November 18, 2020

អ្នក​ជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ស្នើ​អាជ្ញាធរ​កម្ពុជា​ឱ្យ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិមនុស្ស

អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) អ្នក​រាយការណ៍​ពិសេស ទទួលបន្ទុក​ផ្នែក​អ្នក​ការពារ​សិទ្ធិ​មនុស្ស របស់​អង្គការ​សហប្រជាជាតិ។  រូប៖ OCHCR


ដោយ មួង ណារ៉េត RFA 2020-11-17

អ្នក​ជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ជា​ច្រើន​រូប នៅ​ថ្ងៃ​ទី១៦ ខែវិច្ឆិកា​នេះ រួម​គ្នា​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិមនុស្ស។

អ្នក​រាយការណ៍​ពិសេស ទទួលបន្ទុក​ផ្នែក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរ​កម្ពុជា​ទំនង​ជា​បង្ក្រាប​មនុស្ស​គ្មាន​ទី​បញ្ចប់។ អ្នកស្រី​ថា សកម្មភាព​បង្រ្កាប​បែប​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា អាជ្ញាធរ​កម្ពុជា មាន​ចេតនា​គិត​ទុក​ជា​មុន ក្នុង​ការ​លុប​បំបាត់​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​រារាំង​ការងារ​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស។

អ្នកស្រី​យោង​ទៅ​លើ​ភស្តុតាង​នៃ​ការ​បង្ក្រាប​ទាំងនេះ ដោយ​ពិនិត្យមើល​វីដេអូ ដែល​ចែក​ផ្សាយ​ជា​សាធារណៈ ដែល​កម្លាំង​សន្តិសុខ បាន​ប្រើប្រាស់​កម្លាំង​ហួស​ប្រមាណ ដើម្បី​ហាម​ឃាត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​ភាគ​ច្រើន​ជា​ស្ត្រី មិន​ឲ្យ​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ អ្នក​ស្រី​រម្លឹក និង​សង្កត់​ធ្ងន់​ថា ការ​តវ៉ា​ដោយ​សន្តិវិធី មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ។ មាន​ករណី​បង្ក្រាប​ជា​ច្រើន ដែល​មន្ត្រី​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​រូប​នេះ លើក​មក​រម្លឹក​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​នេះ។ ការ​បង្ក្រាប​ទាំង​នោះ រួម​មាន ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន និង​ក្រុម​យុវជន ដែល​តវ៉ា​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន និង​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​បរិស្ថាន ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ក្រុម​គ្រួសារ​របស់​សកម្មជន​ដែល​ជាប់​ឃុំ និង​ករណី​ព្រះសង្ឃ កើត​ សារ៉ាយ ដែល​ត្រូវ​បាន​ចាប់​ផ្សឹក ដោយសារ​សកម្មភាព​សិទ្ធិ​មនុស្ស​របស់​ព្រះអង្គ។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ពីរ​នាក់​ទៀត ដែល​ឃ្លាំ​មើល​បាតុកម្ម​មួយ ត្រូវ​បាន​គំរាម​ដោយសារ​តែ​បាន​ថត​រូប​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធី។ មេ​ដឹក​នាំ​សហជីព​ក៏​ត្រូវ​ទទួល​រង​ការ​គំរាម​កំហែង​ជុំវិញ​ផែនការ​ធ្វើ​កូដកម្ម​របស់​ពួក​គេ ហើយ​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន​និយាយ​ថា ពួក​គេ​ត្រូវ​បាន យាយី​រំខាន​នៅ​ការិយាល័យ​របស់​ពួក​គេ ដោយ​មន្ត្រី​មួយ​ចំនួន​ដែល​បាន​មក​ជួប​ពួក​គេ​ជា​ដើម។

សេចក្ដីថ្លែងការណ៍​នេះ ក៏​មាន​ដក​ស្រង់​សារ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ដែល​លើក​អំពី​ការ​បារម្ភ​យ៉ាង​ខ្លាំង អំពី​បញ្ហា​នៃ​បង្ក្រាប និង​រឹតត្បិត​លើសិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ជួបជុំ​គ្នា តវ៉ា​ដោយ​សន្តិវិធី​នេះ​ដែរ។​

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទាំង​នេះ ថា​អង្គការ​សហប្រជាជាតិ​មាន​តួនាទី​សំខាន់​មួយ ក្នុង​ការ​គាំទ្រ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​អស់ រួម​ទាំង​អ្នក​នៅ​ប្រទេស​កម្ពុជា​ផង ដែល​កំពុង​រង​គ្រោះថ្នាក់ ពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​កម្ពុជា។

សេចក្ដីថ្លែងការណ៍​នេះ មាន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​បី​រូប​ផ្សេង​ទៀត ចូលរួម​គាំទ្រ។ អ្នក​ទាំង​នោះ​ជា​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​ជួប​ប្រជុំ និង​តវ៉ា​ដោយ​សន្តិវិធី ក្រុម​ការងារ​ប្រឆាំង​ការ​រើសអើង​លើ​ស្ត្រី​ភេទ និង​កុមារី និង​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សេរីភាព និង​ការ​បញ្ចេញ​មតិ។

ប៉ុន្តែ​មន្រ្តី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​នៃ​របប​ក្រុង​ភ្នំពេញ ហៅ​សេចក្ដីថ្លែងការណ៍​នេះ ថា មិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ។ តាម​រយៈ​សារ​លើ​គណនី​ហ្វេសប៊ុក​លោក ជិន ម៉ាលីន​ អះអាង​ថា រដ្ឋាភិបាល និង​សមត្ថកិច្ច មិន​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នោះ​ទេ មាន​តែ​វិធានការ​ច្បាប់ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​តែ​ប៉ុណ្ណោះ។ លោក​ចោទ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ខ្លះ​ថា ស៊ី​ឈ្នួល​តវ៉ា ដើម្បី​បង្ក​ភាព​ចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ។

ទោះ​ជា​មាន​ការ​អះអាង​ពី​មន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ​យ៉ាង​នេះ​ក្ដី ក៏​របប​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ជាបន្តបន្ទាប់ ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។ ក្នុង​នោះ​សហភាព​អឺរ៉ុប ចាប់​ផ្តើម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% កាល​ពី​ថ្ងៃ​ទី១២ ខែសីហា៕

No comments: