April 9, 2020

ក្រុម​យុវជន​បង្ហាញ​វីដេអូ​ទាមទារ​ឱ្យ​បិទ​រោងចក្រ​អារ​ឈើ​ដែល​ជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃឈើ

សកម្មភាព​ដឹក​ជញ្ជូនឈើ​ពី​ខេត្ត​រតនគិរី ទៅ​វៀតណាម តាម​ម៉ូតូ។ Photo courtesy

ដោយ អាស៊ីសេរី RFA 2020-04-08

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន ប្រកាស​ជំហរ​បន្ត​ធ្វើ​យុទ្ធនាការ ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​រោង​ចក្រ​អារ​ឈើ​នៅ​ជាប់​តំបន់​ព្រៃ​ការពារ​ធម្មជាតិ និង​បញ្ឈប់​ការ​ផ្តល់​លិខិតអនុញ្ញាត​ប្រមូល​ផល និង​អនុផល​ព្រៃឈើ​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។ ពួកគេ​បាន​បង្ហោះ​វីដេអូ​ផ្សព្វផ្សាយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព។

មន្ត្រី​សង្គម​ស៊ីវិល សកម្មជន​បរិស្ថាន និង​ក្រុម​យុវជន យល់​ថា ប្រជាពលរដ្ឋ​គឺជា​អ្នក​សម្រេច​ជោគវាសនា​ចុងក្រោយ ក្នុង​ដំណើរ​បេសកកម្ម​ការពារ​ព្រៃឈើ ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ពួកគេ​គ្មាន​ជំនឿ​ពី​ប្រសិទ្ធភាព​ការងារ​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​តុលាការ ក្នុង​ការ​វែកមុខ ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ មក​ផ្ដន្ទាទោស​តាមច្បាប់​នោះ​ឡើយ។

យុវជន​ដែល​សកម្ម​ក្នុង​ការ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ គឺ លោក ម៉ា ចិត្រា បាន​បង្ហោះ​វីដេអូ​ដោយ​ថ្លែង​ថា នៅ​គ្រា​ដែល​ព្រៃឈើ​ដែល​ជា​សម្បត្តិ​ដូនតា ត្រូវ​បាន​ជន​ទុច្ចរិត បំផ្លាញ​ស្ទើរ​រាល់ថ្ងៃ តើ​យុវជន​នៅ​សម្ងំ​ធ្វើ​អ្វី​ទៀត​? ហេតុអ្វី​មិន​នាំគ្នា​ក្រោក​ឈរ​ឡើង ការពារ​មរតក​ដូនតា​បន្សល់​ចុងក្រោយ​៖ «នៅ​ក្នុង​សម័យ​សង្គ្រាម​យុវជន​ម្នាក់​គឺជា​ទាហាន​ម្នាក់​នៅ​ក្នុង​សម័យ​សន្តិភាព យុវជន​ម្នាក់​គឺជា​សកម្មជន​បរិស្ថាន​ម្នាក់​គឺជា​សកម្មជន​សិទ្ធិមនុស្ស​ម្នាក់ នៅ​ពេល​ដែល​ព្រៃឈើ​ដែល​ជា​សម្បត្តិ​ដូនតា​យើង​ត្រូវ​បាន​ក្រុម​ទុច្ចរិត​នាំគ្នា​បំផ្លាញ​ស្ទើរ​រាល់ថ្ងៃ​។ តើ​យុវជន​នៅ​សម្ងំ​ធ្វើ​អ្វី​ទៀត​? ហេតុអ្វី​មិន​នាំគ្នា​ក្រោក​ឈរ​ឡើង ដើម្បី​ការពារ​សម្បត្តិ​ដូនតា​យើង ដែល​ជា​មរតក​ចុងក្រោយ សម្រាប់​យើង​និង​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ»។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង រក​ឃើញ​ថា ការ​អនុញ្ញាត​ឱ្យ​មាន​រោងចក្រ​អារ​ឈើ បើ​ទោះ​បី​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​ក្តី គឺជា​មូលហេតុ​សំខាន់ នៃ​ការបំផ្លាញ​ព្រៃឈើ​ដ៏​សម្បើម​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា ការ​អនុញ្ញាត​ឱ្យ​មាន​រោងចក្រ​អារ​ឈើ​ស្របច្បាប់ ក៏​ជា​វិនាសកម្ម​ព្រៃឈើ​ធំធេង​ដែរ ព្រោះ​រដ្ឋាភិបាល ពុំ​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ និង​ការ​តាមដាន​ឱ្យ​បាន​ដិតដល់​នោះ​ទេ ដែល​ជា​ឱកាស ធ្វើ​ឱ្យ​ក្រុមហ៊ុន​ឯកជន កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​នៅ​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ផ្សេងទៀត​៖ «រោងចក្រ​ស្របច្បាប់​ហ្នឹងហើយ​ធ្វើ​ឱ្យ​ព្រៃឈើ​ហិនហោច​ព្រោះថា យើង​ពុំ​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ ផ្នែក​ច្បាប់ ឬក៏​តាមដាន​ឱ្យ​បាន​ដិតដល់​ទេ​នៅ​ក្នុង​ព្រៃ​ជាពិសេស​គឺ ដែល​ជា​ឱកាស​មួយ​ធ្វើឱ្យ​ក្រុមហ៊ុន​ឯកជន​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ជាពិសេស​នៅ​ព្រៃ​ឡង់ នៅ​ភ្នំ​ព្រេច នៅ​ណាមលៀ នៅ​កោះកុង នៅ​ពោធិ៍សាត់ និង​នៅ​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វរជ័យ​ជាដើម នៅ​តំបន់​ការពារ​ផ្សេងៗ​ទៀត ដែល​យើង​វឹកវរ​មេរោគ​កូវីដ​-១៩ ជន​ឱកាសនិយម​ជាពិសេស ខាង​ក្រុមហ៊ុន​ហ្នឹង បន្ត​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​បាន​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេសក្រៅ»។

សកម្មជន​បរិស្ថាន​មួយ​រូប​ទៀត លោក ញិល ភាព បាន​បង្ហាញ​ទស្សន​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​ធំធេង បណ្ដាល​មក​ពី មន្ត្រី​ខិលខូច​អសមត្ថភាព ក្នុង​ជួរ​រដ្ឋាភិបាល ឃុបឃិត​ជា​ប្រព័ន្ធ បើកដៃ​ឱ្យ​ឈ្មួញ​ទុច្ចរិត​ផ្តួល​រំលំ​ឈើ​ហ៊ុប​ធំៗ ក្នុង​តំបន់​ព្រៃ​ឡង់​។ លោក​ថា មូលហេតុ​ចម្បង​មួយទៀត មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច នៅ​ជាប់​ព្រៃ​ឡង់ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ មាន​រោងចក្រ​អារ​ឈើ​ខ្នាត​ធំ កំពុង​ប្រមូល​ផល​ឈើ​ខុសច្បាប់ ចេញពី​ព្រៃ​ឡង់ ដោយ​គ្មាន​ការទប់ស្កាត់​៖ «យើង​ឃើញ​ថា ក្រុមហ៊ុន​ទាំងអស់​នោះ មាន​រោងចក្រ​អារ​ឈើ​ធំៗ ដែល​កំពុងតែ​ផ្ដួល​រំលំ​ឈើ ដែល​កំពុងតែ​កើប​ប្រមូល​ផល​ឈើ​យក​ទៅ​ធ្វើជា​ទ្រព្យសម្បត្តិ​បុគ្គល​របស់​ខ្លួន​នាំ​ចេញទៅ​បរទេស​ប្រទេស​យ៉ាង​អនាធិបតេយ្យ​បំផុត​។ ខ្ញុំ​សូម​អំពាវនាវ ដល់​រាជរដ្ឋាភិបាល​ចាត់វិធានការ​ដក​មន្ត្រី​ខិលខូច ដែល​អសមត្ថភាព និង​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ដែល​កំពុង​បំផ្លាញ ធនធានធម្មជាតិ​បំផ្លាញ​ព្រៃឈើ​របស់​យើង»។

យុទ្ធនាការ​របស់​ក្រុម​យុវជន និង​សកម្ម​ជន​នេះ ចែក​ជា ៣ ចំណាក់​កាល ទី​១. យុទ្ធនាការ កាន់​បដា​ដោយ​សរសេរ​អក្សរ​ថា បិទ​រោងចក្រ​អារ​ឈើ​នៅ​ទូទាំង​ប្រទេស ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម រយៈពេល ១០​ថ្ងៃ ទី​២. យុទ្ធនាការ​ជិះ​ម៉ូតូ​ជុំវិញ​តំបន់​ព្រៃ​ឡង់ រយៈពេល ៦​ថ្ងៃ ដើម្បី​ស្រាវជ្រាវ​រក​បទល្មើស​ព្រៃ​ឈើ និង​ទី​៣. យុទ្ធនាការ អប់រំ​ផ្សព្វផ្សាយ​សហគមន៍​មូលដ្ឋាន ឱ្យ​យល់​ពី​តម្លៃ​ព្រៃឈើ និង​រួមគ្នា​អភិរក្ស​ឱ្យ​គង់វង្ស។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី បដិសេធ​​អធិប្បាយ​ជុំវិញ យុទ្ធនាការ​នេះ​ទេ ដោយ​លោក​បង្វែរ​ឱ្យ​សួរ​ក្រសួងកសិកម្ម​វិញ​៖ «ការ​បញ្ឈប់​ហ្នឹង​គឺជា​សមត្ថកិច្ច​របស់​ខាង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​។ អ៊ីចឹង​អ្នក​ដែល​មាន​សមត្ថកិច្ច​ចេញ​គឺ​ខាង​ក្រសួង​ជា​អ្នក​ចេញ​។ អ៊ីចឹង​សួរ​ទៅ​ខាង​ក្រសួង​បាទ​។ អរគុណ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភ​ត្ត្រា និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ក៏ប៉ុន្តែ​ពួក​លោក មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃទី​៨ មេសា។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​ធំៗ​ចំនួន ៣ មាន​រោងចក្រ​អារ​ឈើ​ខ្នាត​ធំ​ជាប់​ព្រៃ​ឡង់ គឺ​ក្រុមហ៊ុន​ស៊ីងបាយអូថេក (THINK BIOTECH CAMBODIA) ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ (Angkor Plywood) និង​ក្រុមហ៊ុន​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT)​។ លោក​ថា ក្រុមហ៊ុន​ទាំងនេះ កំពុង​ដំណើរ​ការ​ធ្វើ​អាជីវកម្ម​ឈើ​យ៉ាង​សស្រាក់សស្រាំ ដឹក​ចេញពី​តំបន់​ព្រៃ​ឡង់ យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។ លោក​ថា មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ដែល​ឈរជើង នៅ​តំបន់​នោះ មិន​ហ៊ាន​អនុវត្ត​ច្បាប់ លើ​ក្រុមហ៊ុន​ទាំង​នោះ​ទេ ព្រោះ​មាន​អ្នកមាន​អំណាច កាង​នៅ​ពីក្រោយ​ខ្នង​៖ «គាត់​មិនបាន​ការពារ​ទេ​គាត់​នៅតែ​ចាំ​ប្រមូល​លុយ​ចាំ​ត្របាក់​លុយ​គេ​ឱ្យ​ដឹក​ឈើ​ចេញ​យក​លុយ គោយន្ត​ទៅ​កាប់​ឈើ​យក​លុយ​។ អ៊ីចឹង​ហើយ​យើង​មើល​ឃើញ​ចំណុច​នេះ​ហើយ​បាន​យើង​ភ័យ​ព្រួយ​បារម្ភ ចំពោះ​ព្រៃឈើ​បន្សល់​ចុងក្រោយ របស់​កម្ពុជា បាន​ធ្វើឱ្យ​យើង​បង្កើត​ជា​យុទ្ធនា​ការ​បញ្ឈប់ កុំ​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​បន្សល់​ចុងក្រោយ​របស់​កម្ពុជា»។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន ទាំងនេះ​នៅឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ ក៏ប៉ុន្តែ​ក្រុមហ៊ុន ស៊ីងបាយអូថេក ធ្លាប់​បាន​បដិសេធ​ថា ក្រុមហ៊ុន​មិន​ពាក់ព័ន្ធ​នឹង​ការ​កាប់​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ​ឡើយ។

លោក ហេង ស្រស់ បង្ហាញ​ក្តី​ព្រួយបារម្ភ​ខ្លាំង ពី​ជោគវាសនា​ព្រៃឈើ សល់​ចុងក្រោយ​នៅ​កម្ពុជា ព្រោះ​លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​គ្រប់​លំដាប់ថ្នាក់ ទទួល​បាន​សំណូក និង​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត ជា​ថ្នូរ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ៕

No comments: