November 20, 2020

មេធាវី​នឹង​ដាក់​បណ្ដឹង​សាទុក្ខ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ឱ្យ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា

ពីឆ្វេង ១) លោក មាន ព្រហ្មមុនី អនុប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ការងារ ២) លោក ហ៊ុន វណ្ណៈ ៣) លោក ថុន រដ្ឋា ៤) ព្រះតេជព្រះគុណ កើត សារ៉ាយ ៥) នាង ឈឿន ដារ៉ាវី ៦) កញ្ញា ឡុង គន្ធា ៧) កញ្ញា សូ មេត្តា ៨) កញ្ញា ភួង កែវ ជា​សមាជិក​ខ្មែរ​ថាវរៈ។  រូប៖ ហ្វេសប៊ុក


ដោយ អាស៊ីសេរី RFA 2020-11-19

មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ លោក សំ ចំរើន ឱ្យ​ដឹង​ថា លោក​នឹង​ដាក់​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ដើម្បី​ស្នើ​សុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ដោះលែង​កូន​ក្តី​របស់​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

លោក​បញ្ជាក់​ថា បណ្តឹង​សាទុក្ខ​នេះ មាន​កូន​ក្តី​របស់​លោក​ចំនួន ៥​នាក់ រួមមាន ព្រះ​ភិក្ខុ កើត សារ៉ាយ លោក មាន ព្រហ្មមុនី កញ្ញា អេង ម៉ាឡៃ លោក ថា ឡាវី និង​លោក មួង សុភ័ក្ត្រ។ ចំណែក បណ្តឹង​សាទុក្ខ​របស់​លោក ហ៊ុន វណ្ណៈ និង​ស្ត្រី ឈឿន ដារ៉ាវី វិញ លោក​បាន​ដាក់​ជូន​តុលាការ​រួច​ហើយ តាំង​ពី​ក្រោយ​ពិធីបុណ្យ​អុំទូក។

មេធាវី សំ ចំរើន បន្ថែម​ថា កូន​ក្ដី​របស់​លោក​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែល​តុលាការ​កំពូល​អាច​ពិចារណា​ឱ្យ​ពួកគេ​បាន​នៅ​ក្រៅ​ឃុំ៖ «​ផ្អែកលើ​លទ្ធផល​នៃ​ការ​ស៊ើបសួរ​រហូត​មក​ដល់​ពេល​នេះ ពួកគាត់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដូចជា​លក្ខខណ្ឌ​ទាក់ទង​នឹង​អាសយដ្ឋាន មុខរបរ​របស់​ពួកគាត់ ឆន្ទៈ​របស់​ពួកគាត់ ហើយ​និង​គោលការណ៍​សន្មត​ជាមុន​ថា​គ្មាន​ទោស​ជាដើម»។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​យុវជន​ខ្មែរ​ថាវរៈ​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ក្រោយពេល​ពួកគេ​ចេញមុខ​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​ដោះលែង មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន ។ ក្នុង​រយៈពេល​ជាង​៣ ខែ ក្រោយ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន អ្នកការពារ​សិទ្ធិមនុស្ស និង​យុវជន​ដាក់​ពន្ធនាគារ​ជាង​២០ នាក់ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ទាំងនោះ​វិញ ព្រោះ​ពួកគេ​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ​។ ក្រៅ​ពី​នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ បើក​លំហ​សេរីភាព និង​គោរព​សិទ្ធិ​ពលរដ្ឋ ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ៕

No comments: