ ស្រាប់តែ​សម្រេច​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន KrisEnergy វិញ ​ក្រោយ​​ពេល​រដ្ឋា​ភិបាល​កម្ពុជា​ ​សម្រេច​ដំឡើង​ពន្ធលើកម្រៃ​ដែល​បាន​ពី​ប្រេង​ឆៅ​នេះ ពី ២៥% ទៅ ៣០%។ ការ​ត​ម្លើ​ង​ពន្ធ​ ​ទាំង​មិនទាន់​បូម​បាន​ប្រេង​មួយ​ដំណក់​នៅឡើយ​នេះ​ ​ធ្វើឲ្យ​ក្រុមហ៊ុន​អាមេរិក​មិន​យល់ព្រម។

​តាំងពី​ពេល​នោះ ដំណឹង​នៃ​ដំណក់​ប្រេង​ដំបូង ក៏​បាត់​សូន្យ​ឈឹង។ រហូតដល់​ជិត​ចុង​ឆ្នាំ២០១៩ ពោល​គឺ​ពីរ​ឆ្នាំក្រោយ​របប​ក្រុងភ្នំពេញ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​មេដឹកនាំ​របប​នេះ គឺ​លោក ហ៊ុន សែន ថា កម្ពុជា​នឹង​បូម​បាន​តំណក់​ប្រេង​ដំបូង​នៅ​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ២០២០។

ឥឡូវ​នេះ ក្រុមហ៊ុន KrisEnergy បាន​ប្រកាស​ស្នើសុំ​ពន្យារ​ពេល​ជា​ថ្មី​ម្ដង​ទៀត។ សម្រាប់​ការ​អភិវឌ្ឍ​ប្រេង​នៅ​ប្លុក A នេះ ​ក្រុមហ៊ុន ​គ្រីសអេនើជី (KrisEnergy) របស់​ប្រទេស​សិង្ហបុរី ​កាន់កាប់​ភាគហ៊ុន ៩៥ភាគ​រយ ចំណែក ៥ភាគ​រយ​ទៀត គឺ​ជា​ភាគ​ហ៊ុន​របស់​រដ្ឋាភិបាល៕

No comments: