May 20, 2020

លោក កឹម សុខា និង​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​​កម្ពុជា ជួប​ពិភាក្សា​គ្នា​អំពី​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ

ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ និង​លោក ប៉ាទ្រីក មើរហ៊្វី (W. Patrick Murphy) ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​គេហដ្ឋាន​របស់​លោក កឹម សុខា នៅ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក​លោក កឹម សុខា

ដោយ ឡេង ម៉ាលី RFA 2020-05-19

លោក កឹម សុខា ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ជួប​លោក ប៉ាទ្រីក មើរហ៊្វី (Patrick Murphy) ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​វេលា​ម៉ោង ៤រសៀល ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ២០២០។

ទំព័រ​ហ្វេសប៊ុក​លោក កឹម សុខា សរសេរ​ថា ក្នុង​ជំនួប​ជាមួយ​លោក ប៉ាទ្រីក មើរហ៊្វី នេះ ក្រៅពី​ការ​សួរ​សុខ​ទុក្ខ​គ្នា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​សុខភាព និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​ពេល​ដែល​ជំងឺ​កូវីដ-១៩ កំពុង​រាលដាល​ក្នុង​ពិភពលោក​ និង​ពី​ផលវិបាក​លើ​វិស័យ​សេដ្ឋកិច្ច​ និង​សង្គម​នៅ​ពេល​អនាគត ដែល​ចាំបាច់​តម្រូវ​ឲ្យ​មាន​ការ​រួបរួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ។

ជំនួប​របស់​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នេះ គឺ​ជា​លើក​ទី​មួយ ក្រោយ​ពី​លោក​ទៅ​ចូលរួម​តាម​ដាន​សវនាការ​កាត់​ក្ដី​សំណុំ​រឿង​លោក កឹម សុខា ជា​លើក​ដំបូងបង្អស់​​បរស់​លោក នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា​កន្លង​ទៅ។ ភ្លាមៗ ក្រោយ​ចេញ​ពី​សវនាការ ឯកអគ្គរដ្ឋទូត​រូប​នេះ បាន​ថ្លែង​ដោយ​ការ​មិន​ពេញ​ចិត្ត និង​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​កម្ពុជា​នៅ​ក្នុង​សវនាការ ដែល​ថា សហរដ្ឋ​អាមេរិក​មាន​ពាក់ព័ន្ធ​ក្នុង​គម្រោង​ការ​របស់​លោក កឹម សុខា ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នោះ​ថា ជា​ការ​ប្រឌិត​រឿង គ្មាន​មូលដ្ឋាន។

លោក ប៉ាទ្រីក ម័រហ្វី គូស​បញ្ជាក់បន្ថែម​​ទៀត​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​កេរ្តិ៍​ឈ្មោះ ដែល​សម​នឹង​ទទួល​បាន​នៅ​ទូទាំង​ពិភព​លោក​ថា ជា​ជើង​ឯក​ខាង​សិទ្ធិ​មនុស្ស និង​សេរីភាព។ លោក​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ចង់​ឃើញ​លោក កឹម សុខា ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ឡើង​វិញ ហើយ​ក៏​សង្ឃឹម​ដែរ​ថា ពលរដ្ឋ​ខ្មែរ​ទាំង​អស់​អាច​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​នយោបាយ​បាន៕

No comments: