November 18, 2020

សង្គម​ស៊ីវិល​គាំទ្រ​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​រឿង​កង្វល់​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

លោក នី សុខា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC)។  រូប៖ ហ្វេសប៊ុក


ដោយ វ៉ែន សុមេធ RFA 2020-11-17

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ក្នុង​ស្រុក ​គាំទ្រ​ការ​លើក​ឡើង​​​របស់​អ្នក​ជំនា​ញ​អង្គការសហប្រជាជាតិ​ដែល​ថា ការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ក្រុម​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​លើ​មតិយោបល់​ទាំងនោះ និង​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិមនុស្ស​ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​វិញ នៅ​តែ​អះអាង​ថា ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ និង​សកម្មជន​​ជា​ហូរ​ហែ​មក​នោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់។

អង្គការ​​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា ពួក​គេ​ក៏​មាន​កង្វល់​ដូច​គ្នា​ទៅ​នឹង​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដែរ ជុំវិញ​ករណី​អាជ្ញាធរ​រដ្ឋាភិបាល​បង្ក្រាប​លើ​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ សង្គម​ស៊ីវិល​លើក​ឡើង​ទៀត​ថា ទោះ​ជា​រដ្ឋាភិបាល​ខំប្រឹង​បក​ស្រាយ​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំងនោះ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​​យ៉ាងណាក៏ដោយ ក៏​សហគមន៍​ជាតិ និង​អន្តរជាតិ​មិន​ជឿជាក់​​នោះ​ដែរ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់​ស្ដែង​នៅ​កម្ពុជា និង​មាន​មូលដ្ឋាន​ច្បាស់លាស់។ លោក​ថា ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស​ សកម្មជន និង​យុវជន​មួយ​ចំនួន​ថ្មីៗនេះ ធ្វើ​ឡើង​ដោយ​មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ត្រឹម​ត្រូវ​ឡើយ។ លោក​ថ្លែង​ទៀត​ថា រដ្ឋាភិបាល​តែង​បកស្រាយ​​បែប​ឯកតោ​ភាគី​ថា ការ​ចាប់​ចង​កន្លង​មក​នោះ ជា​ការ​អនុវត្ត​ច្បាប់ ប៉ុន្តែ​ផ្អែក​តាម​គោលការណ៍​នីតិរដ្ឋ​ពិត​ប្រាកដ រដ្ឋាភិបាល​មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ៖ «អ្នក​ដែល​គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ ការ​ទាម​ទារ​តវ៉ា ជួប​ប្រជុំ​ផ្សេងៗ មិន​មែន​ជា​អំពើ​ខុស​ច្បាប់​ទេ ដូច្នេះ​ពួក​គាត់​មិន​ត្រូវ​ទទួល​រង​នូវ​ការ​ចាប់​ខ្លួន​ហ្នឹង​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​យើង​យល់ថា ការ​ចាប់ខ្លួន​ទាំង​អស់​ហ្នឹង គឺ​ជា​ការ​ចាប់​ខ្លួន​ដោយ​មិន​ផ្អែក​លើ​​គោលការណ៍​ច្បាប់​ទេ។ បើ​ទោះបី​ជា​រដ្ឋាភិបាល ឬ​តុលាការ​យល់​ថា ជា​អំពើ​ខុស​ច្បាប់​ក៏​ដោយ ក៏​នៅ​ក្នុង​គោលការណ៍​សិទ្ធិមនុស្ស​គេ​និយាយ​អំពី​សេរីភាព​បញ្ចេញ​មតិ សេរីភាព​​ជួប​ជុំ សេរីភាព​អ្វី​ដោយ​សន្តិវិធី​ហ្នឹង គឺ​មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ»។

កាល​ពីថ្ងៃទី១៦ វិច្ឆិកា អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថាន​ភាព​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ សម្ដែង​កង្វល់​ចំពោះ​ការ​រឹតត្បិត​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ និង​អំពាវនាវ​ដល់​អាជ្ញាធរ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ឃុំ​ខ្លួន​ជា​ប្រព័ន្ធ និង​ការ​ផ្ដន្ទាទោស​អ្នក​ការពារ​សិទ្ធិមនុស្ស​ ព្រម​ទាំង​ការ​ប្រើប្រាស់​កម្លាំង​ច្រើន​ហួសហេតុ​ប្រឆាំង​នឹង​ពួក​គេ។

អ្នក​ស្រី ម៉ារី ឡល័រ បាន​លើក​យក​ករណី​ជាក់​លាក់​មួយ​ចំនួន​មក​រិះគន់ មាន​ជាអាទិ៍ ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ការ​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ផ្សឹក រួច​យក​ទៅ​ឃុំ​ខ្លួន ការ​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​៣ នាក់ ព្រម​ទាំង​ការ​ប្រើ​កម្លាំង​សន្តិសុខ​ច្រើនហួស​ប្រមាណ​ដើម្បី​បំបែក​ការ​ប្រមូល​ផ្តុំ និង​ប្រើ​ហិង្សា​លើ​ក្រុម​ស្ត្រី​ជា​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ ជាដើម។

អ្នកស្រី ម៉ារី ឡល័រ រក​ឃើញ​ថា ក្នុង​រយៈពេល​៣ ខែមក​នេះ ​អ្នក​ការពារ​សិទ្ធិមនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២១ នាក់ បាន​ទទួល​រង​ការ​គំរាម​កំហែង ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​ដោយ​បំពាន។ អ្នក​ស្រី​សង្កត់​ធ្ងន់​ថា ទង្វើ​បង្ក្រាប​ទាំងនេះ​បង្ហាញ​ឱ្យ​ឃើញ​ថា អាជ្ញាធរ​កម្ពុជា​មាន​ចេតនា​ទុក​ជា​មុន​ក្នុង​ការ​លុប​បំបាត់​សេរីភាព​ពលរដ្ឋ និង​រារាំង​ការងារ​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស។

សេចក្ដីថ្លែងការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​រូប​នេះ ត្រូវ​បាន​ទទួល​ស្គាល់ និង​គាំទ្រ​ដោយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ជាច្រើន​រូប​ទៀត ក្នុង​នោះ​ក៏​រួម​ទាំង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា តំណាង​របប​លោក ហ៊ុន សែន ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​មុខ​​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​វាយ​បក​ទៅ​អ្នកស្រី ម៉ារី ឡល័រ តាម​រយៈ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា​ថា ការ​លើក​ឡើង​នេះ ​មាន​ភាព​លម្អៀង និង​ខ្វះ​ព័ត៌មាន។ តំណាង​របប​លោក ហ៊ុន សែន អះអាង​ដដែល​ជា​ដដែល​ថា វិធានការ​ទាំងឡាយ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ទាំងនោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់ ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស។ តំណាង​របប​ក្រុង​ភ្នំពេញ​បញ្ជាក់​ទៀត​ថា ការ​ចូល​រួម​ជាមួយ​គណបក្ស​នយោបាយ ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ពុំ​មែន​ជា​ការ​ផ្តល់​សិទ្ធិ​ឱ្យ​បុគ្គល​ណា​ម្នាក់ បំពាន​ច្បាប់​ដោយ​គ្មាន​ទោស​ទណ្ឌ​នោះ​ឡើយ។

ចំណែក​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន វិញ បកស្រាយ​លើ​ហ្វេសប៊ុក (Facebook) ថា អាជ្ញាធរ​មិន​បាន​ធ្វើ​ទុ​ក​បុក​ម្នេញ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ទេ តែ​ជា​ការ​អនុវត្ត​ច្បាប់​លើ​អ្នក​ប្រព្រឹត្ត​ល្មើស។ លោក​ចោទ​ប្រកាន់​ដោយ​មិន​បង្ហាញ​ភស្តុតាង​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​មួយ​ចំនួន ជា​អ្នក​ស៊ីឈ្នួល​តវ៉ា​ និង​អនុវត្ត​តាម​ផែន​ការ​របស់​អង្គការ​ចាត់​តាំង​ក្រៅ​ច្បាប់ ដើម្បី​បង្ក​ភាព​ចលាចល​ ប៉ះពាល់​សន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ។ មន្ត្រី​ច្បាប់​ដែល​ពូកែ​ខាង​ការពារ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​រូប​នេះ អះអាង​ទៀត​ថា រដ្ឋាភិបាល​នឹង​បង្ក្រាប​ក្រុម​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​ផែន​ការ​ និង​ចេតនា​មិន​ល្អ ជ្រក​ក្រោម​រូបភាព និង​លេស​សិទ្ធិមនុស្ស​បន្ត​ទៅ​ទៀត។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា តំណាង​រដ្ឋាភិបាល​មាន​ទម្លាប់​បដិសេធ​របាយការណ៍ ឬ​ការ​រក​ឃើញ​របស់​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស។ លោក​ជឿ​ថា ​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ជាមួយ​ទឡ្ហីករណ៍​រឹងមាំ​ទាំងឡាយ មុន​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ណាមួយ មិន​មែន​ដូច​ការចោទប្រកាន់​​របស់​រដ្ឋាភិបាល​នោះ​ឡើយ។

លោក អំ សំអាត ថ្លែង​ទៀត​ថា ការ​ចេះតែ​បដិសេធ​របាយការណ៍​របស់​អ្នក​ជំនាញ​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% និង​កំពុង​ប្រឈម​ទណ្ឌកម្ម​ដទៃ​ទៀត​ពី​សហគមន៍​អន្តរជាតិ។ លោ​ក​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​លើ​សំណើ​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ និង​សង្គម​ស៊ីវិល​ក្នុងស្រុក ទាក់ទង​នឹង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ឡើងវិញ៖ «ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន បន្ត​រហូត​មក​ដល់​ក្រុម​យុវជន​ជាដើម ទោះបី​ជា​រដ្ឋាភិបាល និង​​អាជ្ញាធរ​អះអាង​ថា ជា​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ក៏ដោយ ក៏​ក្រុម​ផ្នែក​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ការ​ចាប់ខ្លួន​ហ្នឹង​ប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស​ទាក់ទង​នឹង​ការ​ជួប​ជុំ​ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី»។

កាល​ពី​ខែកញ្ញា​កន្លង​ទៅ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជិត៤០ ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា ​អំពាវនាវ​ដល់​របប​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​ក្រុម​សកម្មជន អ្នក​ការពារ​សិទ្ធិមនុស្ស ព្រះសង្ឃ និង​យុវជន​ដែល​ត្រូវ​បាន​អាជ្ញាធរ​​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត​នោះ ឱ្យ​មាន​សេរីភាព​វិញ។ ក្រុម​សង្គម​ស៊ីវិល​ទទូច​ដល់​អាជ្ញាធរ​បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​សកម្មជន និង​យុវជន​តទៅទៀត ព្រម​ទាំង​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ។

ដោយ​ឡែក ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​វិញ បាន​លើក​ឡើង​ក្នុង​ហ្វេសប៊ុក (Facebook) នៅថ្ងៃទី១៧ វិច្ឆិកា ថា សហរដ្ឋ​អាមេរិក​កំពុង​តា​ម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បណ្ដឹង​ប្រឆាំង​នឹង​សកម្មជន​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង។ សហរដ្ឋ​អាមេរិក​ដាស់​តឿន​របប​ក្រុង​ភ្នំពេញ​ថា សេរីភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ ការ​ជួប​ប្រជុំ និង​ការ​សម្ដែង​មតិ ព្រម​ទាំង​ការ​អត់​ឱន​ចំពោះ​មតិ​ផ្ទុយ មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ សហរដ្ឋ​អាមេរិក​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា ​ការពារ​សេរីភាព​ទាំង​នេះ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ហើយ​ប្រកាន់​ជំហរ​ប្រកប​ដោយ​អត្ថន័យ​ក្នុង​ការ​បើក​ឡើងវិញ​នូវ​លំហ​នយោបាយ និង​លំហ​សម្រាប់​ពលរដ្ឋ អំឡុង​ពេល​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០២២ និង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ២០២៣ ខាង​មុខ៕

No comments: