November 18, 2020

ពលរដ្ឋ​ព្រះវិហារ​រិះគន់​អាជ្ញាធរ​ថា មិន​អើពើ​ទប់ស្កាត់​ក្រុមហ៊ុន​ចិន​ច្រូតស្រូវ​ពលរដ្ឋ​ជិត​១០​ហិកតារ

ពលរដ្ឋ​ព្រះវិហារ​រិះគន់​អាជ្ញាធរ​ថា មិន​អើពើ​ទប់ស្កាត់​ក្រុមហ៊ុន​ចិន​ច្រូតស្រូវ​ពលរដ្ឋ​ជិត​១០​ហិកតារ


ដោយ ម៉ៅ សុធានី RFA 2020-11-18

ពលរដ្ឋ​រស់នៅ​ឃុំ​តស៊ូ ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុន​ចិន ហេង ហ្វូ (Hengfu Group Sugar industry) ថា យក​គ្រឿង​ចក្រ​ច្រូតស្រូវ​របស់​ពលរដ្ឋ​អស់​ជិត ១០​ហិកតារ​ជា​ថ្មី​ទៀត​។ អ្នកភូមិ ៤​គ្រួសារ​ថា អាជ្ញាធរ​មូលដ្ឋាន​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​នោះ​ទេ។

ពលរដ្ឋ ៤​គ្រួសារ រស់នៅ​ភូមិ​តស៊ូ ឃុំ​តស៊ូ រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ​ថា គ្មាន​ចេតនា​ដោះស្រាយ ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​នោះ​ទេ បើ​ទោះ​បី​ជា​ពួកគេ​បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​បន្ទាន់​ជាច្រើន​សារ​ក្ដី។ អ្នកភូមិ​៤​គ្រួសារ​នោះ បាន​ធ្វើ​ស្រែ​លើ​ដី ៨​ហិកតារ និង​ត្រៀម​ប្រមូល​ផល តែ​ត្រូវ​បាន​ក្រុមហ៊ុន ប្រើ​ម៉ាស៊ីន​ច្រូតស្រូវ​មួយ​គ្រឿង ច្រូតស្រូវ យក​ស្ទើរតែ​ទាំងស្រុង នៅ​រយៈពេល ៤​ថ្ងៃ​ចុង​ក្រោយ​នេះ។

តំណាង​ពលរដ្ឋ លោកស្រី ហួត ស្រីនុច ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា​ថា គ្រួសារ​លោកស្រី ធ្វើស្រែ ៣​ហិកតារ តែ​ត្រូវ​បាន​ក្រុមហ៊ុន​ច្រូត​យក​ស្ទើរ​ទាំងអស់​។ លោកស្រី​ថា ដីស្រែ​ដែល​អ្នកភូមិ​ធ្វើ​កសិកម្ម ជា​ដី​កេរ​ឪពុកម្ដាយ ដែល​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មក​ហើយ​។ លោកស្រី​ត្អូញ​ថា ពលរដ្ឋ ៤​គ្រួសារ​សុទ្ធ​សឹងតែ​ជំពាក់​បំណុល​គេ ហើយ​រំពឹង​ផល​ស្រូវ​ទាំងនេះ ដើម្បី​បង្វិល​សង​ម្ចាស់បំណុល ក៏ប៉ុន្តែ​បែរជា​ខក​បំណង៖ «ខ្វះ​ណាស់​លោកគ្រូ​អើយ ហើយ​ទុក​ឱ្យ​គ្នា ៧០​អារ គ្នា ៤​គ្រួសារ លោកគ្រូ​គិត​មើល​? ហើយ​អាស្រូវ​កន្លែង​ល្អៗ​គេ​ច្រូត​យក​អស់ ហើយ​អា​កន្លែង​មិនល្អ​គេ​ទុក​ឱ្យ​ពួក​ខ្ញុំ​ច្រូត»។

ស្ត្រី​ដដែល​បន្ថែម​ថា បើ​ទោះ​បី​ក្រុមហ៊ុន​ចិន ប្រកាស​ក្ស័យធន​ជាច្រើន​ខែ​មក​ហើយ​ក្តី ក៏ប៉ុន្តែ​គេ​ឃើញ​មាន​មេការ​ជនជាតិ​ចិន និង​កម្មករ​ខ្មែរ​រាប់​សិប​នាក់ បាន​ធ្វើ​ស្រែ​រាប់​រយ​ហិកតារ លើ​ដី​កំពុង​មាន​ជម្លោះ​ជាមួយ​ពលរដ្ឋ​ចំនួន​៣​ស្រុក និង​ដី​របស់​ក្រុមហ៊ុន​។ រីឯ​កម្មករ​ក្រុមហ៊ុន​ភាគច្រើន ជា​ពលរដ្ឋ​ចំណាកស្រុក។

អាស៊ីសេរី​មិនទាន់​ទាក់ទង តំណាង​ក្រុមហ៊ុន ហេង ហ្វូ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ថា យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ វិច្ឆិកា។

ចំណែក​មេឃុំ​តស៊ូ លោក ស្រី សៀន ថ្លែង​ថា អាជ្ញាធរ​ឃុំ​បាន​ចុះ​អន្តរាគមន៍​ដោះស្រាយ​ជូន​ពលរដ្ឋ​រួចរាល់​អស់ហើយ​ករណី​នេះ​។ លោក​ថា អាជ្ញាធរ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទុក​ស្រូវ ២​ហិកតារ ដើម្បី​ឱ្យ​អ្នកភូមិ​ច្រូតកាត់ រីឯ​ក្រុមហ៊ុន​ទទួល​បាន​ស្រូវ ៦​ហិកតារ នៅ​លើ​ដី​៨​ហិកតា​ដែល​អ្នកភូមិ​ដាំ​ដុះ​ស្រូវ​នោះ​។ លោក​បញ្ជាក់​ថា ដី​ដែល​ពលរដ្ឋ​ធ្វើស្រែ ជា​ដី​របស់​ក្រុមហ៊ុន​ចិន​៖ «ខ្ញុំ​បាន​ដោះស្រាយ​រួចហើយ វិវាទ​ម្ចាស់​ស្រែ​ដែល​គេ​ធ្វើ​ហ្នឹង កន្លងមក​ដី​ហ្នឹង ជា​ដី​របស់​ក្រុមហ៊ុន​ចិន តែ​គ្រាន់តែ​វា​ជាប់​ក្បាល​ស្រែ​គាត់ ដល់​ឆ្នាំ​ហ្នឹង​ចិន​ក្ស័យធន​ទៅ គេ​មិន​បាន​ធ្វើ ហើយ​អ្នកស្រែ​ជាប់​ហ្នឹង គេ​យល់ថា ក្បាល​ស្រែ​គេ ក៏​គេ​ភ្ជួរ​ធម្មតា ដោយ​មិន​បាន​ទំនាក់ទំនង​ជាមួយ​ភាគី​ចិន​ទេ»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នកភូមិ​អះអាង​ថា ក្រុមហ៊ុន​ចិន​បាន​ទុក​ស្រូវ​តែ ៧០ អា ប៉ុណ្ណោះ​សម្រាប់​ឱ្យ​ពលរដ្ឋ​ច្រូតកាត់​។ លើស​ពី​នេះ​ទៀត ដីស្រែ​ទាំងនោះ ជា​ដី​កេរ​ឪពុកម្ដាយ ដែល​អ្នកភូមិ​ធ្វើ​កសិកម្ម​មុន​ពេល​មិន​ទាន់​មាន វត្តមាន​ក្រុមហ៊ុន​ចិន។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ (Hengfu Group Sugar Industry) ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤​ម៉ឺន​ហិកតារ (៤២.០០០) តាំងពី​ឆ្នាំ ២០១១ វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ ប៉ុន្តែ​ចុងក្រោយ​នេះ ក្រុមហ៊ុន​បាន​ផ្អាក​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន ហើយ​បាន​ដាំ​ស្រូវ​ជំនួស​វិញ​។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​មេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន ៤​ទៀត​។ មន្ត្រី​សង្គម​ស៊ីវិល​ចោទ​ក្រុមហ៊ុន​ចិន​នេះ​ថា បំពាន​ទៅលើ​កិច្ចសន្យា​វិនិយោគ ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះវិហារ ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ ឱ្យ​ត្រឹមត្រូវ មិន​គួរ​បណ្ដែតបណ្ដោយ​ឱ្យ​ក្រុមហ៊ុន​បំពាន​សិទ្ធិ​ពលរដ្ឋ​ម្តង​ហើយ​ម្តង​ទៀត​នោះ​ទេ​។ លោក​ថា ថ្វី​ត្បិត​ក្រុមហ៊ុន អនុវត្ត​ផ្ទុយ​ពី​កិច្ចសន្យា​វិនិយោគ​ក្ដី ក៏ប៉ុន្តែ​អាជ្ញាធរ​ជាតិ​ហាក់​មិន​អើពើ ដោះស្រាយ​រឿង​នេះ ឱ្យ​ដាច់​ស្រឡះ​នោះ​ឡើយ៖ «គាត់​ខំ​ធ្វើ​ស្រូវ ក្រុមហ៊ុន​ទៅ​ច្រូត​យក​របស់​គាត់​ទៀត ហើយ​ក្រុមហ៊ុន​ហាក់បីដូចជា ខុស​កុងត្រា​ហើយ​។ ខាង​ថ្នាក់លើ​មិនបាន​ធ្វើការ​ដោះស្រាយ និង​មិនបាន​បញ្ឈប់​កន្លែង ហើយ​ចេះតែ​បណ្ដែតបណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ដណ្ដើម​ទីផ្សារ ក៏ដូចជា​ចេះតែ ជម្លោះ​ជាមួយ​ពលរដ្ឋ​។ ខ្ញុំ​គិត​ថា ដោយសារ​អាជ្ញាធរ​មួយ​ចំនួន ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​បាន​ចេះតែ​បណ្ដែតបណ្ដោយ»​។

ក្រោយពី​មាន​វត្តមាន​ក្រុមហ៊ុន​ចិន​ហេងហ្វូ (Hengfu Group) ចាប់ពី​ឆ្នាំ​២០១១ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគតិច ប្រមាណ ២​ពាន់​គ្រួសារ ( ២.០០០) ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ឺន​នាក់ ស្ថិតនៅ​ក្នុង​ភូមិ​ចំនួន​២៥ ឃុំ​ចំនួន​១០ និង​ស្រុក​ចំនួន​៣ គឺ​ស្រុក ជ័យ​សែន ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ​។ មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​ដីស្រែ​ពលរដ្ឋ លុប​ប្រភព​ទឹកអូរ​ធម្មជាតិ បំផ្លាញ​ទំហំ​ព្រៃឈើ និង​បាន​ឈូស​ឆាយដី​ទួល​ប្រាសាទ​បុរាណ ៤​កន្លែង និង​ស្ថានីយ​បុរាណ​ផ្សេងទៀត៕

No comments: