May 7, 2020

អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​ក្រៅ​ប្រទេស​ស្នើ​អ.ស.ប​ពិនិត្យ​ករណី​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​មនុស្ស

លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៦។ Photo: RFA

ដោយ យន់ សាមៀន RFA 2020-05-07

អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​ដែល​មាន​មូលដ្ឋាន នៅ​អាមេរិក កាណាដា និង​អូស្ត្រាលី​ចំនួន ១៧​អង្គការ  បាន​ដាក់​សំណើ​ទៅ​គណៈកម្មាធិការ សិទ្ធិមនុស្ស​របស់ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ដាក់បញ្ចូល​បញ្ហា​មួយ​ចំនួន​របស់​កម្ពុជា​ទៅ​ក្នុង តារាង​នៃ​បញ្ហា (List of Issues) ដើម្បី​ឱ្យ​គណៈកម្មាធិការ​នេះ ពិនិត្យ​ផ្ទៀងផ្ទាត់ របាយការណ៍​ការ​អនុលោម​តាម​កតិកាសញ្ញា អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) សម្រាប់​ឆ្នាំ​ទីបី របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ នៅ​ក្នុង​កិច្ចប្រជុំ​មួយ នៅ​ដើម​ឆ្នាំ ២០២១​ខាងមុខនេះ​។

ក្នុង​សំណើ​នោះ អង្គការ​ទាំង​១៧ បាន​ស្នើ​ឱ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ ពិនិត្យ​លើ​បញ្ហា​សំខាន់ៗ​ចំនួន​បី ដែល​បាន​បង្ហាញ​ពី​ការ​សង្ស័យ​ថា តើ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជា​មាន​ចេតនា គោរព​លើ​មាត្រា​សំខាន់ៗ​នៃ​កតិកាសញ្ញា អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង សិទ្ធិ​នយោបាយ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ធ្វើ​សច្ចាប័ន​ទទួល​យក​ទៅ​អនុវត្ត កាលពី​ឆ្នាំ ១៩៩២ ដែរ​ឬ​ទេ?

ទីប្រឹក្សា​ផ្នែក​ច្បាប់ នៃ​អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រាប់​អាស៊ីសេរី​ថា ការ​ដាក់​សំណើ​ទៅ គណៈកម្មាធិការ សិទ្ធិមនុស្ស​របស់ អង្គការសហប្រជាជាតិ​ដើម្បី​ពិនិត្យ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​នេះ   ដោយសារតែ​គេ​មើល​ឃើញ​ថា គោលនយោបាយ និង​វិធានការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ដាក់​ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ ធ្វើ​ឱ្យ​រដ្ឋាភិបាល​មួយ​នេះ មិន​អាច​សម្រេច​កាតព្វកិច្ច​អនុវត្ត​កិច្ចព្រមព្រៀង​គោរព​សិទ្ធិ​ស៊ីវិល និង​នយោបាយ និង​អនុសញ្ញា​ផ្នែក​សិទ្ធិមនុស្ស​ផ្សេងទៀត​បាន។

លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ប្រាប់​អាស៊ីសេរី​ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​រួមគ្នា ធ្វើ​យុទ្ធនាការ និយាយ​ថា “​ទេ​” ទៅកាន់​លោក ហ៊ុន សែន ហើយ​ស្វែងរក​វិធីសាស្ត្រ ដើម្បី​ក្រើក​ឈរ​ឡើង​តទល់​និង​សកម្មភាព​គាបសង្កត់​របស់ លោក ហ៊ុន សែន៖ «សហគមន៍​ខ្មែរ​នៅ​ពេល​បច្ចុប្បន្ន​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​មិន​ធ្លាប់​កើតមាន​ពីមុន ហើយ​ត្រូវការ​ចាត់វិធានការ​ជា​បន្ទាន់។ អ្វីៗ​ដែល​កើតឡើង​នៅ​ពេល​នេះ មាន​លក្ខណៈ​អាក្រក់​ណាស់។ លោក ហ៊ុន សែន ទើបតែ​អនុម័ត​ច្បាប់ គ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដោយ​យក​លេស រឿង​ជំងឺ​កូវីដ​១៩។ មនុស្ស​ទូទៅ យល់​ស្រប​ថា ច្បាប់​នឹង​ឱ្យ​លោក​ប្រើ​អំណាច ជា​មេដឹកនាំ​ផ្ដាច់ការ រឹតតែ គាបសង្កត់​ពលរដ្ឋ​កាន់​តែ​ខ្លាំង​ឡើង ដែល​មិន​ធ្លាប់​កើតមានឡើង កាលពី​ពេលមុន​។ លោក ហ៊ុន សែ​នឹង​ប្រើប្រាស់​អំណាច​របស់​លោក ដោយ​គ្មាន​កំណត់​។ មនុស្ស​ទូទៅ​បាន​ឃើញ គ្រោះថ្នាក់​នេះ ទើប​បណ្ដាល​ឱ្យ​ពួកគេ​ត្រូវតែ​ធ្វើ​អ្វីមួយ»។

អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​ដែល​មាន​មូលដ្ឋាន នៅ​អាមេរិក កាណាដា និង​អូស្ត្រាលី​ចំនួន ១៧​អង្គការ កាលពី​ថ្ងៃ​ទី៣ ឧសភា បាន​ដាក់​ជូន​អង្គការសហប្រជាជាតិ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ពិនិត្យមើល​នោះ​រួមមាន ករណី​ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ បាន​បង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស ក្នុង​គ្រា​មាន​អាសន្ន ការ​កាត់ទោស លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ការ​រំលាយ​គណបក្សប្រឆាំង ការ​ធ្វើទុក្ខបុកម្នេញ​មន្ត្រី គណបក្ស​ប្រឆាំង   និង​ការគាបសង្កត់​សេរីភាព​សារព័ត៌មាន​ជាដើម។

លោក​មេធាវី មូរតុន ក្លារ (Morton Sklar) មានប្រសាសន៍​បន្ត​ទៀត​ថា  ការ​ដាក់​តារាង​បញ្ហា​របស់​កម្ពុជា​ទៅ​ឱ្យ​អង្គការ​សហប្រជាជាតិ​នេះ នឹង​អនុញ្ញាត​ឱ្យ​អង្គការសហប្រជាជាតិ មើល​ឃើញ​បញ្ហា​ជា​ក្តី​បារម្ភ​នៅ​កម្ពុជា កាន់តែ​ច្បាស់ ដែល​ត្រូវតែ​ដោះស្រាយ​ដោយ​សហគមន៍​អន្តរជាតិ។ លោក​ថា បញ្ហា​ប្រឈម​របស់​កម្ពុជា​នេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​មួយ​ដើម្បី​វាស់​ស្ទង់​ថា​តើ រដ្ឋាភិបាល​កម្ពុជា បាន​គោរព​និង​អនុវត្ត​តាម​និយាម​កាម ស្តង់ដារ​អន្តរជាតិ​ឬទេ​?  គណៈកម្មាធិការ សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស នឹង​ពិនិត្យ អនុវត្ត​តាម​និយាម​កាម ស្តង់ដារ​អន្តរជាតិ​របស់​កម្ពុជា​នៅ​ខែ​មីនា ឆ្នាំ​២០២១។ បច្ចុប្បន្ន​នេះ អង្គការ​សហប្រជាជាតិ បាន​ដាក់​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ហើយ។ លោក​មេធាវី មូរតុន ក្លារ យល់ថា នេះ​ជាស​ញ្ញា​ល្អ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​បញ្ជាក់ អង្គការសហប្រជាជាតិ នឹង​ពិនិត្យ​ករណី​ឱ្យ​បាន​ហ្មត់ចត់ នៅ​ពេល​បើក​កិច្ចប្រជុំ។

ឆ្លើយតប​ទៅ​នឹង​ក្តី​កង្វល់​របស់​សង្គម​ស៊ីវិល មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា ការ​ដាក់​បញ្ហា​ប្រឈម​របស់​កម្ពុជា នៅ​អង្គការ​សហ​ប្រជាជាតិ ជា​រឿង​ធម្មការ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល នៅ​អង្គការ​សហប្រជាជាតិ នឹង​សហការ​គ្រប់​យន្តការ​របស់​សហប្រជាជាតិ៖ «មែនទែន​ទៅ​ហ្នឹង​ការអនុវត្ត​កន្លងមក ការ​ស្នើ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ សុទ្ធ​តែ​មាន​របៀប​វារៈ​នយោបាយ និង​ផលប្រយោជន៍​នយោបាយ​នៅ​ពីក្រោយ​ទាំងអស់​។ តែ​កម្ពុជា​នឹង​សហការ និង​ចូលរួម​គ្រប់​យន្តការ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់ អង្គការ​សហប្រជាជាតិ​ជានិច្ច»។

ក្រៅ​តែ​ពី​យុទ្ធនាការ​ដាក់​សំណើ នៅ​អង្គការសហប្រជាជាតិ លោក​មេធាវី មូរតុន ក្លារ បន្ថែម​ទៀត​ថា ក្រុម​អង្គការ​សមាគម​ខ្មែរ​នៅ​ក្រៅ​ប្រទេស នឹង​បន្ត​ធ្វើ​សកម្មភាព​តស៊ូ​មតិ បន្ថែម​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍ នៃ​ការ​ធ្លាក់​ចុះ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​ដឹង​ឮ៕

No comments: