November 18, 2020

រោងចក្រ​កែច្នៃ​សាច់​មាន់​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​ យល់ព្រម​តាម​ការ​ទាមទារ​មួយ​ចំនួន​របស់​ក្រុម​ពលករ​ខ្មែរ

ពលករ​ខ្មែរ​ប្រមាណ ៥០០នាក់ ក្នុង​ចំណោម ៣.០០០នាក់ ដែល​ធ្វើការ​នៅ​រោងចក្រ​សាច់​មាន់ ឈ្មោះ ជី.អេហ្វ.អិន (GFN) ក្នុង​ខេត្ត​ឈុន​បូរី (Chunburi) ប្រទេស​ថៃ នាំ​គ្នា​តវ៉ា​បញ្ហា​កាត់​ប្រាក់ឈ្នួល នៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។  រូប៖ ហ្វេសប៊ុក Cambodian Migrant Network in Thailand


ដោយ សុជីវី RFA 2020-11-18

រោងចក្រ​កែច្នៃ​សាច់​មាន់​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​យល់​ព្រម​តាម​ការ​ទាមទារ​មួយ​ចំនួន​របស់​ក្រុម​ពលករ​ខ្មែរ ដែល​បាន​តវ៉ា​កាល​ពី​សប្ដាហ៍​មុន។

អ្នក​សម្របសម្រួល​បណ្ដាញ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ លោក ប្រាក់ ភត្រា ប្រាប់​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​ទី១៧ វិច្ឆិកា​ម្សិលមិញ​ថា មាន​ចំណុច​មួយ​ចំនួន​ដែល​ភាគី​រោងចក្រ​យល់ព្រម​ផ្ដល់​ដំណោះ​ស្រាយ​អោយ​ពលករ​ខ្មែរ ហើយ​ក៏​នៅ​សេសសល់​ចំណុច​មួយ​ចំនួន​ទៀត​មិនទាន់​ដោះស្រាយ​ដែរ៖ «អ្វី​ដែល​ពលករ​ទាមទារ​ដូចជា​ការ​ចេញ​ទៅ​ក្រៅ រឿង​ថ្លៃ​បន្ទប់ ហើយ​នឹង​រឿង​ថ្លៃ​ឯកសារ នេះ​បើ​តាម​ពួកគាត់​ប្រាប់​មក។ ប៉ុន្តែ​នៅ​បញ្ហា​មួយ​ចំនួន​ទៀត ​ដែល​គាត់​រង់ចាំ​ខាង​ក្រុមហ៊ុន​គេ​ពិភាក្សា​គ្នា ហើយ​ខ្ញុំ​អត់​ទាន់​ដឹង​ថា ​គេ​មាន​វិធានការ​​យ៉ាង​ម៉េច​ទេ»។

ពលករ​ខ្មែរ​ប្រមាណ​ប្រាំ​រយ(៥០០)​នាក់​ក្នុង​ចំណោម​ពលករ​ខ្មែរ​ជាង​បីពាន់ (៣ ០០០)នាក់ ដែល​ធ្វើការ​នៅ​រោងចក្រ​ផលិត និង​កែច្នៃ​សាច់​មាន់ ឈ្មោះ​ជី.អេហ្វ.អិន (GFN) ក្នុង​ខេត្ត​ឈុន​បូរី (Chunburi) ​ប្រទេស​ថៃ បាន​នាំ​គ្នា​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា​ ដើម្បី​ទាមទារ​​​ដំណោះស្រាយ​​​​ ៣​ចំណុច​រួមមាន ការ​ទម្លាក់​ប្រាក់ឈ្នួល​ប្រចាំខែ​ចុះ​ទាប​ជាង​មុន ប៉ុន្តែ​បែរជា​តម្លើង​ថ្លៃ​ជួល​បន្ទប់​ស្នាក់នៅ និង​ការ​ហាម​​ពលករ​ មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​បរិវេណ​រោងចក្រ។ នៅ​ក្នុង​ពេល​តវ៉ា​នោះ​ថៅកែ​បាន​សន្យា​ថានឹងលើកលែង​ថ្លៃ​ឈ្នួល​បន្ទប់​ស្នាក់នៅ​ ដែល​មាន​តម្លៃ​ពី​បី​រយ (៣០០)​បាត ទៅ​​ប្រាំ​មួយ​រយ​ហាសិប​ (៦៥០)​បាត ឬ​ប្រមាណ​ពី​១០​ដុល្លារ ទៅ​២៥​ដុល្លារ ក្នុង​មួយ​ខែ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ករណី​​​ប្រាក់​ឈ្នួល​ប្រចាំ​ខែ ដែល​ថៅកែ​កាត់​បន្ថយ ដោយ​ហេតុផល វិបត្តិ​​ជំងឺ​កូវីដ-១៩។

ព័ត៌មាន​ពី​ហ្វេសប៊ុក​របស់​បណ្ដាញ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី១២ វិច្ឆិកា តំណាង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ និង​មន្ទីរ​ការងារ​ខេត្ត​ឈុនបុរី​បាន​ចុះ​ទៅ​ដល់​ក្រុមហ៊ុន ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​ពលករ​តវ៉ា គឺ​បញ្ហា​ថ្លៃ​ដំណើរ​ការ​ឯកសារ ថ្លៃ​បន្ទប់​ស្នាក់​នៅ​ថ្លៃ​ម្ហូប​អាហារ​នៅ​ក្នុង​ក្រុមហ៊ុន និង​ការ​រឹត​បន្តឹង​ក្នុង​ការ​ចេញចូល​ក្រុមហ៊ុន​នេះ៕

No comments: