April 23, 2020

ទីប្រឹក្សា និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ​ម្នាក់ ចំណាយ​លុយ​ជិត ២សែន​ដុល្លារ ជួយ​ពង្រីក​ឥទ្ធិពល​នយោបាយ​ឲ្យ​គណបក្ស​កាន់​អំណាច​នៅ​សហរដ្ឋ​អាមេរិក

លោក ភូ លីវុឌ្ឍ (ស្ដាំ) ទីប្រឹក្សា និង​ជា​អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ ទទួល​បន្ទុក​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា ហៅ​កាត់​ថា NiDA ថត​ជាមួយ​លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។  រូប៖ ហ្វេសប៊ុក​លោក ភូ លីវុឌ្ឍ ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០១៩

ដោយ មាន ឫទ្ធិ RFA 2020-04-21

លោក ភូ លីវុឌ្ឍ ដែល​គេ​ស្គាល់​ថា ជា​អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ ទទួល​បន្ទុក​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា ហៅ​កាត់​ថា NiDA កាល​ពី​សម័យ​លោក សុខ អាន បាន​បរិច្ចាគ​លុយ​ជិត ២សែន​ដុល្លារ ឲ្យ​ទៅ​គណបក្ស​សាធារណរដ្ឋ ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។ ការ​បរិច្ចាគ​សាច់​ប្រាក់​ដ៏​សម្បើម​របស់ មន្ត្រី​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ២០១៧ និង ២០១៩ ទៅ​ឲ្យ​គណៈកម្មាធិការ​នយោបាយ និង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត របស់​គណបក្ស​សាធារណរដ្ឋ នៅ​សហរដ្ឋ​អាមេរិក។

យោង​តាម​ការ​ផ្សាយ​របស់​ស្ថាប័ន «ពលរដ្ឋ​ដើម្បី​ការ​ទទួល​ខុស​ត្រូវ និង​សីលធម៌​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន» ហៅ​ជា​ភាសា​អង់គ្លេស​ថា Citizens for Responsibility and Ethics in Washington (CREW) លោក ភូ លីវុឌ្ឍ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​រដ្ឋមីនីសូតា (Minnesota) បាន​បរិច្ចាគ​លុយ​ចំនួន​ពីរ​លើក កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៧ ជួយ​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​តំណាងរាស្ត្រ​ក្នុង​រដ្ឋ​របស់​លោក មក​ពី​គណបក្ស​សាធារណរដ្ឋ គឺ​លោក ថម អែមម័រ (Tom Emmer)។ នៅ​មុន​ពេល​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ២០១៨ លោក ភូ លីវុឌ្ឍ បាន​បរិច្ចាគ​លុយ​ចំនួន​ជិត ១សែន ៤ម៉ឺន​ដុល្លារ បន្ថែម​ទៀត ដើម្បី​ជួយ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​គណៈកម្មាធិការ​នយោបាយ​របស់​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​រដ្ឋ​របស់​លោក​រស់នៅ។ នៅ​ឆ្នាំ២០១៩ លោក ភូ លីវុឌ្ឍ បាន​បរិច្ចាគ​លុយ​ចំនួន ៥ម៉ឺន​ដុល្លារ​ផ្សេង​ទៀត ទៅ​ឲ្យ​គណៈកម្មាធិការ​រដ្ឋសភា នៃ​គណបក្ស​សាធារណរដ្ឋ ហៅ​កាត់​ថា NRCC។ សរុប​ការ​បរិច្ចាគ​សាច់​ប្រាក់​របស់​លោក តាំង​ពី​ឆ្នាំ២០១៧ រហូត​មក​ទល់​ពេល​នេះ គឺ​មាន​ចំនួន​ស្មើ​នឹង​ជិត ២សែន​ដុល្លារ។
អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​លោក ភូ លីវុឌ្ឍ បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដើម្បី​សាកសួរ​លោក​ពី​គោល​បំណង​ពិត​ប្រាកដ​នៃ​ការ​បរិច្ចាគ​សាច់​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ នៅ​ក្នុង​នយោបាយ​សហរដ្ឋ​អាមេរិក និង​ថា តើ​លោក​បាន​លុយ​ទាំង​នេះ​មក​ពី​ណា។

យ៉ាងណាក៏ដោយ ស្ថាប័ន Citizens for Responsibility and Ethics in Washington បញ្ជាក់​ថា ការ​បរិច្ចាគ​លុយ​ទាំង​នេះ បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​រូប​នេះ មាន​វត្តមានចូលរួម​ក្នុង​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​ឯកជន​នានា ដែល​អាច​ឲ្យ​លោក​ជួប​ជាមួយ​អ្នក​នយោបាយ​ជាន់​ខ្ពស់​របស់​អាមេរិក រួម​មាន​ទាំង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អនុ​ប្រធានាធិបតី លោក ម៉ៃឃ៍ ផេនស៍ (Mike Pence) និង​ប្រធាន​ក្រុម​តំណាងរាស្ត្រ មតិ​ភាគ​តិច​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភា​​សហព័ន្ធ​អាមេរិក គឺ​លោក ខេវិន ម៉ាកខាតធី (Kevin McCarthy) ជា​ដើម។ ស្ថាប័ន​ដដែល​នេះ​ថា និន្នាការ ដែល​មន្ត្រី​របប​ក្រុង​ភ្នំពេញ បរិច្ចាគ​លុយ​ដ៏​សម្បើម នៅ​ក្នុង​នយោបាយ​អាមេរិក​បែប​នេះ អាច​បញ្ជាក់​ថា ពួក​គេ​កំពុង​ស្វះស្វែង​រក​ឱកាស ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​បក្ស​កាន់​អំណាច នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​កេង​យក​ផល​ប្រយោជន៍ ដើម្បី​បម្រើ​ឲ្យ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

No comments: