November 16, 2020

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​រម្លឹក​ពី​ភាព​អយុត្តិធម៌ និង​វេទនា​ប្រៀប​ដូច​សម័យ​ខ្មែរក្រហម

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) នា​តុលាការកំពូល កាល​ពីថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០២០។  Photo courtesy


ដោយ ខែ សុណង RFA 2020-11-15

អតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី ចាត់​ទុក​ខួប ៣ ឆ្នាំ​នៃ​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ​ដាក់​ពន្ធនាគារ​ថា រង​ភាព​អយុត្តិធម៌ និង​វេទនា​ប្រៀប​ដូច​សម័យ​ខ្មែរក្រហម។

ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០២០ នេះ គឺជា​គម្រប់​៣ ឆ្នាំ​នៃ​ការ​ចាប់ខ្លួន​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។

លោក យាង សុធារិន្ទ ថ្លែង​ថា រហូត​មក​ដល់​ពេលនេះ ថ្វីត្បិតតែ​លោក​ស្ថិតនៅ​ក្រៅ​ឃុំ ដោះលែង​ឲ្យ​មាន​សេរីភាព​ក្ដី ប៉ុន្តែ​លោក​និង​លោក អ៊ួន ឈិន ពុំ​ទាន់​ទទួល​បាន​សេរីភាព​ពិតប្រាកដ​នៅ​ឡើយ​ទេ​។ លោក​ថា ការ​និយាយ​ដូច្នេះ ព្រោះតែ​ការ​ឃុំខ្លួន​លោក​ដែល​ពុំបាន​ប្រព្រឹត្ត​កំហុស​កន្លង​មក ហើយ​អូស​បន្លាយ​សំណុំ​រឿង​នេះ​មិន​ឲ្យ​ដាច់ស្រេច គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រូបលោក៖ «ជីវិត​របស់​យើង​នៅ​ពេល​ដែល​យើង​មិន​ទាន់​មាន​កំហុស​ផង យក​យើង​ទៅ​ធ្វើ​បាប ដែល​យើង​តែង​និយាយ​ថា​ជា​ការ​សង​សឹង​មក​លើ​យើងខ្ញុំ ដែល​យើង​មិន​ដឹង​អី​សោះ ហើយ​យក​ពួក​ខ្ញុំ​ធ្វើជា​ចំណាប់ខ្មាំង​ហើយ​ធ្វើបាប​លើ​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​ពួក​យើងខ្ញុំ​ទាំងពីរ។ នេះ​ជា​បទពិសោធន៍​ដែល​ឈឺចាប់​និង​ជា​របប​ខ្មែរក្រហម​តែម្ដង​។ អ្វី​ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ធ្វើ​មក​លើ​ខ្ញុំ នៅ​ពេល​ហ្នឹង​លើ​រូប​ខ្ញុំ​ជាមួយ​លោក អ៊ួន ឈិន សម្រាប់​ខ្ញុំ​ដែល​មិន​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម គឺ​អ្វី​ដែល​សមត្ថកិច្ច​​ធ្វើ​ចំពោះ​ខ្ញុំ​គឺ​ជា​របប​ខ្មែរក្រហម​សុទ្ធសាធ ដែល​ខ្ញុំ​បាន​ឃើញ​ពេល​នេះ»។

កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧ អាជ្ញាធរ​បាន​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពួក​លោក​ថា បង្កើត​ស្ទូឌីយោ​ថត​ចម្រៀង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​ក្រោយ​មក​បាន​ប្តូរ​ការ​ចោទ​ប្រកាន់​ថា ពួក​លោក​លួច​ផ្ញើ​ព័ត៌មាន​សម្ងាត់​ទៅ​ឱ្យ​បរទេស ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​។ ក្រោយ​មក​ទៀត អាជ្ញាធរ​បាន​បន្ថែម​បទ​ចោទ​មួយទៀត​លើ​ពួក​លោក គឺ​ការផលិត និង​កាន់កាប់​រូបភាព​អាសអាភាស។

តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​ជាង ៩​ខែ ទើប​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​បាន​ដាក់​អ្នក​ទាំងពីរ​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ ដោយ​រក្សាទុក​លិខិតឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ ហើយ​តម្រូវ​ឱ្យ​អ្នក​ទាំងពីរ​ទៅ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ជា​រៀងរាល់​ខែ។

ទាក់ទង​នឹង​សវនាការ​វិញ តុលាការ​ក្រុង​ភ្នំពេញ​បាន​ជំនុំជម្រះ​រឿង​ក្តី​នេះ​ពីរ​ដង និង​បាន​ពន្យារពេល​ប្រកាស​សាលក្រម​ម្ដង ប៉ុន្តែ​ចុងក្រោយ​តុលាការ​បែរជា​សម្រេច​ឱ្យ​ស៊ើបអង្កេត​រឿង​ក្តី​នេះ​បន្ថែម​ទៀត បន្ទាប់ពី​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​លើ​អ្នក​ទាំងពីរ​។ អ្នក​ទាំងពីរ​បាន​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​ទៅ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​ទាំង​ពីរ សុទ្ធតែ​បាន​តម្កល់​ការ​សម្រេច​នោះ​ទុក​ជា​បាន​ការ​ដដែល​។ ការដែល​ត្រូវ​ស៊ើបអង្កេត​ឡើងវិញ​នេះ មាន​ន័យថា សំណុំរឿង​របស់​អ្នក​ទាំងពីរ​ត្រូវ​អូស​បន្លាយ​ដោយ​គ្មាន​កាលកំណត់ ហើយ​សិទ្ធិ​សេរីភាព​វិញ​នៅតែ​ស្ថិត​ក្រោម​ការ​គាបសង្កត់។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​នេះ​ដែរ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចងក្រង​ព័ត៌មាន​លម្អិត​អំពី​រឿង​នេះ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា​។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ពិនិត្យ​ឃើញ​ថា លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​ទទួល​រង​នូវ​ការ​រំលោភបំពាន​ជាច្រើន​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ រួម​ទាំង​ការ​ដកហូត​សិទ្ធិ​សេរីភាព​ផង​ដែរ​។ អង្គការ​សិទ្ធិមនុស្ស​ដដែល​នេះ ចាត់​ទុក​ករណី​នេះ គឺជា​ឧទាហរណ៍​មួយ​នៃ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​លើ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ហើយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចាត់ទុក​សារព័ត៌មាន​ជា​អំពើ​ឧក្រិដ្ឋ​តទៅទៀត​។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា គូស​បញ្ជាក់​ទៀត​ថា ការចោទប្រកាន់ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ គឺជា​ការ​គំរាមកំហែង​លើ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ហើយ​បង្កើត​បានជា​របត់​មួយ​នៃ​ការ​ដាក់​ទោសទណ្ឌ​ជា​លក្ខណៈ​សងសឹក និង​តាម​អំពើ​ចិត្ត​ទៅ​លើ​សំឡេង​រិះគន់​នៅ​កម្ពុជា៕

No comments: