April 20, 2020

តំណាងរាស្ត្រ​អាមេរិក​ជំរុញ​ឱ្យ​មនុស្សជាតិ​ចងចាំ​របប​វាល​ពិឃាដ និង​ជួយ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា

អ្នក​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA/Chun Chanboth

ដោយ យន់ សាមៀន RFA 2020-04-18

លោក អាឡាន់ ឡូវែនថល (Alan Lowenthal) សមាជិកសភា​អាមេរិក​មួយ​រូប​ដែល​សកម្ម​ក្នុង​ការ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ជំរុញ​ឱ្យ​មនុស្សជាតិ ចងចាំ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា និង​ជួយ​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​កើតមាន​នៅ​កម្ពុជា។ លោក​លើកឡើង​បែបនេះ នៅ​អំឡុង​ខួប​លើក​ទី​៤៥ ឆ្នាំ នៃ​ការ​ឡើង​កាន់អំណាច​របស​ពួក​ខ្មែរក្រហម ដែល​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាង ២​លាន​នាក់​បាត់បង់​ជីវិត។

លោក អាឡាន់ ឡូវែនថល (Alan Lowenthal) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៧ មេសា​ថា មុខ​របួស​នៃ​សោកនាដកម្ម​របស់​ពលរដ្ឋ​ខ្មែរ នៅតែ​ជ្រៅ​នៅឡើយ បើ​ទោះ​ជា​អំពើ​ប្រល័យពូជសាសន៍​បាន​កន្លង​ផុត​ជាង​៤០ ឆ្នាំ​ហើយក៏​ដោយ​។ លោក​ថា មនុស្សជាតិ​ទូទាំង​ពិភពលោក មិន​ថា​តែ​ពលរដ្ឋ​កម្ពុជា​នោះ​ទេ គឺ​ត្រូវតែ​ទប់ស្កាត់​កុំ​ឱ្យ​អំពើ​បែបនេះ​កើតឡើង​សាជាថ្មី ទោះជា​នៅ​កន្លែង​ណា​ក៏​ដោយ។

លោក អាឡាន់ ឡូវែនថល សង្កត់ធ្ងន់​ថា ជា​រៀងរាល់​ឆ្នាំ ឱ្យ​តែ​ដល់​ថ្ងៃ​ទី​១៧ មេសា គ្រប់គ្នា​តែង​ប្តេជ្ញា​ចិត្ត​ថា​មិន​ត្រូវ​បំភ្លេច​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ឡើយ ហើយ​ជាមួយ​គ្នា​នេះ យើង​ត្រូវតែ​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ ជាមួយ​នឹង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ កើតមាន​ពិតប្រាកដ​នៅ​កម្ពុជា ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋកាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល តែងតែ​ឈឺឆ្អាល​អំពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក និង​សមាជិកសភា​អាមេរិក​មួយចំនួន​ទៀត បាន​នាំ​គ្នា​រៀបចំ​ច្បាប់​ដាក់​ទណ្ឌកម្ម​ក្បាលម៉ាស៊ីន​ដឹកនាំ​របប​ក្រុងភ្នំពេញ ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ច្បាប់ H.R ៥២៦ ដែល​ពួក​លោក​បាន​ស្នើ​ឡើង​នោះ ត្រូវ​បាន​រដ្ឋសភា​អាមេរិក​អនុម័ត​យល់ព្រម​ទាំងស្រុង ហើយ​ពេលនេះ​ច្បាប់​នោះ​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​អាមេរិក​។ ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ស្នើ​ដាក់ទណ្ឌកម្ម​ពី​សមាជិកសភា​អាមេរិក​នោះ រួមមាន លោក ហ៊ុន សែន និង​កូនៗ និង រដ្ឋមន្ត្រី​មួយ​ចំនួន ព្រមទាំង​ក្រុម​មេទ័ព និង​មេ​ប៉ូលិស​ជា​ច្រើន​រូប​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន​។ ក្រុម​មន្ត្រី​ទាំងនេះ​ជាប់​ឈ្មោះថា ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ថ្វី​ដ្បិត​តែ​ច្បាប់​នេះ​មិនទាន់​ចូល​ជា​ធរមាន​ក៏ដោយ ក៏​សហរដ្ឋអាមេរិក​បាន​ប្រើ​ច្បាប់​ពិសេស​មួយទៀត គឺ​ច្បាប់​គ្លូបល មែគនីតស្គី អ៊ែក (Global Magnitsky Act) ដើម្បី​ដាក់ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់ និង​មនុស្ស​ជំនិត​មួយ​ចំនួន​របស់​លោក ហ៊ុន សែន រួច​ទៅ​ហើយ​។ អ្នក​ដែល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ក្រោម​ច្បាប់​នេះ រួមមាន មេកង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គីម និង​ក្រុម​គ្រួសារ ព្រមទាំង​មេ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ គឺ​លោក ទ្រី ភាព។

មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ស្វាគមន៍​មតិ​របស់​លោក អាឡាន់ ឡូវែនថល អំពី​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ប៉ុន្តែ​លោក​ច្រានចោល​ចំណុច​ទាក់ទង​នឹង​លទ្ធិប្រជាធិបតេយ្យ​។ លោក​ថ្លែង​ថា រដ្ឋាភិបាល​កើត​ចេញ​ពី​ការបោះឆ្នោត​ត្រឹមត្រូវ ស្រប​ពេល​លទ្ធិប្រជាធិបតេយ្យ​កំពុង​ដំណើរការ​ទៅមុខ​។ លោក​ចោទ​ថា លោក អាឡាន់ ឡូវែនថល មាន​ភាព​លម្អៀង​ខាង​នយោបាយ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​បាន​ជា​សមាជិកសភា​អាមេរិក​រូប​នេះ​ចាត់​ទុក​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា កើត​ចេញ​ពី​ការបោះឆ្នោត​មិន​ត្រឹមត្រូវ៖ «គាត់​មាន​លម្អៀង​ខាង​នយោបាយ គាត់​កាន់ជើង​បក្ស​ប្រឆាំង​។ បច្ចុប្បន្ន​នេះ គឺ​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ ទោះ​បីថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ទាន់​បាន​ល្អឥតខ្ចោះ​យ៉ាងណាក៏ដោយ ខ្ញុំ​យល់ថា ប្រជាពលរដ្ឋ​កម្ពុជា​អាច​ទទួល​យក​បាន​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​នូវ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។

លោក សុខ ឥសាន បន្ថែម​ថា ការ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា គឺជា​សិទ្ធិ​របស់​សភា​អាមេរិក ប៉ុន្តែ​ច្បាប់​នេះ​មិន​ប្រាកដ​ថា ចេញរួច​នោះ​ទេ ពីព្រោះ​លោក​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងអស់​មិនមែន​សុទ្ធតែ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី យល់​ថា សេចក្ដី​ថ្លែងការណ៍​របស់​សមាជិកសភា​អាមេរិក ចង់​រំឭក​ប្រជាជាតិ​ខ្មែរ​ឱ្យ​ប្រុងប្រយ័ត្ន បើ​ពុំ​ដូច្នេះ​ទេ កម្ពុជា​អាច​នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ម្តង​ទៀត​។ លោក​បន្ត​ថា តំណាងរាស្ត្រ​អាមេរិក ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញ​លេញ៖ «ពេលណា​ដែល​យើង​និយាយ​អំពី​ប្រជាធិបតេយ្យ ហើយ​និង​ការ​គោរព​សិទ្ធិមនុស្ស កុំ​ឱ្យ​ចេះតែ​ចោទប្រកាន់​គ្នា​ថា សុទ្ធតែ​ជា​ជន​អគតិ សុទ្ធតែ​ជា​អ្នកប្រឆាំង វា​មិនមែន​ទេ ព្រោះ​ខ្មែរ​យើង​មាននៅ​ក្នុង​រដ្ឋធម្មនុញ្ញ បាន​យើង​ចេះតែ​នាំគ្នា​យក​មក​និយាយ​។ ខ្ញុំ​នៅតែ​មាន​ជំនឿ​ថា ការវាស់វែង​លើ​ការ​គោរព​សិទ្ធិមនុស្ស ឬ​មិន​គោរព មាន​ប្រជាធិបតេយ្យ ឬ​មិន​មាន មិនមែន​រដ្ឋាភិបាល​ជា​អ្នក​ឱ្យ​តម្លៃ​ទេ គឺ​ពលរដ្ឋ​ជា​អ្នក​ឱ្យ​តម្លៃ​។ រដ្ឋាភិបាល​គេ​តែង​សម្អាង​ថា អ្វី​ដែល​គេ​ធ្វើ​សុទ្ធតែ​ត្រូវ​ទាំងអស់ ប៉ុន្តែ​សំខាន់ តើ​ពលរដ្ឋ​នៅ​ក្នុង​ស្រុក ក្នុង​ភូមិ ក្នុង​ប្រទេស​ហ្នឹង​សប្បាយចិត្ត​ដែរ ឬ​អត់ ពេញចិត្ត​ដែរ ឬ​អត់​?»។

មេដឹកនាំ​បក្ស​ប្រឆាំង បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម រំលឹក​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥​ថា របប ប៉ុល ពត ធ្វើ​ឱ្យ​រាស្ត្រ​ខ្មែរ វេទនា​ខ្លាំង ហើយ​បណ្ដាល​ឱ្យ​ពលរដ្ឋ បាត់បង់​ជីវិត ប្រមាណ​២ លាន​នាក់​។ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ បន្ទោស​ថា របប​ខ្មែរក្រហម បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​លើ​ពលរដ្ឋ​ខ្មែរ ដោយសារ​ទទួល​បាន​ការ​គាំទ្រ ពី​ចិន​កុម្មុយនិស្ត។

លោក សម រង្ស៊ី បន្ត​ថា ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ជា​អតីត​កម្មាភិបាល និង​ជា​មេទ័ព​ខ្មែរក្រហម ក្នុង​នោះ​មាន លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ត​គ្រប់គ្រង​កម្ពុជា។ លោក​ថា អតីត​កម្មាភិបាល និង​មេទ័ព​ខ្មែរក្រហម​ទាំងនេះ បាន​រក្សា​ផ្នត់គំនិត​ខ្មែរក្រហម ដោយ​គ្មាន​អ្វី​ប្រែប្រួល​ឡើយ គឺ​ភាព​ផ្ដាច់ការ និង​សាហាវ៕

No comments: