November 19, 2020

លោក ហ៊ុន សែន អះអាង​ថា លោក​គ្មាន​ជំងឺ​កូវីដ-១៩ ទេ ក្រោយ​ធ្វើ​តេស្ត ៤លើក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


ដោយ មួង ណារ៉េត RFA 2020-11-18

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន អះអាង​ថា លោក និង​ភរិយា និង​អ្នក​រស់​នៅ​ជាមួយ មិន​មាន​ជំងឺ​កូវីដ-១៩ ទេ។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​សង្គម​ថា ព្រឹត្តិ​ការណ៍​ ៣ វិច្ឆិកា​នេះ ជា​មេរៀន​មួយ​សម្រាប់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ ឱ្យ​បញ្ឈប់​ទង្វើ​ប្រមាថ និង​មើល​ស្រាល​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​កូវីដ-១៩។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​នឹង​ចេញ​ធ្វើការ និង​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​ដូច​ធម្មតា​វិញ នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា បន្ទាប់​ពី​ការ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤ថ្ងៃ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​នឹង​មិន​ទាន់​អនុញ្ញាត​ឱ្យ​កូន​ចៅ​ចូល​សួរ​សុខ​ទុក្ខ​នៅ​ផ្ទះ​នោះ​ទេ ដើម្បី​ធានា​ថា លោក​ពុំ​មាន​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​នេះ ដែល​អាច​ចម្លង​ដល់​កូនចៅ​របស់​លោក។

លោក​ឱ្យ​ដឹង​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១៨ វិច្ឆិកា​ថា ការ​ធ្វើ​ចត្តាឡីស័ក​នៃ​ព្រឹត្តិ​ការណ៍ ៣ វិច្ឆិកា នឹង​បិទ​បញ្ចប់ នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា​ សម្រាប់​រាជធានី​ភ្នំពេញ ចំណែក​តាម​បណ្ដា​ខេត្ត​នានា នឹង​បិទ​បញ្ចប់​បន្ត​បន្ទាប់​គ្នា រហូត​ដល់​ថ្ងៃ​ទី២៥ វិច្ឆិកា។

លោក ហ៊ុន សែន ថ្លែង​ទៀត​ថា ប្រតិបត្តិការ​នៃ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា មាន​លក្ខណៈ​ធំធេង និង​ស្មុគ​ស្មាញ ប៉ុន្តែ​លោក​សរសើរ​ថា ដោយសារ​ការ​ដឹកនាំ​ត្រឹម​ត្រូវ និង​មាន​កិច្ច​សហការ​ល្អ ទើប​អាជ្ញាធរ​អាច​ស្វែងរក​គ្រប់​អ្នក​ពាក់​ព័ន្ធ ហើយ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ចូល​ក្នុង​សហគមន៍។

ទោះជា​យ៉ាង​ណា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ឲ្យ​ដឹង​ថា លោក ហ៊ុន សែន គួរ​ព្រួយ​បារម្ភ​ពី​ប្រជា​ពលរដ្ឋ​ឲ្យ​ដូច​កូនចៅ​របស់​ខ្លួន ដែល​បារម្ភ​ខ្លាច​ឆ្លង​នូវ​ជំងឺ​កូវីដ-១៩។ លោក​រិះគន់​ថា លោក ហ៊ុន សែន ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់ធ្ងរ ដោយ​ធ្វេស​ប្រហែស និង​ប្រមាថ​ការ​ឆ្លង​​ជំងឺ​កូវីដ-១៩ តាំងពី​ដើម​ដំបូង ទើប​បណ្ដាល​ឲ្យ​មាន​ហានិភ័យ​ដល់​កម្ពុជា។ លោក​បន្ត​ថា​ នេះ​ពុំ​មែន​ជា​ការ​គ្រប់​គ្រង​ល្អ​ ឬ​ជា​ភាព​ជោគ​ជ័យ​នោះ​ទេ តែ​ជា​ការ​ទទួល​ខុស​ត្រូវ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចំពោះ​ប្រជា​ពលរដ្ឋ៖ «រឿង ៣ វិច្ឆិកា​ហ្នឹង គឺ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​លោក ហ៊ុន សែន ដែល​គាត់​មិន​បាន​បង្ការ​ទុក​ជា​មុន ហើយ​ក្រសួង​សុខាភិបាល​ជា​អ្នក​ណែនាំ​ឲ្យ​ប្រជា​ពលរដ្ឋ​ពាក់​ម៉ាស់ ហើយ​រក្សា​គម្លាត ឲ្យ​លាង​ដៃ​ជាមួយ​ទឹក​លាង​ដៃ ជាមួយ​សាប៊ូ​អីចឹង​ទៅ។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន​ និង​ថ្នាក់​ដឹកនាំ​របស់​គាត់​ហ្នឹង មិន​បាន​ធ្វើ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែល​លោក​ ហ៊ុន សែន ជា​ប្រមុខ​រដ្ឋាភិបាល​ទៅ​វិញ ដែល​ជា​មេ​របស់​ក្រសួង​សុខាភិបាល​ហ្នឹង​ទៅ​វិញ។ បើ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​មិន​គោរព​ផង ធ្វើ​ម៉េច​ឲ្យ​ប្រជា​ពលរដ្ឋ​គេ​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល?»។

លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ រៀបចំ​បើក​សាលា​រៀន និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឡើង​វិញ ហើយ​ស្នើ​ឲ្យ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ទាំង​អស់​វិល​ទៅ​រក​ភាព​ប្រក្រតី​ដូច​មុន​ថ្ងៃ៣វិច្ឆកា​ឡើង​វិញ ដើម្បី​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​នេះ។ ទោះ​ជា​យ៉ាង​ណា លោក​នៅតែ​បន្ត​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់ បន្ត​អនុវត្ត​វិធានការ​អនាម័យ​ដោយ​ការ​ពាក់​ម៉ាស ការ​លាង​ដៃ ការ​រក្សា​គម្លាត​សុវត្ថិភាព​ជា​ដើម។

អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​គួរ​កែ​ប្រែ​ទម្លាប់​មើល​ស្រាល​នូវ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ​បន្ទាប់​ពី​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​នេះ៖ «យើង​ភ្លេច​គិត​ថា ពេល​ដែល​គេ​មក​ដល់​ផ្ទះ​យើង គឺ​គេ​ត្រូវតែ​គោរព​ច្បាប់​នៅ​ស្រុក​យើង អញ្ចឹង​យើង​មិន​អាច​បន្ទោស​គេ​ថា មក​ពី​គេ​ប្រាប់​យើង​ថា មិន​ឲ្យ​ធ្វើ​ទេ ប៉ុន្តែ​ជា​ច្បាប់​របស់​ប្រទេស​យើង ដើម្បី​បង្ហាញ​អំពី​គុណ​តម្លៃ​នៃ​ការ​ប្រយ័ត្ន​ប្រយែង​របស់​យើង ទោះ​អ្នក​ឯង​មក​ពី​ណា អ្នក​ឯង​ជា​ការ​ទូត​ក៏​ដោយ ប៉ុន្តែ​ត្រូវ​តែ​គោរព​ច្បាប់ គោរព​គោល​ការណ៍ វិធាន​ការ​នៅ​ក្នុង​ប្រទេស​របស់​យើង។ អានេះ​ជា​មេរៀន​សំខាន់​មួយ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ក្រោយ កុំ​ឲ្យ​មាន​ការ​ធូរ​រលុង ហើយ​ខ្ញុំ​ជឿ​ថា រឿង​នេះ​វា​មិន​មែន​មក​តែ​ពី​គេ​ម្ខាង​ទេ ជួន​កាល​ទាំង​យើង​អី​ហ្នឹង​ក៏​យើង​ប្រហែស​ទាំង​អស់​គ្នា គេ​ក៏​ប្រហែស អញ្ចឹង​បើ​ថ្លោះ​ធ្លោយ រឿង​ហ្នឹង​វា​ផ្ទុះ​នៅ​ក្នុង​ផ្ទះ​យើង»។

គិត​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី១៨ វិច្ឆិកា ចំនួន​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា សរុប​មាន​ជិត ៤ពាន់ (៣.៩១៨) នា រីឯ​ចំនួន​អ្នក​កើត​កូវីដ-១៩ សរុប​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ៣០៣នាក់ ក្នុង​នោះ​ជា​សះស្បើយ​ចំនួន ២៩១នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល ១២នាក់៕

No comments: